តំណាង Page ឈ្មោះ I Love Cambodia Hot News បដិសេធ​ការពាក់ព័ន្ធ​នឹង Page ឈ្មោះ I Love Cambodia Hot News II

0 45

(​សារព័ត៌មាន ព្រៃនគរ ) កញ្ញា​ដ៏​ស្រស់ប្រិមប្រិយ​ម្នាក់​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងសកម្ម និង​ជា​អ្នក​អះអាងថា ជា​តំណាង​ឲ្យ Page ដ៏​ល្បីល្បាញ​មួយ​នៅក្នុង​បណ្តាញ​ព័ត៌មាន​សង្គម Facebook ឈ្មោះ I Love Cambodia Hot News បានប្រកាស​បដិសេធថា សកម្មភាព​ផលិត និង​ចែកចាយ​ព័ត៌មាន​ផ្សេងៗ​នៅក្នុង Page ឈ្មោះ I Love Cambodia Hot News II មិនមាន​ការពាក់ព័ន្ធ​ទៅនឹង Page ឈ្មោះ I Love Cambodia Hot News ឡើយ ។

កញ្ញា គឹម សាមាវតី ម្ចាស់ទំព័រ Page " I Love Cambodia Hot News" ។
កញ្ញា គឹម សាមាវតី ម្ចាស់ទំព័រ Page ” I Love Cambodia Hot News” ។

​នាង គឹម សាមាវតី ដែល​អះអាងថា​ជា​ម្ចាស់​ទំព័រ​បណ្ដាញ​សង្គម I Love Cambodia Hot News នោះ បាន​ថ្លែង​នៅក្នុង​ឃ្លី​ប​វីដេអូ​មួយ ដែល​នាង​បាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ Facebook ឈ្មោះ I Love Cambodia Hot News របស់ខ្លួន កាលពី​ថ្ងៃទី ៣១ ខែកក្កដា នេះ ថា​៖ “ ថ្ងៃនេះ នាង​ខ្ញុំ សូម​ចេញមុខ​បដិសេធ​រាល់​ទង្វើ​ទាំងអស់​របស់ Page ផ្សេងៗ ក្រៅពី Page   I Love Cambodia Hot News ពីព្រោះ នាង​ខ្ញុំ គ្មានអ្វី​ពាក់ព័ន្ធ​នឹង Page ទាំងអស់ នោះទេ  ។ Page ទាំងអស់នោះ តែងតែ យក​រូបនាង​ខ្ញុំ​ធ្វើជា Profile របស់​ពួកគេ ។ ដូច្នេះ នាង​ខ្ញុំ សូម​បដិសេធ ដូចជា Page I love Cambodia Hot news ll ជាដើម​” ។​

​ការប្រកាស​បដិសេធ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី Page មួយ​ក្នុង Facebook ឈ្មោះ I Love Cambodia Hot News II ថា មាន​គេ​ប៉ុនប៉ង​ចង់​ចាប់ខ្លួន​ម្ចាស់ Page I Love Cambodia Hot News II ដោយ​ដាក់​រូបតំណាង Page I Love Cambodia Hot News ទៅវិញ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ភាន់​ច្រឡំ ។​

​សូមបញ្ជាក់ថា នៅពេល​បច្ចុប្បន្ន បណ្ដាញ​សង្គម​ដូចជា Facebook, Twitter និង Youtube ជាដើម ត្រូវបាន​គេ​មើលឃើញថា មានការ​និយម​ប្រើ​កាន់តែ​ច្រើនឡើង​នៅក្នុង​សង្គម​យុវជន​កម្ពុជា ។ ក្រុមយុវជន ខ្មែរ​យក​មធ្យោបាយ​នេះ ដើម្បី​ជជែក​កម្សាន្ត បញ្ចេញមតិ​ទាក់ទង​នឹង​បញ្ហានយោបាយ ជាដើម​យ៉ាង​រហ័ស និង​មាន​ប្រសិទ្ធិភាព​បំផុត ។ ក្រៅពីនេះ ក្រុម​គណបក្សនយោបាយ​ជំទាស់ ក៏បាន​ប្រើ​មធ្យោបាយ​នេះ ដើម្បី​ឃោសនា​រក​សំឡេងឆ្នោត​របស់ខ្លួន ផងដែរ ខណៈ​បណ្ដាញ​ផ្សព្វផ្សាយ ដូចជា ទូរទស្សន៍ វិទ្យុ និង​កាសែត នៅក្នុង​ប្រទេស​កម្ពុជា សព្វថ្ងៃ ត្រូវ​គ្រប់គ្រង​ផ្ដាច់មុខ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់អំណាច​ជិត ៣០ ឆ្នាំ មកហើយ ៕

Leave A Reply

Your email address will not be published.