សេណា​រ៉ី​យ៉ូ​ដ៏​ល្អ​បំផុត​

0 63

ដោយ សឺ​ង សម្រេច​ | ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៣
​នៅពេលនេះ ព្រះសង្ឃ​ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរក្រោម ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ទាំង​នៅ​ដែនដី​កម្ពុជា ក្រោម កំពុងតែ​ផ្តោតអារម្មណ៍​ចំពោះ​ការបោះឆ្នោតជាតិ ដើម្បី​រើស​អ្នកតំណាងរាស្ត្រ នីតិកាល​ទី ៥ ដែល​នឹង ឈានទៅដល់​ការជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​នោះ នា​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខ ។ បើតាម​ការសង្កេត​ពិនិត្យ​របស់​យើង គណបក្ស ទាំង ៨ ដែល​នឹង​ចូលប្រឡូក​ក្នុងការ​បោះឆ្នោត ហាក់ដូចជា​គ្មាន​គណបក្ស​ណាមួយ បានចែង​ក្នុង​សារ​និ​យោ​បាយ​របស់ខ្លួន​អំពី​ថា បើ​គណបក្ស​គេ​ឈ្នះឆ្នោត គេ​នឹងមាន​នយោបាយ​បែបណា ដើម្បី​ជួយ​ការពារ​បងប្អូន​សាច់ឈាម​ដ៏​អភព្វ​របស់គេ  គឺ​ព្រះសង្ឃ ព្រមទាំង​ខ្មែរ ក្រោម ដែល​កំពុង​រស់នៅ​កម្ពុជា​ក្រោម ក្រោម​ការត្រួតត្រា​របស់​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​វៀតណាម​ឡើយ ។​

ពលរដ្ឋខ្មែរគាំទ្រគណបក្សសង្គ្រោះជាតិ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៣ ពេល សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញ ។ រូបថត Reuters
ពលរដ្ឋខ្មែរគាំទ្រគណបក្សសង្គ្រោះជាតិ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៣ ពេល សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញ ។ រូបថត Reuters

សេណា​រ៉ី​យ៉ូ​ដ៏​ល្អ​បំផុត​

​អ្នក​និ​យោ​បាយ​ខ្លះ​បាន​និយាយ​អំពី​កម្ពុជា​ក្រោម​ខ្លះ​ដែរ ប៉ុន្តែ​ក្នុងន័យ​ទូលំទូលាយ​មិន​ជាទី​កក់ក្តៅ​សោះ ។ អ្នកនយោបាយ​ខ្លះ រហូតដល់​ហាម​មិន​ឲ្យ​និយាយ​ដល់​កម្ពុជា​ក្រោម ព្រោះ​នាំ​ឲ្យ​ខាត ពេលវេលា និង​មាន​អរិ​ភាពជា មួយ​ប្រទេសជិតខាង ។ រីឯ​នាយករដ្ឋមន្ត្រី​កំពុងកាន់​អំណាច​វិញ ដែល​បាន​ប្រើពាក្យ​កម្ពុជា​ក្រោម​ដោយ​កម្រ គឺ​គ្រាន់ តែ​ដើម្បី​បញ្ចប់សេចក្តី​សង្ឃឹម​រប​ស់​ខ្មែរក្រោម ដោយ​បញ្ជាក់ថា កម្ពុជា​បាន​បាត់បង់​សិទ្ធិ​ទាមទារ​កម្ពុជា​ក្រោម​ពី ប្រទេស​វៀតណាម​វិញ​តែប៉ុណ្ណោះ ។​

ទាំងអស់នេះ ហាក់ដូចជា​បាន​បញ្ជាក់ថា អ្នកនយោបាយ​ទាំងនោះ ពុំបាន​យល់ដឹង អំពី​សុខទុក្ខ​ពិត ប្រាកដ​របស់​ខ្មែរក្រោម​ទេ ឬក៏​បានដឹង​ត្រឹម​សើៗ​តែប៉ុណ្ណោះ ។​

​រឿងនេះ​មិនបាន​ធ្វើ​ឲ្យ​យើង​ជា​ខ្មែរក្រោម​ងឿងឆ្ងល់​ណាស់ណា​ដែរ ព្រោះ​ដោយ​យើង​បាន សង្កេតឃើញថា ក្នុងអម្លុងពេល​កន្លះ​សតវត្សរ៍​ចុងក្រោយ​នេះ  ប្រទេស​ទេស​កម្ពុ​ជាមាន​វិបត្តិ​ជា​បន្ត បន្ទាប់​មិន​ដាច់ ដោយ​ការ​លូកដៃ ចូល ពី​បរទេសជិតខាង បង្កើត​ស្ថានការណ៍​ខ្មែរ​ឲ្យ​ច្របូកច្របល់​មិន ឈប់ឈរ ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ខ្មែរ​គ្មាន​ពេល​គិតគូរ ដល់​ទឹកដី​កម្ពុជា​ក្រោម​ដែល​បាត់បង់​ទៅនោះ​ឡើយ ។​

អ្នកណា​ក៏​ដឹង​ដែរ ថា​សព្វថ្ងៃនេះ នៅក្នុង​ស្រុក​ខ្មែរ ជនអន្តោប្រវេសន៍​ខុសច្បាប់​យួន​បាន​ហូរ ចូលមក ដោយ​គ្មាន​ស្ថិតិ​ត្រួតពិនិត្យ​ច្បាស់លាស់ ហើយ​អ្នក​ទាំងនោះ បាន​ត្រូវការពារ​ដោយ​ស្ថានទូត និង​ស្ថាន​កុងស៊ុល​វៀត ណា​ម​ទៀតផង​។ ពួកគេ​មាន​សិទ្ធិ​យ៉ាង​ពេញលេញ ក្នុងការ​រស់នៅ​រកស៊ី ក្នុង​កិច្ច​ប្រតិបត្តិ​សាសនា ការរួម​ប្រជុំ និង​រៀន​ភាសា​សព្វ ។​ល​។ សព្វថ្ងៃនេះ ខ្មែរ​បាន​និយាយ​គ្នា​ពី​មាត់ មួយ​ទៅ​មាត់​មួយ ថា​សុខចិត្ត​មានរឿង​ទាស់ទែង ជាមួយ​ខ្មែរ​គ្នាឯង តែ​មិន​ហ៊ាន​ឈ្លោះប្រកែក​តតាំង ជាមួយ​ពួក​យួន​ទេ ព្រោះ​ប៉ូលីស​ប្រាកដជា​មិន​ហ៊ាន កាន់​ខាង យើង​ឡើយ ។  គឺ​វា​ផ្ទុយស្រឡះ​ពី​នៅ កម្ពុជា​ក្រោម ដែល​រដ្ឋាភិបាល​វៀតណាម​មិន​គ្រាន់ តែ​មិន​គោរព​សិទ្ធិ​ខ្មែរ ក្រោម​ជា​ជនជាតិដើម ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូម្បី​ព្រះសង្ឃ​ខ្មែរ​ជួយ​បង្រៀន​ភាសា​ខ្មែរ​ដល់​កូន​ខ្មែរក្រោម ក៏ត្រូវ​មានរឿង​រ៉ាវ រហូតដល់​មាន​ការហ៊ុំព័ទ្ធ​វត្ត​អារាម អាជ្ញាធរ​វៀន​ណា​ម​ចាប់​ផ្សឹក​ព្រះអង្គ​ដាក់គុក​ច្រវាក់ ។ ករណី កើត​ថ្មីៗ មាននៅ​វត្ត ព្រៃ​ជាប់ ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ជាដើម ។  ជីវិត​ខ្មែរក្រោម​កំពុង​រស់នៅក្នុង ភាពភ័យខ្លាច​គ្រប់ពេល​វេលា ។ រដ្ឋាភិបាល​មួយ​ដែល​ប្រកាន់​ឥរិយាបថ​ព្រងើយកន្តើយ នៅ​ចំពោះ​ទុក្ខលំបាក​របស់​ជនជាតិ​ខ្មែរ​រួម​លោហិត​របស់ខ្លួន ដែល​ត្រូវ​បរទេស​ជិះជាន់​សង្កត់សង្កិន​នៅ​ចំពោះ មុខ គឺជា​អំពើ​កំសាក​មិន​ទទួលខុសត្រូវ ។ នេះ​ជាស​ញ្ញា​នៃ​ក្តី​អា ម៉ាស​មួយ ចំពោះ​នយោបាយ​នៃ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លុះ បញ្ចាំង​ពី​ការ​សុខចិត្ត​ចោល​សាច់​ស្រវា​ឆ្អឹង ។ យើងខ្ញុំ​ជា​ខ្មែរក្រោម ចង់​ឃើញថា ក្រោយ​ការបោះឆ្នោត ទោះជា គណបក្ស​ណា​ឈ្នះឆ្នោត​ក្តី ទោះជា​បេក្ខជន​ណាមួយ​ត្រូវ ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ក្តី រដ្ឋាភិបាល​ខ្មែរ​នាពេល អនាគត គួរតែមាន​នយោបាយ​មួយ​ប្រកបដោយ​សីលធម៌ និង​ការទទួលខុសត្រូវ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ទាំង នៅ​កម្ពុជា​ក្រោម ទាំង​នៅ​កម្ពុជា ព្រោះ​អ្នក​ទាំងនោះ​ហើយ ជា​សាក្សី​រស់នៅ​ជ្រងោ​ជាក់ស្តែង សម្រាប់​ដាស់ សតិ​ថ្នាក់ដឹកនាំ​ខ្មែរ​ទាំង ឡាយ​គ្រប់​ជំនាន់ ។ គ្រប់ពេលវេលា សាក្សី​រស់​នោះ ជា​មេរៀន​អំពី​កង្វះ​សមត្ថភាព របស់​របស់​អ្នកដឹកនាំ​ខ្មែរ​ពី​អតីតកាល ពី​ភាព​អាត្មានិយម ពី​គ្រួសារ​បក្ខពួកនិយម ពី​មោទនា​ភាព​ដ៏​ង​ងិ​ត​ងងល់ ពី ការ​ចាញ់​ល្បិចកល​របស់​ខ្មាំង ពី​ការធ្វេសប្រហែស និង​មិន​ទទួលខុសត្រូវ បណ្តោយ​ឲ្យ​សាច់​សារ លោហិត​របស់ខ្លួន ជាមួយនឹង​ចំណែក​នៃ​ទឹកដី​មាតុភូមិ​ដ៏​ពិ​សិ​ដ្ធ ត្រូវ​ធ្លាក់​ទៅ​នៅក្រោម​ការគ្រប់គ្រង របស់​បរទេស ។  រាស្ត្រ​ខ្មែរ ពិតជា​មានការ​ឈឺចាប់​ឥតឧបមា ហើយ​មិនអាច​ទទួលយក​បានទេ ចំពោះ​អ្នក​ដឹក​គណបក្ស​ប្រជាជន សព្វថ្ងៃ ដែល​មើលស្រាល បែរខ្នង​ចំពោះ​ទុក្ខវេទនា​នៃ​ជន​រួម​ហិត​ខ្លួនឯង ហើយ​បែរជា​ស្ទុះស្ទារ​លើកដៃ​ស្រវាឱប​សត្រូវ ទៅវិញ​នោះ ។ ទោះជា​ក្នុងស្ថានភាព​ក្រលំបាក ឬ គួរ​ឲ្យ​ភ័យខ្លាច នៅ​ចំពោះមុខ​សត្រូវ​ដែលមាន​កម្លាំង​ខ្លាំង ជាង​យ៉ាងណាក្តី ជា​អ្នកដឹកនាំ​គួរតែ​យក​គម្រូ​តាម​មេមាន់ ដែលមាន​មេត្តាធម៌ និង​សេចក្តីស្នេហា​ចំពោះ​កូន តែង​បង្ហាញ​សេចក្តីក្លាហាន​ហ៊ាន​ប្រយុទ្ធ​តតាំង ជាមួយ​សត្វ​ខ្លែង ដែល​ហោះហើរ​ឆាប​កូន​របស់ខ្លួន ។ ផ្ទុយទៅវិញ ប្រសិនបើ​បែរជា​ខ្វះ​លក្ខណៈ​នេះហើយ ក៏​ល្មម​គួរ​ដឹងខ្លួន​ហើយ​ឈប់​ប្រើ​មធ្យោបាយ​មិនល្អ​នានា ដើម្បី​ការពារ អំណាច​ដែល​ជាប​ញ្ញ​តិ​គ្មានអ្វី​ឋិតថេរ​ទៀងទាត់ ហើយក៏​មិន​ប្រាកដជា​នាំមក​នូវ​សេចក្តីសុខ ដល់​ខ្លួន​សោះ ឡើយហោង ។​

​សេចក្តីស្រេកឃ្លាន​បស់​ម​នុស្ស ចំពោះ​អ្វីៗ​ទាំងអស់ រាប់ទាំង​អំណាច មុខមាត់ បុណ្យ​យស សក្តា មិន មានកំណត់ មិនចេះ​ស្កប់ស្កល់​ទេ ។ ប៉ុន្តែ​គឺ​ការចេះ​ស្គាល់ប្រមាណ​ថា​ល្មម​នោះ​ហើយ ដែល​បង្ហាញ​ពី​ការចេះ​ប្រើ បញ្ញា​របស់​មនុស្ស ។ អ្នកមាន​បញ្ញា​ដដែល ក៏​តែង​គិត​អំពី​ផលប្រយោជន៍ របស់​ប្រទេសជាតិ​មាតុភូមិ និង​អំពី សេចក្តីសុខ​របស់​ប្រជារាស្ត្រ​ច្រើនជាង​ខ្លួនឯង និង​ក្រុមគ្រួសារ ។​

ពេលនេះ  យើង​មើលឃើញថា ពលរដ្ឋ​ខ្មែរ​គ្រប់រូប​មានការ​យល់ដឹង  មាន​សេចក្ដីក្លាហាន​ជាង​មុន  និង មាន​ស្មារតី​ភ្ញាក់រឭក​ក៏​កាន់តែ​កើនឡើង​ផងដែរ  ។ មកទល់ពេលនេះ យើង​សង្កេតឃើញថា យុវជន​ខ្មែរ​មិនតិច​ទេ  បាន​ចេញមុខ​បង្ហាញខ្លួន​នៅលើ​បណ្ដាញ​សង្គម Facebook និង​បញ្ចេញមតិ​ចំៗ​ទាក់ទិន​នឹង​វាសនា​ប្រទេសជាតិ របស់​ពួកគេ និង​ព័ត៌មាន​ផ្សេងៗ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ ត្រូវ បាន​ពួកគេ​លើកឡើង និង​រិះគន់​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្ដូរ ។ វា​ប្រក​ដ​ណាស់​ថា សន្ទុះ​នៃ​ការយល់ដឹង​របស់​ក្រុមយុវជន​ដែលជា​ម្ចាស់ឆ្នោត​កំពុងតែ​ស្រេកឃ្លាន​ការផ្លាស់ប្ដូរ​នោះ វា​អាច​ជម្រុញ​ឲ្យ​មានការ​កែប្រែ​ផ្នត់គំនិត​របស់​អ្នក នយោបាយ​ខ្មែរ​ឲ្យ​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា​របស់​ប្រទេសជាតិ ។ ហេតុផល​នេះ វា​អាចធ្វើ​ឲ្យ ប្រទេស​កម្ពុជា សព្វថ្ងៃ  រួច​ផុតពី​ដាន​ចាស់​នៃ​ការបាត់បង់​ប្រទេស ដូច​ការបាត់បង់​ដែនដី​កម្ពុជា​ក្រោម ពី​អតីតកាល យ៉ាងពិត​ប្រាកដ ព្រោះ​វាសនា​នៃ​ប្រទេស​កម្ពុជា នឹងមិន​ឋិត​នៅក្រោម​ការសម្រេចចិត្តរ​បស់​អ្នកនយោបាយ​ម្នា​ក់ណា ទៀត​ទេ គឺ​ពលរដ្ឋ​នឹង​ជា​អ្នក​គូស​វាសនា​ឲ្យ​អ្នកនយោបាយ ។

​យោង​លើ​ព្រះពុទ្ធដីការ​របស់​ព្រះពុទ្ធ​បរមគ្រូ ដែលថា​អ្វី​ក្នុង​លោក​នេះ​ជា អនិច្ចំ មិន​ទៀងទាត់ ទោះជា​បក្ស ណា​ឈ្នះឆ្នោត​ក្តី ការផ្លាស់ប្តូរ​មួយ​ប្រកបទៅដោយ​ភាពរលូន គឺជា​សេណា​រ៉ី​យ៉ូ​ដ៏​ល្អ​បំផុត មួយ​សម្រាប់​ខ្មែរ​នាពេល នេះ ក៏ដូចជា​សម្រាប់​កាល​អនាគត ៕

​សូម​សព្វ​សត្វ​មាន​មេត្តាធម៌​រវាង​គ្នា​នឹង​គ្នា !​

Leave A Reply

Your email address will not be published.