សប្ដស័ក

124

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

Sapda saka wrong and rightពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក​មិនតិច​ទេ ដែល​បាន​និយាយ​និង​អាន​ពាក្យ “​សប្ដស័ក​” មិនបាន​ត្រឹមត្រូវ ។ បន្ទាប់​ពីស​ង្ក្រា​ន ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ចូលមក​រហូតមកដល់​ពេលនេះ គេ​នៅតែ សង្កេតឃើញ​ពលរដ្ឋ​ខ្មែរ​ជាច្រើន ក្នុងនោះ មាន​អ្នក​អត្ថាធិប្បាយ​កម្មវិធី​លើ​កញ្ចក់​ទូ​រទូ​ស្សន៍​ស្រុក​ខ្មែរ និង​អ្នកសារព័ត៌មាន នៃ​វិទ្យុ និង​ទូរទស្សន៍​ខ្មែរ ជាច្រើន​បាន​និយាយ​ពាក្យ “​សប្ដស័ក​” ទៅជា “​សព្វ​ស័ក​” វិញ ។​

ពាក្យ "សប្ដស័ក" នៅត្រង់ទំព័រ ១២៦៧ នៅក្នុងវចនានុក្រមខ្មែរ ។
ពាក្យ “សប្ដស័ក” នៅត្រង់ទំព័រ ១២៦៧ នៅក្នុងវចនានុក្រមខ្មែរ ។

តាមពិត​ពាក្យ “​សប្ដស័ក​” គេ​ត្រូវ​អាន​ថា “​ស័​ប​-​ប្ដៈ​-​ស័ក​” ដែល​មានន័យថា “​ស័ក​ទី ៧” ទើប​ត្រឹ​វ​ត្រូវ មិនមែន​អាន​ថា “​ស័​ប​-​ប៉ៈ​-​ស័ក​” ដូច​ពាក្យ “​សព្វ​ស័ក​” ដែល​មានន័យថា “​ស័ក​ទាំងពួង​” នោះទេ ។ ពាក្យ ទាំងពីរ​នេះ មាន​អត្ថន័យ​ខុសគ្នា ហើយ​នៅក្នុង “​ស័ក​” ទាំង ១០ គ្មាន “​សព្វ​ស័ក​” ទេ ។​

​យោងតាម​វចនានុក្រម​ខ្មែរ ដែល​បាន​រៀបរៀង​ដោយ សម្ដេចព្រះសង្ឃរាជ ជួន ណាត (​ជោ​ត​ញ្ញា​ណោ​) បោះពុម្ព​នៅក្នុង ព​. ស​. ២៥១១ គ​. ស​. ១៩៦៧ ដោយ​ពុទ្ធសាសនបណ្ឌិត្យ នៅ​ទីក្រុង​ភ្នំពេញ ត្រង់​ទំព័រ ១២៦៧ បានបញ្ជាក់​អំពី​ពាក្យ “​សប្ដស័ក​” ត្រង់​ពាក្យ “​សប្ដៈ​” យ៉ាងនេះ​ថា​៖

“​សប្ត ស័​ប​-​ប្តៈ សំ​.; បា​. ( ប​. សំ​. ) (​សប្ត​, សប្ត​ន៑​; សត្ត​) ប្រាំពីរ (៧) ។ សប្ដស័ក (​សំ​. សប្ត​ក + ឝ​ក​) ស័ក​ទី ៧ (​នៃ​ឆ្នាំ​) : ឆ្នាំមមែ​សប្តស័ក​, ឆ្នាំវក​អដ្ឋស័ក ។ សប្ដាហៈ​, ស​ប្ដា​ហ័ន​, សប្ដាហ៍ (​ម​. ព​. សត្ត ប​. សំ​.) ។​ល​។ ស័ប្ត ។​”

“​ស័ក​” មានន័យថា កាល​, សម័យ​, យុគ ឬ ការរាប់​លំដាប់​ឆ្នាំ ។ ខ្មែរ​ប្រើពាក្យ​នេះ ចំពោះតែ​ការរាប់​លំដាប់​ឆ្នាំ តាំងពី​ស័ក​ទី ១ ដល់ ស័ក​ទី ១០ ត្រឡប់​សាម​ករាប់​ពី​ស័ក​ទី ១ វិញ នៅក្នុង​ឆ្នាំ​ទាំង ១២ គឺ​រាប់​ថា ឯកស័ក​, ទោស័ក​, ត្រី​ស័ក​, ចត្វា​ស័ក​, បញ្ច​ស័ក​, ឆស័ក​, សប្តស័ក​, អដ្ឋស័ក​, នព្វស័ក​, សំរឹទ្ធិ ស័ក ។ ដូចជា ឆ្នាំថោះ​ឯកស័ក​, ឆ្នាំរោង ទោស័ក ជាដើម ៕

​………………………………………………………………………………

ភិក្ខុ ថាច់ ប្រីជា គឿន (​សុធម្ម​ប្ប​ញ្ញោ​)

និពន្ធ​នាយក សារព័ត៌មាន ព្រៃនគរ សព្វថ្ងៃ នៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។​

សរសេរ​មកកាន់ ភិក្ខុ ថាច់ ប្រីជា គឿន (​សុធម្ម​ប្ប​ញ្ញោ​) តាមរយៈ thachpreicheakoeun@gmail.com​

Comments are closed.