របាយការណ៍ឆ្នាំចាស់អំពីស្ថានភាពរបស់ពិភពលោក និង ដែនដីកម្ពុជាក្រោម របស់ទេវតាឆ្នាំចាស់
របាយការណ៍ឆ្នាំចាស់អំពីស្ថានភាពរបស់ពិភពលោក និង ដែនដីកម្ពុជាក្រោម នៅក្នុងពិធីផ្ទេរតំណែង រវាងទេវតាឆ្នាំថ្មី ព្រះនាង កិមិរាទេវី និង ទេវតាឆ្នាំចាស់ មណ្ឌាទេវី ក្នុងឱកាសឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១
សង្ក្រានឆ្នាំថ្មី ឆ្នាំ រកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ចូលមកដល់នៅថ្ងៃសុក្រ ៣ រោច ខែចែត្រ វេលាម៉ោង ០៣ និង ១២ នាទីព្រឹកថ្ងៃទី ១៤ មេសា ឆ្នាំ ២០១៧ ។ ពេលនោះព្រះ អាទិត្យចេញពីមីនរាសី ទៅស្ថិតនៅមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាល ទើបមានទេពធិតាមួយព្រះអង្គជា មគ្គនាយិកា ព្រះនាម កិមិរាទេវី ជាបុត្រីទី ៦ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរលពណ៌សេត (ពណ៌ស) សៀតផ្កា ចង្កុលណី អាភរណៈកែវ បុស្សរាគម័ ភក្សាហារ ចេតណាំវ៉ា ព្រះហត្ថស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ពិណ គង់លើមហិង្សរាជ (ស្តេចក្របី ) ជាពាហនៈ ។ ទើបនាំអស់ ទេវបុត្រ ទេវធីតាទាំង មួយសែនកោដិហោះទៅកាន់ គុហាកែវធម្មាលីនាភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកព្រះសិរសាកបិលមហាព្រហ្ម ដែលតម្កល់ទុកលើពានមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០ នាទី (២៤ ម៉ោង) ទើបនាំយកទៅទុកនៅកន្លែងដើមវិញ ។ រួចហើយ ទើបប្រជុំទេវបុត្រ ទេវធីតាទាំង មួយសែនកោដិចូល ទៅស្រង់ទឹក អនោត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់កែវដែលជាមាត់គោឧសភរាជ ទាំង ៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយទើបនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្ស រីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រលះ ហើយ ចំរើននូវសិរីសួស្តី ជ័យមង្គលជន្មាយុយឺនយូរដល់ទេវតា និងមនុស្ស សត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទួលាយសុខក្សេម ក្សាន្តតរៀងទៅ ។

តើព្រះនាង មណ្ឌាទេវី បុត្រីទី ៤ នៃកបិលមហាព្រហ្ម ទេវតាឆ្នាំចាស់ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ដែលផុតអាណត្តិឆ្នាំនេះ មានរបាយការណ៍អ្វីខ្លះទាក់ទងនឹងស្ថានភាពពិភពលោក ដែនដី កម្ពុជាក្រោម និងប្រទេសកម្ពុជា ?
ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន នៃ សារព័ត៌មាន ព្រៃនគរ បានសរសរ និង រៀបរៀងនូវកិច្ចសន្ទនាមួយក្នុងពិធីផ្ទេរតំណែងរវាងទេវតាឆ្នាំចាស់ផុតអាណត្តិ មណ្ឌាទេវី និងទេវតាឆ្នាំថ្មី កិមិរាទេវី ដែលមានខ្លឹមសារពិស្ដារដូចតទៅ៖
កិមិរាទេវី៖ ខ្ញុំម្ចាស់ សូមគោរពម្ចាស់បង !
មណ្ឌាទេវី៖ ប្រពៃណាស់ ម្ចាស់ប្អូន ! នៅតាមអាកាសវិថីដែលម្ចាស់ប្អូនធ្វើដំណើរយាងមកឋានមនុស្សលោកនេះ បានសុខកាយសប្បាយក្នុងព្រះរាជហឫទ័យដែរឬទេ ? ម្ចាស់ប្អូន !
កិមិរាទេវី៖ ខ្ញុំម្ចាស់សុខកាយ សប្បាយព្រះរាជហឫទ័យជាធម្មតាទេ ម្ចាស់បង !
កិមិរាទេវី៖ ក្នុងមួយឆ្នាំកន្លងទៅនេះ ម្ចាស់បងបានយាងចុះមកដើម្បីរក្សាមនុស្សលោក តើម្ចាស់បងបានសុខកាយ សប្បាយក្នុងព្រះរាជហឫទ័យដែរឬទេ ?
មណ្ឌាទេវី៖ ម្ចាស់បង ក៏សុខកាយសប្បាយព្រះទ័យដូចម្ចាស់ប្អូនដែរ ។
កិមិរាទេវី៖ មួយឆ្នាំកន្លងទៅនេះ តើធាតុអាកាសនៅលើផែនដីមានការប្រែប្រួលយ៉ាងណាដែរ ម្ចាស់បង?
មណ្ឌាទេវី៖ ម្ចាស់ប្អូន ! មួយឆ្នាំកន្លងទៅនេះ អាកាសធាតុមានការប្រែប្រួលយ៉ាងខ្លាំង ជាពិសេស សីតុណ្ហភាពរបស់ភពផែនដីទីដែលមនុស្សលោករស់នៅបានកើនឡើងក្តៅខ្លាំងមិនធ្លាប់មាន ។ ស្រ ទាប់អូហ្ស៊ូន និងឧស្ម័នកាបូនិក ដែលនៅហ៊ុមព័ទ្ធភពផែនដី មានកាន់តែក្រាស់ស្រាប់ទៅហើយនោះ ជាប្រភពដ៏ចម្បងនៃការកើនឡើងសីតុណ្ហភាព ។ កម្រាស់ឧស្ម័នកាបូនិក ដែលកើតចេញពីផ្សែងពុល បញ្ចេញដោយរោងចក្រ ឬ យានយន្តរបស់មនុស្សលោកបានកើនឡើងកាន់តែខ្លាំង ។ បើយោងទៅតាមអង្គការឧត្តុនិយមពិភពលោក (OMM) ដែលភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយនៅថ្ងៃអង្គារ ទី ២១ ខែមីនា ឆ្នាំ ២០១៧ ដោយបានបូកសរុបទិន្ន័យនៃការស្ទាបស្ទង់ការវិវឌ្ឍ នៃសីតុណ្ហភាពរបស់ភពផែនដីបានបញ្ជាក់ថា ឆ្នាំ ២០១៦ កន្លងទៅ សីតុណ្ហភាពភពផែនដីបានកើនឡើងក្តៅខ្លាំងមិនធ្លាប់មាន ហើយឆ្នាំ ២០១៧ នេះ សីតុណ្ហភាពផែនដីអាចនឹងឡើងក្តៅបន្ថែមទៀតដែលការនេះអាចនឹងញ៉ាំងឲ្យមានគ្រោះរាំងស្ងួត និងគ្រោះធម្មជាតិកាន់តែ ខ្លាំង ។
កិមិរាទេវី៖ សម្រាប់បញ្ហាសន្តិសុខសង្គម និងនយោបាយរបស់មនុស្សក្នុងពិភពលោកវិញ តើមានការប្រែប្រួលយ៉ាងណាដែរម្ចាស់បង ?
មណ្ឌាទេវី៖ ម្ចាស់ប្អូន ! ដោយសារតែចិត្តមនុស្សលោកពោរពេញទៅដោយ លោភៈ ទោសៈ និង មោហៈ បណ្ដាឲ្យមេដឹកនាំលោភលន់អំណាច ប្រជារាស្ត្របះបោរធ្វើបាតុកម្ម និងធ្វើរដ្ឋប្រហារកើតជា សង្គ្រាមស៊ីវិលក្នុងប្រទេស ហើយប្រទេសខ្លះក្នុងពិភពធ្វើសង្គ្រាមជាមួយនឹងគ្នាបណ្ដាលឲ្យមនុស្ស ស្លាប់ជាបន្តបន្ទាប់ ។ ព្រឹត្តិការណ៍ពិភពលោកដែលលេចធ្លោជាងគេក្នុងអាណត្តិរបស់ម្ចាស់បងឆ្នាំនេះ មានដូចជា ការបោះឆ្នោតជ្រើសរើសប្រធាធិបតីនៅសហរដ្ឋអាមេរិក លោក ដូណាល ត្រាំ (Donald Trump) មកពីគណបក្សសាធារណរដ្ឋបានជាប់ឆ្នោតជាប្រធានាធិបតី ទី ៤៥ ។ ក្រោយពីកាន់តំណែងមិនយូរប៉ុន្មាន ថ្មីៗនេះ មុនពេលម្ចាស់ប្អូនចូលកាន់តំណែងបន្តវេនពីម្ចាស់បង លោក ដូណាល ត្រាំ បានបញ្ជាឲ្យកងទ័ពអាមេរិកបាញ់ផ្លោងមីស៊ីល ចំនួន ៥៩ គ្រាប់ លើព្រលានយន្តហោះនៅក្រុង Homs ប្រទេសស៊ីរី នៅថ្ងៃទី ៧ ខែមេសា កន្លងទៅនេះ ។ ការផ្លោងមីស៊ីលនេះ ដោយសារ របបដឹកនាំផ្តាច់ការរបស់ បាសា អាល់ អាសាដ បានប្រើប្រាស់អាវុធគីមីឧស្ម័នពុលដ៏សាហាវប្រឆាំងនឹងពលរដ្ឋរបស់ខ្លួន បណ្ដាលឲ្យជីវិតបុរស ស្ត្រី និងក្មេងៗដែលគ្មានអ្វីការពារខ្លួន ក៏ស្លាប់យ៉ាងព្រៃផ្សៃ ។ ក្រៅពីនេះ ព្រឹត្តិការណ៍រដ្ឋប្រហារយោធាដើម្បីផ្ដួលរំលំប្រធានាធិបតីទូគី លោក Recep Tayyip Erdogan មិនបានជោគជ័យបណ្ដាលឲ្យមនុស្សជាង ៣៧.000 នាក់ ត្រូវចាប់ខ្លួន និងមនុស្សរាប់ពាន់នាក់ត្រូវបាញ់ប្រហារក្នុងព្រឹត្តិការណ៍បោសសម្អាត ។ ៥២% នៃពលរដ្ឋអង់គ្លេស បានបោះឆ្នោតគាំទ្រឲ្យប្រទេសអង់គ្លេសផ្ដាច់ខ្លួនចេញពីសហភាពអ៊ឺរ៉ុប ។ បញ្ហាអសន្តិសុខដោយអំពើ ភេរវកម្ម និងវិបត្តិជនភៀសខ្លួនក្លាយជាសុបិនអាក្រក់សម្រាប់ទ្វីបអ៊ឺរ៉ុបទាំងមូល ។ សង្គ្រាមនៅស៊ីរីនៅតែបន្តកើតមាន ចាប់ពីឆ្នាំ ២០១១ មក បណ្ដាលឲ្យមនុស្ស ៣១២.000 នាក់ត្រូវស្លាប់ ។ ខណៈដែលធ្វើឲ្យបាត់ទឹកដី Iraq, Syria និង Libya ក្រុមភេរវកម្មរដ្ឋឥស្លាម (IS) បានប្រកាសទទួលខុសត្រូវ និង បំផុសគំនិតឲ្យមានការវាយប្រហារសម្លាប់មនុស្សទូទាំងពិភពលោក ។ បន្ទាប់មក មានព្រឹត្តិការណ៍វាយប្រហារបង្ហូរឈាមដោយក្រុមភេរវកម្មជាបន្តបន្ទាប់នៅក្នុងប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង បែលស៊ីក និងទូរគីយ៍ ជាដើម ។ ភេរវកម្មទាំងនេះ បណ្ដាលឲ្យមនុស្ស ៨៦ នាក់ស្លាប់ក្នុងព្រឹត្តិការណ៍បុករថយន្តនៅ Nice ប្រទេសបារាំង, ៤៩ នាក់ស្លាប់នៅ Orlando សហរដ្ឋអាមេរិក, ៣២ នាក់ស្លាប់ក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនៅ Brussels ប្រទេសបែកស៊ីក ។ កំណើនជនភៀសខ្លួនទៅប្រទេសអ៊ីតាលីឆ្លងកាត់សមុទ្រមេឌីធើរ៉ាណេ (Mediterranean) បណ្ដាលឲ្យស្លាប់ និងបាត់ខ្លួនយ៉ាងហោច ៤.៧០០០ នាក់ ។ នៅក្នុងអាណត្តិរបស់ម្ចាស់បងដែរ ឆ្នាំនេះ មានមនុស្ស ២ រូបដែលកាន់អំណាចយូរជាងគេបានស្លាប់ ។ ទី ១ ព្រះមហាក្សត្រថៃ ព្រះបាទ សម្ដេច ភូមិពល អតុល្យតេជ បានសោយទីវង្គតបន្ទាប់ពីព្រះអង្គបានសោយរាជ្យជាង ៦០ ឆ្នាំមក ។ ទី ២ ហ្វ៊ីដែល កាសត្រូ (Fidel Castro) មេដឹកនាំកុម្មុយនិស្តគុយបា បានស្លាប់ទៅ បន្ទាប់ពីគាត់បានកាប់អំណាចនៅប្រទេសមួយនេះអស់ ៥០ ឆ្នាំមក ។ នៅមានព្រឹត្តិការណ៍ក្ដៅជាច្រើនទៀតណា ម្ចាស់ប្អូន ដោយម្ចាស់បងគ្រាន់តែរាយការណ៍ត្រួសៗតែប៉ុណ្ណោះ ។
កិមិរាទេវី៖ មួយឆ្នាំកន្លងទៅនេះតើស្ថានភាពការរស់នៅរបស់ពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោម ដែលកំពុងតែឋិតនៅក្រោមនឹមអាណានិគមរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមនោះ មានការប្រែប្រួលយ៉ាងណាខ្លះទេ ម្ចាស់បង ? ជាពិសេស ទាក់ទងនឹងការរំលោភបំពានផ្នែកសិទ្ធិមនុស្ស ? សូមម្ចាស់បង មេត្តាជួយធ្វើសេចក្ដីរាយការណ៍ផ្ដល់ព័ត៌មានដល់ខ្ញុំម្ចាស់បានជ្រាបផង ។
មណ្ឌាទេវី៖ កិមិរាទេវី ម្ចាស់ប្អូន ! ឆ្នាំ ២០១៧ នេះ ជាគម្រប់ខួប ៦៨ ឆ្នាំហើយ ដែលពលរដ្ឋខ្មែរក្រោមនៅក្រោមនឹមអាណានិគមយួន ចាប់តាំងពីបារាំងបានប្រគល់ដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីនឲ្យយួនបន្តវេនត្រួតត្រាមកលើជនជាតិដើមខ្មែរក្រោម តាំងពីឆ្នាំ ១៩៤៩ មក ។ ដូចជារៀងរាល់ឆ្នាំដែរក្រោយពីបានជំនួយពីបរទេស ក្នុងមួយឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលយួននៅតែបន្តគោលនយោបាយ អភិវឌ្ឍជនបទ ដូចជាកសាងផ្លូវប៉េតុង និងបញ្ចូលភ្លើងអគ្គីសនីនៅតាមភូមិស្រុក ជាដើម ដែលធ្វើឲ្យពលរដ្ឋខ្មែរក្រោមខ្លះគិតថា គេឲ្យប៉ុណ្ណឹងហើយចង់បានអ្វីទៀត ។ ចំណែក វប្បធម៌ និងសាសនានៅកម្ពុជាក្រោមវិញមានការរីកចម្រើនខ្លះដែរ ដូចជាព្រះសង្ឃនាំគ្នាកសាងវត្តអារាមប្រកបដោយរចនា បទ្មខ្មែរ និងបុណ្យទានផ្សេងៗនៅតាមវត្តអារាម មានពលរដ្ឋខ្មែរក្រោមមានស្លៀកពាក់បែបប្រពៃណីខ្មែរជាដើម ប៉ុន្តែនៅមានចំណុចជាច្រើនទៀតដែលត្រូវតែកែលម្អបន្ថែមដើម្បីឲ្យពេញជាលក្ខណៈខ្មែរពិតប្រាកដ ព្រោះថា របាំដែលពលរដ្ឋខ្មែរក្រោមរាំ និងរបៀបបស្លៀកពាក់បែបបុរាណខ្មែរ ភាគច្រើនមិនសូវមានគ្រូដែលមានជំនាញចេញពីសាលានៅប្រទេសកម្ពុជាបង្ហាត់បង្រៀនទេ ។ នៅតាមវត្តអារាមមានបើកសាលាពុទ្ធកសិក្សា ហើយមានសិស្ស និងសមណសិស្សចូលរៀនកាន់តែច្រើនគួរឲ្យកត់សម្គាល់ ។ ចំពោះបញ្ហាសិទ្ធិមនុស្សវិញ រដ្ឋាភិបាលវៀតណាមនៅតែបន្តទុក្ខបុកម្នេញរំលោភបំពានលើសិទ្ធិសេរីភាពរបស់ខ្មែរក្រោមម្ចាស់ស្រុកជាបន្តបន្ទាប់គ្មានស្រាកស្រាន្តឡើយ ។ សេរីភាពនៃការបញ្ចេញមតិ ការបង្កើតអង្គការក្រៅរដ្ឋាភិបាល និងសារព័ត៌មានឯករាជ្យជាភាសាខ្មែរ ដូចជាទូរទស្សន៍ វិទ្យុ និងកាសែត ជាដើម មិនមានឡើយ ។ ពលរដ្ឋខ្មែរក្រោមនៅតែមានការភ័យខ្លាចចំពោះការអាន រៀន និង ផ្សព្វផ្សាយនូវសៀវភៅប្រវត្តិសាស្ត្រខ្មែរជាសាធារណៈ ខណៈដែលក្រសួងអប់រំនៃ រដ្ឋាភិបាលយួននៅតែបន្តកាឡៃប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ហើយបោះពុម្ពជាសៀវភៅសិក្សាដើម្បីលាងខួរក្បាលកូនចៅខ្មែរក្រោមជំនាន់នេះឲ្យក្លាយទៅជាជនជាតិយួន ។ ចំណែកនៅក្រៅប្រ ទេសវិញ សហព័ន្ធខ្មែរកម្ពុជាក្រោមនៅតែបន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី និងអហិង្សាលើឆាកអន្តរជាតិ ដើម្បីជម្រុញឲ្យអង្គការសហប្រជាជាតិដាក់សម្ពាធទៅរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិខ្មែរក្រោមអ្នកនៅក្នុងស្រុក ។ នេះជាទិដ្ឋភាពរួមដែលម្ចាស់ បងសូមជម្រាបទៅម្ចាស់ ប្អូនឲ្យបានជ្រាបត្រួសៗសិន ។
កិមិរាទេវី៖ សូមម្ចាស់បង មេត្តាជួយរាយការណ៍រឿងនេះឲ្យបានពិស្ដារបន្តិចមើល ដើម្បីខ្ញុំម្ចាស់ និងពួកទេពមន្ត្រីទាំងឡាយបានជ្រាបផង ។
មណ្ឌាទេវី៖ ម្ចាស់ប្អូន ! ម្ចាស់បងសូមលើកយករឿងជាក់ស្ដែងមកជម្រាបម្ចាស់ប្អូនឲ្យបានជ្រាបអំពីរឿងសិទ្ធិមនុស្សនៅកម្ពុជាក្រោម ដូចតទៅ៖
បើយោងតាមរបាយការណ៍ស្ដីពីការស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម ឆ្នាំ ២០១៦ ចេញដោយស្ថានទូតអាមេរិកប្រចាំប្រទេសវៀតណាម បានគូសបញ្ជាក់ថា៖ “រដ្ឋាភិបាលយួននៅតែបន្តចាប់ក្រុមជនជាតិដើម និងជនជាតិភាគតិចដាក់គុក ដោយយោងតាមមាត្រាស្ដីពីសន្តិសុខជាតិនៃច្បាប់ព្រហ្មទណ្ឌ ។ ក្រុមជនជាតិដើមជាច្រើន ត្រូវរដ្ឋាភិបាលយួនចោទប្រកាន់ជាប់ទាក់ទងនឹង ចលនាដែលមានមូលដ្ឋាននៅក្រៅប្រទេស ឬរដ្ឋាភិបាលដែលមាននិន្នាការបំបែករដ្ឋ” ។ ករណីជាក់ ស្ដែងគឺ មកដល់ពេលនេះរដ្ឋាភិបាលយួននៅមិនទាន់ដោះលែង ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះសង្ឃវត្តសិរីតាសេក នៅខេត្តឃ្លាំង ឲ្យមានសេរីភាពនៅឡើយ ។ ព្រះសង្ឃទាំងពីរអង្គនេះ ត្រូវរដ្ឋាភិបាលយួនចាប់ផ្សឹក និងដាក់គុកកាលពី ឆ្នាំ ២០១៣ ម្ល៉េះ ដោយសារព្រះអង្គទាក់ទងខ្មែរក្រោមនៅក្រៅប្រទេស និងហ៊ានផ្ដល់បទសម្ភាសដល់វិទ្យុសំឡេង កម្ពុជាក្រោម ។
ម្ចាស់ប្អូន! ដូចម្ចាស់បងបានជម្រាបមកខាងដើមស្រាប់ចឹងថា ឆ្នាំនេះផែនដីឡើងកម្ដៅខ្លាំង វាក៏ជះឥទ្ធិពលដល់ដែនដីកម្ពុជាក្រោមផងដែរ បញ្ហានេះបានធ្វើឲ្យស្រះគូនៅខេត្តព្រះត្រពាំងត្រូវរីងគោក និង ម្យ៉ាងទៀតមកពីស្រះនេះមិនបានស្ដារជាច្រើនឆ្នាំមកហើយ ។ បន្ទាប់ពីក្រុមព្រះសង្ឃ និងយុវជនខ្មែរក្រោមបាននាំគ្នាដាក់ញត្តិទៅអាជ្ញាធរយួនខេត្តព្រះត្រពាំង ដើម្បីទាមទារឲ្យរដ្ឋាភិបាលយួនជួយ ស្ដារស្រះឡើងវិញ និងរក្សាឲ្យនៅតាមលំនាំដើមនោះ រដ្ឋាភិបាលយួនក៏បានស្ដារ និងកែលម្អស្រះ នេះឡើងវិញផងដែរ ។
នៅក្នុងឆ្នាំនេះដែរ ក្រុមអ្នកប្រើបណ្ដាញសង្គម Facebook បានរិះគន់យ៉ាងខ្លាំងចំពោះរដ្ឋាភិបាល វៀតណាមដែលនៅតែមិនទាន់ធ្វើខ្លោងទ្វារខេត្តព្រះត្រពាំងឡើងវិញ បន្ទាប់ពីខ្លោងទ្វារដែលមានរចនាបទ្មខ្មែរចូលទីរួមខេត្តព្រះត្រពាំង ត្រូវរដ្ឋាភិបាលយួនកម្ទេចចោលកាលពីឆ្នាំ ២០១៤ មកម្ល៉េះ ។ ក្រុមអ្នករីះគន់ចោទប្រកាន់រដ្ឋាភិបាលយួនថា មានបំណងចង់លុបបំបាត់អត្តសញ្ញាណរបស់ជនជាតិដើមខ្មែរក្រោម ។
ក្រុមមន្ត្រីសង្ឃផ្អើលនឹងទង់ជ័យពុទ្ធសាសនាថាទង់ជាតិកម្ពុជាក្រោម នៅក្នុងកម្មវិធីប្រឡងយក សញ្ញាប័ត្រពុទ្ធិកសិក្សាបឋមភូមិ និងទុតិយភូមិ នៅវត្តរំដួល ឋិតនៅក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង កាលពី ខែកុម្ភៈ ឆ្នាំ ២០១៧ ជាប្រធានបទមួយដែលក្រុមអ្នកប្រើបណ្ដាញសង្គម Facebook ជជែកគ្នាយ៉ាងក្ដៅគគុក ។ កម្មវិធីនេះ គណៈកម្មការរៀបចំមណ្ឌលប្រឡងបានរៀបចំ និងតុបតែងវេទិកាប្រ កាសលទ្ធផលមានទ្រង់ទ្រាយប្រាសាទបន្ទាយស្រី ហើយមានដាក់ទង់ជ័យពុទ្ធសាសនានៅចំកណ្ដាលវេទិកាបានធ្វើឲ្យរំលេចនូវពណ៌ ខៀវ លឿង ក្រហម មើលទៅដូចនឹងពណ៌នៃទង់ជាតិកម្ពុជាក្រោម បានធ្វើឲ្យមន្ត្រីសង្ឃមិនហ៊ានឡើងគង់នៅលើវេទិកា ហើយរត់ចុះមកគង់នៅខាងក្រោម មុខវេទិកាវិញ ដោយអ្នកប្រើ Facebook លើកហេតុផលថា ក្រុមមន្ត្រីសង្ឃខ្លាចរដ្ឋាភិបាលយួនចោទប្រកាន់រឿងទឹកដីកម្ពុជាក្រោម ។
រឿងទំនាស់ដីធ្លីរវាងព្រះសង្ឃវត្តមុនីរង្សីមេពាំង ឋិតនៅក្នុងភូមិមេពាំង ឃុំឫស្សីស្រុក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ជាមួយនឹងជនជាតិយួនមកនៅលើដីវត្តកាន់តែក្ដៅឡើងៗ ខណៈដែលរដ្ឋាភិបាលយួននៅតែធ្វើព្រងើយ មិនព្រមចេញមុខមកដោះស្រាយបញ្ហាឲ្យបានដាច់ស្រេច ។ កាលពីខែធ្នូ ឆ្នាំ ២០១៦ អាជ្ញាធរយួនមួយក្រុមបាននាំគ្នាចូលទៅវត្តនេះដោយមិនបានផ្ដល់ដំណឹងជាមុន ដើម្បីបង្ខំឲ្យព្រះសង្ឃនៅក្នុងវត្ត ចុះហត្ថលេខាលើលិខិតស្នាមកាត់ដីវត្តប្រគល់ទៅឲ្យជនជាតិយួន តែព្រះសង្ឃមិនចុះហត្ថលេខាឡើយ ។ ក្រោយមកនៅក្នុងមេសានេះ ព្រះសង្ឃបាននាំគ្នាចេញសម្អាតលើដីមានជម្លោះនោះ ស្ត្រីជនជាតិយួនបានចេញមកជេរប្រមាថដល់ព្រះសង្ឃខ្លាំង ។ រឿងនេះ គេនៅមិនទាន់ឃើញមន្ត្រីសង្ឃ និងរដ្ឋាភិបាលថ្នាក់លើចុះមកធ្វើអន្តរាគមន៍នៅឡើយ ។
ខេត្តព្រះត្រពាំងទើបតែបង្កើតវត្តខ្មែរថែមមួយទៀត នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៧ នេះ ។ វត្តដែលទើបតែបង្កើតថ្មីនោះ មាននាមថា វត្តជយនទីរតនារាម (អូរក្ដារ) ឋិតនៅក្នុងស្រុកកំពង់ធំ ។ មុននឹងបានរដ្ឋាភិបាលយួនទទួលស្គាល់ថាជាវត្តផ្លូវការនោះ ទីបង្កើតវត្តនេះពីមុនជាសាលាឆទានរបស់អ្នកស្រុកភូមិអូរក្ដារ ។ បន្ទាប់ពីបានបង្កើតវត្តថ្មីមួយនេះ ខេត្តព្រះត្រពាំងមានវត្តកើនឡើងដល់ ១៤៣ វត្តក្នុងចំណោមវត្តខ្មែរជិត ៥០០ វត្តនៅទូទាំងដែនដីកម្ពុជាក្រោម ។
កិមិរាទេវី៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ នេះ តើពលរដ្ឋខ្មែរក្រោមមានបានទទួលបុណ្យចូលឆ្នាំនឹងគេដែរឬទេ ម្ចាស់បង?
មណ្ឌាទេវី៖ កិមិរាទេវី ម្ចាស់ប្អូន! នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅតាមវត្តអារាម និងភូមិស្រុកនីមួយៗទូទាំងដែនដីកម្ពុជាក្រោម ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីទៅតាមប្រណៃពីជាតិជាធម្មតា ។ តែសម្រាប់សិស្ស និស្សិតខ្មែរដែលកំពុងតែរៀននៅតាមសាលារៀនយួន និងកម្មករខ្មែរដែលទៅស៊ីឈ្នួលនៅតាមរោងចក្រ នាទីក្រុងព្រៃនគរ និងខេត្តផ្សេងៗទៀត មិនបានឈប់ សម្រាកដើម្បីបានចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួនទេ ។ មូលហេតុដែលនាំឲ្យពល រដ្ឋខ្មែរក្រោមមិនបានត្រឡប់មកស្រុកក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ព្រោះរដ្ឋាភិបាលយួនមិនមានគោល នយោបាយសម្រាប់ជនជាតិដើម ដូចជាចេញសេចក្ដីប្រកាសណែនាំឲ្យគ្រប់សាលារៀន ក្រុមហ៊ុន រោងចក្រ និងស្ថាប័នរដ្ឋទាំងអស់នៅទូទាំងដែនដីកម្ពុជាក្រោមបិទទ្វារឈប់សម្រាកក្នុងថ្ងៃបុណ្យ ចូលឆ្នាំខ្មែរ ។ តាមពិត ខ្មែរក្រោមជាម្ចាស់ស្រុកនៅដែនដីកម្ពុជាក្រោម ហើយរដ្ឋាភិបាលយួនមកធ្វើ អាណានិគមលើម្ចាស់ស្រុក ទទួលផលប្រយោជន៍ពីទឹកដីកម្ពុជាក្រោមមិនតិចទេ ដូចជាឲ្យជនជាតិយួនមករបស់នៅលើទឹកដីកម្ពុជាក្រោម ជាដើម តែបែរជាមិនគោរពដល់ប្រពៃណីរបស់ម្ចាស់ស្រុកខ្មែរ ក្រោម ទៅវិញ ។ ទង្វើនេះបង្ហាញឲ្យឃើញថា រដ្ឋាភិបាលយួននៅតែរើសអើងចំពោះពលរដ្ឋខ្មែរក្រោម ហើយឲ្យតម្លៃតែជនជាតិយួនរបស់ខ្លួនម្យ៉ាង ខណៈដែលរដ្ឋាភិបាលកុម្មុយនិស្ត វៀតណាមតែងតែង អះអាងថា ជនជាតិទាំង ៥៤ នៅក្នុងប្រទេសវៀតណាម មានសិទ្ធិស្មើគ្នា ។ ការដែលមិនឲ្យពលរដ្ឋ ខ្មែរក្រោមមានសេរីភាពក្នុងការទទួលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនោះ វាផ្ទុយពីជនជាតិយួន របស់ខ្លួនបានឈប់សម្រាក ១៥ ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំ (Tet) របស់យួន ។
ទង្វើរើសអើងពូជសាសន៍ពីរដ្ឋាភិបាលយួនលើជនជាតិដើមខ្មែរក្រោមនេះ ត្រូវនឹងរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម ឆ្នាំ ២០១៦ ចេញដោយស្ថានទូតអាមេរិកប្រចាំប្រទេសវៀតណាម បានគូសបញ្ជាក់ថា ប្រទេសវៀតណាមមាន “ច្បាប់ហាមមិនឲ្យរើសអើង ឬប្រកាន់ ពូជសាសន៍ទៅលើជនជាតិភាគតិច ប៉ុន្តែការរើសអើងពូជសាសន៍នៅតែមានលើជនជាតិភាគតិចជា យូរមកហើយ ។ កម្មាភិបាលជនជាតិយួននៅតាមមូលដ្ឋាននៅតាមខេត្តមួយចំនួន ជាពិសេស នៅតាមតំបន់ខ្ពង់រាប បានប្រព្រឹត្តផ្ទុយនឹងច្បាប់ជាតិ ហើយរើសអើងលើសមាជិកនៃក្រុមជនជាតិភាគតិច និងសាសនារបស់ពួកគេ ។ ទោះបីវិស័យសេដ្ឋកិច្ចមានការរីកចម្រើនគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ តែភាគខុសគ្នារវាងក្រុមជនជាតិភាគតិចជាមួយនឹងជនជាតិយួន (Kinh) នៅតែមាន ។ ទោះបីជនជាតិភាគតិចមានចំនួនប្រជាពលរដ្ឋច្រើននៅតាមតំបន់មួយចំនួន ដូចជា ភាគខាងជើង តំបន់ខ្ពង់រាប និងតំបន់ដែនដីសណ្ដទន្លេមេគង្គ (កម្ពុជាក្រោម) យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែជួប នឹងបញ្ហាខាងសុខភាព បណ្ដាលឲ្យអត្រានៃការស្លាប់របស់ម្ដាយ និងកូនកើនឡើងគួរឲ្យកត់សម្គាល់ នៅតាមតំបន់ជនជាតិដើមភាគតិច បើប្រៀបធៀបនឹងទីក្រុង និងតំបន់មាត់សមុទ្រ” ។ របាយការណ៍រឿងកម្ពុជាក្រោមរបស់ម្ចាស់បងមានតែប៉ុណ្ណេះ សូមម្ចាស់ប្អូនជ្រាប ។
កិមិរាទេវី ៖ ខ្ញុំម្ចាស់ សូមអរព្រះគុណចំពោះម្ចាស់បងដែលបានរាយការណ៍ព័ត៌មាន ដែលបានកើតឡើង ក្នុងមួយឆ្នាំកន្លងទៅនេះ ដល់ខ្ញុំម្ចាស់ និងពួកទេពមន្ត្រីបានជ្រាបជាដំណឹង ។ ឆ្នាំនេះ ជាតួនាទីរបស់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់នឹងខិតខំប្រឹងប្រែងអស់ពីព្រះកាយពល ដើម្បីនាំមកនូវសចក្ដីសេចក្ដីចម្រើនដល់មនុស្សតរៀងទៅហោង ។
មណ្ឌាទេវី ៖ ម្ចាស់បង សូមលាម្ចាស់ប្អូនសិនហើយ ឆ្នាំថ្មីនេះ សូមឲ្យម្ចាស់ប្អូនបានសេចក្ដីសុខកាយ និងសប្បាយក្នុងព្រះរាជហឫទ័យពេញមួយឆ្នាំ ដើម្បីថែរក្សាមនុស្សលោកឲ្យបានសេចក្ដីសុខចម្រើនជានិច្ចនិរន្តរ៍ហោង ។
កិមិរាទេវី៖ ខ្ញុំម្ចាស់អរព្រះគុណម្ចាស់បង ។ សូមម្ចាស់បងយាងវិលត្រឡប់ទៅកាន់ឋានរបស់ខ្លួនវិញឲ្យ មាន សុវត្ថិភា តាមអាកាសវិថីកុំបីមានឧបសគ្គអ្វីឡើយ ។ សួស្ដីឆ្នាំថ្មី ម្ចាស់បង ។
Comments are closed.