ក្រុមយុវជន​ខ្មែរក្រោម​នឹង​ប្រមូលផ្ដុំ​ទាមទារ​ឲ្យ​វៀតណាម ចាត់ការ​រឿង​បំផ្លាញ​មណ្ឌប​នៅក្នុង​បរិវេណ​ស្រះ​គូ​

234

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​ក្រុមយុវជន​ខ្មែរក្រោម​នៅតាម​ខេត្ត​នានា​ទូទាំង​ដែនដី​កម្ពុជា​ក្រោម ដែល​ប្រើ​បណ្ដាញ​សង្គម Facebook នឹង ប្រមូល​ផ្ដុំគ្នា​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម ខេត្ត​ព្រះ​ត្រពាំង ចាត់ការ​រឿង​អ្វីមួយ​ដែល​ពួកគេ​ចាត់ទុកថា ក្រុម​ជនជាតិ​យួន បាន​បំផ្លាញ​មណ្ឌប​នៅក្នុង​បរិវេណ​ស្រះ​គូ ស្ថិតនៅក្នុង​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ។ ប​ណ្ឌ​ប​មួយ ដែល​ព្រះសង្ឃ​ខ្មែរក្រោម​បាន​តុបតែង​ជា​ប្រាសាទរ​ចនាប​ទ្ម​ខ្មែរ ហើយ​ដាក់​បណ្ដែត​នៅ​ចំ​កណ្ដាល​ស្រះ​គូ ត្រូវ រលំ​បែកបាក់​ដោយ​មិនដឹង​ពី​មូលហេតុ កាល​ថ្ងៃទី ៥ ខែមករា ម្សិលមិញ​នេះ ។ អ្នក​ប្រើ បណ្ដាញ​សង្គម Facebook បាន​លើក​ការសង្ស័យថា អាច​បណ្ដាលមកពី​ក្រុម​ជនជាតិ​យួន​ជា​អ្នក​បំផ្លាញ ព្រោះ​មុនពេល ហេតុការណ៍​នេះ​កើតឡើង មាន​ជនជាតិ​យួន​មួយក្រុម​បាននាំគ្នា​យក​កាណូត​ម៉ាស៊ីន​មក​រត់ប្រណាំង​នៅក្នុង ស្រះ​យ៉ាង​អាណាធិបតេយ្យ ។​

Borok Lak Khuan

​ព្រះសង្ឃ និង​យុវជន​ខ្មែរក្រោម​បាន​បង្ហោះ​រូបថត​មណ្ឌប​ដែល​រលំ នៅក្នុង​ស្រះ​គូ​នេះ និង​បាន​ចែករំលែក ពី មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​យ៉ាង​ក្ដៅគគុក ។ ពួកគេ​បានចេញ​មតិ​រិះគន់ និង​ស្ដីបន្ទោស​ដោយ​ការងឿងឆ្ងល់ ទៅលើ​រដ្ឋាភិបាល​វៀតណាម និង​ជនជាតិ​យួន​ថា ជា​អ្នក​បាន​បំផ្លាញ​មណ្ឌប​នេះ ក្នុង​គោលបំណង​លុបបំបាត់ វប្បធម៌​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង​មួយអង្គ​ដែល​ប្រើ​គណនេយ្យ Facebook ឈ្មោះ បុរស​លាក់ខ្លួន​ស្បែក សមុខ​ដែក (Boros Lakkloun SbekSo MukDek) បានដាក់​ប្រកាស​ចេញ​សេចក្ដីជូនដំណឹង​មួយ​ថា មណ្ឌប នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង​ត្រូវ​រលំ “​នៅវេលា​ម៉ោង ១ និង ៥០ នាទី ថ្ងៃត្រង់ នា​ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៦” ។ ព្រះអង្គ​បានដាក់​សំនួរ​សួរថា “​មើលចុះ តើ​អ្នកណា​បានធ្វើ​ឲ្យ​កើតឡើង​នូវ​រឿងនេះ​?” ។​

​ចំណែក​ទំព័រ Facebook មួយទៀត​ដែលមាន​ឈ្មោះថា ថាច់ ខៃ​វិសិដ្ឋ (Khaivisach Thach) បានដាក់ ប្រកាសថា​៖ “​យួន​វា​កំពុង​បំផ្លាញ​នូវ​ស្រះ​គូ​យើង​ទៀតហើយ ។ ពី​ឆ្នាំមុន​វា​បាន​បំផ្លាញ​នូវ​ខ្លោងទ្វារ​ខេត្ត​ព្រះ​ត្រ ពាំង ។ ឥឡូវនេះ គឺ​វា​ចាប់ផ្តើម​បំផ្លាញ​នូវ​ស្រះ​គូ​ស្រះស្រី​របស់​យើង​ទៀតហើយ ។ កូន​ខ្មែរ​ទាំងឡាយ យល់ យ៉ាងណា​ចំពោះ​រឿង​ហ្នឹង​” ។​

​ព្រះតេជព្រះគុណ ថាច់ នី (Ny Thach) ព្រះសង្ឃ​ខ្មែរក្រោម​នៅ​វត្ត​សាមគ្គី​រង្សី ទីក្រុង​ភ្នំពេញ បានចេញ​ប្រកាស​មួយ នៅលើ​ទំព័រ Facebook របស់​ព្រះអង្គ​ថា​៖ “​យួន​បំផ្លាញ​ប្រាសាទ​នៅ​រមណីយដ្ឋាន​ស្រះ​គូ ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម​” ។​

​ព្រះតេជព្រះគុណ ថាច់ នី ព្រះអង្គ​បាន​សរសេរ​បន្តទៀតថា ៖

“​ពេល​បានទទួល​ដំណឹង​អំពី​មណ្ឌប ដែល នៅ កណ្ដាល​ស្រះ​គូ នា​ខេត្ត ព្រះ​ត្រពាំង ត្រូវ​បំផ្លាញ​ដោយ​មិនដឹង​អំពី​មូលហេតុ ក្រុមយុវជន ខ្មែរក្រោម​នៅ គ្រប់ ទិស​ទី​ក្នុង​តំបន់ នៃ​ដែនដី កម្ពុជា​ក្រោម និង​ក្រៅប្រទេស បានសម្រេច​ថា នឹង​ជួបជុំគ្នា​នៅក្នុង បរិវេណ ស្រះ​គូ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​តវ៉ា​ទៅ​អាជ្ញាធរ​មូលដ្ឋាន ប្រសិនបើ​រដ្ឋអំណាច​គ្មាន​ដំណោះស្រាយ​ណា មួយ​ឲ្យ​សមស្រប​ចំពោះ​ករណី នេះ​” ។​

ក្រុមយុវជន​បានចេញ​មតិ​នៅលើ​ប្រកាស​របស់​ព្រះតេជព្រះគុណ ថាច់ នី ថា ពួកគេ​ប្ដេជ្ញា​ថា នឹង​ចេញ​តវ៉ា ជាមួយគ្នា ប្រសិនបើ​មានការ​ប្រមូលផ្ដុំ​ពិតប្រាកដ​នៅក្នុង​បរិវេណ​ស្រះ​គូ នៅពេល​ណាមួយ ទោះបី​ស្លាប់​ក៏ ពួកគេ​ទៅ​ដែរ ដើម្បី​រក​យុត្តិធម៌ ។ មតិ​ជាច្រើន​បាន​ស្ដីបន្ទោស​រដ្ឋាភិបាល​វៀត​ណា​ម​ថា កាលពីមុន​បាន រំលាយ​ខ្លោងទ្វារ​ខេត្ត​ព្រះ​ត្រពាំង គិត​រំលំ​ដើមឈើ​ទាល ចៅហ្វាយ គុយ និង​ឥឡូវនេះ មក​រំលំ​មណ្ឌប​ទៅ វិញ​” ។​

​ព្រះតេជព្រះគុណ ថាច់ យួ​ង ព្រះសង្ឃ​នៅ​ខេត្ត​ព្រះ​ត្រពាំង បាន​បង្ហោះ​រូបថត​មណ្ឌប ភ្ជាប់​ជាមួយនឹង​ពាក្យ ស្ដីបន្ទោស​ដល់​អ្នក​ដែល​បំផ្លាញ​មណ្ឌប​នេះ​ថា ជា​ក្រុម​ទមិឡ​ឥត​សាសនា ។ ព្រះអង្គ​បានសរសេរថា​៖

“​លទ្ធ ផល​បានចេញ​ជា​បណ្តើរៗ​ហើយគ្នា​យើង​អើយ ចំ​ជា​ពួក​ទមិឡ​គ្មាន​សាន​សា​មែន​! ! !” ។​

​អ្នក​ប្រើ​បណ្ដាញ​សង្គម​ជាច្រើន​បានចេញ​មតិ​ស្ដីបន្ទោស​ដល់​ការបំផ្លាញ​នូវ​មណ្ឌប​នេះ និង​បាន​ចែករំលែក (Share) នូវ​ដំណឹង​នេះ​ពី​ម្នាក់​ទៅ​ម្នាក់​ពី​ទំព័រ Facebook ព្រះតេជព្រះគុណ ថាច់ យួ​ង ។ ក្នុងចំណោម​មតិ ទាំងនោះ មានមតិ​មួយ​ដែល​បាន​សរសេរ​ដោយ​គណនេយ្យ Facebook ឈ្មោះ យឿ​ង វៅ ហាវ (Dương Vuũ Hảo) ដែល​គេ​ចាត់ទុកថា ជា​ជនជាតិ​យួន​បាន​ប្រតិកម្ម​តប​ជា​ភាសា​យួន​ថា​៖

“ ពួកអ្នកឯង​គិតថា នេះ​ជា សំណង់​អ្វី​ទៅ​ដែល​ចង់​ឲ្យ​វា​គង់វង្ស​នៅ​ជា​រៀងរហូត​ជាមួយនឹង​ធម្មជាតិ ។ មុន​ក្រោយ​វា​គង់​នឹង​ធ្លាក់ចុះ ខូច ខាត ដោយសា​ផលប៉ះពាល់​ពី​ធម្មជាតិ​ជាមិនខាន ដូចជា ក្ដៅ ភ្លៀង ខ្យល់ និង​ព្យុះ ហើយ​វា​នឹង​ដួលរលំ បែក បាក់​ជា​រឿង​ធម្មតា​ទេ ។ តើ​អ្នកឯង​ចង់​ឲ្យ​យើង​កម្ទេច​ទាំងអស់​មែន​ទេ​? ។​

​គណនេយ្យ Facebook ឈ្មោះ យឿ​ង វៅ ហាវ ដដែល​បាន​ស្ដីបន្ទោស​ដល់​អ្នក​ដែល​បានចេញ​ផ្សាយ ករណីនេះ​ថា ៖

“​ចំពោះ​អ្នកផ្ដើមគំនិត ។ អ្នកឯង​ផ្សាយ​អត្ថបទ​នេះ ក្នុង​គោលបំណង​អ្វី​? ចង់​បំបះបំបោរ​ឬ​? មាន​គេ​ចេញ​មតិ​ជាច្រើន តែ​អ្នកឯង​នៅតែ​ស្ងៀម​មាត់​ឲ្យ​ឈឹង​យ៉ាងនេះ ។ អ្នកឯង​ស្មានថា​អ្នកឯង​ជា នរណា​?”

ចំណែក​គណនេយ្យ Facebook ឈ្មោះ សិ​ល វិច ស្ទើរ សម្រេច (Sylvester Somrach) បានចេញ​មតិ​ភ្ជាប់ មួយ​នឹង​ចម្ងល់​ថា​៖

“​តើ​អ្នកណា​នៅ​ខាងក្រោយ​នៃ​ការបំផ្លាញ​កម្ទេច រចនា​ប​ទ្ម​វប្បធម៌​ខ្មែរ​កសាងឡើង ដោយ ដៃ​ខ្មែរក្រោម​ផ្ទាល់​? យួន​មិន​ចោល​ទេ កលល្បិច​បំបាត់​ពូជសាសន៍​ខ្មែរ​ឲ្យ​ផុតពី​ផែនដី​កម្ពុជា​ក្រោម​នេះ​” ។​

​មកដល់ពេលនេះ អាជ្ញាធរ​វៀតណាម និង​មន្ត្រី​សង្ឃ​ខេត្ត​ព្រះ​ត្រពាំង នៅ​មិនទាន់មាន​ប្រតិកម្ម​អ្វី​នឹង​មតិ​របស់ ក្រុមយុវជន​ខ្មែរក្រោម ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Facebook ទេ ។​

​សូមបញ្ជាក់ ស្រះ​គូ ឬ គូ​ស្រះស្រី ជា​រមណីយដ្ឋាន​ល្បីឈ្មោះ​មួយ​ស្ថិតនៅ​ក្នុងភូមិ​តា​គូ ឃុំ​សំរោង ស្រុក កំពង់ធំ ខេត្ត​ព្រះ​ត្រពាំង (ấp Tà Cụ, xã Nguyệt Hóa, huyện Châu Thành) ដែនដី​កម្ពុជា​ក្រោម ។ សព្វថ្ងៃ ទីតាំង​របស់​ស្រះ​គូ ត្រូវ​រដ្ឋាភិបាល​វៀតណាម​ប្ដូរ​អាសយដ្ឋាន​ថ្មី​ទៅជា សង្កា​ត់ទី ៣ ខណ្ឌ​ទី ៨ ទីក្រុង ព្រះ​ត្រពាំង (khóm 3, phường 8 thành phố Trà Vinh ) ។ ស្រះ​គូ នៅជាប់​នឹង​វត្ត​អង្គរ​រាជបុរី (​អង្គ​) និង​សារមន្ទីរ​ខ្មែរ​ខេត្ត​ព្រះ​ត្រពាំង ចម្ងាយ​ពី​មជ្ឈមណ្ឌល​ទីក្រុង​ព្រះ​ត្រពាំង ប្រមាណ ៧ គីឡូម៉ែត្រ តាម បណ្ដោយ​ជាតិ លេខ ៥៣ ។ ស្រះ​គូ មាន​ទំហំ​ទទឹង ៣០០ ម៉ែត្រ និង បណ្ដោយ ៥០០ ម៉េ​ត្រ ក្នុង​បរិវេណ ផ្ទៃដី ១០០.០០០ ម៉ែត្រការ៉េ ក្នុងនោះ​ផ្ទៃដី​ស្រះ​ប្រមាណ ៤៣.០០០ ម៉ែត្រការ៉េ ។ នៅ​ជុំវិញ​បរិវេណ​ស្រះ មាន​ដើម​ឈើទាល និង​គគីរ​ដែលមាន​អាយុកាល​រាប់​ឆ្នាំ ដោយមាន​ឫស​គង​នៅ​លើដី​កម្ពស់​ជិត ២ ម៉េ​ត្រ បង្កើត​ទៅជា​ទេសភាព​ធម្មជាតិ​មួយ​យ៉ាង​ស្រស់ត្រកាល ។​

​វត្ត​អង្គរ​រាជបុរី (​អង្គ​) ដែល​នៅ​ជិត​ស្រះ​គូ​នោះ បានកកើតឡើង​នៅ​ចុង​សតវត្ស​ទី ១០ ក្នុង​គ្រឹសសករាជ ៩៩០ ។ បើ​គិត​មកដល់​ឆ្នាំ ២០១៦ នេះ វត្ត​អង្គរ​រាជបុរី (​អង្គ​) មាន​អាយុកាល ១.០២៦ ឆ្នាំ ។​

​ឆ្នាំ ១៩៩៦ បរិវេណ​វត្ត​អង្គ និង​ស្រះ​គូ ត្រូវបាន​មន្ទីរ​វប្បធម៌ និង​ព័ត៌មាន​នៃ​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណា​ម​ទទួលស្គាល់ថា​ជា “​កេរដំណែល​វប្បធម៌​ប្រវត្តិសាស្ត្រ​ថ្នាក់ជាតិ​” របស់​ប្រទេស​វៀតណាម ។​

​ស្រះ​គូ ជាទី​កំសាន្ត និង​កន្លែង​សម្រាប់​ចាត់តាំង​បុណ្យជាតិ​សំខាន់ៗ​របស់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង ដូចជា ពិធីបុណ្យ​អកអំបុក និង ពិធីបុណ្យ​ចូលឆ្នាំ ជាដើម ៕​

Comments are closed.