Global Witness៖ ក្រុមហ៊ុន​វៀតណាម​ នៅ​ពី​ក្រោយ​ការ​ឆក់ប្លន់​ដី​ប្រជាពលរដ្ឋ

0 116

ដោយ ឃួន ធារ៉ា l VOA

ភ្នំពេញ — របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​ឃ្លាំមើល​បរិស្ថាន​មួយ​បានឱ្យដឹងថា​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) របស់​ធនាគារពិភពលោក​និង​ធនាគារ​អាឡឺម៉ង់ (Deutsche Bank)  បាន​កំពុងផ្តល់​ប្រាក់កម្ចី​ដល់​ក្រុមហ៊ុន​កៅស៊ូ​របស់​វៀតណាម​ចំនួន​២​ដែល​កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​មានអំណាច​នៅ​កម្ពុជា​ដើម្បី​កាប់បំផ្លាញ​ព្រៃឈើ និង​ដកហូត​ដីធ្លី​ពលរដ្ឋ​មូលដ្ឋាន​ដោយ​ខុសច្បាប់​។​

​អង្គការ​គ្លូ​ប​ប៊​ល វីត​ណេ​ស (Global Witness) បានចេញ​របាយការណ៍​មួយ (Rubber Barons) នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣ ថា​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​និង​ធនាគារ​អាឡឺម៉ង់ បានផ្តល់​ឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​វៀតណាម​ចំនួន​ពីរ​គឺ​ក្រុមហ៊ុនចំការកៅស៊ូ​វៀតណាម (Vietnam Rubber Group) និង​ក្រុមហ៊ុន ហុង អា​ញ ហ្គា​យ ឡាយ (Hoang Anh Gia Lai) ដែល​កំពុង​រំលោភច្បាប់​ព្រៃឈើ​របស់​កម្ពុជា​ដោយបាន​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អាណាធិបតេយ្យ​និង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​នៅ​ទីនោះ​។​

គេហទំព័រ​អង្គការ​ Global Witness នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា នេះ​បង្ហាញ​ពី​ការ​ចេញ​ផ្សាយ​របាយការណ​ថ្មី «Rubber Barons»។
គេហទំព័រ​អង្គការ​ Global Witness នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា នេះ​បង្ហាញ​ពី​ការ​ចេញ​ផ្សាយ​របាយការណ​ថ្មី «Rubber Barons»។

​អ្នកស្រី មេ​ហ្គា​ន ម៉ាក​អ៊ី​ន​ណែ​ស (Megan MacInnes ) ប្រធាន​ក្រុមការងារ​ដីធ្លី​របស់​អង្គការ​គ្លូ​ប​ប៊​ល វីត​ណេ​ស បាន​ថ្លែងថា​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​វៀតណាម​ទាំង​ពីនេះ គ្មាន​តម្លាភាព គ្មាន​ការចូលរួម​ពី​ពលរដ្ឋ​មូលដ្ឋាន គ្មាន​សំណង និង​មាន​ការប្រើ​កម្លាំងប្រដាប់អាវុធ​ដើម្បី​ការពារ​ដីចំការ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​។​

​លោកស្រី មេ​ហ្គា​ន បាន​បញ្ជាក់ថា​៖ «​វា​គ្មាន​តម្លាភាព​ទាល់តែសោះ​ពី​ដំណើរការ​ចរចា​រវាង​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​។ ពុំមាន​អ្នកភូមិ​ណា​ម្នាក់​ត្រូវបាន​ប្រឹក្សា​យោបល់​មុនពេល​ផ្តល់​ដី​សម្បទាន​នោះទេ … ក្រុមហ៊ុន​ទាំងនោះ​បាន​យក​ដី​របស់​ពួកគេ​ដោយ​មិនបាន​ឱ្យដំណឹង​ជាមុន ហើយ​មានពេលខ្លះ​ពួកគេ​ក្រោក​ឡើង​ទាំង​កណ្តាលយប់​ឃើញ​ត្រាក់ទ័រ​កំពុង​ឈូស​កំទេច​ដីចំការ​របស់​ពួកគេ ដូច្នេះ​ដីចំការ ព្រៃឈើ និង​លទ្ធភាព​ចិញ្ចឹមសត្វ​របស់​ពួកគេ​បាន​បាត់បង់ នាំឱ្យ​ភាពក្រីក្រ​ពួកគេ​កាន់តែ​កើនឡើង​»​។​

​របាយការណ៍​ដដែល​នេះ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ថា​បានផ្ដល់​អាជ្ញា​បណ្ណ​សម្បទាន​សេដ្ឋកិច្ច​ទាំង​បំពាន​ច្បាប់​ហើយ​មិនបាន​ចាត់​វិធានការណ៍​ពេល​ក្រុមហ៊ុន​ទាំងពីរ​បំពាន​ច្បាប់​ដោយ​បើកចំហ​។​

​យោងតាម​ច្បាប់​ភូមិបាល​កម្ពុជា ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​មួយ​មិនអាច​ឲ្យ​លើស​ពីមួយ​ម៉ឺន​ហិកតា​ទេ​។ ប៉ុន្តែ​ក្រុមហ៊ុន ហុង អា​ញ ហ្គា​យ ឡាយ​ទទួលបាន​ជិត ៥​ម៉ឺន​ហិកតា​ចំណែកឯ​ក្រុមហ៊ុនចំការកៅស៊ូ​វៀតណាម​ទទួលបាន​ជាង​១,៦​សែន​ហិកតា​ដែល​លើសពី​ច្បាប់​កំណត់​១៦​ដង​។​

​ត្រឹម​ឆ្នាំ​២០១២ រដ្ឋាភិបាល​បានផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង​២,៦​លាន​ហិកតា​ភាគច្រើន​សម្រាប់​ដំណាំ​កៅស៊ូ​ស្មើនឹង​៧៣​ភាគរយ​នៃ​ផ្ទៃដី​កសិកម្ម​របស់​ប្រទេស​ទៅឱ្យ​ក្រុមហ៊ុន​វិនិយោគ​។​

​លើសពីនេះ​ទៀត រូបភាព​ថត​ពី​ផ្កាយរណប​ដោយ​អង្គការ​គ្លូ​ប​ប៊​ល វីត​ណេ​ស បានបង្ហាញ​ពី​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង នៅ​ខាងក្នុង​និង​ខាងក្រៅ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ផ្តល់ឱ្យ​ក្រុមហ៊ុន​ទាំងពីរ​នេះ នៅ​ចន្លោះ​ខែមករា​ឆ្នាំ​២០១១​និង​ខែកុម្ភៈ​ឆ្នាំ​២០១៣​។​

​យោងតាម​សាក្សី​និង​ការស៊ើបអង្កេត​របស់ខ្លួន អង្គការ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​នេះ​បាន​ចោទប្រកាន់​ការរំលោភច្បាប់​ដោយ​បើកចំហ​នេះ ដោយបាន​សហការ​ជាមួយ​ឈ្មួញ​ខុសច្បាប់​និង​មន្ត្រី​មានអំណាច​ក្នុងស្រុក​។ នេះ​បើតាម​អ្នកស្រី​មេ​ហ្គា​ន ម៉ាក​អ៊ី​ន​ណែ​ស​។​

«​យើង​ក៏បាន​រកឃើញថា​ក្រុមហ៊ុន​ហុង អា​ញ ហ្គា​យ ឡាយ​ត្រូវបាន​ចោទប្រកាន់ថា​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ទ្រី ភាព ដើម្បី​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​សម្បទាន​ទាំងនោះ​ក្នុង​ខេត្តរតនគិរី ស្រប​ពេលដែល​សាខា​របស់​ក្រុមហ៊ុនចំការកៅស៊ូ​វៀតណាម​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន​ដុង​ភូ និង​ដុង​ណាវ កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​សេង ឃាង ដែល​អង្គការ​ឃ្លាំមើល​ពិភពលោក​បាន​រកឃើញ​ថា​បាន​កាប់​ឈើ​ដោយ​ខុសច្បាប់​នៅ​ទូទាំងប្រទេស​»​។​

​នៅពេល​អង្គការ​គ្លូ​ប​ប៊​ល វីត​ណេ​សបាន​សាកសួរ ក្រុមហ៊ុន​ទាំងនេះ​បាន​ច្រានចោល​ពី​ការជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃុ​ប​ឃឹ​ត​ទាំងនោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី​មេ​ហ្គា​ន​។​

​បន្ទាប់ពី​បាន​ផ្ទៀងផ្ទាត់ អង្គការ​ឃ្លាំមើល​ពិ​ភ​លោក បានឱ្យដឹងថា​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​កំពុងតែ​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ជិត​១៥​លាន​ដុល្លារ​ដែល​ស្មើនឹង​ភាគហ៊ុន​ជិត​៥​ភាគរយ រីឯ​ធនាគារ​អាឡឺម៉ង់​កំពុងមាន​ភាគហ៊ុន​៤,៥​លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន​ហុង អា​ញ ហ្គា​យ ឡាយ​។​

​លោក ហាន់​ហ្វ្រែ​ដ វ៉ុ​ន ហ៊ី​ន​ដឹ​ន​ប៊ឺ​ក (Hannfried von Hindenburg) អ្នកនាំពាក្យ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​នឹង​ស៊ើបអង្កេត​លើ​ភាពមិនប្រក្រតី​របស់​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ ហើយនឹង​ចាត់វិធានការ​ប្រសិនបើ​រកឃើញ​ដូច​អ្វីដែល​អង្គការ​គ្លូ​ប​ប៊​ល វីត​ណេ​ស រកឃើញ​។​

«​របាយការណ៍​នេះ​ទើបតែ​ចេញផ្សាយ​នៅថ្ងៃនេះ ដូច្នេះ​វា​ជាការ​លំបាក​សម្រាប់​យើង​ក្នុងការ​ចាត់វិធានការ​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​នោះ​។ ប្រសិនបើ​អ្នក​សួរថា តើ​យើង​នឹង​ចាត់វិធានការ​នៅពេល​ខាងមុខ​ទេ ចម្លើយ​គឺថា​យើង​នឹង​ស៊ើបអង្កេត​ឱ្យបាន​ស៊ីជម្រៅ​ចំពោះ​ករណីនេះ​។ អ្វីដែល​យើង​នឹងធ្វើ​គឺថា​យើង​នឹង​និយាយ​ទៅកាន់​ផ្នែក​មូលនិធិ​វិនិយោគ​ឱ្យ​ចាត់វិធានការ​អ្វី​ម្យ៉ាង ប៉ុន្តែ​យើង​មិនទាន់​អាច​ឆ្លើយបាន​ថា​ជា​វិធានការ​អ្វី​នោះទេ​»​។​

​អ្នកស្រី មេ​ហ្គា​ន ម៉ាក​អ៊ី​ន​ណែ​ស បាន​រិះគន់​ស្ថាប័ន​អន្តរជាតិ​ទាំងពីរ​នេះ​ថា​មិនបាន​សិក្សា​ឱ្យបាន​លម្អិត​ពី​គម្រោង​ដែល​ខ្លួន​វិនិយោគ ជា​លទ្ធផល​ពួកគេ​បានផ្តល់​មូលនិធិ​ដល់​គម្រោង​ដែល​ផ្ទុយស្រឡះ​ពី​គោលនយោបាយ​បរិស្ថាន​និង​សង្គម​របស់​ស្ថាប័ន​ទាំងពីរ​នេះ​។​

​អង្គការ​គ្លូ​ប​ប៊​ល វីត​ណេ​ស បាន​ស្នើឱ្យ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ធនាគារ​អាឡឺម៉ង់​ដក​មូលនិធិ​វិនិយោគ​របស់ខ្លួន​ពី​គម្រោង​នេះ​ក្នុង​រយៈពេល​៦​ខែ ប្រសិនបើ​ក្រុមហ៊ុន​នេះ​នៅតែ​មិន​ព្រម​បញ្ឈប់​សកម្មភាព​ល្មើសច្បាប់​របស់ខ្លួន​។​

​តំណាង​ក្រុមហ៊ុនចំការកៅស៊ូ​វៀតណាម​ប្រចាំ​កម្ពុជា​មិនអាច​ទំនាក់ទំនង​បានទេ​នៅថ្ងៃនេះ រីឯ​តំណាង​ក្រុមហ៊ុន​ហុង អា​ញ ហ្គា​យ ឡាយ បាន​បិទ​ទូរស័ព្ទ​បន្ទាប់ពី​វី​អូ​អេ​ខេមរភាសា​បាន​សួរ​ពី​ប្រតិកម្ម​ទៅនឹង​របាយការណ៍​រប​ស់​អង្គការ​គ្លូ​ប​ប៊​ល វីត​ណេ​ស​។​

​លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួងកសិកម្ម បាន​ថ្លែងថា​នាពេល​កន្លងមក​រដ្ឋាភិបាល​បាន​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ប្រមាណ​ពី​២០​ទៅ​៣០​ក្រុមហ៊ុន​ដោយសារ​មិន​គោរព​តាម​លក្ខខណ្ឌ​វិនិយោគ​។​

​ចំពោះ​ប្រតិកម្ម​ជុំវិញ​របាយការណ៍​រប​ស់​អង្គការ​គ្លូ​ប​ប៊​ល វីត​ណេ​ស លោក​បាន​ផ្ទេរ​សំណួរ​
​នេះ​ទៅ​លោក​ចាយ សុគន្ធ ប្រធាន​នាយកដ្ឋាន​ផែនការ​និង​ស្ថិតិ​នៃ​ក្រសួងកសិកម្ម ប៉ុន្តែ​លោក​ចាយ សុគន្ធ​បាន​បិទ​ទូរស័ព្ទ​ពេល​សួរ​ពី​សំណួរ​នេះ​៕

Leave A Reply

Your email address will not be published.