សង្ខេប​គុណ​ម៉ែឪ ដើម្បី​ឲ្យ​កូន​ពិចារណា

81

(​ស្រង់​ចេញពី​សៀវភៅ ជីវិត​ម៉ែ របស់​ព្រះ​វីរិយ​បណ្ឌិត ប៉ាង ខាត់​)

​ម៉ែឪ​ទាំងឡាយ​ដែល​បាន​បង្កើតកូន​មកហើយ​បីបាច់រក្សា ចិញ្ចឹម​សង្គ្រោះ​ទូន្មាន​ប្រៀនប្រដៅ​អប់រំ​កូន ដោយ​ព្យាយាម​មាំមួន​អស់ពី​កម្លាំង នឿយហត់​ច្រើន​ឆ្នាំ មិន​ចង់បាន​អ្វី​ដទៃ​ទេ ចង់​បានតែ​កូន​ល្អ បើ​បានកូន​ល្អ​សម​តាម​ប្រាថ្នា​របស់ខ្លួន​ហើយ តែង​រីករាយ​សប្បាយចិត្ត​ក្រៃលែង​នឹក​សង្ឃឹមថា បានកូន​នេះហើយ​ជា​ទំពាំង​ស្នង​ឫស្សី​ថែរក្សា​ចិញ្ចឹម​ខ្លួន​វិញ ជាទី​ពឹង​ពំនាក់​ក្នុងពេលដែល​ខ្លួន​ចាស់ជរា​ទៅ បានជា​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ទុក​ក្នុង​បុត្ត​សូត្រ (​អ​ង្គុ​ត្ត​រ​និកាយ បញ្ច​ក​និបាត​) ថា ម៉ែឪ​កាល​ឃើញ​ការគួរ​ទាំងឡាយ ៥ ប្រការ ទើប​ប្រាថ្នា​កូន​គឺ ៖ Hungry-Baby-Birds-being-fed

  • ១. កូន​ដែល​ខ្លួន​ចិញ្ចឹម​ហើយ នឹង​ចិញ្ចឹម​ខ្លួន​វិញ
  • ២. កូន​ដែល​ខ្លួន​ចិញ្ចឹម​ហើយ នឹងធ្វើ​ការជំនួស​ខ្លួន​វិញ
  • ៣. កូន​ដែល​ខ្លួន​ចិញ្ចឹម​ហើយ នឹង​រក្សា​វង្ស​ត្រកូល​ឲ្យ​ឋិតថេរចីរកាល​តទៅ
  • ៤. កូន​ដែល​ខ្លួន​ចិញ្ចឹម​ហើយ នឹង​រក្សា​មរតក​របស់ខ្លួន​ទុក​ឲ្យ​គង់វង្ស
  • ៥. ខ្លួន​ស្លាប់​ទៅហើយ បានកូន​នឹងធ្វើ​បុណ្យ​ទក្ខិណានុប្បទាន​ឲ្យ ។

ម៉ែឪ​ឃើញ​ការគួរ​ទាំងនេះហើយ បានជា​ប្រាថ្នា​កូន ព្រោះហេតុនោះ កូន​ដែលមាន​សន្តាន​សប្បុរស​, ជា​កតញ្ញូ​, ជា​កតវេទី កាល​នឹកឃើញ​នូវ​ឧបការគុណ​ទាំងនេះ ដែល​ម៉ែឪ​ធ្វើ​ដល់​ខ្លួន​កាលពីមុន​ហើយ ៖

គប្បី​ចិញ្ចឹម​ម៉ែឪ

គប្បី​ធ្វើ​ការជួស​ម៉ែឪ​ដែលជា​បុព្វការី​ជន​របស់ខ្លួន​វិញ​តាម​សមគួរ​ដល់​ការ​

  • គប្បី​លុះ​ក្នុង​ឱវាទ​របស់​ម៉ែឪ​
  • គប្បី​ថែរក្សា​វង្ស​ត្រកូល​ឲ្យ​បាន​ឋិតថេរ​កុំ​ឲ្យ​វិនាស​
  • គប្បី​ប្រកបដោយ​សទ្ធា​
  • គប្បី​ប្រកបដោយ​សីល

​កូន​ប្រសើរ​បែបនេះ​ទើប​បណ្ឌិត​សរសើរ ។

កូន​ទាំងឡាយ  ! ម៉ែឪ​ចិញ្ចឹម​យើង​ហើយដោយ​ទឹកដោះ ដោយ​អាហារ​ភោជន ដោយ​គ្រឿង​ឧបករណ៍​ផ្សេង ៗ ដោយ​ការឧបត្ថម្ភ​ឲ្យ​រៀនចំណេះ​វិជ្ជា ។ ចូរ​មើល​រាងកាយ​យើង​គ្រប់គ្នា ! បាន​មកពីណា ? នេះ​ជា​សាច់ឈាម​ជា​ញើស​ម៉ែឪ​ទាំងអស់ ។ ពេលនេះ​ជា​ភារៈ​យើង​ជា​កូន​គ្រប់គ្នា​ត្រូវធ្វើ​តប​វិញ ។ ព្រះ​ដ៏​មានបុណ្យ​ត្រាស់​ទុក​ក្នុង​ស​ព្រហ្ម​ក​សូត្រ សោ​ណន​ន្ទ​ជាតក ថា “​ព្រោះហេតុនោះ​កូវ​, កូន​ជា​បណ្ឌិត្យ គប្បី​នមស្ការ​, គប្បី​ធ្វើ​សក្ការៈ​, គប្បី​ចិញ្ចឹម​មាតាបិតា​ដោយ​បាយទឹក​នំចំណី​, ដោយ​ភេសជ្ជៈ​ផ្សេង ៗ ដោយ​គ្រឿង​ស្លៀកពាក់​គ្រប់យ៉ាង​, ដោយ​ទី​ដេក​ទី​អាស្រ័យ​នៅ​ស្រួល​គ្រប់ប្រការ​, គប្បី​ថែរក្សា​ព្យាបាល​រោគាព្យាធិ​ម៉ែឪ​ដោយ​ថ្នាំកែរោគ​, គប្បី​ប្រោះព្រំ​ម៉ែឪ លាបប្រេង​លាបម្សៅ​ការពារ​កុំ​ឲ្យ​មាន​ក្លិនអសោចិ៍​ដោយ​គ្រឿងក្រអូប​ផ្សេង ៗ គប្បី​ស្រង់ទឹក​ម៉ែឪ​ដោយ​ទឹក​ក្តៅ​, ទឹក​ត្រជាក់​ព្រមទាំង​ដុស​ជម្រុះ​ក្អែល​មន្ទិល​សៅហ្មង​, គប្បី​គក់​ច្របាច់​ស្អំ​ទឹក​ក្តៅ​រួត​សរសៃ​ឲ្យ​ខ្យល់​ដើរ​ស្រួល ដើម្បី​ជា​ផាសុក​ដល់​ម៉ែឪ​” ។

សេចក្តី​នៃ​ព្រះ​ពុទ្ធឱវាទ​ត្រង់នេះ បញ្ជាក់​ឲ្យ​ឃើញថា កូនប្រុស​ស្រី​គ្រប់ៗ ប្រាណ​ត្រូវគោរព​ប្រតិបត្តិ មើលថែទាំ ថ្នាក់ថ្នម  និង​ឧបត្ថម្ភ​ចិញ្ចឹម​ផ្គត់ផ្គង់​ម៉ែឪ​ដោយ​បច្ច័យ​ទាំង​បួន​គឺ សម្លៀកបំពាក់ ១, អាហារ​បាយទឹក​នំចំណី ១, ទីលំនៅ​ផ្ទះសម្បែង ១, ថ្នាំ​ព្យាបាល​រោគាព្យាធិ ១ ចំពោះ​ម៉ែឪ​ឲ្យ​ទៀងទាត់​ប្រុងប្រយ័ត្ន​មិនត្រូវ​ធ្វេសប្រហែស ដោយ​ការយកចិត្តទុកដាក់​ស្ម័គ្រស្មោះ​អស់ពី​ចិត្ត​ពី​ថ្លើម ។

កូន​គ្រប់គ្នា​ បើ​បាន​បំពេញ​ករណីយកិច្ច​ទៅតាម​ធម៌​ដូច​បាន​ពោល​មកនេះ​ពេញ​បរិបូណ៌​ហើយ​ទើប​ឈ្មោះថា “​កូន​ចេះ​ស្គាល់​ម៉ែឪ ចេះ​ស្រឡាញ់​ម៉ែឪ ចេះ​គោរព​ម៉ែឪ​” ទេវតា​នឹង​ថែរក្សា​ឲ្យ​បាន​សេចក្តីសុខក្សេមក្សាន្ត ដូច​ពុទ្ធភាសិត​ដែល​ព្រះពុទ្ធ​ទ្រង់​ប្រទាន​ឱវាទ​ចំពោះ​អនាថបិណ្ឌិក​សេដ្ឋី​ក្នុង​អាទិ​យ​សូត្រ (​គម្ពីរ​អ​ង្គុ​ត្ត​រ​និកាយ​បញ្ច​ក​និបាត​) ថា​: “​នរ​ជន​ជា​បណ្ឌិត​នៅ​គ្រប់គ្រង​ផ្ទះ​បើ​បាន​រឭក​ឃើញ​នូវ​ឧបការគុណ​នៃ​ម៉ែឪ​ទាំងនេះ បាន​ស្ថិតនៅក្នុង​អរិយធម៌​គឺ​សីល ៥ បើ​មិនទាន់​ស្លាប់​នៅក្នុង​លោក​នេះ នឹងមាន​មនុស្ស​, ទេវតា​សរសើរ បើ​ចែក​ឋាន​ទៅហើយ​នឹងមាន​ក្តី​រីករាយ​សប្បាយ​ជា​ភិយ្យោភាព​ក្នុង​បរលោក​ថែមទៀត​” ។

ដូច្នេះ​កូន​ទាំងឡាយ ! ចូរ​បំពេញ​ធម៌​ទាំងនេះ​កុំ​ខាន ដោយ​គិតថា “​នេះ​ជា​បុញ្ញក្ខេត្ត​របស់​អាត្មាអញ​រាល់ពេល​វេលា​” ។

ពាក្យ​សូម​ខមាទោស​ម៉ែឪ

​ម៉ែឪ ជាទីគោរព ! រូប​កូន​ទាំងអស់គ្នា​ដែល​ម៉ែឪ​បាន​បង្កើត​មក និង​ចិញ្ចឹម​ថែទាំ​ផ្ទាល់ដៃ​ដោយ​ក្តី​អាណិត​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ ទម្រាំ​តែ​បាន​ដូច​ថ្ងៃនេះ​, ម៉ែ និង ឪ ត្រូវ​ឆ្លងកាត់​ការតស៊ូ​ពុះពារ​ឧបសគ្គ​គ្រោះថ្នាក់ លំបាកលំបិន​ហួស​គណនា ។ គុណ​ដ៏​មហា​ធំធេង​របស់​ម៉ែឪ កូន​គ្រប់គ្នា​នៅ​មិនទាន់បាន​តបស្នង​គ្រប់គ្រាន់​នៅឡើយ ហើយក៏​មិនដឹង​នឹង​យក​អ្វី​មក​ប្រៀបផ្ទឹម​ឲ្យ​ស្មើនឹង​គុណ​ម៉ែឪ ដើម្បី​តបស្នង​សងគុណ​ម៉ែឪ​ឲ្យ​គ្រប់គ្រាន់​នោះដែរ​, កូន​មានតែ​ខិតខំ​ធ្វើជា​មនុស្ស​ល្អ​តាម​ការ​ទូន្មាន​របស់​ម៉ែឪ និង​ខិតខំ​ធ្វើបុណ្យ​ឲ្យ​បាន​ច្រើន​សម្រាប់​ជា​មរតក​របស់ខ្លួន និង​ជា​អំណោយ​ដ៏​ពិសិដ្ឋ​បំផុត​ជូន​ម៉ែឪ តាម​ពាក្យ​ទូន្មាន​របស់​ព្រះពុទ្ធ​, ប៉ុន្តែ កូន ៗ ក៏​ដឹង​ខ្លួនឯង​ថា ក្នុងការ​រស់នៅ​គង់តែ​ចៀស​បំផុត​ពី​ការ​ឆ្គាំឆ្គង​ភ្លាំងភ្លាត់ ដោយ​កាយ វាចា ចិត្ត  នាំ​ឲ្យ​មានទោស​ពៃរ៍​ចំពោះ​ម៉ែឪ បើ​មិន​ច្រើន​ក៏​តិច​ដែរ ហើយ​ជួនកាល​មិនសូវ​ដែល​បាន​សូមទោស​ម៉ែឪ​នោះទេ ។ ហេតុដូច្នេះ ថ្ងៃនេះ​កូន ៗ សូម​លំអុត​លំឱនកាយ​ថ្វាយបង្គំ​ម៉ែឪ សូម​ខមាទោស សូម​ឲ្យ​ម៉ែឪ​អភ័យទោស​ទាំងនោះ​ឲ្យ​កូន ៗ ផង​, កូន ៗ ប្តេជ្ញា​ថា​នឹង​ខិតខំ​គោរព​ប្រតិបត្តិ​ម៉ែឪ​ដោយ​ប្រុងប្រយ័ត្ន​មិន​ឲ្យ​ភ្លាំងភ្លាត់​ទៀត​ទេ ។

បុណ្យ​បច្ច័យ ៤ ដែល​កូន ៗ ផ្តួចផ្តើម​ធ្វើ​នៅថ្ងៃនេះ ជា​សាក្សី​នៃ​កតញ្ញុតាធម៌ របស់​កូន ៗ គ្រប់គ្នា​ចំពោះ​ម៉ែឪ​, កូន ៗ សូម​លើក​បុណ្យ​កុសល​នេះ​ជូន​ម៉ែឪ​ដោយ​គោរព​, សូម​ឲ្យ​ម៉ែឪ បាន​បុណ្យ​នេះ​ជាទី​ពឹង​គ្រប់ ៗ ជាតិ និង​ជា​គ្រឿង​ឧបត្ថម្ភ​ឲ្យ​ម៉ែឪ​មាន​អាយុ​វែង ព្រមទាំង​បានជា​សះស្បើយ​ចាក​រោគាព្យាធិ មាន​សុខ​ភាពល្អ​បរិបូណ៌ ដើម្បី​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​សុខដុម​ក្សេមក្សាន្ត​របស់​កូនចៅ គ្រប់ ៗ ប្រាណ​កុំបី​ខាន​ហោង ។

Comments are closed.