របាយការណ៍បញ្ជូនសមណនិស្សិតទៅបន្តការសិក្សានៅបរទេស និងគម្រោងបុណ្យផ្ការៃអង្គាសប្រាក់ សម្រាប់ផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរក្រោម ឆ្នាំ ២០១៩
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ២៤ មីនា ខាងមុខនេះ នឹងធ្វើពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីរៃអង្គាសប្រាក់បញ្ជូនព្រះសង្ឃខ្មែរក្រោម ចំនួន ១០ អង្គទៅបន្តការសិក្សានៅក្រៅប្រទេស ។
ព្រះតេជព្រះគុណ សឺន សុផារិន្ទ ជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ឲ្យដឹងថា នៅថ្ងៃទី ២៤ មីនា ខាងមុខនេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នឹងប្រារព្ធពិធីបុណ្យផ្កាសាមគ្គី ដើម្បីរៃអង្គាសថវិកា សម្រាប់រៀបចំឯកសារ និងដោះស្រាយមធ្យោបាយផ្សេងៗ ក្នុងការបញ្ជូនសមណនិស្សិតចំនួន ១០ អង្គទៅបន្តការសិក្សា នៅប្រទេសថៃ និងផ្ដល់ជាអាហារូបករណ៍ដល់សមណនិស្សិតក្រីក្រ ដែលកំពុងសិក្សាមហាវិទ្យាល័យនានា នៅក្នុងប្រទេសកម្ពុជា ។
ព្រះតេជព្រះគុណ សឺន សុផារិន្ទ ក៏បានឲ្យដឹងដែរថា នៅឆ្នាំ ២០១៨ អង្គការមួយនេះ បានបញ្ជូនសមណនិស្សិតទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅប្រទេសថៃចំនួន ៣ អង្គ ។ ចំណែកការផ្តល់អាហារូបករណ៍ ៥០ ភាគរយ ដល់សមណនិស្សិត-និស្សិតក្រីក្រ នៅព្រះរាជាណាចក្រកម្ពុជាវិញ មានចំនួន ២៦ អង្គ/រូប ដោយក្នុងនោះ ថ្នាក់បរិញ្ញាបត្រ មានចំនួន ២១ អង្គ និងនាក់ ទទួលបានថវិកា ក្នុង ១ អង្គៗ និងម្នាក់ៗ ចំនួន ២៥០$ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥ អង្គ ក្នុង ១ អង្គៗ និងម្នាក់ៗ ទទួលបានថវិកា ៤០០$ ។ តើនៅក្នុងឆ្នាំ ២០១៩ នេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម មានគម្រោងរៀបចំផែនការអ្វីខ្លះ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងលើកស្ទួយវិស័យសិក្សាអប់រំទៅដល់សមាជិករបស់ខ្លួន? ។ តាមរយៈទូរទស្សន៍ ព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺន សុផារិន្ទ នឹងជម្រាបជូនលោកអ្នកបានជ្រាបជុំវិញរឿងនេះ ដូចតទៅ៖