សេចក្ដីថ្លែងការណ៍អំពី ការសាងសង់ការិយាល័យជាតិកម្ពុជាក្រោម នៃនាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម
មេរៀនប្រវត្តិសាស្ត្រនៃចលនាតស៊ូដើម្បី “សិទ្ធិសេរីភាព” និង “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” របស់មនុស្សជាតិនៅក្នុងពិភពលោកបានបញ្ជាក់ថា ពេលប្រជាជាតិណាមួយចង់បាននូវសិទ្ធិអ្វីមួយ ប្រជាជាតិនោះ មានសិទ្ធិពេញលេញក្នុងការសម្រេចជោគវាសនាប្រជាជាតិរបស់ខ្លួនដោយមិនមាន បុគ្គលណាមួយ ឬ ប្រជាជាតិណាមួយអាចមកហាមឃាត់ ឬ រាងរាំងបានឡើយ ។ សច្ចភាពនេះ បានបញ្ជាក់ឲ្យឃើញថា “មនុស្សគ្រប់រូបកើតមក មានសិទ្ធិស្មើគ្នា, ធម្មជាតិបានបង្កើតឲ្យពួកគេមានសិទ្ធិដែលមិនមានបុគ្គលណាម្នាក់អាចប៉ះពាល់បានឡើយ ។ សិទ្ធិទាំងនោះ មានសិទ្ធិរស់រានមាន ជីវិត, សិទ្ធិសេរីភាព និងសិទ្ធិក្នុងការស្វែងរកសេចក្ដីសុខ” ផងដែរ ។ ឆ្នាំ ១៩៤៨ អង្គការសហប្រជា ជាតិ បានអនុមតិលើ “សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស សម្រាប់លើកកម្ពស់សិទ្ធិជា មូលដ្ឋានរបស់មនុស្សជាតិ ។ ៥៩ ឆ្នាំក្រោយមក នៅឆ្នាំ ២០០៧ អង្គការសហប្រជាជាតិបាន អនុម័តលើសម្រេចមួយទៀតអំពី “សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម” ដើម្បីលើក កម្ពស់ដល់សិទ្ធិរបស់ជនជាតិដើមនៅក្នុងពិភពលោក ។ មាត្រាទី ៣ នៃ សេចក្ដីប្រកាស ជាសកល ស្ដីពីសិទ្ធិជនជាតិដើមបានចែងថា “រាល់ជនជាតិដើមមានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ។ តាមរយៈសិទ្ធិនេះ ពួកគេមានសិទ្ធិសេរីភាពក្នុងការកំណត់នូវស្ថានភាពនយោបាយ និងសេរីភាព ក្នុងការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងវប្បធម៌របស់ពួកគេ” ។
យើងប្រជាជាតិខ្មែរក្រោមជាជនជាតិដើមនៃដែនដីកម្ពុជាក្រោម ត្រូវតែបានទទួលសិទ្ធិជាមូលដ្ឋាន ក្នុងនាមខ្លួនជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោមមិនអាចប្រកែកបានឡើយ ។ ប៉ុន្តែមកដល់ពេល នេះ ប្រជាជាតិខ្មែរក្រោមរបស់យើងនៅក្នុងស្រុក នៅតែមិនទាន់បានទទួលប្រយោជន៍ដែលកើត ចេញពីសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីអំពី “សិទ្ធិមនុស្ស” និង “សិទ្ធិរបស់ ជនជាតិដើម” នៅឡើយ ព្រោះប្រជាជាតិដ៏កំសត់របស់យើងកំពុងតែនៅក្រោមអាណានិគមរបស់ ជនជាតិយួនដែលដឹកនាំដោយរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម សព្វថ្ងៃ ។
ដូនតាខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម បានក្រោកឡើងតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជន ជាតិយួនពីជំនាន់មួយទៅជំនាន់មួយ ដើម្បីការពារមហិច្ឆិតាលេបយកទឹកដីកម្ពុជាក្រោមពីជនជាតិ យួន និង ដើម្បីការពារវប្បធម៌ជាតិ និងព្រះពុទ្ធសាសនាខ្មែរមិនឲ្យរលាយទៅជាយួន យ៉ាងអង់អាច ក្លាហានឥតឈប់ឈរ ។ ដូនតាយើងបានបូជាជីវិតដោយការបរិច្ចាគសាច់ស្រស់ ឈាមស្រស់ ក្រាលលើផែនដីកម្ពុជាក្រោមតាំងពីដើមរហូតមកដល់សព្វថ្ងៃ ប៉ុន្តែនៅតែមិនទាន់បានសម្រចដូចអ្វី ដែលពួកគាត់ចង់បាននៅឡើយ ។ ចលនាតស៊ូទាំងនេះ បានធ្វើឲ្យប្រជាជាតិខ្មែរក្រោមរបស់យើង បាន និងកំពុងតែនិរទេសខ្លួនចេញពីដែនដីកំណើតរបស់ខ្លួនទៅតាំងទីលំនៅ នៅប្រទេសនានាពាស ពេញពិភពលោក ។
នៅ ១៩៩៦ មហាសន្និបាតលើកទី ៥ នៃខ្មែរកម្ពុជាក្រោមពិភពលោក ដែលបានប្រព្រឹត្តទៅនៅ ប្រទេសកាណាដា បានបង្កើត “សហព័ន្ធខ្មែរកម្ពុជាក្រោម” (Khmers Kampuchea-Krom Federation) ក្នុងគោលបំណងចងបាច់ប្រជាជាតិខ្មែរក្រោមទាំងអស់ដែលកំពុងតែរស់នៅរសាត់ អណ្ដែតក្នុងពិភពលោកឲ្យរួមគ្នាជាបាច់ ដើម្បីធ្វើការតស៊ូទាមទារសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោម អ្នកនៅក្នុងស្រុក ។
បន្ទាប់ពី សហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតឡើង ហើយបានធ្វើការតស៊ូនៅក្នុងឆាកអន្តរជាតិ ឥតឈប់ឈរជារៀងរហូតមកដល់សព្វថ្ងៃនេះ បានធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិស្គាល់យ៉ាង ច្បាស់ថា “ខ្មែរក្រោមជានរណា”, “ដែនដីកម្ពុជាក្រោមនៅកន្លែងណា” និងបានដឹងថា “ប្រជាជាតិខ្មែរ ក្រោមចង់បានអ្វី” ជាដើម ។
លទ្ធផលដ៏ធំធេងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រខ្មែរនោះគឺ សហព័ន្ធខ្មែរកម្ពុជាក្រោម បាន ចូលថ្លែងការណ៍ជារៀងរាល់ឆ្នាំ នៅក្នុងអង្គការសហប្រជាជាតិ នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការ សហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម ហៅកាត់ជាភាសាអង់គ្លេសថា UNPFII និងនៅក្នុងវេទិកា សិទ្ធិមនុស្សអន្តរជាតិដទៃជាច្រើនទៀត ។
នៅពេលថ្មីៗនេះ ទីភ្នាក់ងារ សារព័ត៌មានអន្តរជាតិ Rappler មានមូលដ្ឋាននៅប្រទេសពីលីពីន បានលើកយក ឧកញ៉ា សឺង គុយ វីរបុរសជាតិកម្ពុជាក្រោមរបស់យើង មកធ្វើប្រជាមតិក្នុងការលើក តម្កើង និងការទទួលស្គាល់រូបគាត់ថា ជាវីរបុរសជាតិសម្រាប់ប្រទេសកម្ពុជាទាំងមូល ទៀតផង ។
ដោយយល់ឃើញថា សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងសព្វថ្ងៃ មានសាខានៅទូទាំងពិភពលោក បានធ្វើការតស៊ូដោយសន្តិវិធីដើម្បីទាមទារ “សិទ្ធិសម្រេចវាសនា ខ្លួនដោយខ្លួនឯង” ជូនពលរដ្ឋខ្មែរក្រោមជាយូរមកហើយ តែយើងនៅមិនទាន់មាន “ការិយាល័យជាតិកម្ពុជាក្រោម” ដែលមានមូលដ្ឋានច្បាស់លាស់សម្រាប់ជាមជ្ឈមណ្ឌលជាតិ របស់ប្រជាជាតិ ខ្មែរក្រោមយើងទូទាំងពិភពលោកនៅឡើយទេ ។
អាស្រ័យហេតុនេះ នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ដួចផ្ដើមគំនិតរៀបចំឲ្យ មាន “ការិយាល័យជាតិកម្ពុជាក្រោម” មួយ សម្រាប់ធ្វើជាការិយាល័យកណ្ដាល នៃនាយកដ្ឋានព័ត៌មានរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្សព្វផ្សាយព័ត៌មានអំពីកម្ពុជាក្រោម ក្នុងគោលបំណងចូលរួមបេសកម្មដំណើរការតស៊ូស្វែងរក “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជូនពលរដ្ឋខ្មែរក្រោម ម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។
អ្វីជាការិយាល័យជាតិកម្ពុជាក្រោម?
“ការិយាល័យជាតិកម្ពុជាក្រោម” ជាការិយាល័យកណ្ដាល នៃនាយកដ្ឋានព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ នៅក្នុង ការិយាល័យនេះ ក្រៅពីការិយាល័យនាយកដ្ឋានព័ត៌មានសម្រាប់ធ្វើការផ្នែកខាងផ្សព្វផ្សាយព័ត៌មានរឿងកម្ពុជាក្រោម, យើងក៏នឹងមានធ្វើជាបណ្ណាល័យជាតិកម្ពុជាក្រោមមួយសម្រាប់ផ្ទុករាល់ឯក សារទាក់ទងនឹងកម្ពុជាក្រោម ដើម្បីឲ្យពលរដ្ឋខ្មែរ និងអ្នកជំនាញបរទេសអាចសិក្សាស្រាវជ្រាវអំពី រឿងរ៉ាវកម្ពុជាក្រោម, បន្ទប់តាំងពីព័រណ៍រូបថតឯកសារអំពីកម្ពុជាក្រោម ក្នុងនោះ មានរូបថតសកម្ម ភាពជាប្រវត្តិសាស្ត្រដែលសហព័ន្ធខ្មែរកម្ពុជាក្រោមបានបំពេញបេសកម្មលើឆាកអន្តរជាតិ ដើម្បីជាតិ កម្ពុជាក្រោមតាំងពីដើមរហូតមកដល់ សព្វថ្ងៃ និងនៅមុខអគារ “ការិយាល័យជាតិកម្ពុជាក្រោម” យើងនឹងមានតាំងរូបបដិមា ឧកញ៉ា សឺង គុយ ដើម្បីធ្វើជានិមិត្តរូបវីរបុរសជាតិកម្ពុជាក្រោម របស់យើង ។
ជំហានទី ១ គឺ គម្រោងទិញដី និងអគារដែលមានស្រាប់ឲ្យបានសម្រេចក្នុងរយៈពេល ១ ឆ្នាំ៖
ដំបូង គណៈកម្មការ នាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវស្វែងរកប្រាក់ឲ្យបានចំនួន ៥០ ម៉ឺន (៥០០ ពាន់) ដូល្លារ សហរដ្ឋអាមេរិក ដើម្បីទិញដីនិងអគារមួយកន្លែងជាមុនសិន ។ ប្រាក់ចំនួន ៥០ ម៉ឺន នេះ យើងខ្ញុំ នឹងពឹងទៅលើសមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចំនួន ៥០០ គ្រួសារ ឲ្យជួយបរិច្ចាគក្នុងមួយគ្រួសារចំនួន ១.០០០ ដុល្លារ សហរដ្ឋអាមេរិក ។ ក្រៅពីនេះ យើងខ្ញុំ ក៏នឹងសូមរៃអង្គាសចំពោះសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងវត្តអារាមខ្មែរក្រោម នៅតាមតំបន់នានាក្នុងពិភពលោកឲ្យជួយតាមកម្លាំងសទ្ធាដែលអាចជួយបាន ។ សម្រាប់ពលរដ្ឋ ខ្មែរទូទៅ ពួកគេអាចចូលរួមបរិច្ចាគទៅតាមកម្លាំងសទ្ធា ។
ជំហានទី ២ គម្រោងសាងសង់អាគារ “ការិយាល័យជាតិកម្ពុជាក្រោម”៖
បន្ទាប់ពីគម្រោងទី ១ បានសម្រេច យើងនឹងបន្តអនុវត្តលើគម្រោងទី ២ ដោយចាប់ផ្ដើមសាង សង់អគារ “ការិល័យជាតិកម្ពុជាក្រោម” ។ មុនពេលសាងសង់អគារនេះ យើងនឹងមានកិច្ចប្រជុំ របស់សហព័ន្ធខ្មែរកម្ពុជាក្រោមមួយ ដើម្បីពិភាក្សាលម្អិតលើ គម្រោង នាពេលក្រោយ ។
នរណាជាម្ចាស់កម្មសិទ្ធិនៃ “អគារការិយាល័យជាតិកម្ពុជាក្រោម” និង នរណាជាអ្នកគ្រប់គ្រងប្រាក់ សម្រាប់អនុវត្តគម្រោងទាំងនេះ?
សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) នឹងឈរឈ្មោះជាកម្ម សិទ្ធិនៃសម្បត្តិទាំងនេះ ។ ប្រាក់ដែលបានមកសម្រាប់អនុវត្តលើ គម្រោងនេះ យើងខ្ញុំនឹងដាក់នៅក្នុង ធនាគាររបស់សហព័ន្ធខ្មែរកម្ពុជាក្រោមផ្នែកសាងសង់គម្រោងនេះ ។
ដើម្បីគម្រោងនេះ បានប្រព្រឹតទៅដោយជោគជ័យ យើងខ្ញុំសង្ឃឹមថា នឹងមានការចូលរួមគាំទ្រពី សំណាក់សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ទូទាំងពិភពលោក ជាក់ជាមិនខាន ៕
ធ្វើនៅទីក្រុង San Jose, រដ្ឋ California, សហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៥
ភិក្ខុ សឺង យ៉ឹង រតនា (សុវណ្ណប្បញ្ញោ)
ប្រធាន នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
ព័ត៌មានបន្ថែមសូមទាក់ទង ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា (សុវណ្ណប្បញ្ញោ) ទូរស័ព្ទ៖ (408) 550-5060 អ៊ីម៉ែល៖ khmerkampucheakrom@gmail.com អាសដ្ឋាន៖ P.O. Box 51201 San Jose, CA 95151 U.S.A.
Comments are closed.