សេចក្ដីថ្លែងការណ៍​ ៦៩ ឆ្នាំ ក្រោម​នឹម​អាណានិគម​យួន

0 2,479

សេចក្ដីថ្លែងការណ៍​

៦៩ ឆ្នាំ ក្រោម​នឹម​អាណានិគម​យួន

​ក្ដីសង្ឃឹម​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​

​សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ​គ្រប់​អង្គ​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់ !

​សូម​គោរព​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​សមាជិក សមាជិកា ព្រមទាំង​ថ្នាក់ដឹកនាំ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ជុំវិញ​ពិភពលោក ជា​ស្រឡាញ់​រាប់អាន !

​នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៨ នេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទូទាំង​ពិភព លោក បាន​ប្រារព្ធ​ពិធី​ខួប ៦៩ ឆ្នាំ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម ឬ ដែនដី​កូស័ងស៊ីន ជា​ដី​ខ្មែរ​មួយ​ភាគ​ធំ​នៃ​ប្រទេស​ក​ម្ព​ជា ឲ​ទៅ​វៀតណាម​បន្តធ្វើ​អាណានិគម​លើ​ប្រជាជាតិ​ខ្មែរក្រោម ។​

សេចក្ដីប្រកាស​ច្បាប់ លេខ ៤៩-៧៣៣ របស់​ប្រធានាធិបតី​បារាំង វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) នៅ​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ក្នុងការ​ប្រគល់​ដែនដី​កម្ពុជា​ក្រោម ឲ​ទៅជា​រដ្ឋ​ចំណុះ​វៀតណាម ជា​សន្ធិសញ្ញា​ខុសច្បាប់​មួយ​ញែក​ដែនដី​កម្ពុជា​ក្រោម​ឲ​ចេញពី​ខណ្ឌសីមា​នៃ​ប្រទេស​កម្ពុជា និង​បាន​កាត់​វាសនា​ប្រជាជាតិ​ខ្មែរក្រោម​រាប់លាន​នាក់​ឲ​ឃ្លាត​ចេញពី​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​កម្ពុជា ហើយ​បាន​ក្លាយទៅជា​ជនជាតិភាគតិច​លើដី​កំណើត​របស់ខ្លួន​នៅក្រោម​នឹម​អាណានិគម​ថ្មី​របស់​វៀតណាម ។​

៦៩ ឆ្នាំ​នៅក្រោម​នឹម​អាណានិគម​របស់​វៀតណាម ប្រជាជាតិ​ខ្មែរក្រោម​បានក្លាយ​ទៅ ជា​កូនកំព្រា​គ្មាន​មេបា​ថែរក្សា​រង​ទុក្ខ​ឈឺចាប់​ខ្លោចផ្សា​ឥតមាន​ពេល​ស្រាកស្រាន្ត ។ ព្រះសង្ឃ​និង បញ្ញវន្ត​ខ្មែរក្រោម​ត្រូវ​ចាប់​ដាក់ពន្ធនាគារ និង​ធ្វើ​ទារុណកម្ម ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​ត្រូវ​កែ បំភ្លៃ ដើម្បី​លាង​ខួរក្បាល​យុវជន​ខ្មែរក្រោម​ឲ​ភ្លេច​កំណើត​ជា​ខ្មែរ គ្មាន​សិទ្ធិ​នៃ​ការបញ្ចេញមតិ និង​បង្កើត​អង្គការ​សមាគម និង​ជីវភាព​កាន់ តែ​ក្រីក្រ​ជាដើម ។​

ទោះបី ត្រូវ​ក្លាយជា​ជនជាតិភាគតិច ហើយ​ត្រូវ​រដ្ឋាភិបាល​អាណានិគម​យួន​ធ្វើទុក្ខ​បុក ម្នេញ​យ៉ាងណាក៏ដោយ ក៏​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម នៅតែ​ខិតខំ​តស៊ូ​យ៉ាង​ស្វិតស្វាញ ដើម្បី ការពារ​ជាតិខ្មែរ និង ពុទ្ធសាសនា ឲ​បាន​គង់វង្ស​រហូតមក​ដល់​សព្វថ្ងៃ ។​

​ថ្វីបើ ដែនដី​កម្ពុជា​ក្រោម ត្រូវ​នៅក្រោម​នឹម​ត្រួតត្រា​របស់​អាណានិគម​យួន​អស់ ៦៩ ឆ្នាំ ហើយ ក៏ដោយ តែ​យើង​នៅតែមាន​ក្ដីសង្ឃឹម​ជានិច្ច ដោយសារ​នៅក្នុង​សតវត្សរ៍​ទី ២១ នេះ ជា​សករាជ នៃ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” របស់​ជនជាតិដើម​ទូទាំង​ពិភពលោក ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​បន្តធ្វើ​ការតស៊ូ​ដោយ​សន្តិវិធី និង អហិង្សា​នៅលើ​ឆាក​អន្តរជាតិ​ដើម្បី​ជំរុញ​ប្រជាជាតិ​ខ្មែរក្រោម​នៅក្នុង​ស្រុក​បាន​ស្គាល់ និង​ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន​ហើយ ឈានទៅរក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ក្នុងនាម​ជា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម ។​

សូម​ឲ​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​នេះ ក្លាយ​ទៅ​មេរៀន​សម្រាប់​ថ្នាក់ដឹកនាំ និង​ប្រជាជាតិ ខ្មែរ​គ្រប់​ជំនាន់​នៅក្នុង​ប្រទេស​កម្ពុជា​ឲ​ចេះ​ការពារជាតិ និង ទឹកដី​របស់ខ្លួន​កុំ​ឲ​បាត់បង់​ទៅ បរទេស​តទៅទៀត ។ ទិវា​ដ៏​ឈឺចាប់​នេះ នឹង​ក្លាយ​ទៅ​កម្លាំងចិត្ត​ស្នេហា​ជាតិ​ដ៏​មុះ​មុត​ឋិត​នៅក្នុង សតិអារម្មណ៍​របស់​ថ្នាក់ដឹកនាំ និង សមាជិក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ជុំវិញ​ពិភពលោក ឲ​បន្ត​ការតស៊ូ​ដោយ​អហិង្សា​ត​ទៅមុខទៀត ដើម្បី​នាំមក​នូវ សិទ្ធិសេរីភាព យុត្តិធម៌ និង សិទ្ធិ សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ប្រជា​ជាតិខ្មែរ​នៅ​ដែន ដី​កម្ពុជា​ក្រោម សព្វថ្ងៃ ។​

​សូម​ជនរួមជាតិ ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទទួល នូវ​សេចក្ដី​គោរព​រាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំព្រះករុណា ខ្ញុំបាទ ។​

សហរដ្ឋអាមេរិក ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៨

ប្រាក់ សេរី​វុ​ឌ្ឍ​

ប្រធាន​ប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

Leave A Reply

Your email address will not be published.