សកម្មជនស្រះគូត្រឡប់ទៅស្រុកវិញ បន្ទាប់ពីខ្វះលទ្ធភាពព្យាបាលជំងឺជើងនៅថៃ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
(បាងកក- ប្រទេសថៃ) – នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៦ នេះ សកម្មជនតវ៉ាករណីស្រះគូត្រូវគោក នាង សឺន ស្រី ណែត បានត្រឡប់ពីទីក្រុងបាងកក ប្រទេសថៃ ទៅស្រុកកំណើត ដែនដីកម្ពុជាក្រោម វិញ ហើយ ។ ការវិលត្រឡប់នេះ បន្ទាប់ពីនាងបានធ្វើដំណើរមកពិនិត្យជំងឺជើងរបស់ខ្លួនអស់រយៈពេល ១០ ថ្ងៃ ហើយមិន មានលទ្ធភាពសម្រាប់ព្យាបាល ដោយសារតម្លៃហួសពីលទ្ធភាព ។

យោងតាមសេចក្ដីជូនដំណឹងមួយរបស់ នាង សឺន ស្រីណែត ដែលបានសរសេរនៅលើគណនី Facebook របស់ខ្លួននៅ ថ្ងៃទី ៧ ខែមេសា នេះថា នាងសូមថ្លែងអំណរគុណដល់សប្បុរសជន ទាំងអស់ដែលបានឧបត្ថម្ភ នាងក្នុងការមកពិនិត្យ ជំងឺនេះតាំងពីដើមរៀងមក និងបានបញ្ជាក់អំពីមូលហេតុដែលធ្វើឲ្យនាងមិនអាច ព្យាបាលជំងឺជើងរបស់ខ្លួននៅប្រទេស ថៃ យ៉ាងនេះថា៖
“នាងខ្ញុំ សឺន ស្រី ណេត សូមលំឱនកាយថ្វាយបង្គំព្រះសង្ឃ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសដែល បានជួយឧបត្ថម្ភប្រាក់ដល់នាងខ្ញុំ ដើម្បីជួយសង្គ្រោះនាងខ្ញុំ ឲ្យបានមកព្យាបាល ជំងឺជើងដ៏ទម្ងន់ នៅប្រទេស ថៃនោះ សូមទានជ្រាប, សូមជ្រាបថាឥឡូវនេះ នៅថ្ងៃព្រហស្បតិ៍ ទី ៧ ខែមេសា ឆ្នាំ ២០១៦ នាងខ្ញុំ សឺន ស្រី ណេត និង បងស្រី ថាច់ សុខន ត្រូវត្រឡប់ពីប្រទេស ថៃទៅមាតុភូមិ កម្ពុជាក្រោម តាមពេលកំណត់វិញ ហើយ ។ ចំពោះការព្យាបាលវិញនៅមិនទាន់បានព្យាបាលឡើយ ព្រោះកត្តា ៣ យ៉ាង គឺ ទី ១ មន្ទីរពេទ្យ បាងកក (Bang Kok) ជាមន្ទីរពេទ្យឯកជន ទំនើប, ក្រោយពីពិនិត្យជំងឺរួច ហើយ គេធានាថា ព្យាបាលឲ្យជា ក៏ ប៉ុន្តែតម្រូវឲ្យសាមីខ្លួននាងខ្ញុំ បម្រុងទឹកប្រាក់ព្យាបាលត្រឹម ៣០.០០០ ដុល្លារ (បីម៉ឺនដុល្លារ) ជាចំនួនច្រើន ហួសលទ្ធភាពក៏ខាន ព្យាបាល ។ ទី ២ ដោយសារពេទ្យខាង លើថ្លៃពេកក៏ទៅ រកពេទ្យ សិនឡើយ (Sin louy) ជាមន្ទីរពេទ្យឯកជនមួយទៀតដែរ តែក្រោយពីពិនិត្យជំងឺ គេថាធ្ងន់ពេក គេមិនអាចព្យាបាលបាន ។ ទី ៣ ទៅមន្ទីរពេទ្យចុឡា (Chola) ជាមន្ទីរពេទ្យពហុវិជ្ជា របស់រដ្ឋាភិបាល ទៅពិនិត្យលើកទី ១ ក្រោយពី លោកវេជ្ជបណ្ឌិតប្រចាំការ នៅទីនោះពិនិត្យមើលរួច ក៏ណាត់ថ្ងៃ ទី ៤ ខែមេសា គឺ ៥ ថ្ងៃក្រោយ ឲ្យមកជួប លោកគ្រូពេទ្យធំរបស់គេ ក៏ទ្រាំចាំតទៅទៀត លុះដល់ថ្ងៃនោះ ទៅតាមការណាត់ ក្រោយពីលោកគ្រូពេទ្យធំ ពិនិត្យរួចក៏ណាត់ទៅថ្ងៃទី ២៦ ខែមេសា ក្រោយបុណ្យចូល ឆ្នាំវិញ ព្រោះបុណ្យចូលឆ្នាំ វេជ្ជបណ្ឌិតត្រូវបាន ឈប់សម្រាក ។ ឥឡូវមានតែសម្រេចចិត្ តវិលទៅស្រុក បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរទាំងឈឺដដែលទម្រាំដល់ ថ្ងៃទី ២៦ ខែមេសា សឹមវិលមកបាង កក ម្តងទៀត ។ នៅទីបំផុតនេះនាង ខ្ញុំសូមក្រាបថ្វាយបង្គំថ្លែងអំណរ ព្រះគុណនិងអរគុណជា អតិបរមាចំ ពោះព្រះសង្ ឃនិងសប្បុរសជនដែលបានឧបត្ថម្ភជាថវិកាសម្រាប់ព្យាបាល ដល់នាងខ្ញុំ និងជាពិសេស បងស្រី បង ប្រុសទាំងអស់ដែលបានជួយជ្រោមជ្រែrង នាងខ្ញុំអស់ពីចិត្តពីថ្លើម ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាងខ្ញុំព្រះករុណា សូមប្រគេន និងជូននូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងមង្គលជោគលាភដ៏ប្រសើរគ្រប់ប្រការ ចូរកើតមាន ចំពោះព្រះ សង្ឃ និង សប្បុរស ជនទាំងក្នុងនិងក្រៅប្រទេសគ្រប់ៗ ពេលកុំបីឃ្លៀងឃ្លាតឡើយ ។ សូមទទួលការគោរព ពីនាងខ្ញុំ ព្រះ ករុណា” ។
សូមបញ្ជាក់ថា នាង សឺន ស្រីណែត អាយុ ១៩ ឆ្នាំ ជាអ្នកដែលត្រូវបានគេស្គាល់ទូទៅតាមរយៈសកម្មភាព របស់នាងនៅលើបណ្ដាញសង្គម Facebook នាពេលកន្លងមក ។ នៅលើគណនី Facebook របស់នាង គេសង្កេតនាងតែងតែ ចែករំលែក និងបង្ហោះនូវដំណឹងផ្សេងៗទាក់ទងនឹងរឿងសង្គម និងការរំលោភសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោម ជាដើម ។ ក្រៅពីនេះ នាងហ៊ានគូរទង់ជាតិ កម្ពុជាក្រោម ដែលមានបីពណ៌គឺ ខៀវ លឿង និងក្រហម នៅលើផ្ទាល់របស់ ខ្លួនបង្ហោះនៅ Facebook ទៀតផង ។ នាងធ្លាប់បានយកញត្តិទៅជូន ដល់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ខេត្តព្រះ ត្រពាំង នៃរដ្ឋាភិបាល វៀតណាម ដើម្បីទាមទារឲ្យស្ដារស្រះគូ ឡើងវិញ និងជំទាស់មិនឲ្យអាជ្ញា ធរធ្វើច្រាំង ថ្មជុំវិញ ស្រះគូ បន្ទាប់ពីនាងបានចូលរួមចុះស៊ីញ៉េលើញត្តិនេះជា មួយព្រះសង្ឃប្រមាណ ១០០ អង្គ និងរូបនៅ ស្រះគូ កាលពីថ្ងៃ ទី ១៤ ខែមីនា កន្លងទៅនេះ ។
បន្ទាប់ពីបានចេញពីការពិនិត្យជំងឺជើងនៅមន្ទីរពេទ្យមួយ នាទីក្រុងបាងកក ប្រទេសថៃ កាលពី ថ្ងៃទី ៣០ ខែ មីនា កន្លងទៅនេះ នាង សឺន ស្រីណែត បានផ្ដល់បទសម្ភាសដល់ទូរទស្សន៍ ព្រៃនគរ Online (PTV) អំពី មូលហេតុដែល នាំឲ្យ នាងសម្រេចចិត្តមកពិនិត្យជំងឺដល់ប្រទេសថៃនោះថា ដោយសារនាងមិនមានទំនុកចិត្ត លើការព្យាបាលនៅ មន្ទីរពេទ្យយួន ព្រោះគ្រូពេទ្យយួនធ្លាប់បានបញ្ជាក់ថា គេមិនធានាថា គេនឹងព្យាបាលជំងឺ របស់នាងបានជា សះស្បើយ វិញឡើយ ។
នាង សឺន ស្រី ណែត បានថ្លែងយ៉ាងនេះថា៖
“គេថា នាងខ្ញុំអាចព្យាបាលនៅមន្ទីរពេទ្យនោះ តែគេមិនអាច ធានាថា នាងខ្ញុំនឹងអាចជាសះ ស្បើយមក ធម្មតា បាន” ។
ទាក់ទិននឹងការតវ៉ារបស់នាងអំពីករណីស្រះគូត្រូវគោកវិញ នាង សឺន ស្រីណែត បានបញ្ជាក់ថា អាជ្ញាធរវៀត ណាម បាន មកសួរចម្លើយម្ដាយឪពុករបស់នាងជាច្រើនដង ដែលនាងចាត់ទុកថា ជាការបំភ័យដល់ នាង និង គ្រួសារ របស់ នាង មិនឲ្យនាងធ្វើសកម្មភាពតវ៉ាដល់បញ្ហាស្រះគូដែលត្រូវគោកតទៅទៀត ។
នាង សឺន ស្រី ណែត បានថ្លែងយ៉ាងនេះថា៖
“ក្រោយថ្ងៃទី ១៤ [ខែមីនា] នាងខ្ញុំបានទៅដាក់ញត្តិនៅមន្ទីរ វប្បធម៌ កីឡា និងទេសចរណ៍ ។ ក្រោយពេល ហ្នឹង នាងខ្ញុំបានឮដំណឹងឯផ្ទះខល់ [Call] ឡើងមកនាងខ្ញុំថា មានអាជ្ញាធរវៀតណាម ទៅសួរនាងខ្ញុំ ហើយទៅបំភ័យគ្រួសារនាងខ្ញុំ ឲ្យយាយតាមម៉ែឪនាងខ្ញុំភ័យ” ។
សូមបញ្ជាក់ដែរថា នេះជាករណីកម្រមួយដែលយុវជន និងព្រះសង្ឃខ្មែរក្រោមនៅខេត្តព្រះត្រពាំង ហ៊ានចេញ មុខចំៗ រួមគ្នាចុះស៊ីញ៉េលើញត្តិរួមមួយ ដើម្បីសម្ដែងអំពីកង្វល់របស់ខ្លួនទាក់ ទងនឹងបញ្ហាស្រះ គូ ដែលត្រូវគោក នាពេលថ្មីៗ នេះ ខណៈដែលគណៈមន្ត្រីសង្ឃ និងពលរដ្ឋខ្មែរក្រោមទូទៅមិនហ៊ានចេញមុខទាមទារទេ ដោយ សារពួកគេយល់ថា នេះជាបញ្ហា រសើប និងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងសុវត្ថិភាពផ្ទាល់ខ្លួន ប្រសិនបើពួកគេហ៊ានលើកឡើង យក បញ្ហារបស់ខ្មែរក្រោមទៅជម្រាបដល់រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ។

សូមបញ្ជាក់ ស្រះគូ ឬ គូស្រះស្រី ជារមណីយដ្ឋានល្បីឈ្មោះមួយស្ថិតនៅក្នុងភូមិតាគូ ឃុំសំរោង ស្រុក កំពង់ធំ ខេត្តព្រះត្រពាំង (ấp Tà Cụ, xã Nguyệt Hóa, huyện Châu Thành) ដែនដីកម្ពុជាក្រោម ។ សព្វថ្ងៃ ទីតាំងរបស់ស្រះគូ ត្រូវរដ្ឋាភិបាលវៀតណាមប្ដូរអាសយដ្ឋានថ្មីទៅជា សង្កាត់ទី ៣ ខណ្ឌទី ៨ ទីក្រុង ព្រះត្រពាំង (khóm 3, phường 8 thành phố Trà Vinh ) ។ ស្រះគូ នៅជាប់នឹងវត្តអង្គររាជបុរី (អង្គ) និងសារមន្ទីរខ្មែរខេត្តព្រះត្រពាំង ចម្ងាយពីមជ្ឈមណ្ឌល ទីក្រុងព្រះត្រពាំង ប្រមាណ ៧ គីឡូម៉ែត្រ តាមបណ្ដោយជាតិ លេខ ៥៣ ។ ស្រះគូ មានទំហំទទឹង ៣០០ ម៉ែត្រ និង បណ្ដោយ ៥០០ ម៉េត្រ ក្នុងបរិវេណ ផ្ទៃដី ១០០.០០០ ម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីស្រះប្រមាណ ៤៣.០០០ ម៉ែត្រការ៉េ ។ នៅជុំវិញបរិវេណស្រះ មានដើមឈើទាល និងគគីរដែលមានអាយុកាលរាប់ឆ្នាំ ដោយមានឫសគងនៅលើដីកម្ពស់ជិត ២ ម៉េត្រ បង្កើតទៅជាទេសភាពធម្មជាតិមួយយ៉ាងស្រស់ត្រកាល ។
វត្តអង្គររាជបុរី (អង្គ) ដែលនៅជិតស្រះគូនោះ បានកកើតឡើងនៅចុងសតវត្សទី ១០ ក្នុងគ្រឹសសករាជ ៩៩០ ។ បើគិត មក ដល់ឆ្នាំ ២០១៦ នេះ វត្តអង្គររាជបុរី (អង្គ) មានអាយុកាល ១.០២៦ ឆ្នាំ ។
ឆ្នាំ ១៩៩៦ បរិវេណវត្តអង្គ និងស្រះគូ ត្រូវបានមន្ទីរវប្បធម៌ និងព័ត៌មាននៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមទទួល ស្គាល់ថាជា “កេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រថ្នាក់ជាតិ” របស់ប្រទេសវៀតណាម ។
ស្រះគូ ជាទីកំសាន្ត និងកន្លែងសម្រាប់ចាត់តាំងបុណ្យជាតិសំខាន់ៗរបស់ពលរដ្ឋខ្មែរក្រោមនៅ ខេត្តព្រះត្រ ពាំង ដូចជា ពិធីបុណ្យអកអំបុក និង ពិធីបុណ្យចូលឆ្នាំ ជាដើម ៕
Comments are closed.