ប្រវត្តិតស៊ូ​របស់​ព្រះចៅ​អធិការវត្ត​ខេមររង្សី

0 308

ដោយ យន់ សាមៀន | RFA Khmer

ព្រះចៅ​អធិការវត្តខេមររង្សី នៅ​ទីក្រុង ហូស្សេ (San Jose) រដ្ឋកាលីហ្វ័រញ៉ា ​(California) ​បង្កើត​ស្នា​ព្រះហស្ត​ជាច្រើន ដើម្បី​បុព្ធហេតុ​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិស្វ័យ​សម្រេច​ទៅ​ថ្ងៃ​អនាគត​ នៅ​លើទឹកដី​កម្ពុជា​ក្រោម ។ តើព្រះចៅ​អធិការ​វត្តខេមររង្សី មាន​ប្រវត្តិតស៊ូ និង​បាន​បង្កើត​ស្នាព្រះហត្ថ​អ្វីខ្លះ​ដែរ​ ដើម្បី​បុព្ធហេតុ​ខ្មែរ​កម្ពុជា​ក្រោម? ។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម

ព្រះ​ចៅ​អធិការវត្ត​ខេមររង្សី ព្រះភិក្ខុ សឺង យ៉ឹងរតនា សព្វថ្ងៃ​ក៏មាន​តួនាទី​ជា​នាយក នៃ ​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អគ្គនាយក​វិទ្យុសំឡេង​កម្ពុជា​ក្រោម (Voice Of Kampuchea Krom) ។ ព្រះអង្គបាន​បង្កើត​ស្នាព្រះហត្ថ​ជាច្រើន ​រួមមាន ការ​ផ្សព្ធផ្សាយ​ព័ត៌មាន​ ស្ដីពី​ការ​រំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម​ នៅ​លើ​ទឹកដី​កំណើត ការ​ចូលរួម​សកម្មភាព លើកស្ទួយ​វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និង​ប្រវត្តិសាស្ត្រ​ខ្មែរក្រោម​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ នៅ​ជុំវិញ​លើ​ពិភពលោក ។ ក្រោមការ​ដឹកនាំ​របស់​ព្រះភិក្ខុ សឺង យ៉ឹងរតនា ព្រះអង្គ​បាន​ប្រែក្លាយ វត្តខេមររង្សី មិន​ត្រឹម​តែ​ជា​ទីកន្លែង​សក្ការៈបូជា​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ ជា​ទី​កន្លែង​បម្រើ​ឱ្យ​សហគមន៍​ខ្មែរ​ សម្រាប់​ផ្តល់​ជំនួយ​ផ្នែក​សង្គម និង​ជាទីស្នាក់ការ​សារព័ត៌មាន ផលិត​ព័ត៌មាន​សំខាន់ៗ​ ជូន​ដល់​ខ្មែរ​ក្រោម​ នៅ​ជុំវិញ​ទូទាំង​ពិភពលោក ។ អាជ្ញាធរ​អាមេរិក តែង​ស្នើសុំ​ប្រើប្រាស់​វត្ត ជា​ទីស្នាក់ការ​បោះឆ្នោត ហើយ​គណបក្ស​ប្រឆាំង​ខ្មែរ​នៅ​ក្រៅ​ប្រទេស ក៏ប្រើប្រាស់​វត្ត ដើម្បី​ពិភាក្សា​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែរ ។

ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរដីកា​ថា ព្រះអង្គ​លះបង់​សព្វថ្ងៃ​គឺ​ ដើម្បី​អនាគតពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹកដី​កំណើត កំពុង​ឋិតក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​៖

«ការ​តស៊ូ​សព្វ​ថ្ងៃ​នេះ គឺ​ដើម្បី​បុព្ធហេតុ​សេរីភាព​ចំពោះ ពលរដ្ឋខ្មែរ​ក្រោម​រាប់​លាន​នាក់ ដែល​កំពុង​រស់​នៅ​ក្រោម​អាណានិគម​និយម​វៀតណាម​សព្វថ្ងៃ»

ព្រះចៅអធិការ​វត្តខេមររង្សី ព្រះអង្គ សឺង យ៉ឹងរតនា ប្រសូត្រ​នៅ​ស្រុកកំពង់ស្ពាន ខេត្ត ព្រះត្រពាំង ទឹកដី​កម្ពុជាក្រោម កាលពីខែមេសា ឆ្នាំ១៩៧៧ ។ កាលពីឆ្នាំ ១៩៩៦ ព្រះអង្គ​សម្រេច​ចិត្ត​ចាកចេញ​ពី​ស្រុក​កំណើត​ទៅ​កម្ពុជា ដោយសារ​តែ​អាជ្ញាធរ​វៀតណាម ធ្វើទុក្ខបុកម្នេញ ផ្នែក​សាសនា សិទ្ធិ​សេរីភាព និងព្រះអង្គ​ចង់សិក្សា​បង្កើន​ចំណេះដឹង​ផ្នែកព្រះពុទ្ធសាសនា ​និង​ប្រវត្តិសាស្ត្រ​ខ្មែរក្រោម ​ព្រះអង្គ​បាន​សម្រេច​ចិត្ត​ចាកចេញ​ពីទឹកដី​ខ្មែរ​ក្រោម ។ នៅ​កម្ពុជា ព្រះអង្គបាន​បន្តការ​សិក្សា ចាប់​ពី​ឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០១ ទើប​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត នៅ​ទីកុ្រង​ភ្នំពេញ កាល​ពី​ឆ្នាំ ២០០៤ និងបាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ពុទ្ធិកមហាវិទ្យាល័យ ព្រះសីហនុរាជ នៅទីក្រុង​ភ្នំពេញ​និងផ្នែក​នីតិសាស្ដ្រ នៅ​សកលវិទ្យាល័យឯកជន​មួយ ។ ព្រះអង្គ​ក៏បាន​ក្លាយ​ជា​មេដឹកនាំ​ព្រះសង្ឃ​ខ្មែរ​ក្រោម ជាប្រធាន​កុដិលេខ ១៣ វត្តមហាមន្ដ្រី ដែលជាកន្លែងខ្មែរកម្ពុជា​ក្រោម​ នៅ​កម្ពុជា​មកជួបជុំ​គ្នា​ និង​គោរព​បូជា​ព្រះសង្ឃ និង​ធ្វើពិធីសាសនា​ផ្សេងៗ ។ ទោះបី​ព្រះអង្គ​បាន​បង្កើត​ស្នាដៃ​ជាច្រើន​ នៅកម្ពុជា​ក៏​ដោយ ព្រះអង្គ​មិនទាន់​បញ្ចប់​ក្ដី​ស្រមៃ​របស់​ព្រះអង្គ​នៅ​ឡើយ​ទេ ។

ព្រះអង្គ មានសំណាង​បាន​ចាកចេញ​ពី​កម្ពុជា មក​សហរដ្ឋអាមេរិក កាលខែសីហា ឆ្នាំ ២០០៤ ដើម្បី​និមន្ត​មក​គង់​នៅ​វត្តខេមររង្សី ទីក្រុង​សាន់ហូស្សេ រហូតមកទល់​បច្ចុប្បន្ននេះ​ ដើម្បី​ផ្ស័ព្ធផ្សាយ​ផ្នែក​ព្រះពុទ្ធសាសនា ។ នៅ​សហរដ្ឋអាមេរិក ព្រះអង្គ បាន​បន្តការ​សិក្សា​ភាសា​អង់គ្លេស នៅសាលា (San Jose Community College) និង​បាន​ចូលរួម​ពិនិត្យ និង​កែសម្រួល រឿង​ល្ខោន​និយាយ ឧកញ៉ា សឺន គុយ សម្រាប់​ផលិតកម្ម​ខ្មែរក្រោម និង​តែង​បទចម្រៀង​ស្នេហាជាតិ​មួយ​ចំនួន ដូចជា បទ រលក​វាសនា​ស្តាយ​កេរដូនតា បុប្ផារោងដំរី នឹកស្រុកកំណើត និង ផលិតស៊ីឌី CD ចម្រៀង​ព្រះធម៌ រួមមាន ជីវិត​អ្នកបួស បារមីព្រះពុទ្ធ និង​អត្ថន័យ​ភ្ជុំបិណ្ឌ ​ជាដើម ។ ព្រះអង្គ​ ក៏បាន​ដឹកនាំ​ចង​ក្រង​សៀវភៅ​ប្រវត្តិវត្ត និង​អត្ថប្រយោជន៍​វត្ត​ នៅ​ដែនដីកម្ពុជាក្រោម ​ផងដែរ៖

«និពន្ធបទចម្រៀង​ព្រះធម៌ក្តី បទចម្រៀង​ស្នេហាជាតិក្តី​ ដើម្បី​បញ្ជៀ្របគំនិត​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​កំពុង​តែ​រស់​នៅ​ទឺកដី​កម្ពុជា​ក្រោម ដើម្បី​ស្វែងយល់​ពី​ប្រវត្តិសាស្រ្ត តាមរយៈសិល្បៈ និងវប្បធម៌ ការចង​ក្រង​សៀវភៅ​ប្រវត្តិវត្ត​ នៅកម្ពុជា​ក្រោម ​គឺ​ដើម្បី​ឲ្យ​និស្សិត ​ឬ​ពលរដ្ឋ​ខ្មែរ​ក្រោម ងាយ​ស្រួល​ក្នុង​ការ​សិក្សា ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ផងដែរ»

នៅ​ឯ​សហរដ្ឋអាមេរិក ព្រះអង្គ​ក៏បានបង្កើត​សារព័ត៌មាន​ និង​វិទ្យុ ដើម្បីបម្រើ​ចំណះដឹង​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ នៅ​ជុំវិញ​ពិភពលោក ។ ព្រះអង្គ បានបម្រើការ ជាអគ្គនាយក​វិទ្យុសំឡេង​កម្ពុជា​ក្រោម ​(VOKK)​ ចាប់​ពី​ឆ្នាំ ២០០៦ និង​ជាចាងហ្វាង​ការ​ផ្សាយ​សារព័ត៌មាន​ព្រៃនគរ ។ ព្រះអង្គ​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​មាន​តម្រូវការ​ផ្នែក​ព័ត៌មាន​នៅ​កម្ពុជា​ក្រោម និង​ទូទាំង​ពិភពលោក ព្រះអង្គ​បាន​បង្កើត​ជា​បន្ទប់​ផ្សាយ​ទូរទស្សន៍ សម្រាប់​ផ្តល់​ព័ត៌មាន​តាមរយៈ​បណ្ដាញ​សង្គម (Facebook and Youtube) ​និង​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ សំឡេង​ខ្មែរ​កម្ពុជា​ក្រោម ដែល​អាស័យដ្ឋាន​ www.VOKK.Net និង​សារព័ត៌មាន​ព្រៃនគរ ​ដែល​មាន អាស័យដ្ឋាន​ www.preynokornews.blogspot.com ។ ព្រះអង្គបាន​ចំណាយ​ថវិកា​វត្ត​ បង្កើតបន្ទប់​សម្រាប់​ថតព័ត៌មាន​ទូរទស្សន៍ ដើម្បី​ផ្សព្ធផ្សាយ​តាម​ សារព័ត៌មាន​ព្រៃនគរ​ និង​វិទ្យុសំឡេង​កម្ពុជា​ក្រោម ឋិត​ក្នុង​បរិវេណវត្តវត្តខេមររង្សី៖

«ការ​បង្កើត​សារព័ត៌មាន បាន​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​រដ្ឋខ្មែរក្រោម​រាប់ពាន់​លាន​នាក់ ​ដែល​កំពុង​តែ​រស់​នៅ​ក្នុង​លើទឹកដី​កម្ពុជា​ក្រោម ។ សារព័ត៌មាន​ក៏​បាន​ផ្សព្ធផ្សាយ​ ភូមិសាស្រ្ត​នយោបាយ និង​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រោម សាសនា និង​ច្បាប់​ជនជាតិ​ដើម»

ទោះបី​បន្ទប់​ផ្សាយ​ព័ត៌មាន មាន​ទំហំតូច​មួយ​ដែល​មាន​កៅអី​ចំនួន​ពីរ និង​តុកំព្យូទ័រ​មួយ​ក៏​ដោយ ប៉ុន្តែ​ ការ​ផ្សាយ​ព័ត៌មាន​ពិត​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម និង ព័ត៌មាន​ផ្សេង​ទៀត​ បាន​ផ្តល់​ចំណេះដឹង​ដល់​ខ្មែរ​ក្រោម​ដែល​កំពុង​ស្រែកឃ្លាន​ព័ត៌មានពិត​ ដើម្បី​កែប្រែ​ជីវភាព​របស់​ពួកគេ ។ ព្រះអង្គ សឺង យ៉ឹងរតនា បន្ថែម​ទៀត​ថា ព័ត៌មានពិត ​មិន​លម្អៀង ​គ្មាន​ការ​គាបសង្កត់​នេះ​ហើយ បាន​ធ្វើឱ្យពលរដ្ឋ​ខ្មែរ​ក្រោម អាច​រក្សា​អត្តសញ្ញាណ​ខ្លួនបាន ។ បច្ចុប្បន្នទោះបី​អាជ្ញាធរ​វៀតណាម បាន​ចាប់ផ្តើម​ធ្វើយុទ្ធនាការ​សងសឹក​ទៅ​លើ​យុវជន និង​ពលរដ្ឋ​ខ្មែរក្រោម​ណា​ដែល​ហ៊ាន ងើប​ឡើង​តស៊ូ​ទាមទារ​សិទ្ធិ​ជនជាតិក្តី ក៏​ពករដ្ឋ​ខ្មែរក្រោម ​មិន​បាក់​ស្បាត​ស្មារតី​ដែរ ។

ព្រះអង្គ សឺង យ៉ឹងរតនា ត្រូវបានគេ​បោះឆ្នោត​ធ្វើជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចាប់តាំង​ពី​ឆ្នាំ ២០១៣ មក​ទល់​បច្ចុប្បន្ននេះ ។ ព្រះអង្គក៏​ជា​សមាជិក​គណៈកម្មនាយក នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ព្រះអង្គ​មាន​សង្ឃដីកាបន្តថា ដោយសារ​តែព្រះ​ធ្លាប់​បាន​សិក្សា​ផ្នែក​សារព័ត៌មាន​ផង​នោះ ក៏​បាន​ជំរុញ​ឱ្យ​ព្រះអង្គ​ចង់​ប្រឡូក​នឹង​វិស័យ​ព័ត៌មាន និងតួនាទី​ជាអ្នក​នាំពាក្យ ។ តួនាទី​របស់​ព្រះអង្គសឺង យ៉ឹងរតនា បាន​ឲ្យព្រះអង្គ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​វេទិកា​អន្តរជាតិ​មួយ​ចំនួន ដូចជា ការចូលរួម​កិច្ចប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ​ ស្ដីពី​បញ្ហា​ជន​ជាតិដើម ក្រសួង​ការ​បរទេស សហរដ្ឋអាម៉េរិក ផ្នែក​សេរីភាព​អន្តរសាសនា នៅ​រដ្ឋធានី​វ៉ាស៊ីនតុន​ Washington និង​យន្តការ​អ្នកជំនាញ​ជនជាតិ​ដើម នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​ជាដើម ។ ព្រះអង្គ​ក៏ជា​ព្រះសង្ឃ​មួយអង្គ ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​យុទ្ធនាការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ឱ្យដល់​ខ្មែរ​ក្រោម​ នៅ​លើ​ទឹកដី​កំណើត​ជាដើម ។

សម្រាប់​អនាគត ព្រះអង្គ សឺង យ៉ឹងរតនា ប្តេជ្ញា ​នឹង​ខំប្រឹងប្រែង​ការ​តស៊ូមតិ និង​ទំនាក់ទំនង​ ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​ដល់​ពលរដ្ឋខ្មែរក្រោម ដើម្បី​អាចឈាន​ទៅ​រក​សិទ្ធិស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង ៕

Leave A Reply

Your email address will not be published.