លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ជ្រើសតាំងប្រធានថ្មី សម្រាប់អាណតិ្តទី ៩ ឆ្នាំ ២០២១-២០២២
ដោយ គឹម សាវតា
បន្ទាប់ពីដំណើរការក្នុងការសម្របសម្រួលការងារអង្គការ សមាគម ខ្មែរកម្ពុជាក្រោមរយៈពេល ៨ អាណត្តិកន្លងមក អង្គការ សមាគមខ្មែរកម្ពុជាក្រោម បានធ្វើសនិ្នបាតដើម្បីបន្តការងារក្នុងអាណត្តិទី ៩ ក្នុងនោះក៏បានផ្ដល់សេចក្តីទុកចិត្តឲ្យលោក សម្បត្តិ ស៊ីណា ដែលជាអគ្គលេខាធិការមិត្តសមាគមខ្មែរកម្ពុជា ក្រោមឲ្យធ្វើជាប្រធានលេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោមផងដែរ។

លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ២១ ខែកុម្ភៈនេះ បានធ្វើសន្និបាតតែងតាំង លោក សម្បត្តិ ស៊ីណា ជាប្រធានក្នុងអាណត្តិទី ៩ ដើម្បីបន្តសម្របសម្រួលការងារ អង្គការ សមាគម ខ្មែរកម្ពុជាក្រោម ឲ្យកាន់តែរលូន និងមានប្រសិទ្ធិភាព ។
ក្នុងអង្គសន្និបាត ដែលមានការចូលរួមពីសមាជិក អង្គការ សមាគម ខ្មែរកម្ពុជាក្រោម ជាច្រើននោះ ប្រធានលេខាធិការដ្ឋានអង្គការ សមាគម ខ្មែរកម្ពុជា ទើបឡើងកាន់តំណែងថ្មី គឺលោក សម្បត្តិ ស៊ីណា បានមានប្រសាសន៍ថា នេះជាពេលមួយ ដែលអាចឲ្យលោកបញ្ចេញសមត្ថភាព ដើម្បីបំពេញការងារជូន អង្គការសមាគម ខ្មែរកម្ពុជាក្រោមឲ្យកាន់តែមានប្រសិទ្ធិភាព ។ លោកបន្តថា កន្លងមក លោកបានសិក្សាពីការងាររបស់អង្គការ សមាគម ខ្មែរកម្ពុជាក្រោម ដែលអាចឲ្យលោកដឹងពីអី្វ ដែលជាបញ្ហាប្រឈម និងអ្វីជាសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោមកាន់តែច្បាស់ ។
ថ្លែងក្នុងពិធីឡើងកាន់តំណែង លោក សម្បត្តិ ស៊ីណា បានលើកឡើងនូវផែនការចំនួន ១៤ ចំនុច សំខាន់ៗ ក្នុងរយៈពេល ២ ឆ្នាំនៃអាណត្តិទី ៩ នេះ ដែលមានដូចជា ពង្រឹងរចនាសម្ព័ន្ធការងាររបស់លេខាធិការដ្ឋានឲ្យកាន់តែប្រសើរ និងធ្វើឲ្យមានតម្លាភាព ជាពិសេសគឺផ្នែកហិរញ្ញវត្ថុ រៀបចំឲ្យមានការជួយជ្រុមជ្រែងអង្គការស្ត្រីខ្មែរកម្ពុជាក្រោម ធ្វើយ៉ាងណាមិនជ្រៀតជ្រែក និងប៉ះទង្គិចកិច្ចការនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សហការឲ្យកាន់តែជិតស្និទ្ធជាមួយបណ្ដាស្ថានទូត និង អគ្គកុងស៊ុលប្រទេសនានា ដែលមាននៅកម្ពុជាឲ្យគេទទួលស្គាល់ខ្មែរក្រោម កាន់តែទូលំទូលាយ រៀបចំលិខិតបទដ្ឋាន ដើម្បីឲ្យពលរដ្ឋខ្មែរក្រោមរស់កម្ពុជាដោយស្របច្បាប់ មទាំងរៀបចំព្រឹត្តិការណ៍សំខាន់ៗ ទាក់ទងនឹងខ្មែរកម្ពុជាក្រោម ជាដើម ។
លោក សម្បត្តិ ស៊ីណា «ខ្ញុំសូមប្តេជ្ញាថា នឹងអនុវត្តតាមការផែនការដែលបានគ្រោងទុក និងព្យាយាមរៀនសូត្រ ពីរៀមច្បងបន្ថែមទៀត ដើម្បីជាទុនបំពេញដើម្បីឲ្យជោគជ័យបន្ថែមគ្រប់ជំហ៊ាន ។

ក្នុងផែនការទាំង ១៤ ចំនុចដែលលោក សម្បត្តិ ស៊ីណា បានលើកនោះ គឺមានការគាំទ្រពីបណ្ដាអង្គការ សមាគម ខ្មែរកម្ពុជាក្រោមទាំង ៩ ដែលជាសមាជិក ។ ជាមួយគ្នានេះតំណាងអង្គការ សមាគម មួយចំនួនក៏បានសំណូមពរនូវចំនុចមួយចំនួនផងដែរដូចជា ការចូលរួមជាមួយអង្គការ សមាគមផ្សេងៗ ទៀត នៅកម្ពុជា និងនៅលើឆាកអន្តរជាតិ ឲ្យបានកាន់តែច្រើន ជាពិសេសផ្នែកសិទ្ធិមនុស្ស ប្រមូលមតិ ពីអង្គការសមាគមជាសមាជិកឲ្យបានកាន់ច្រើនមុននឹងសម្រេចចិត្ត លើកិច្ចការណាមួយ និងចែករំលែកព័ត៌មានដល់អង្គការ សមាគមជាសមាជិកឲ្យបានទូលំទូលាយជាដើម ។
អតីតប្រធានលេខាធិការដ្ឋានអង្គការ សមាគម ខ្មែរកម្ពុជាក្រោម គឺលោក ស៊ឺន យឿង មានប្រសាសន៍ថាក្នុងអាណត្តិទី៨ ដែលលោកធ្វើជាប្រធានឃើញថា ការរួបរួមរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម គឺមានការផុសផុល និងសាមគ្គីគ្នាច្រើន ដូចជាការធ្វើសេចក្តីថ្លែងការណ៍រួមគ្នា ដើម្បីដាក់ជូនអង្គការសហប្រជាជាតិ ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានិងនៅដែនដីកម្ពុជាក្រោមជាដើម ។ តែទោះជាយ៉ាងណាលោកថា លេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម មើលឃើញថាធនធានមនុស្ស សម្រាប់បម្រើដល់កិច្ចការសង្គមខ្មែរកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ។
លោក ស៊ឺន យឿង« ខ្ញុំគិតថាធម្មតាបើសិនបើយើងមានសកម្មភាពជាបន្ទាប់បន្តអញ្ចឹង អាក្រោយវាកាន់តែល្អជាងមុនដោយសារតែវាមានភាពឆ្លុះបញ្ចាំងពីការងារមុន ហើយយើងធ្វើការងារក្រោយ ដើម្បីតបទៅនឹងអ្វីដែលយើងមិនទាន់បានធ្វើ។»

លេខាធិការដ្ឋាន អង្គការ សមាគម ខ្មែរកម្ពុជាក្រោម គឺជាស្ថាប័នមួយដែលសម្របសម្រួលការងារដល់អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលកំពុងដំណើរការនៅកម្ពុជា ឲ្យបានរលូន និងមានភាពស៊ីចង្វាក់គ្នា ។ ស្ថាប័នមួយនេះ បង្កើតឡើងក្នុងឆ្នាំ ២០១១ ដោយដំណើរការបាន ៨ អាណត្តិមកហើយក្នុងនោះ ពីអាណត្តិទី ១ ដល់ទី ៧ មានរយៈ ១ ឆ្នាំ ប៉ុន្តែចាប់ពីអាណិត្តទី ៨ មក គឺមានរយៈពេល ២ ឆ្នាំទើបដូរប្រធានម្ដង ។
គួរជម្រាបជូនថា បច្ចុប្បន្នលេខាធិការដ្ឋាននេះ មានអង្គការ សមាគម និងស្ថាប័នចំនួន ៩ ដែលជាតំណាងរបស់ពលរដ្ឋខ្មែរក្រោម មានមូលដ្ឋាន នៅព្រះរាជាណាចក្រកម្ពុជា ទាំងនោះរួមមាន សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម, មិត្តសមាគមខ្មែរកម្ពុជាក្រោម, សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និង អភិវឌ្ឍន៍, សហគមន៍ខ្មែរកម្ពុជាក្រោម, មូលនិធិសម្រាប់អ្នកក្រីក្រ, មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម, ក្រុមប្រឹក្សាយុវជនខ្មែរក្រោម, សារព័ត៌មានព្រៃនគរ និងអង្គការស្ត្រីខ្មែរកម្ពុជាក្រោម ៕