ស្ថានភាពការសិក្សារបស់ព្រះសង្ឃខ្មែរក្រោមនៅខេត្តព្រះត្រពាំង
(សហរដ្ឋអាមេរិក – សារព័ត៌មាន ព្រៃនគរ) ក្នុងឱកាសព្រះសង្ឃនៅក្នុងពុទ្ធសាសនមណ្ឌលកំពុងតែចូល ព្រះវស្សានោះ ព្រះសង្ឃនៅខេត្តព្រះត្រពាំង ក៏កំពុងតែចូលព្រះវស្សាតាមព្រះពុទ្ធវិន័យ ផងដែរ ។ ពេលវេលាចូលកាន់ព្រះវស្សារយៈពេល ៣ ខែ នេះ ព្រះសង្ឃនៅខេត្តព្រះត្រពាំង មិនមែនត្រឹមតែសម្ងំ ប្រតិបត្តិធម៌ តាមគន្លង ពុទ្ធដីកាតែប៉ុណ្ណោះទេ តែព្រះអង្គ កំពុងតែព្យាយាមសិក្សាផ្នែកពុទ្ធិកសិក្សានៅ តាមវត្ត អារាមនានា ផងដែរ ។ ក្រៅពីនេះ នៅក្នុងខែសីហា នេះ ក៏ជារដូវដែលកុមារខ្មែរក្រោមកំពុងសិក្សា អក្សរ សាស្ត្រខ្មែរនៅតាមវត្តអារាម រយៈពេល ៣ ខែ ផងដែរ ។

ស្ថានភាពការសិក្សារបស់ព្រះសង្ឃខ្មែរក្រោមនៅខេត្តព្រះត្រពាំង
ព្រះតេជព្រះគុណ គឹម ហាន់ ព្រះជន្ម ៣៦ វស្សា សាងផ្នួសបាន ១៦ វស្សា ជាព្រះចៅអធិការជំនាន់ ទី ៤ នៃវត្តដីក្រហម ឋិតនៅក្នុងស្រុកថ្កូវ មានថេរដីកាប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ឆ្នាំនេះ វត្តរបស់ព្រះអង្គ មានព្រះសង្ឃ ២៥ អង្គ គង់ចាំព្រះវស្សា ។ ព្រះអង្គបានបន្តថា នៅឱកាសចូលព្រះវស្សានេះ ពុទ្ធបរិស័ទ ចំណុះជើងវត្តក៏បានប្រារព្ធកម្មវិធីបុណ្យចូលព្រះវស្សា នៅថ្ងៃ ១៥ កើត ខែអាសាឍ តាមប្រពៃណីជាតិ និងសាសនា ផងដែរ ។
ព្រះតេជព្រះគុណ គឹម ហាន់ បានថេរដីកាបន្តទៀតថា ព្រះសង្ឃដែលគង់ចាំព្រះវស្សាវត្តដីក្រហម ទាំង ២៥ អង្គនោះ មាន ១៨ អង្គជាសមណសិស្ស និមន្តមកពីវត្តនានានៅក្នុងខេត្ត និងក្រៅខេត្ត ដើម្បីបន្ត សិក្សាថ្នាក់ពុទ្ធិកវិទ្យាល័យទី ១ ឬ ថ្នាក់ទី ១១ ដែលវត្តព្រះអង្គបានបើកសាលាឆ្នាំនេះ ។
ព្រះតេជព្រះគុណ អគ្គធម្មថេរោ ថាច់ ថាញ់ ហុង ព្រះជន្ម ២៩ ព្រះវស្សា សាងផ្នួសបាន ១៣ ព្រះវស្សា ជាព្រះចៅអធិការវត្ត ផ្នោរព្រហូត ឋិតនៅក្នុងស្រុកផ្នោរដាច់ ខេត្តព្រះត្រពាំង បានមានថេរដីកា ប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម ថា វត្តព្រះអង្គមានព្រះសង្ឃចូលកាន់ព្រះវស្សាចំនួន ៦ អង្គ តែមិនបានបើក សាលាពុទ្ធកសិក្សា ដូចវត្តនានា នៅក្នុងស្រុកទេ ព្រោះមិនមានសិស្ស និងវត្តជាប់រវល់ក្នុងការសាងសង់ សាលាជាដើម ។

កំពុងរៀនធម៌ កាលពី ថ្ងៃអាទិត្យ ទី ១៦ ខែមិថុនា ឆ្នាំ ២០១៣ ។
ទោះបីវត្តរបស់ព្រះអង្គមិនបានបើកសាលារៀនក៏ដោយ តែព្រះអង្គបានថ្លែងថា នៅក្នុងស្រុកផ្នោរដាច់ ឆ្នាំនេះ វត្តនានាក៏បានបើកសាលាចាប់ពីថ្នាក់ពុទ្ធិកវអនុវិទ្យាល័យទី ១ ដល់ ៣ ឬ ទី ៥ ដល់ទី ៨ ដោយមានសមណសិស្ស និងសិស្សទាំងអស់ចំនួន ១៣៨ អង្គ និង រូប ។ ចំណែកវត្តធ្លក បើកថ្នាក់ពុទ្ធិកអនុវិទ្យាល័យទី ០៤ ឬ ថ្នាក់ទី ០៩ (បាលីរង) មានសមណសិស្សចំនួន ៣០ អង្គ ។
ព្រះតេជព្រះគុណ អគ្គធម្មថេរោ ថាច់ ថាញ់ ហុង បានប្រាប់អំពីមូលហេតុដែលជម្រុញព្រះសង្ឃ និង ពលរដ្ឋខ្មែរក្រោម មានទឹកចិត្តខំប្រឹងបើកសាលារៀនអក្សរខ្មែរ និងភាសាបាលីនោះ ព្រោះចង់បណ្ដោះ បណ្ដាលធនធាន និងរក្សាប្រពៃណីជាតិខ្មែរ នៅកម្ពុជាក្រោម ឲ្យបានគង់វង្ស ។
ព្រះសង្ឃជាគ្រូអចិន្ត្រៃយ៍នៃសាលាពុទ្ធិកសិក្សា នៅក្នុងវត្តមួយ ឋិតនៅក្នុងស្រុកកញ្ចោង ខេត្តព្រះត្រពាំង បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា ឆ្នាំនេះ វត្តព្រះអង្គបើកថ្នាក់ពុទ្ធិកអនុវិទ្យាល័យទី ៣ ដោយមាន សមណសិស្សចំនួន ២០ អង្គ និមន្តមកពីវត្តនានា ដើម្បីបន្តការសិក្សា ។
ព្រះអង្គបានបន្តថា កម្មវិធីសិក្សាក្នុងថ្នាក់នេះ មាន ១៣ វិញ្ញាសា ។ វិញ្ញាសាទាំងនោះរួមមាន សរសេរ តាមអាន, ធម្មវិភាគ, ព្រះវិន័យ, ប្រែលោតប្រយោគធម្មបទដ្ឋកថា ភាគ ៣-៤-៥ , សាសនាជាអ្វី, នវ វេយ្យាករណ៍ខ្មែរ, វៀតណាមប្រែខ្មែរ, គណិតវិជ្ជា ថ្នាក់ទី ៨, អង់គ្លេសថ្នាក់ទី ៨ , វេយ្យាករណ៍បាលី , ព្រះ គាថាធម្មបទ, បែបរៀនភាសាបាលី និងតែងសេចក្ដីខ្មែរ ។
ព្រះសង្ឃអង្គនេះ បានថ្លែងថា កម្មវិធីសិក្សាផ្នែកពុទ្ធិកវិទ្យាល័យទូទាំងខេត្តព្រះត្រពាំងនេះ មានរយៈពេល ៩ ខែ គឺចាប់ពីថ្ងៃ ១ រោច ខែវិសាខ ជាថ្ងៃឈានចូលពុទ្ធសករាជថ្មី រហូតដល់ខែបុស្ស ឬ ខែមាឃ ជារៀងរាល់ឆ្នាំ ។
សូមបញ្ជាក់ថា នៅខេត្តព្រះត្រពាំង មានវត្តខ្មែរទាំងអស់ចំនួន ១៤១ វត្ត ក្នុងនោះ វត្តសម្បួររង្សី ( សម្បួរ ) បានកកើតឡើងក្នុង ព. ស. ៩១៧ គ. ស. ៣៧៣ បើគិតមកទល់ឆ្នាំ ២០១៣ នេះ វត្តមានអាយុកាល ១៦៤០ ឆ្នាំហើយ ៕