សឺង ធី មយូរា ត្រូវជម្រុះចេញនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នាង សឺង ធី មយូរា បេក្ខនារីខ្មែរក្រោម និងជាអតីតបវរកញ្ញារងនៅប្រទេសវៀតណាម ឆ្នាំ ២០១១ ត្រូវគណៈកម្មការ ប្រឡងបវរកញ្ញាវៀតណាមឆ្នាំ ២០១៥ ជម្រុះចេញនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី ១៥ ខែកញ្ញា ម្សិលមិញនេះ ។ ការជម្រុះនេះ បន្ទាប់ពីនាងបានចូលរួមក្នុងការប្រកួតដែលបានប្រព្រឹត្តទៅរយៈពេល ៣ ម៉ោង ជាមួយ នឹងបេក្ខនារីជនជាតិនានាជាង ៦០ រូបផ្សេងទៀត មកពីគ្រប់តំបន់នៅក្នុងប្រទេសវៀតណាម ។ បេក្ខនារីជាង ៦០ រូប នោះ មានតែ ៤៥ រូបប៉ុណ្ណោះ ដែលត្រូវគណៈកម្មការជ្រើសរើសសម្រាប់បន្តឈានចូលប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ នាពេល ខាងមុខ តែមិនមានឈ្មោះ បេក្ខនារី មយូរា ឡើយ ។

វគ្គប្រកួតផ្ដាច់ព្រ័ត្រ នៃកម្មវិធីប្រឡងបវរកញ្ញាវៀតណាម ឆ្នាំ ២០១៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ដល់ថ្ងៃទី ៣ ខែតុលា ខាងមុខនេះ ។ រាត្រីប្រឡងនឹងប្រព្រឹត្តនៅវេទិកា Crown Center ទីដែលប្រឡងបវរកញ្ញាវៀតណាម ឆ្នាំ ២០០៨ ។

បន្ទាប់ពីការប្រកួតលើផ្នែកទាំង ២ គឺ ការស្លៀកពាក់បែប Bikini និងការស្លៀកពាក់បែបពិធីការ គណៈកម្មការបានជ្រើស រើសយកបេក្ខនារីចំនួន ៤៥ រូប សម្រាប់បន្តចូលប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងប្រកាសលទ្ធផលនៅរាត្រីថ្ងៃទី ៣ ខែតុលា ខាងមុខនេះ ។ យោងតាមគេហទំព័រផ្លូវការនៃកម្មវិធីប្រឡងនេះ បេក្ខនារីដែលបានទទួលមកុដបវរកញ្ញាឆ្នាំ ២០១៥ នឹងបានជ្រើសរើសធ្វើជាបវរកញ្ញាតំណាងប្រទេសវៀតណាមសម្រាប់ចូលរួមប្រកួតបវរកញ្ញាទូទាំងពិភពលោក នាពេលខាងមុខ ។
យោងតាមប្រភពព័ត៌មានពីគេហទំព័រនៃកម្មវិធីប្រឡងដដែល បានបញ្ជាក់ថា បេក្ខនារី ដែលបានទទួលមកុដបរវកញ្ញា ឆ្នាំ ២០១៥ នេះ នឹងបានទទួលរង្វាន់សរុបទឹកប្រាក់ចំនួន ១០ កោដដុង ក្នុងនោះ រួមមាន មកុដបវរញ្ញាដែលមានតម្លៃស្មើ ២,២ កោដិដុង, រថយន្តទំនើប, អាគារវីឡា និងបានសម្រាក លម្ហែកាយមួយឆ្នាំនៅកន្លែងកម្សាន្តនៅទីក្រុងដាឡាក, ប្រទេសវៀតណាម ជាដើម ។
សឺង ធី មយូរា បេក្ខជនដែលត្រូវជម្រុះចេញពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រនោះ ជាអតីតៈបវរកញ្ញារងតំណាងឲ្យខ្មែរក្រោម ក្នុង ពិធីប្រឡងបរវកញ្ញាជនជាតិទូទាំងប្រទេសវៀតណាម កាលពី ឆ្នាំ ២០១១ ។ នាង កើតនៅឆ្នាំ ១៩៩២ ឆ្នាំនេះ អាយុ ២៣ ឆ្នាំ មានកម្ពស់ ១ ម៉ែត្រ ៧៤,៥ មកពីស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។
ទោះបី នាង មយូរា ត្រូវជម្រុះចេញពីវគ្គផ្ដាច់ព្រ័ត្រយ៉ាងណាក៏ដោយ ក៏នាងនៅមានឱកាសមួយទៀត សម្រាប់ការប្រជែង នៅក្នុងកម្មវិធី”បេក្ខនារីដែលត្រូវគេចូលចិត្តបំផុត”ផងដែរ ។ កម្មវិធីនេះ នឹងប្រកួតតាមរយៈការផ្ញើសារចូលគណៈកម្ម ការប្រឡងរយៈពេល ១ ខែ គឺ ចាប់ពីថ្ងៃទី ៣ ខែកញ្ញា ដល់ទី ៣ ខែតុលា ខាងមុខនេះ ៕
Comments are closed.