អ្នក​តវ៉ា​ប្រកាស​បន្ត​តវ៉ា​នៅមុខ​ស្ថានទូតវៀតណាម​ នៅ​ថ្ងៃទី ២២ ខែកក្កដា នេះ​ទៀត​

181

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ភ្នំពេញ​- ក្រោយពី​មានការ​ចរចា​មួយ ជាមួយនឹង​មន្ត្រី​សាលាក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ម្សិលមិញ តំណាង​អ្នក​តវ៉ា​បានប្រកាសថា នឹងធ្វើ​ការតវ៉ា​នៅមុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃទី ២២ ខែកក្កដា នេះ​ទៀត ដើម្បី​ដាក់​ញត្តិ​ជូន​ស្ថានទូត​វៀតណាម ។​ការប្រកាស​នេះ ធ្វើឡើង​មុនពេល​ក្រុមអ្នកតវ៉ា​ជាង​មួយ​ម៉ឺន​នាក់​បាន​រំសាយ​នៅវេលា​ម៉ោង ៤ និង ៣០ នាទី រសៀល ថ្ងៃទី ២១ ខែកក្កដា បន្ទាប់ពី​មន្ត្រី​ស្ថានទូត​វៀតណាម​មិន​ព្រម​ចេញ​ទទួល​ញត្តិ​របស់​ពួកគេ ។​

លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធបញ្ញវន្តកម្ពុជា និងជាអ្នករៀបចំការធ្វើបាតុកម្មមុខស្ថានទូតវៀតណាម ។
លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធបញ្ញវន្តកម្ពុជា និងជាអ្នករៀបចំការធ្វើបាតុកម្មមុខស្ថានទូតវៀតណាម ។

មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា មិន​ព្រម​ចេញមុខ​មក​ទទួល​ញត្តិ​ពី​អ្នក​តវ៉ា​ទេ ហើយ​បាន​ជម្រុញ​ឲ្យ​អ្នក​តវ៉ា យក​ញត្តិ​នោះ​ទៅ​ដាក់​នៅ​សាលាខណ្ឌ​ចម្ការមន​ជំនួស​វិញ ក៏ប៉ុន្តែ​អ្នក​តវ៉ា​មិន​ព្រម ក៏បាន​បន្ត​តវ៉ា​នៅក្បែរ ស្ថានទូត នោះ​តទៅទៀត រហូតដល់​ម៉ោង ៤ កន្លះ​ទើប​រំសាយ ហើយ​ប្រកាសថា នឹងធ្វើ​ការតវ៉ា​នៅ​ថ្ងៃទី ២២ ខែកក្កដា នេះ​ទៀត ។ ការបដិសេធ​មិន ទទួល​ញត្តិ​នេះ ខណៈដែល​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​ដឹកនាំ​ពលរដ្ឋ​ជាង​មួយ​ម៉ឺន​នាក់ នៅ​ថ្ងៃទី ២១ ខែកក្កដា បាន​ហែ​ក្បួន​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ជូន​ស្ថានទូត​ប្រទេស​ចំនួន ៦ ក្នុងនោះ មាន ស្ថានទូត​បារាំង ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប រុស្ស៊ី ចិន និង​ស្ថានទូត​វៀត ណា​ម ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​ទទួលស្គាល់​ការ ពិត​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម និង​សុំទោស​ប្រជា​ពល រដ្ឋ​ខ្មែរ​ជា​សាធារណៈ ចំពោះ​ការលើកឡើង​ដោយ​បំពាន​របស់​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ថា ទឹកដី​កម្ពុជា ក្រោម​ជា របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ ហើយ​ថា​បារាំង​មិន បាន​កាត់​ទឹកដី​នេះ ទៅ​ឲ្យ​វៀត ណា​ម​ទេ ។​

​លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​កម្ពុជា បាន​ប្រាប់​វិទ្យុ​សំឡេង កម្ពុជា​ក្រោម នៅមុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃទី ២១ ខែកក្កដា ម្សិលមិញ​ថា នៅថ្ងៃនេះ​ទី ២២ ខែកក្កដា វេលា​ម៉ោង ៨ ព្រឹក ពួកគាត់​នឹង មក​ប្រមូល​ផ្ដុំគ្នា​នៅមុខ​ស្ថានទូត​វៀតណាម​សាជាថ្មី ។​

​លោក សឺ​ន ជុំ​ជួន​បាន​បញ្ជាក់ថា ៖

“​ដូច្នេះ ដើម្បី​ការងាយស្រួល បង្កលក្ខណៈ​លំបាក់​ដល់​បងប្អូន​យើង​នៅពេល​យប់​ទៀត ចឹ​ង​យើង បាន សម្រេច​ចរចា​ជាមួយនឹង​សាលាក្រុង​រាជធានី​ភ្នំពេញ​នឹង​ថា ស្អែក​ហ្នឹង​ម៉ោង ៩ ព្រឹក ពួកយើង នឹង​ទៅ​ចរចា​ជាមួយ​ពួកគាត់ ដោយមាន​ក្រសួងការបរទេស [​ខ្មែរ​] ចូលរួម​ផងដែរ ។ ហើយ​យើង ចរចា​នេះ ដោយសារ​ខាង​សាលា ក្រុង​គាត​ធានា​ធានាថា ញត្តិ​របស់​យើង​ហ្នឹង​ត្រូ វ​ដល់ដៃ​ស្ថានទូត វៀតណាម ។ ចឹ​ង​ហើយ យើង​នឹង​ប្រកាសថា នឹង រំសាយ​នៅពេលនេះ ថ្ងៃស្អែក​ម៉ោង ៨ ព្រឹក ប្រជា ពលរដ្ឋ​គាត់​នឹង​មក​ប្រមូលផ្ដុំ​គ្នា​នៅ​កន្លែង​ទូត​វៀតណាម​ហ្នឹង​ទៀត ហើយ​យើង​នឹង​ទៅ​ចរចា ជា មួយ​នឹង​សាលា​រាជធានី​ភ្នំពេញ ។ បាន​លទ្ធផល​យ៉ាង​យើង​នឹង​ពាំ​នាំមក​ជូន​គាត់​នៅ ពេល​ហ្នុ​ង ” ។​

លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​ថ្លែង​នៅមុខ​ស្ថានទូត​វៀតណាម ប្រាប់​អ្នកកាសែត ថា ក្រុមអ្នកតវ៉ា​មិនត្រូវ​ការ​អ្វី​ទេ ដោយ​ពួកគេ​គ្រាន់តែ​ចង់ឃើញ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម សុំទោស​ពល រដ្ឋ​ខ្មែរ ជា​សាធារណៈ តែប៉ុណ្ណោះ ។​

លោក ម៉ៅ ពិសេស ថ្លែងថា​៖

“​ដើម្បី​ឲ្យ​ទទួលស្គាល់​ការពិត​នៃ​ប្រវត្តិសាស្ត្រ វា​មិន​ពាក់ព័ន្ធ​ទៅនឹង​ការរើសអើង​ជាតិ​សាសន៍​ណា នោះទេ ។ ចឹ​ង​ទេ មន្ត្រី​ស្ថានទូត​វៀតណាម​ត្រូវមាន​ភាពក្លាហាន គឺ​គាត់​គ្រាន់តែ​សុំទោស​ជា សាធារណៈ គឺ​វា​ចប់​រឿង​ហើយ ” ។​

​នេះ​ជាការ​ជួបជុំគ្នា​លើក​ទី ២ នៅមុខ​ស្ថានទូត​វៀតណាម ប្រចាំ​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​ពួកគេ​បាន​ប្រមូល​ផ្ដុំគ្នា​ម្ដង រួចហើយ នៅ​ថ្ងៃទី ៨ ខែកក្កដា កន្លងទៅនេះ ។ ក្រោយពី​ការធ្វើ​បាតុកម្ម​លើក​ទី ១ មួយថ្ងៃ គឺ​នៅ​ថ្ងៃទី ៩ ខែកក្កដា លោក ត្រឹង វ៉ាំ​ង ថុង បាន​ថ្លែងប្រាប់ BBC បញ្ជាក់​ពី​គោលជំហរ​របស់ខ្លួន​ទៅលើ​បញ្ហា​ដែនដី​កម្ពុជា​ក្រោម សា​ជា ថ្មី​ថា “ ភាគខាងត្បូង [​វៀតណាម​] ជា​ដែនដី​មិនអាច​កាត់ផ្ដាច់​ចេញពី​ប្រទេស​វៀតណាម​បានទេ​” ។ លោក​បន្តថា ដែនដី​កម្ពុជា​ក្រោម ដែល​លោក​ហៅថា ណា​ម​បូ​វៀតណាម​នោះ “​ត្រូវបាន​អន្តរជាតិ ក្នុងនោះ ប្រទេស​កម្ពុជា​ខ្លួន ឯង ក៏បាន​ទទួលស្គាល់​” ថា​ជា​របស់​វៀតណាម ផងដែរ ។​

​លោក ត្រឹង វ៉ាំ​ង ថុង អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ​២០១៤ ថា “ បារាំង​មិនបាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ តែ​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់ វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ ព័ត៌មាន​បាត់បង់​ទឹកដី​គ្មានអ្វី​ជា​មូលដ្ឋាន​ទេ គ្មានអ្វី​ជា​ភស្តុតាង​ទេ​” ។​

យោងតាម​ប្រវត្តិសាស្ត្រ កម្ពុជា​ក្រោម​ជា​ដែនដី​មួយ​ភាគ​នៃ​ប្រទេស​កម្ពុជា ត្រូវបាន​បារាំង​កាត់​ផ្ទេរ​ឲ្យ​វៀតណាម នៅ​ថ្ងៃ ទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ក្រោយពី​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម មកដល់ពេលនេះ មាន​រយៈពេល ៦៥ ឆ្នាំ ហើយ ដែល​ខ្មែរក្រោម​បាន​ក្លាយជា​ជនជាតិភាគតិច​មួយ រស់នៅ​ក្រោម​ការត្រួតត្រា របស់ របប​វៀតណាម​មកដល់​សព្វថ្ងៃ ៕​

Comments are closed.