វត្ត​ខ្មែរ​មួយ នៅ​ទីក្រុង​ព្រៃនគរ ធ្វើបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី​

0 4,758

ដោយ ស៊ឺន ចែងចើន| VOKK

វត្ត​ពោធិ​វង្ស ស្ថិតនៅ​ផ្លូវ ប៊ូ​យ ធេ​មី (Bùi Thế Mỹ) សង្កា​ត់ទី ១០ (P.10) ខ័​ណ្ឌ​តឹង​ប៊ិ​ញ (Q. Tân Bình) ទីក្រុង​ព្រៃនគរ​-​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ បានរៀបចំ​ពិធី​បញ្ចុះ​ខណ្ឌសីមា ព្រះវិហារ​ថ្មី និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត ។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មការ​រៀបចំ​បុណ្យ ឲ្យ​ដឹងថា បុណ្យ​បញ្ចុះ​ខណ្ឌសីមា​វត្ត​ពោធិ​វង្ស នៅ​ទីក្រុង​ព្រៃនគរ នឹង​ប្រព្រឹត្តទៅ​រយៈពេល ៤ ថ្ងៃ គឺ​ចាប់​ពីថ្ងៃ ៧-៨-៩ និង ១០ កើត ខែផល្គុណ ឆ្នាំរកា នព្វស័ក ព​.​ស​. ២៥៦១ ត្រូវ នឹង​ថ្ងៃទី ២១-២២-២៣ និង ២៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ។​

​សេចក្ដីជូនដំណឹង​ដដែល បាន​បញ្ជាក់ថា នៅក្នុង​ពិធីបុណ្យ​នេះ តំណាង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នីមួយៗ មកពី​គ្រប់​ខេត្ត​/​ក្រុង​នៃ​ដែនដី​កម្ពុជា​ក្រោម នឹង​និមន្ត និង​អញ្ជើញ​ចូលរួម តាម​ការ​និមន្ត និង​អញ្ជើញ​ពី​គណៈកម្មការ​ចាត់តាំង​បុណ្យ ។​

​គួរ​ជម្រាបជូន​ថា នៅ​ទីក្រុង​ព្រៃនគរ មាន​វត្ត​ខ្មែរ​ចំនួន ២ វត្ត គឺ​វត្ត​ចន្ទរង្សី និង​វត្ត​ពោធិ​វង្ស ។ ចំណែក​វត្ត​នៅ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម មាន​ប្រមាណ ៤៦០ វត្ត ។ រីឯ​ខេត្ត​ដែលមាន​វត្ត​ច្រើនជាងគេ គឺ​ខេត្ត​ព្រះ​ត្រពាំង មាន ១៤៣ វត្ត ។ ចំណែក វត្ត​ដែល​អាយុកាល​ច្រើនជាងគេ គឺ​វត្ត​សម្បួរ​រង្សី ហៅ​វត្ត​សម្បួរ បាន​កសាង​នៅក្នុង​គ្រឹសសករាជ ៣៧៣ ហើយ​បើ​គិត​មកដល់​ឆ្នាំ ២០១៨ នេះ វត្ត​បុរាណ​មួយ​នេះ មាន​អាយុ ១.៦៤៥ ឆ្នាំ និង​វត្ត​ដែល​ថ្មី​ជាងគេ គឺ​វត្ត​ជយ​នទី​រតនា​រាម (អូរ​ក្ដារ​) នៅ​ខេត្ត​ព្រះ​ត្រពាំង ទើបតែ​បាន​សម្ពោធ​បង្កើត​វត្ត​នៅ​ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៧ ដែលមាន​អាយុកាល​ជិត​មួយឆ្នាំ ។ រូបថតផ្ដល់ដោយ សុផានី

Leave A Reply

Your email address will not be published.