លទ្ធផល​ការបោះឆ្នោត​ជ្រើស​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​ខ្មែរក្រោម​នៅ​កម្ពុជា​

109

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​ស​ម្ព័​ន​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម (UKKBS) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ទើបតែ​បាន សម្រេច​នូវ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​សម្រាប់​អាណត្តិ​ទី ៥ នៅ​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ នេះ នៅក្នុង​បរិវេណ​វត្ត​បទុម​វ​តី ក្នុង​រាជធានី​ភ្នំពេញ ។ ប្រធាន​ដែល​បាន​ជាប់ឆ្នោត​សម្រាប់​អាណ​ត្តិ្ក​កាល​ទី ៥ នេះ គឺ ភិក្ខុ ឯ​កប្ប​ញ្ញោ សឺ​ន សុ​ផា​រិន្ទ អតីត​សមណ​និស្សិត​ថ្នាក់អនុបណ្ឌិត​មកពី​មហាវិទ្យាល័យ​មហា​ចុ​ឡា ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ នៃ​ប្រទេស​ថៃ ។ ព្រះអង្គ​បានទទួល​ឆ្នោត​គាំទ្រ​ចំនួន ៥៧ សំឡេង នៃ​សំឡេងឆ្នោត សរុប ១០៣ សំឡេង ។​

ភិក្ខុ ឯកប្បញ្ញោ សឺន សុផារិន្ទ ព្រះសង្ឃដែលជាប់ឆ្នោតអាណត្តិទី ៥ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ។

​បន្ទាប់​បាន​ជាប់ឆ្នោត​ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ភ្លាម ភិក្ខុ ឯ​កប្ប​ញ្ញោ សឺ​ន សុ​ផា​រិន្ទ បាន​សរសេរ​នៅលើ​ទំព័រ Facebook របស់​ព្រះអង្គ​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ និង​បាន​ប្ដេជ្ញាចិត្ត ក្នុងការ​អនុវត្ត​នូវ​ការងារ​របស់​ព្រះអង្គ​ក្នុង​អាណត្តិ​កាល​ថ្មី​នេះ​ថា​៖

“​ខ្ញុំព្រះករុណា អាត្មាភាព សូម​ថ្លែង​អំណរ​អរ​ព្រះ​គុណ និង​អរគុណ ចំពោះ​ព្រះអធិបតី គណៈអធិបតី គណៈ កម្ម​ការរៀបចំ​ការបោះ​ឆ្នោត សមាជិក សមាជិកា នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់ ដែល​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​ខ្ញុំព្រះករុណា អាត្មាភាព​បាន​ធ្វើជា​ប្រធាន​នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ កម្ពុជា​ក្រោម​ក្នុង​អាណត្តិ​ទី ៥ នេះ ។ ខ្ញុំព្រះករុណា អាត្មាភាព សូម​ប្ដេជ្ញា​ចិត្តនឹង​ដឹកនាំ សង្គម​មួយ​នេះ​ឲ្យ បាន​រីកចំរើន​ដូច​អាណត្តិ​មុនៗ មិន​ឲ្យ​ខុស​បំណង​នៃ​សន្លឹកឆ្នោត​ដែល​ព្រះករុណា​ក៏ដូចជា​សមាជិក សមាជិកា បាន​បោះឆ្នោត​គាំទ្រ​ខ្ញុំកូណា អាត្មាភាព​នោះទេ​” ។​

​ភិក្ខុ ឯ​កប្ប​ញ្ញោ សឺ​ន សុ​ផា​រិន្ទ នរណា​ជា​?

​ភិក្ខុ ឯ​កប្ប​ញ្ញោ សឺ​ន សុ​ផា​រិន្ទ ជា​ព្រះសង្ឃ​ខ្មែរក្រោម មាន​ស្រុកកំណើត​នៅ​ភូមិ​ឈើទាល (Giong Dau) ឃុំ​ក្រសាំង (Hoa An) ស្រុក​កំពង់​ស្ពាន (Cau Ke) ខេត្ត​ព្រះ​ត្រពាំង ដែនដី​កម្ពុជា​ក្រោម ។ ព្រះអង្គ​បាន​សាង ផ្នួស​នា​ឆ្នាំ ១៩៩៧ នៅក្នុង​ខណ្ឌសីមា វត្ត​ម​ជ្ឈិ​មា​រាម ហៅ​វត្ត​កណ្ដាល ជា​វត្ត​ខ្មែរ​មួយ​នៅ​ស្រុកកំណើត របស់ ព្រះអង្គ ។ ឆ្នាំ ២០០៥ ព្រះអង្គ​បាន​និមន្ត​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​កម្ពុជា និង​បន្ទាប់មក ព្រះអង្គ​បាន និមន្ត​ចេញពី​ប្រទេស​កម្ពុជា ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ​ថែមទៀត ។ ក្រោយពី​បានបញ្ចប់​ការសិក្សា​ថ្នាក់ អនុបណ្ឌិត​នៅ​ប្រទេស​ថៃ ព្រះអង្គ​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ហើយ​បាន​ចូលធ្វើការ​ស្ម​គ្រ​ចិត្ត​ឲ្យ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម រហូតដល់​ថ្ងៃ​ដែល​ព្រះអង្គ​បាន​ជាប់ឆ្នោត​ជា​ប្រធាន នៅ​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ ។​

សព្វថ្ងៃ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​ធ្វើការ​ផ្ដោតលើ​ការ អប់រំ​របស់​សមណ​និស្សិត និង និស្សិត​ខ្មែរក្រោម​ដែល​បានមកពី​ដែនដី​កម្ពុជា​ក្រោម ដើម្បី​បន្ត​ការសិក្សា​នៅ ប្រទេស​កម្ពុជា ។ អង្គការ​នេះ ក៏មាន​កម្មវិធី​ផ្ដល់​អាហា​រូប​រណ៍​ដល់​សមណ​និស្សិត​ខ្មែរក្រោម​ជា​រៀងរាល់ឆ្នាំ ដើម្បី​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ និង​នៅ ប្រទេស​កម្ពុជា ផងដែរ ។​

​នៅក្នុង​អាណត្តិ​ទី ៤ កន្លងទៅនេះ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​ដឹកនាំ​ដោយ ព្រះ​តេជ ព្រះ​គុណ យឿ​ង តារា ដែលជា​ប្រធាន​នៃ​អង្គការ​នេះ ៕​

ភិក្ខុ យឿង តារា អតីតប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម អាណត្តិទី ៤ ។ រូបថតៈ ស៊ឺន ចែងចើន
ភិក្ខុ យឿង តារា អតីតប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម អាណត្តិទី ៤ ។ រូបថតៈ ស៊ឺន ចែងចើន

ខាងក្រោមជារូបថត ការបោះឆ្នោតអាណត្តិកាលទី ៥ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម (UKKBS) ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន

1-UKKBS 2015 2-UKKBS 2015 3-UKKBS 2015 4-UKKBS 2015 5-UKKBS 2015 6-UKKBS 2015 7-UKKBS 2015 8-UKKBS 201511-UKKBS 2015 12``-UKKBS 2015 13-UKKBS 2015 14-UKKBS 2015 15-UKKBS 2015

Comments are closed.