ប្រវត្តិ លោក សឺង ទួន អតីតប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម
ដោយ ថាច់ សេ | ប្រធានសភាតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក សឺង ទួន ជាទីប្រីក្សា (២០០៤~២០០៧) និងអតីតប្រធានប្រតិបត្តិ (២០០០~២០០៤) គណៈកម្មការនាយកនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ លោក កើត ថ្ងៃចន្ទ ១ កើត ខែចែត្រ ឆ្នាំមមែ សប្តស័ក ព. ស. ២៤៩៩ ត្រូវនឹងថ្ងៃទី ១២ ខែមីនា គ. ស. ១៩៥៦ ស្លាប់ថ្ងៃអាទិត្យ ២ កើត ខែផល្គុន ឆ្នាំច អដ្ឋស័ក ព. ស. ២៥៥០ ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ គ. ស. ២០០៧ ។ សហព័ន្ធខ្មែរក្រោម បានចាត់ទុក លោក សឺង ទួន ថា ជាវីរបុរសជាតិរបស់ខ្មែរក្រោម ព្រោះគាត់ជាអតីតមេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមម្នាក់បាន ជម្រុញវត្តមានខ្មែរក្រោមបានចូលក្នុងឆាកអន្តរជាតិ ។

លោក សឺង ទួន អតីតប្រធានប្រតិបត្តិ និងជាទីប្រឹក្សា គណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ ពេលចូលសញ្ជាតិ អាមេរិកាំងមានឈ្មោះថា Edward Tuon Son មានស្រុកកំណើតនៅ ភូមិចាក់ទទឹង (តៃយាំង) ស្រុកបាយឆៅ (ម៉ីស្វៀង) ខេត្តឃ្លាំង (សុកត្រាំង) កម្ពុជាក្រោម (មៀងណាមវៀតណាម) សព្វថ្ងៃយួនហៅថា ណាមបោ ។
គ្រួសារ៖
ឪពុកឈ្មោះ សឺង ថម (Thum Son) ម្តាយឈ្មោះ ឌាង ធីហុន (Huol Thi Đien) និងមានបងប្អូនបង្កើត ៨ នាក់ ប្រុស ៣ ស្រី ៥ នាក់ ។
- ទី ១ សឺង ធី ហ៊ន (ស្រី) សព្វថ្ងៃនៅកម្ពុជាក្រោម ។
- ទី ២ សឺង ទៀង ហៅ ហ្វា (ប្រុស) សព្វថ្ងៃនៅអាមេរិក ។
- ទី ៣ សឺង ធីហង្ស (ស្រី) សព្វថ្ងៃនៅកម្ពុជាក្រោម ។
- ទី ៤ សឺង ទួន (ប្រុស) សព្វថ្ងៃនៅអាមេរិក (ស្លាប់) ។
- ទី ៥ សឺង ធី កុង (ស្រី) សព្វថ្ងៃនៅកម្ពុជាក្រោម ។
- ទី ៦ សឺង ធី ភឹម (ស្រី) សព្វថ្ងៃកម្ពុជាក្រោម ។
- ទី ៧ សឺង ធីហឹម (ស្រី) សព្វថ្ងៃកម្ពុជាក្រោម ។
- ទី ៨ សឺង ព្រីង (ប្រុស) សព្វថ្ងៃកម្ពុជាក្រោម ។
លោក សឺង ទួន និង ភរិយាបានរស់នៅប្រកបដោយសុភមង្គលហើយមានបុត្រធីតាចំនួន ៤ នាក់ គឺ៖
- ទី ១ សឺង ពុទ្ធិកា (ស្រី)
- ទី២ សឺង លក្ខិណា (ស្រី)
- ទី៣ សឺង ខេមារិទ្ធិ (ប្រុស)
- ទី៤ សឺង កនិដ្ឋា (ស្រី)
ការរស់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃ៖
លោក សឺង ទួន បានចាកចេញពីស្រុកកំណើតនៅឆ្នាំ ១៩៧៨ ហើយមករស់ជំរំជនភៀសខ្លួន ខៅអីដាំង ថ្ងៃទី ២៨ កុម្ភៈ ១៩៨០ ហើយបានរៀបការជាមួមនឹងអ្នកស្រី ថាច់ ហុង នៅក្នុងជំរំ ។ នៅក្នុងជំរំបានមួយឆ្នាំក៏បានទៅនៅកោះបាតាំង ប្រទេសហ្វីល្លិពិន ចំនួន ៦ ខែ ។ លោក ទួន និង គ្រូសារមកប្រទេសទីបី (សហរដ្ឋអាមេរិក) នៅថ្ងៃទី ២៧ ខែឧសភា នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វនៀ សហរដ្ឋអាមេរិក ។
ការសិក្សា៖
កាលនៅកុមារភាពដល់វ័យបានបញ្ចប់មហាវិទ្យាល័យ នៅកម្ពុជាក្រោម ។ មកដល់សហរដ្ឋអាមេរិក មានចំណេះវិជា្ជខាងវិស្វករផ្នែកអេឡែកត្រូនិក (A Bachelor Degree in Electrical Engineering) ។
ការងារ៖
នៅឆ្នាំ ១៩៧៥ លោក សឺង ទួន បានធ្វើជាចាងហ្វាងសាលាបឋមសិក្សានៅស្រុកបាយឆៅ ខេត្តឃ្លាំង កម្ពុជាក្រោម ។ ពេលនេះគាត់បានប្រមែប្រមូលលោកគ្រូ អ្នកគ្រូខ្មែរក្រោមឲ្យចេះស្រ ឡាញ់រាប់អានគ្នា ចេះការពារទៅវិញទៅមក ហើយនិងបណ្តុះ បណ្តាល នូវស្មារតីស្នេហាជាតិមាតុភូមិជានិច្ចកាល ។
ការបំរើជាតិ មាតុភូមិកម្ពុជាក្រោម៖
ក្នុងចំណោមខ្មែរក្រោមរាប់ម៉ឺននាក់ ដែលមាននៅវាសនាត្រូវបានវត្ថុដ៏សក្កិសិទ្ធជម្រុញមកបំពេញតួនាទីដ៏ឧត្តម ក្នុងការលាត ត្រដាងនូវគំនរទុក្ខសមុទ្រសោកនាដកម្មនូវប្រវត្តិពិតៗព្រឹត្តិ ការណ៍ដ៏ចុកឈាមរបស់ជនរួមជាតិខែ្មរក្រោមយើង នៅកម្ពុជាក្រោមដែលត្រូវអាណានិគមយួនគ្រប់សម័យកាល ធ្វើទុក្ខបុកម្នេញ យ៉ាងព្រែផ្សៃងឃ្នងឃោរឃៅជាទីបំផុតនោះ ជាពិសេសនៅសហរដ្ឋអាមេរិកក្នុងជួរថ្នាក់ដឹកនាំ យើងបានឃើញលោកអតីតអធិបតី ថាច់ តាន់ តារា លោកអតីតប្រធានប្រតិបតិ្ត ថាច់ ថើម លោកអតីតប្រធានប្រតិបតិ្ត សឺង ទួន ។
គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម បានដាក់ឈ្មោះឲ្យលោក សឺង ទួន ថា “អ្នកបំរើជាតិមិនចេះនឿយហត់” ។
ក្រោយពីបានទទួលសញ្ញប័ត្រខាងវិស្វករមក លោក សឺង ទួន ក៏បានចូលប្រឡូកក្នុងការបម្រើផលប្រយោជន៍ជូនខ្មែរក្រោម។ មុនដំបូងគាត់បានបងប្អូនខ្មែរក្រោម នៅតំបន់កាលីខាងត្បូងរដ្ឋកាលីហ្វនៀ ជ្រើសតាំងឲ្យធើ្វប្រធានសមាគម ។
ថ្ងៃទី ៤ សីហា ១៩៩៦ លោក សឺង ទួន ត្រូវបានមហាសន្និ បាតសកលលើកទី ៥ នៃខ្មែរកម្ពុជាក្រោមនៅក្រុងតូរនតូ ខេត្តអនធា រិយោ ប្រទេសកាណាដា តែងតាំងឲ្យធ្វើជាអនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក អាណត្តិកាល (១៩៩៦-២០០០) ដឹកនាំដោយលោកប្រធាន ថាច់ តាន់ តារា ។
ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៩៧ បានជួយតវ៉ាតាមផ្លូវទូត និងធ្វើអន្តរាគមន៍ឲ្យបងប្អូនខ្មែរក្រោម ដែលកំពុងរស់នៅក្នុងជំរំស៊ីឃៅ នៃប្រទេសថៃ ចំនួន ៥៦ រូប និងព្រះសង្ឃ ៣ អង្គមករស់នៅប្រទេសកម្ពុជា ។
ថ្ងៃទី ២-៣ ខែសីហា ឆ្នាំ ១៩៩៧ បានចូលរួមប្រជុំការងារសហព័ន្ធនៅទីក្រុងស៊ីអាថិល រដ្ឋវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ។
ថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ ១៩៩៨ ចូលរួមប្រជុំការងារសហព័ន្ធនៅទីក្រុងតូរនតូ ប្រទេសកាណាដា ស្តីពីការសុំចូល យូអិនភីអូ (UNPO) គឺ អង្គការប្រជាជាតិគ្មានតំណាងនៅក្នុងអង្គការសហប្រជាជាតិ (Unrepresented Nations and People Organization) ហើយដាក់ពាក្យសុំចូលនៅថ្ងៃទី ០៦ មេសា ។
ថ្ងៃទី ០១ ខែសីហា ឆ្នាំ ១៩៩៨ ចូលរួមមហាសន្និបាតយុវជនខ្មែរក្រោមនៅក្រុងអារីស្យា រដ្ឋកាលីហ្វនៀ សហរដ្ឋអាមេរិក ដើម្បីបង្កើតយុវជនខ្មែរក្រោមអន្តរជាតិ (Khmers-Krom international Youth) ។
ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ១៩៩៨ បញ្ជូនប្រតិភូសហព័ន្ធ ៤ អង្គនិងរូប ទៅជួបមន្ត្រីអង្គការសហប្រជាជាតិ នៅក្រុងហ្សីណែវ ប្រទេស ស្វីស្ស ។ ស្តីពីជំនឿសាសនាត្រូវរំលោភ ។
ថ្ងៃទី ២៣-២៤ ខែវិច្ឆិកា ឆ្នាំ ១៩៩៨ ប្រជុំការងារសហព័ន្ធ នៅក្រុងកូឡឹមបឹស រដ្ឋអូហៃអូ សហរដ្ឋស្តីពីផែនការឆ្នាំខាងមុខ ។
ថ្ងៃ ២១-២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ចូលរួមបុណ្យខួបទី ៦១ នៃទីវាបងើ្កតមិត្តសមាគមខែ្មរក្រោមនៅបរទេស នៅទីក្រុងបារិសប្រ ទេសបារាំង ហើយបានទៅធ្វើសវនាការជាមួយនឹងឯកឧត្តម សឺន សាន ។
ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ១៩៩៩ ជួបជាមួយលោក ឈាន វ៉ម សួរប្រវតិ្តបារាំងប្រគល់ទឹកដីកូសស័ងស៊ីន ឲ្យយួនបាវដាយនៅឆ្នាំ១៩៤៩ ។ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ១៩៩៩ ចូលរួមប្រជុំការងារសហព័ន្ធស្តីពីរចនាសម្ព័ន្ធរបស់សហព័ន្ធ ។
ថ្ងៃទី ១១-១២ ខែកញ្ញា ឆ្នាំ ១៩៩៩ ទំនាក់ទំនងផ្លូវទូត ហើយបញ្ជូនប្រតិភូ ២ រូប គឺ លោក ថាច់ ង៉ុក ថាច់ និង លោក ប្រាក់ សេរីវុធ ទៅចូលរួមបាតុកម្មនៅមុខអង្គការអេប៉ែក (APEC or Asian Pacific Economic Cooperation) នៅក្រុងឧកឡិន ប្រទេសនូវែលហ្សេឡង់ (New zealanh) ។
ថ្ងៃទី ២៨-២៩ ខែវិច្ឆិកា ឆ្នាំ ១៩៩៩ ចូលរួមប្រជុំការងារសហព័ន្ធនៅក្រុងតាកូម៉ា រដ្ឋវ៉ាស៊ិនតោន សហរដ្ឋ ស្តីពីគំរោងបាតុកម្មនៅមុខអង្គការពាណិជ្ជកម្មពិភពលោក (WTO or World Trade Organization) ។
ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ១៩៩៩ ដឹកនាំមហាបាតុកម្មជាប្រវតិ្ត សាស្ត្រ ស្តីពីសិទ្ធិមនុស្ស និង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅមុខអង្គការពាណិជ្ជកម្មពិភពលោក ដែលមានមនុស្សគ្រប់ជាតិសាសន៍ចំនួនប្រាំម៉ឺននាក់ចូលរួម នៅក្រុងស៊ីអាថិល រដ្ឋវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ។
នៅពេលនោះ ភ្នាក់ងារវិទ្យុអាស៊ីសេរី បានធើ្វសម្ភាសន៍ លោក សឺង ទួន អំពីគោលបំណងនៃការធ្វើបាតុកម្មនេះ ។
ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ១៩៩៩ អ្នកស្រីអានខាងវិទ្យុសំឡេងសហរដ្ឋបានទូរស័ព្ទ សូមសម្ភាសន៍លោក សឺង ទួន ស្តីពីមូលហេតុនៃខែ្មរក្រោម ។
ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០០ ទំនាក់ទំនងជាមួយលោក ថាច់ សេដ្ឋា ប្រធានក្រុមចាត់ការកម្មវិធីបុណ្យ “សហសវត្យរ៍ថ្មី” ហើយក៏បញ្ជូនព្រះបណ្ឌិតមហាសាគុណចូលរួមពិធីជាប្រវត្តិសាស្ត្រនេះ នៅរាជធានីភ្នំពេញ រាជាណាចក្រកម្ពុជា ។
ថ្ងៃទី ១២-១៣ ខែមិនា ឆ្នាំ ២០០០ ចូលរួមទូរសនិ្នបាតតាមប្រព័ន្ធទូរស័ព្ទ នៅទីក្រុងឡិកឆាត រដ្ឋល្វីស្យាណា សហរដ្ឋអាមេរិកស្តីពីការអនុម័ត យកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ជាទិវាបាត់បង់ ទឹកដី ។
ថ្ងៃទី ២២-២៧ ខែឧសភា ឆ្នាំ ២០០០ សមាជិកប្រតិភូសហព័ន្ធដឹកនាំដោយលោកប្រធាន ថាច់ តាន់តារា ដើម្បីទៅជួបនឹងតំណាងរាស្ត្រ ព្រឹទ្ធសមាជិក និងមន្រី្តរដ្ឋការអាមេរិកគាំង នៅរដ្ឋធានី វ៉ាស៊ីនតោន ដើម្បីឲ្យទៅជួយដល់ខ្មែរក្រោមដែលត្រូវអាណានិគមយួន រំលោភសិទ្ធិមនុស្ស និងជំនឿសាសនា ហើយនឹងផ្តល់អាហារូយករណ៍ដល់និស្សិតខ្មែរក្រោមនៅឯកម្ពុជាក្រោម ។
ថ្ងៃទី ០១-០២ ខែកក្កដា ឆ្នាំ ២០០០ សម្របសម្រួលការបើកសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំសហព័ន្ធ “ជំនាន់ សឺង គុយ” នៅក្រុងសែនភិច រដ្ឋផ្លរិដា សហរដ្ឋអាមេរិក ។
ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០០០ ចូលរួមធ្វើមហាបាតុកម្មនៅមុខវិមានអង្គការសហប្រជាជាតិ នៅបូរីនីវយ៉កដែលមាននាយរដ្ឋមន្ត្រីនិងអ្នកដឹកនាំប្រទេសជាង ១៥០ កំពុងប្រជុំក្នុងនោះមានយួន ដែរ ។ ខ្មែរក្រោមនៅទ្វីបទាំងបារាំងជាង ៣០០ អង្គ-រូប បានកមចូលរួម គោលបំណងទាមទារឲ្យយួនហាណូយ បញ្ឈប់នយោបាយប្រ ល័យពូជសាសន៍ និងរំលោភសិទ្ធិមនុស្សមកលើខ្មែរក្រោម ។
ថ្ងៃសៅរ៍ និងអាទិត្យ ១១-១២ កើត ខែភទ្របទ ឆ្នាំ រោង ទោស័ក ព. ស. ២៥៤៤ ត្រូវនឹងថ្ងៃទី ៩-១០ ខែកញ្ញា គ. ស. ២០០០ ជាទិវាមហាសន្និបាតសកលលើកទី ៦ នៃខ្មែរកម្ពុជាក្រោម នៅបូរីនីវយ៉ក សហរដ្ឋអាមេរិក ហើយមានខ្មែរនិមន្ត និងអញ្ជើញមកពីគ្រប់ទិសទីក្នុងលោកចូលរួមមានព្រះសង្ឃ ៥ អង្គ ស្ត្រី ៥ រូប និងប្រុស ១៥២ នាក់ ។ លទ្ធផលនៃការបោះឆ្នោតជ្រើសរើស គណៈកម្មការនាយកនៃសហព័ន្ធខ្មែរក្រោមមានដូចតទៅ៖
- លោក ថាច់ តាន់តារា អធិបតី
- លោក ថាច់ ចាន់ ប្រធានសភាព្រឹទ្ធាចារ្យ
- លោក ថាច់ ធឿង ប្រធានសភាតំណាង
- លោក សឺង ទួន ប្រធានប្រតិបត្តិ
- លោក តោ គិម ថុង អគ្គលេខាធិការ
- លោក ថាច់ សេ ហេរញ្ញិក
- លោក ត្រឹង ម៉ានរិន្ទ ប្រធានផែនការ
- លោក ថាច់ ដួង សាង ឧបការីអធិបតី
- លោក ថាច់ ង៉ុក ថាច់ អនុប្រធានប្រតិបត្តិ
- លោក ប្រាក់ សេរីវុធ អនុប្រធានកិច្ចការបរទេស
- លោក ថាច់ វៀង អនុប្រធានប្រតិបតិ្តប្រចាំទ្វីបអឺរុប
- លោក ថាច់ អួង វ៉រា អនុប្រធានប្រតិបតិ្តប្រចាំទ្វីបអូស្យានី និង
- លោក ទៀ ថេន អនុប្រធានប្រតិបតិ្តប្រចាំទ្វីបអាស៊ី ។
ក្រោយមក លោក ថាច់ តាន់ ដារា និង លោក ថាច់ ចាន់ បានដើរចេញពីសហព័ន្ធខ្មែរកម្ពុជាក្រោម ទៅបង្កើតក្រុមផ្សេងមួយទៀត ក្រោយពីចាញ់ឆ្នោតមិនបានធ្វើជាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០០០ លោក សឺង ទួន និងលោកប្រាក់ សេរីវុធ បានធ្វើសវនាការជាមួយនឹងអគ្គរដ្ឋទូតសហរដ្ឋប្រចាំរាជាណាចក្រកម្ពុជា ហើយសូមស្ថានទូតជួយដល់ខ្មែរក្រោមនៅកម្ពុជាផង ។ ថ្ងៃដដែល ជួបជាមួយនឹងលោកសមរង្សី ប្រធានគណបក្សសមរង្សីនៅថ្ងៃដដែល បានធ្វើសវនាការជាមួយនឹងសមេ្តចសីហនុ និងព្រះជាយាមិនីនាថ ដើម្បីទូយថ្វាយពីផែនការតស៊ូរដោយសន្តិវិធីរបស់សហព័ន្ធទ្រង់សព្វព្រះទ័យ ដោយបានប្រទានលុយ ២ ពាន់ដុល្លារ៍សម្រាប់ខ្មែរក្រោមនិងមេដាយមាសដល់ប្រតិភូទាំង ៤ រូបទៀតផង ។
ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០០០ បានទៅធ្វើសវនាការជាមួយនឹងទ្រង់រណឫទ្ធិ ប្រធានរដ្ឋសភា ។ ទ្រង់ក៏បានគាំទ្រការតស៊ូរបស់សហព័ន្ធដែរ ។
ថ្ងៃទី ២៧-២៨ ខែមករា ឆ្នាំ ២០០១ ចូលរួមមហាសន្និបាតព្រះសង្ឃខ្មែរក្រោមពិភពលោក នៅក្រុងអែលអេ រដ្ឋកាលីហ្វនៀសហរដ្ឋអាមេរិក ហើយសម្រេចយកឈ្មោះថា “សហគមន៍ព្រះសង្ឃខ្មែរ កម្ពុជាក្រោមពិភពលោក” (The United Association of Khmers Kampuchea-Krom Buddhist Monks) ” ដែលមានព្រះគ្រូ លីវ ពៅ ជាប្រធាន ។
ថ្ងៃទី ១៤-១៧ ខែកុម្ភៈ ឆ្នាំ ២០០១ ផ្ញើទូរសារឧទ្ធិសនាមប្រតិភូសហព័ន្ធចូលរួមប្រជុំ អង្គការយូអិនភីអូ នូវក្រុងតាឡិនប្រទេសអេះតូនៀ (The Tallin city Estonia, former Soviet Union) លទ្ធផល សន្និសិទយូអិនភីអូបានសម្រេចថា នឹងឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជាសមាជិកពេញអង្គនៅក្នុងរយៈពេល ៦ ខែ ទៀត ដោយគិតតាំងពីខែកុម្ភៈនេះទៅ ។
ថ្ងៃទី ៣១-២០ ខែឧសភា ឆ្នាំ ២០០០ សម្របសម្រួលការបើកសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំសហព័ន្ធ ”ជំនាន់ ថាច់ ចាន់” នៅក្រុងដាឡាស រដ្ឋតែកសាស្ស សហរដ្ឋអាមេរិក ។
ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០០១ វិទ្យុផ្សាយសំឡេងកម្ពុជាក្រោមជាប់ផ្យាយជាផ្លូវការនៅរាល់ថ្ងៃអង្គារ៍ ពី ម៉ោង ៩ ដល់ ១០ យប់ ។ ម៉ោងនៅកម្ពុជាក្រោម យើងបានជួលយន្តរណប (Satlelite) មួយរបស់ប្រទេសបែលហ្សិក សម្រាប់ផ្សាយដំណឹងក្នុង ១ ម៉ោង ៤០០ ដុល្លារ៍ សហរដ្ឋ ។ ស្នាដៃដ៏ប្រណិតរបស់សហព័ន្ធ គឺ ដឹកនាំដោយលោកអធិបតីនិងប្រធានប្រតិបតិ្ត ។
ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ចូលជាសមាជិកពេញច្បាប់ នៃអង្គការយូអិនភីអូ ។
ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០០១ សហព័ន្ធបានចូលជាសមាជិកនៃសហព័ន្ធទូក ង អន្តរជាតិ (International Dragon Boat Federation or IDBF) ទូក-ង ខ្មែរក្រោម មានឈ្មោះថា កំហែងនាគរាជ ។ ហើយកីឡាករ-ការិនីទូកងខ្មែរក្រោម ក៏បានទទួលមេដាយមាស ក្នុងពេល នេះដែរ ។ ចម្រៀងស្នេហាជាតិលេខ ១១ ដែលច្រៀងដោយ កញ្ញា ទូច ស៊ុន និច លោក សយ វិវឌ្ឍន៍ អ្នកចំរៀងឈានមុខនៃសុបិនខ្មែរក្រោម ក៏បានមកកំដរអារម្មណ៍ដល់បងប្អូនយើង នៅក្នុងឱកាសជាប្រវត្តិសាស្ត្រនេះដែរ ។
ថ្ងៃទី ១០-១៣ ខែមករា ឆ្នាំ ២០០២ ចូលរួមប្រជុំការងារសហព័ន្ធនៅក្រុងតូរនតូ ប្រទេសកាណាដា ស្តីពីការអនុម័តធម្មនុញ្ញសហព័ន្ធ ។
ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០០២ លោកប្រធានប្រតិបត្តិ និងសហការី ៤ នាក់ ទៀត បានធ្វើសវនាការជាមួយនឹងអ្នកស្រី ឡូអី សាគ្រីវ វ៉ា មន្ត្រីមូលនិធិទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ នៅរដ្ឋធានី វ៉ាស៊ិនតោន សហរដ្ឋអាមេរិក ស្តីពីការសុំជំនួយ និងទៅស្តីការក្រសួងការបរទេសអាមេរិក ដើម្បីឲ្យបានដឹងពីនយោបាយអមេរិកចំពោះយួន ។
ថ្ងៃទី ២៥-២៦ ខែឧសភា ឆ្នាំ ២០០២ សម្របសម្រួលការបើកសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំសហព័ន្ធ ”ជំនាន់ ឡឹម ឯម” នៅក្នុងភីឡាដែលព្យា រដ្ឋប៉ែនស៊ិវិនៀ សហរដ្ឋអាមេរិក ។
ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០០២ ធ្វើសន្និសីទសារព័ត៌មានតាម បណ្តាញទូរស័ព្ទ នៅជុំវិញពិភពលោក ក្រោមប្រធានបទ ”ខ្មែរក្រោម និង ៥១ ឆ្នាំ ក្រោមរបបអាណានិគមយួន” ។
ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០០២ លោកប្រធានប្រតិបតិ្ត ផ្ញើសារមួយច្បាប់ជូនលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាស្តីអំពីគោលជំហរសហព័ន្ធទាក់ទិន និងបញ្ហាខ្មែរក្រោមកំពុងរស់នៅកម្ពុជាសព្វថ្ងៃ ។
ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០០២ លោកប្រធានប្រតិបតិ្តផ្ញើសារមួយច្បាប់ ជូនលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាស្តីពីណុំពរ ៧ ប្រការ (អត្ថន័យជួយការពារយុត្តិធម៌ឲ្យខ្មែរក្រោមកំពុងរស់នៅកម្ពុជា) ។
ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០០២ លោកប្រធានប្រតិបតិ្ត និងសមាជិក គណៈកម្មការនាយកបានសុំពរត្រជាក់ត្រជំ និងអត្តសញ្ញាណខ្មែរក្រោម ពីសម្តេច ប៉ាប នៅបូរីវ៉ាទីកាំង ប្រទេស អីតាលី ។ ក្នុងឱកាសសហព័ន្ថចូលរួមការប្រណាំង ទូក ង ជា លក្ខណៈអន្តរជាតិនៅប្រទេសនេះ ។
ថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ ២០០២ បញ្ជូនប្រតិភូសង្ឃទៅចូលរួម សន្និសីទកំពូលពុទ្ធសាសនា លើកទី ៣ នៅក្រុងភ្នំពេញ ប្រទេស កម្ពុជា នៅឱកាសនេះ ព្រះគ្រូ លីវ ពៅ បានផ្យាព្វផ្សាយឯកសារជាត្រីភាសាស្តីពីរឿងរ៉ាវខ្មែរក្រោមជូនអង្គសន្និបាត ។
ថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ ២០០៣ ចូលរួមប្រជុំការងារ ប្រចាំឆ្នាំនៃសហព័ន្ធនៅវត្តកម្ពុជាក្រោម ក្រុងហមិញតុន ប្រទេសកាណាដា ស្តីពីផែនការសហព័ន្ធសម្រាប់ឆ្នាំ ២០០៣ ។
ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០០៣ លោកប្រធានប្រតិបតិ្តបានថ្លែងការណ៍យ៉ាងវែងតាមវិទ្យុ “សំឡេងកម្ពុជាក្រោម” ស្តីពីខ្មែរក្រោម និង ៥៤ ឆ្នាំ ក្រោមរបបអាណានិគមយួន” ។
ថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ ២០០៣ ចូលរួមសន្និសិទប្រចាំឆ្នាំ នៃសហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភពលោក ក្រោមអធិបតីភាពរបស់ព្រះតេជព្រះគុណ លីវ ពៅ នៅវត្តចន្ទសង្សីក្រុងតាកូម៉ាវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ។
ថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ ២០០៣ ចូលរួមការប្រជុំកំពូល នៃការងារសហព័ន្ធស្តីពីស្ថាប័នទាំងបី របស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងផែនការសម្រាប់ឆ្នាំ ២០០៣-២០០៤ នៅក្រុងម៉ុងរ៉េអាលប្រទេសកាណាដា ។
ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០០៣ លោកអធិបតី និងប្រធានប្រតិបត្តិចូលរួមភោជនាហារជាកិត្តិយស និងធ្វើសវនាការជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិក George W.Bush នៅរដ្ឋកាលីហ្វនៀ ។
ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០០៣ ចូលរួមនឹងប្រតិភូ យូអិនភីអូ ដែលអញ្ជើញមកពីអឺរ៉ុប និងបណ្ឌិត COOPER មកពីហាវ៉ាយមកធ្វើអត្ថាធិប្បាយស្តីពីដំណើរឆ្ពោះទៅកាន់ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅសណ្ឋាគារហូលីដេ រដ្ឋនីវជើស៊ី សហរដ្ឋអាមេរិក ។
ថ្ងៃទី ២១ ខែកញ្ញា ទៅរដ្ឋ ម៉ាស្សាឆូសែត ។
ថ្ងៃទី ២៦ ខែកញ្ញា ទៅរដ្ឋកាលីហ្វនៀ ថ្ងៃទី ២៨ ខែកញ្ញា ទៅរដ្ឋ វ៉ាស៊ិនតោន ។
ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០៣ លោកប្រធានប្រតិបត្តិ បានផ្ញើសារអប់អរសាទរ ចំពោះប្រជាជាតិទាំងបី គឺ Ahwazi នៅប្រទេសអៀរ៉ង ជាតិ Hvavenda នៅប្រទេសអាហ្វ្រិកខាងត្បូង និង Mon tagnard នៅយួនភាគកណ្តល ដែលជាសមាជិកថ្មីនៃអង្គការយួអិនភីអូ ដែលមានទីស្នាក់ការនៅ ក្រុងឡាអេ ។
ថ្ងៃទី ២-៤ ខែមករា ឆ្នាំ ២០០៤ ចូលរួមប្រជុំការងារប្រចាំឆ្នាំរបស់សហព័ន្ធនៅក្រុងសង់ហូហ្សេ រដ្ឋកាលីហ្វនៀ សហរដ្ឋ ។
ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០០៤ ផ្ញើសារសម្តែងការសាទរ ចំពោះសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរក្រោម នៅភ្នំពេញ, កម្ពុជា ។
ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤ លោកប្រធានប្រតិបត្តិ បានធ្វើសម្ភាសន៍ជាមួយ នឹងលោក សំ បូរិន្ទ នៃវិទ្យុអាស៊ីសេរី ស្តីពីផែនការឆ្នាំ ២០០៤ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
ថ្ងៃទី ២៧-២៨ ខែមីនា ឆ្នាំ ២០០៤ ចូលរួមវគ្គបណ្តុះបណ្តាលពីសិទ្ធិមនុស្សដល់សមាជិក នៃសហព័ន្ធនៅ ទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វនៀ សហរដ្ឋអាមេរិក ។
ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៤ លោក សឺង ទួន ប្រធានប្រតិបតិ្តជាអ្នកឈានមុខនៃសុបិនខ្មែរក្រោម ដែលដឹកនាំគណៈប្រតិភូ សហព័ន្ធ ចូលប្រជុំនៅអង្គការសហប្រជាជាតិ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្មែរក្រោម វេទិកាអចិន្ត្រៃយ៍នៃសហប្រជាជាតិស្តីពីជនជាតិពន្ទុ (ជាតិដើម) ដែលហៅកាត់ថាំ UNPFII ឬ The United Nations Permanent Forum in Indigenous Issues នៅបូរីនីវយ៉ក សហរដ្ឋអាមេរិក ។
ថ្ងៃទី ៥-៦ ខែមិថុនា ឆ្នាំ ២០០៤ លោក សឺង ទួន ប្រធានប្រតិបត្តិ ចូលរួមមហាសន្និបានសហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភពលោក នៅវត្តរតនារាម ក្រុងស៊ីដនី រដ្ឋនីវសាវវ៉េវ ប្រ ទេស អូស្ត្រាលី ដឹកនាំដោយព្រះគ្រូ លីវ ពៅ ដែលជាសង្ឃាធិបតីនែព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភពលោក ។
ថ្ងៃទី ៣-៤ ខែកញ្ញា ឆ្នាំ ២០០៤ មហាសន្និបាតសកលលើកទី ៧ នៃខ្មែរកម្ពុជាក្រោម នៅក្រុងខេមឌិន រដនីវជើស៊ី សហរដ្ឋអាមេរិកបានជ្រើតាំង លោក សឺង ទួន ជាទីប្រឹក្សាគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិកាល ២០០៤-២០០៧ ។
ការទទួលអនិច្ចកម្ម៖
លោក សឺង ទួន ជាក្រុមអ្នកឈានមុខនៃសុបិនខ្មែរក្រោម ជាក្រុមអ្នកកាន់ចង្កូតនាវាខ្មែរក្រោមឆ្ពោះទៅកាន់ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ។ កំពុងតែធ្វើដំណើរស្រាប់តែត្រូវរោគាមកបៀតបៀនគឺគាត់មានជំងឺ “មហារីកបំពង់ក” នៅចុងឆ្នាំ ២០០៣ ។ ប្រពន្ធនិងកូនចៅ បានយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ យូសី ក្រុង ដែលអេ ក្រុងញីវយ៉ក ឡងបិច និង វ៉េសមិញទើ ។ល។ តាំងពីនោះរហូតមក ដល់ថ្ងៃ អាទិត្យ ២ កើត ខែផល្គុន ឆ្នាំ អក្ឋស័ក ព. ស. ២៥៥០ ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ គ. ស. ២០០៧ លោក សឺង ទួន ក៏បានទទួលមរណភាពនៅវេលាម៉ោង ២ រសៀល (ម៉ោងនៅរដ្ឋកាលីហ្វនៀ, សហរដ្ឋ) ក្នុងមន្ទីរពេទ្យតែម្តង ក្នុងជន្មាយុ ៥១ ឆ្នាំ ។
មរណភាពរបស់ លោក សឺង ទួន អតីតប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើឲ្យយើងខ្ញុំ ជាសមាជិក សមាជិកានៃសហព័ន្ធខ្មែរ កម្ពុជាក្រោម តាំងពីថ្នាក់ដឹកនាំជាន់ខ្ពស់រហូតដល់ជាន់ក្រោមមួយ អន្លើដោយប្រជាពលរដ្ឋខ្មែរក្រោម ជាងដប់លាននាក់នៅជុំវិញពិភពលោក ជាពិសេស នៅមាតុភូមិកម្ពុជាក្រោមដ៏សែនស្រ ណោះរបស់យើង មានការសោកស្តាយខ្លាំងណាស់។ ព្រោះយើងត្រូវបាត់បង់វីរជនមួយរូប ក្នុងដំណើរស្វែងរកសិទ្ធិសេរីភាព ជូនជាតិមាតុភូមិជាទីគោរពសេ្នហារបស់យើង ។
ថ្វីបើរូបនិងកាយបានស្លាប់ទៅក៏ពិតមែន តែស្នាដៃទាំង ឡាយដែលលោកបានសាង ដើម្បីបំរុងនិងចំពោះខ្មែរក្រោមនោះ កូនចៅខ្មែរក្រោមជំនាន់ក្រោយ មិនអាចបំភ្លេចបាន ហើយមិនអាចបំភ្លេចបានជារៀងរហូត ។
សូមវិញ្ញាណក្ខន្ធអតីតប្រធាន សឺង ទួន បានទៅកាន់សុគតិភព ។ សូមលោកស្រី សឺង ទួន នាមដើម ថាច់ ហុង និងបុត្រធីតាទាំងអស់ មេត្តាទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ ជាគណៈកម្មការយក-សាខា-សមាគម-វត្តអារាម នៃសហព័ន្ធ កម្ពុជាក្រោមពិភពលោកមួយអន្លើ ដោយប្រជាពលរដ្ឋខ្មែរក្រោម ជាង ១០ លាននាក់ នៅមាតុភូមិកម្ពុជាក្រោមដ៏សែនស្រណោះរបស់យើង ៕
Comments are closed.