ជីវិត​តស៊ូ​របស់​គ្រូ​បង្រៀន​ តាម​វត្ត​អារាម នៅកម្ពុជាក្រោម

0 296

លោក លី ឈូន

ព្រះសង្ឃ​ទូង​ស្គរ​នមស្សការ​ ម៉ោង ​៤ ​ព្រឹក​ គ្រូ​មមាញឹក​ចុះ​ភ្ជួរ​រាស់​ស្រែ​ លុះ​ដល់​ព្រឹក​ព្រាង​ចាំង​រស្មី​ ព្រះ​សង្ឃ​មូល​មីរ​ឆាន់​យាគូ​ គ្រូ​ខ្មែរ​ប្រញាប់​មិន​បង្អង់​យូរ​ ឱប​ប៊ិច​សៀវភៅ​ទៅ​កាន់​សាលា​ កាយា​ដិត​ដាម​ជាប់​ស្នាម​ដី​ស្រែ​ អាវ​ក៏​គ្មាន​ផ្នត់​ ខោ​ក៏​គ្មាន​ភ្លី សក់​អង្គារ​ដី​ ធូលី​សំពោង​ ។ គ្រូ​គេ​មាន​ក្បួន​ មាន​ខ្នាត​គរុកោសល្យ​ គ្រូ​ខ្មែរ​សោត​សល់​ ចំណេះ​កិច្ចកល​ចេះ​ពី​ដូនតា​ លះ​បង់​កាយ​ចិត្ត​ ជីវិត​បញ្ញា​ បង្រៀន​ខេមរា​ ថែ​កេរ​ដូនតា​លុះ​ត្រា​សព្វ​ថ្ងៃ​ ។

ថ្នាក់រៀនពុទ្ធកសិក្សា ក្នុងវត្តមួយ នៅដេនដីកម្ពុជាក្រោម ។ រូបៈ ភ្តល់ឲ្យ

អង្គុយ​នៅ​លើ​កៅអី​ឫស្សី​ក្រោម​ដំបូល​ផ្ទះ​ប្រក់​ស័ង្កសី​ នៅ​ខាង​ត្បូង​កោះ​ស្វាយ​ វត្ត​កោះ​ស្វាយ​ស្ថិត​នៅ​ក្នុង​ស្រុក​ផ្នោដាច់​ ខេត្ត​​ព្រះ​ត្រពាំង ​ដែល​វៀតណាម ​ដាក់​ឈ្មោះ​ថ្មី​ថា​ ខេត្ត ​ត្រា វិញ​ (Tra Vinh) បុរស​វ័យ​ ប្រមាណ ៦២ ឆ្នាំ​ កំពុង​តែ​ផ្ទៀង​ស្ដាប់​ព្រះសង្ឃ​ប្រែ​លោត​ប្រយោគ​នូវ​គម្ពីរ​ធម្ម​បទដ្ឋ​កថា​​​​ ឮ​ចេញ​ពី​វត្ត​ល្វើយ​ ៗ ។

បុរស​ដែល​មាន​មាឌ​ក្រអាញ​សម្បុរ​ខ្មៅ​សក់​រួញ​អង្គា​ដី​ល្បាយ​អាចម៍​ខ្លា​នេះ​ គឺ​លោក ​សឺន ​កើង លោក ​សឺ​ កើង ​ជា​អតីត​និស្សិត​ពុទ្ធិក​វិទ្យាល័យ​​ សឺន វ៉ង់ និង​ជា​អតីត​គ្រូ​បង្រៀន​ នៅ​វត្ត​កោះ​ស្វាយ ​។ ក្នុង​សម្ដី​មួយ​ៗ លោក​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ និង​សារព័ត៌មាន​ព្រៃ​នគរ​ ថា​ ពេល​រៀន​ចប់​ពុទ្ធិក​វិទ្យាល័យ​ លោក​បាន​ត្រឡប់​ទៅ​វត្ត​ជួយ​បង្រៀន​ព្រះសង្ឃ​បាន​មួយ​ឆ្នាំ​ បន្ទាប់​មក​នៅ​ឆ្នាំ​ ១៩៨៦​ ព្រឹត្តិការណ៍ចាប់​ផ្សឹក​ព្រះពុទ្ធ​ឃោសា​ចារ្យ​គឹម តុក​ចើង​ ដែល​ជា​ព្រះ​មេគណ​ ខេត្ត​ព្រះ​ត្រពាំង​ ក៏​បាន​កើត​ឡើង​ ព្រះ​សង្ឃ​គណៈកម្មការ​អាចារ្យ រួម​ទាំង​លោកផង តាម​វត្ត​ខ្មែរ​នីមួយ​​ ៗ​ នៅ​ខេត្ត​ព្រះ​ត្រពាំង​រត់​រប៉ាត់​ រប៉ាយ ចេញ​ពី​ភូមិស្រុក​ វត្ត​អារាម​អស់​រលីង ​។

ក្រោយ​មក​បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម​ សុំទោស​កែ​កំហុស ​ថា ​គេ​បាន​ចាប់សម្លាប់​​ច្រឡំ​ ចំពោះ​ព្រះ​តេជ​ព្រះ​គុណ ​គឹម ​តុក​ចើង ទើប​វត្ត​របស់​លោក ​ក៏​ដូច​ជា​វត្ត​ខ្មែរ​មួយ​ចំនួន​ទៀត​ នៅ​ខេត្ត​ព្រះ​ត្រពាំង​បាន​រួម​គ្នា​បើក​សាលា​បង្រៀន​ដល់​ព្រះសង្ឃ​ឡើង​វិញ​៖ «តា​ ៗ គណៈ​កម្មការ​អាចារ្យ​ អី​នឹង​រត់​ចោល​វត្ត​អស់​រលីង​ហ្នឹង ហើយ លុះ​ដល់​ឆ្នាំ​គេ​កែ​ប្រែ​សុំ​ទោស​កំហុស​ ហ្នឹង​តា ៗ គណៈកម្មការ អាចារ្យ​ហ្នឹង​វិល​មក​វិញ ។ ​ពេល​វិល​មក​វិញ​ហ្នឹង​ឃើញ​វត្ត​ស្ងាត់​ពេក​តែ​មាន​លោក ​មាន​អី​គង់​នៅ​អីចឹង​ បាន​ជា​ប្រមូល​​​​​​​​​អាចារ្យ អាចារ្យ​ ដែល​នៅ​សេស​សល់​ដូច​ជា​ខ្ញុំ​ជា​ដើម​ហ្នឹង​ចាប់​ផ្ដើម​បើក​សាលារៀន​វិញ​ទាំង​ភ័យ​ខ្លាច​ផង​កាល​ឆ្នាំ​ ១៩៨៨ ១៩៨៩ ហ្នឹង»

លោក ​សឺ​ កើង ​ជា​អតីត​និស្សិត​ពុទ្ធិក​វិទ្យាល័យ​​ សឺន វ៉ង់ និង​ជា​អតីត​គ្រូ​បង្រៀន​ នៅ​វត្ត​កោះ​ស្វាយ ។ រូបៈ ផ្តល់ឲ្យ
លោក ​សឺ​ កើង ​ជា​អតីត​និស្សិត​ពុទ្ធិក​វិទ្យាល័យ​​ សឺន វ៉ង់ និង​ជា​អតីត​គ្រូ​បង្រៀន​ នៅ​វត្ត​កោះ​ស្វាយ ។ រូបៈ ផ្តល់ឲ្យ

លោក​ សឺន កើង ​បន្ត​បន្ថែម​ទៀត​ថា​ ទោះ​ជា​ស្ថិត​ក្នុង​ការ​ភ័យ​ខ្លាច​យ៉ាង​ណា​ក៏​ដោយ ​ក៏​លោក​នៅ​តែ​ខិត​ខំប្រឹង​ប្រែង​ជួយ​បង្រៀន​ដល់​ព្រះ​សង្ឃ​អស់​រយៈ​ពេល​ ១២ ឆ្នាំ​ លោក​ឈប់​បង្រៀន ​នៅ​ឆ្នាំ ២០០២​ ព្រោះ​តែ​ជីវភាព​គ្រួសារ​ និង​ម្យ៉ាង​ទៀត​គ្រូ​បង្រៀន​ក៏​មាន​ច្រើន​៖ «បង្រៀន​បណ្ដើរ​ធ្វើ​ស្រែ​របស់​ខ្លួន​បណ្ដើរ​ តែ​ស្រែ​មាន​បន្តិច​បន្តួច​ ដូច្នេះ​ជួន​កាល​ក៏​ទៅ​ស៊ី​ឈ្នួល​គេ​ មាន​ស៊ីឈ្នួល​លី​បាវ​ស្រូវ​ច្រូត​ស្រូវ​ជា​ដើម​ ពិសេស​គឺ​គេ​ជួល​ធ្វើ​អី​ យើង​ធ្វើ​ហ្នឹង ​។ ហើយ​ការ​បង្រៀន​នេះ​មិន​មាន​ការ​ឧបត្ថម្ភ​ស្បៀង ឬ ថវិកា​ពី​ណា​ទេ​ គឺ​យើង​ចេញ​លុយ​ថង់​ដោយ​ខ្លួន​ឯង ដោយ​សារ​គំនិត​ស្នេហា​ជាតិ​ចេះ​តែ​ឆ្លៀត​ពេល​ជួយ​បង្រៀន​ទៅ​ ។ តែ​ជួន​អី​ពេល​បង្រៀន​ចប់​ឆ្នាំ​ម្ដង ៗ ព្រះសង្ឃ​ដែល​ជា​សិស្ស​គណ​ លោក​នឹក​ឃើញ​គុណ​បំណាច​លោក​ក៏​ទិញ​តែ​ស្ករ​ជា​ដើម​ហ្នឹង​ឧបត្ថម្ភ​តប​ស្នង​សង​គុណ​ គ្រាន់​តែ​ប៉ុណ្ណឹង​ ហើយ​ឆ្នាំ​ក្រោយ​ក៏​បន្ត​​ទៀត​ទៅ»

ស្រដៀង​គ្នា​នេះ​ដែរ​ លោក​គ្រូ​វ័យ ៦០ ឆ្នាំ​ម្នាក់​ទៀត​ឈ្មោះ​ លី តឿង​ ផ្ទះ​របស់​លោក​ស្ថិត​នៅ​ចំណុះ​ជើង​វត្ត​អណ្ដូង​ចេក​ ក្នុង​ស្រុក​ពុត​ធ្លេ​ខេត្ត​ពល​លាវ​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា ខេត្ត​បាក​លីវ ​(Bac Lieu) សព្វថ្ងៃ ។ លោក​ប្រាប់​ថា ​ពី​មុន​ដោយ​សារ​ជីវ​ភាព​ខ្វះ​ខាត​កូន​ចៅ​នៅ​តូច​ៗ លោក​មិន​បាន​ជួយ​បង្រៀន​ព្រះ​សង្ឃ​ឡើយ លោក​ទើប​តែ​រយៈ​ពេល​ ប្រាំ ប្រាំមួយ ឆ្នាំ​មក​នេះ​ លោក​បាន​ជួយ​បង្រៀន​ព្រះសង្ឃ​នៅ​វត្ត​ពុត​ធ្លេ​ចាស់​ និង​ពល​លាវ​ចាស់​ ។ លោក​បន្ត​ថា ​លោក​មិន​បាន​រៀន​ជ្រៅ​ជ្រះ​អី​ប៉ុន្មាន​ទេ​ លោក​រៀន​ចប់​ធម្មវិន័យ​ថ្នាក់​ឯក​ និង​ចប់​ត្រឹម​ពុទ្ធិក​វិទ្យាល័យ​ សឺង វ៉ង់​ ឆ្នាំ​ទី ​១ តែ​ប៉ុណ្ណោះ ​លោក​ជួយ​បង្រៀន​មួយ​សប្ដាហ៍​​ពីរ​ម៉ោង​៖ «ពីមុន​ខ្ញុំ​មិន​បាន​ជួយ​បង្រៀន​លោក​ទេ​ដោយ​សារ​ជីវ​ភាព​ខ្ញុំ​តឹង​តែង​ដែរ​ តែ​ឥឡូវ​ក៏​បាន​ជួយ​បង្រៀន​ទៅ ទី​មួយ​គឺ​បង្រៀន​យក​បុណ្យ​ ទី​ពីរ​ទៀត​គឺ​ដើម្បី​ពង្រឹង​អក្សរ​សាស្ត្រ​យើង​កុំ​ឲ្យ​បាត់​បង់​ ព្រោះ​នៅ​ខេត្ត​ពល​លាវ​នេះ​ មាន​ ២២ វត្ត​ពិត​មែន​តែ​បើក​សាលា​រៀន​បាន​តែ​បួន ប្រាំ​វត្ត​តែ​ប៉ុណ្ណោះ​ បើ​យើង​មិន​ជួយ​ទេ​កូន​ចៅ​ខ្មែរ​នឹង​មិន​ចេះ​អក្សរ​ខ្មែរ​ឡើយ​»

ការ​លើក​ឡើង​មក​នេះ ​ស្រប​ឱកាស​ដែល​ព្រះ​សង្ឃ​ខ្មែរ​ នៅ​ដែន​ដី​កម្ពុជា​ក្រោម ​បើក​បវេសនកាល​ សម្រាប់​ឆ្នាំ​សិក្សា​ពុទ្ធ​សក​រាជ​ ២៥៦៥ ។ បវេសនកាល នៃ​ពុទ្ធិក​សិក្សា​តែង​តែ​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ ១ រោច​ខែ​ពិសាខ​ជា​កំហិត​ ការ​សិក្សានេះ ​មាន​រយៈ​ពេល​ ៩ ខែ​ នឹង​បញ្ចប់​ត្រឹប​ថ្ងៃ​ពេញ​បូណ៌មី​ខែ​បុស្ស ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្ក​​កម្ពុជា​ លោក តាំង សារៈ និង​ជា​អតីត​គ្រូ​បង្រៀន​នៅ​វត្ត​ទេព្វារាម​ព្រៃជាប់ ស្រុក​ជ្រោយ​ញរ​ ខេត្ត​ឃ្លាំង​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ខេត្ត​សុក​ត្រាំង​ (Soc Trang) កម្ពុជាក្រោម ថា ការ​ដែល​គ្រូ​បង្រៀន​ខ្មែរ​ក្រោម​ តស៊ូ​បង្រៀន​ដល់​កូន​ចៅ​ខ្មែរ​មិន​គិត​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​មិន​មែន​ទើប​តែ​កើត​មាន​នៅ​ពេល​នេះ​ទេ​ គឺ​មាន​មក​យូរ​ណាស់​ហើយ​ ។ លោក​បញ្ជាក់​ទៀត​ថា ​គ្រូ​បង្រៀន​ភាគ​ច្រើន​ជា​ព្រះសង្ឃ​ព្រះ​អង្គ​រស់​អាស្រ័យ​បាយ​បាត្រ​​ ឯ​គ្រូ​បង្រៀន​ដែល​ជា​ឧបាសក​ ឧបាសិកា​ នោះ​គឺ​ពួក​គាត់​លះបង់​ គាត់​មាន​មុខ​របរ​ធ្វើ ស្រែ​ចម្ការ​ ហើយ​គ្រូ​ខ្លះ​ទៀត​ជា​កម្មករ​តែ​ពួក​គាត់​ខំ​ឆ្លៀត​ពេល​មួយ​ព្រឹក ឬ​មួយ​ល្ងាច​ឬ ក៏​មួយ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ជួយ​បង្រៀន​ដល់​ព្រះសង្ឃ​ និង​កូន​ចៅ​ខ្មែរ​តាម​វត្តអារាម ​។

លោក តាំង សារៈ ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន
លោក តាំង សារៈ ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន

លោក ​តាំង សារៈ​ បញ្ជាក់​បន្ថែម​ថា​ តែ​សម្រាប់​ពេល​នេះ​ នៅ​តាម​វត្ត​អារាម​ខ្លះ​មាន​ការ​ឧបត្ថម្ភ​គ្រូ​ដែរ តែ​វត្ត​ខ្លះ​ក៏​នៅ​តែ​មិន​មាន​នៅ​ឡើយ ។ វត្ត​ខ្លះ​ ឧបត្ថម្ភ​ តាម​មាន​តាម​បាន​ វត្ត​ខ្លះ​ក៏ ​ឧបត្ថម្ភ​គិត​ជា​ម៉ោង​សិក្សា​ដោយ​ម៉ោង​ប្រមាណ​ជា ៧ ម៉ឺន​ដុង​ស្មើ​នឹង​ប្រមាណ​ជាង​ ៣​ ដុល្លារ​អាមេរិក​៖ «អាចារ្យ​ពេល​ហ្នឹង​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ព្រះសង្ឃ​ហ្នឹង​ ហើយ​អត់​ដែល​មាន​ថវិកា​ឧបត្ថម្ភ​អី​ទេ​ ។ មិន​ដឹង​ជា​វត្ត​ផ្សេង​ទៀត​យ៉ាង​ម៉េច​ តែ​ចំពោះ​វត្ត​ខ្ញុំ​បច្ច័យ​បាន​មក​ដោយ​ពុទ្ធបរិស័ទ​និមន្ត​ទៅ​សូត្រ​មន្ត​ ឬ ទេសនា​ហ្នឹង​ហើយ ដូច​ខ្ញុំ​អីចឹង​កាល​សិក្ខ​ចេញ​មក​ហើយ​ជួយ​បង្រៀន​ នៅ​ចុង​បញ្ចប់​នឹង​មិន​មាន​ប្រាក់​ឧបត្ថម្ភ​អី​នឹង​ទេ​ គឺ​ជួយ​បង្រៀន​ដោយ​ស្ម័គ្រ​ចិត្ត​»

ការ​សិក្សា​របស់​ព្រះសង្ឃ​ខ្មែរ​ នៅ​ដែន​ដី​កម្ពុជា​ក្រោម ​រហូត​មក​ដល់​ពេល​នេះ ​មិន​ទាន់​មាន​កម្មវិធី​ឯក​ភាព​គ្នា​នៅ​ឡើយ​ ទាំង​កម្រិត​នៃ​ការសិក្ សា​និង​វិញ្ញាសា​​សិក្សា​ ។ វិញ្ញាសា​សិក្សា​ នៅ​ខេត្ត​ព្រះ​ត្រពាំង ​មិន​មាន​មិន​មាន​លាយ​ភាសា​វៀតណាម​ ឬទ្រឹស្ដី​ហូ ​ជីមិញ​ (អតីត មេ​ដឹក​នាំ​កុម្មុយនិស្តុ​វៀតណាម​) នោះ​ទេ ។ ចំណែក​ខេត្ត​ក្រៅ​ពី​នេះ ​ដូច​ជា​ខេត្ត​ឃ្លាំង ខេត្ត​ពល​លាវ​ ខេត្ត​ក្រមួន​ស​មាត់​ជ្រូក​ជាដើម វិញ្ញាសា​​ភាសា​វៀតណាម ​និង​ទ្រឹស្ដី​ ហូជី មិញ គឺ​ជា​វិញ្ញាសា​សំខាន់ ​។

បេក្ខសមណ​សិស្ស​-​សិស្ស ៣២៧ អង្គ និង​នាក់ នៅក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ ឆ្នាំទី​ ១ និង ទី ២ នៅខែមករា ឆ្នាំ ២០២១ កន្លងមក ។ រូបៈ ហ្វេសប៊ុក ព្រះតេជព្រះគុណ Khmer Srey Pheap
បេក្ខសមណ​សិស្ស​-​សិស្ស ៣២៧ អង្គ និង​នាក់ នៅក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ ឆ្នាំទី​ ១ និង ទី ២ នៅខែមករា ឆ្នាំ ២០២១ កន្លងមក ។ រូបៈ ហ្វេសប៊ុក ព្រះតេជព្រះគុណ Khmer Srey Pheap

បច្ចុប្បន្ន​ខេត្ត​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ជាង​គេ ​និង​មាន​បើក​បង្រៀន​ភាសា​ខ្មែរ​តាម​វត្ត​អារាម​ច្រើន​ជាង​គេ​ គឺ​ខេត្ត​ព្រះ​ត្រពាំង​ តែ​សម្រាប់​ឆ្នាំ​សិក្សា ព.ស ២៥៦៥ នេះ​ នៅ​ខេត្ត​ព្រះ​ត្រពាំង​ ដែល​មាន​ ១៤៣ វត្ត​នោះ​មិន​ទាន់​អាច​សរុប​ស្ថិតិ​ចំនួន​សិស្សានុសិស្ស​បាន​នៅ​ឡើយ​ តែ​សម្រាប់​ឆ្នាំ​សិក្សា​ព.ស​ ២៥៦៤ កន្លង​សិស្សានុសិស្ស​ទាំង​ពីរ​កម្រិត​ គឺ​​ពុទ្ធិក​មធ្យម​សិក្សា​បឋមភូមិ​ និង​ពុទ្ធិក​មធ្យម​សិក្សា​ទុតិយ​ភូមិ ​មាន​បន្ទប់​រៀន​សរុប​ ១៣១ បន្ទប់ សិស្សានុសិស្ស​សរុប ២.៧៤១ អង្គ​ និង​រូប​ គ្រូ​បង្រៀន​មាន​ចំនួន ​១.៥៥៥ អង្គ​និង​រូប ​៕

Leave A Reply

Your email address will not be published.