លិខិត​ចូលរួម​រំលែក​មរណទុក្ខរបស់លេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម

142

ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ប៊ុន មុនី (ថាច់ ឡែ​ន) នៅ​រសៀល​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ បាន​ដឹកនាំ​គណៈកម្មការ សមាជិក សមាជិកា អញ្ជើញ​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះតេជព្រះគុណ ថាច់ ខាន់ ព្រះ​គ្រូសូត្រឆ្វេង​នៃ​វត្ត​សាមគ្គី​រង្សី ដែល​បានទទួល​អនិច្ចធម្ម កាលពី​ថ្ងៃទី ១២ ខែមករា ២០១៥ ។​

គណៈកម្មការ សមាជិក សមាជិកានៃ​លេខាធិការដ្ឋាន ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចូលគោរពព្រះសព ភិក្ខុ ថាច់ ខាន់ នៅវត្តសាមគ្គីរង្សី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥  ។ រូបថតៈ ស៊ឺន ចែងចើន|ព្រៃនគរ
គណៈកម្មការ សមាជិក សមាជិកានៃ​លេខាធិការដ្ឋាន ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចូលគោរពព្រះសព ភិក្ខុ ថាច់ ខាន់ នៅវត្តសាមគ្គីរង្សី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន|ព្រៃនគរ

​លោក  ប៊ុន មុនី (ថាច់ ឡែ​ន) បាន​សម្តែង​នូវ​សេចក្តី​រន្ធត់​ក្រៀមក្រំ​យ៉ាងខ្លាំង និង​សោកស្តាយ​ជាទីបំផុត ចំពោះ​មរណភាព​របស់​ព្រះ​ភិក្ខុ ថាច់ ខាន់ ។ នៅក្នុង​ឱកាស​នោះ លេខាធិការដ្ឋាន​ក៏បាន​នាំយក​ថវិកា​មួយចំនួន ដើម្បី​ចូលរួម​ចែករំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព ។

ខាងក្រោមនេះ ជាខ្លឹមសារនៃលិខិត​ចូលរួម​រំលែក​មរណទុក្ខរបស់លេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ​៖

អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​
​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

លេខាធិការដ្ឋាន​
​លេខ ៖…………………/២០១៥

លិខិត​ចូលរួម​រំលែក​មរណទុក្ខ​

សូម​ថ្វាយបង្គំ​ប្រគេន​

​ព្រះ​តេ​ព្រះ​គុណ សៀង សុវណ្ណារ៉ា

ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្សី​ ​និង​ជា​ប្រធានស្ដីទី​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​

​សូម​គោរព​ជូន​

​ក្រុមគ្រួសារ​ព្រះ​សព​

​ព្រះតេជព្រះគុណ ព្រះចៅអធិការ ជាទី​សក្ការៈ​!

​ក្រុមគ្រួសារ​ព្រះ​សព ជាទីគោរព​!

ក្នុងនាម​ខ្ញុំព្រះករុណា ខ្ញុំបាទ​ផ្ទាល់ និង​សហការី នៃ​លេខាធិការដ្ឋាន អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ស្ថាបនិក​ចំនួន ១២ ស្ថាប័ន​ចូលរួម​គឺ​៖

  • ១. សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​
  • ២. សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​
  • ៣. សម្ព័ន្ធ​សមណ​និស្សិត និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​
  • ៤. មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម​
  • ៥. សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​
  • ៦. មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម​
  • ៧. អង្គការ​ស្ដ្រី​ខ្មែរ​កម្ពុជា​ក្រោម​
  • ​៨. សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​អភិវឌ្ឍន៍​
  • ៩. មូលនិធិ​ខ្មែរ​សម្រាប់​អ្នកក្រីក្រ​
  • ១០. បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​
  • ១១. សារព័ត៌មាន​ព្រៃនគរ​
  • ១២. សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា​

​តាងនាម​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទាំងអស់នេះ ខ្ញុំព្រះករុណា ខ្ញុំបាទ និង​សហការី សូម​សម្ដែង​នូវ​សេចក្ដីសោកស្ដាយ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ការបាត់បង់​ព្រះតេជព្រះគុណ ថាច់ ខាន់ ដែលជា​ព្រះ​គ្រូសូត្រឆ្វេង នៃ​វត្ត​សាមគ្គី​រង្សី និង​ជាម​ន្ដ្រី​ការិយាល័យ​សាសនា និង​វប្បធម៌ នៃ​លេខាធិការដ្ឋាន​ផងដែរ​។ ព្រះអង្គ​បានទទួល​អនិច្ចធម្ម​កា​លពី​ព្រឹក ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ ក្នុង​ព្រះ​ជន្មាយុ ៣៤ ព្រះវស្សា ដោយ​អំពើ​ឃាតកម្ម ស្ថិតក្នុង​វត្ត​សាមគ្គី​រង្សី ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

ខ្ញុំព្រះករុណា ខ្ញុំបាទ និង​សហការី នៃ​លេខាធិការដ្ឋាន អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​សេចក្ដី​ក្រៀមក្រំ​យ៉ាង​ក្រៃលែង និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ព្រះតេជព្រះគុណ ព្រះចៅអធិការ និង​ក្រុម​ញាតិ​សារ​លោហិត​ទាំងអស់​របស់​ព្រះ​សព​។​

ភ្ជាប់​ជាមួយ​លិខិត​ចូលរួម​រំលែក​មរណ​ទុក្ខ​នេះ យើងខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ចាប់ខ្លួន​ឃាតករ​បាន​ ហើយ​នោះ មេត្តា​វិនិច្ឆ័យ​ទោស​ប្រកប​គតិ​យុត្តិធម៌​តាមផ្លូវ​ច្បាប់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ដួង​វិញ្ញាណក្ខន្ធ​ព្រះ​សព ព្រមទាំង​ញាតិ​សារ​លោហិត​ផង​។​

ជាទី​អវសាន ខ្ញុំព្រះករុណា និង​សហការី សូម​ឧទ្ទិស​កង​បុញ្ញ​កុសល​ទាំងអស់​ប្រគេន​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ បាន​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​កុំបី​ខាន​ឡើយ​។​

សូម​ព្រះតេជព្រះគុណ ព្រះចៅអធិការ និង​ក្រុមគ្រួសារ​ព្រះ​សព ព្រះមេត្តា និង​មេត្តា​ទទួល​នូវ​គារវៈ ភក្ដីភាព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ​ព្រះករុណា ខ្ញុំបាទ​។​

សេចក្ដី​ពុំគួរ សូម​ព្រះតេជព្រះគុណ ព្រះចៅអធិការ និង​ក្រុមគ្រួសារ​ព្រះ​សព ព្រះមេត្តា និង​មេត្តា​អនុគ្រោះ​។​

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥

ជ. អង្គការ សមាគមខ្មែរកម្ពុជាក្រោម

                                                                                                                                                            ប៊ុន មុនី

ប្រធានលេខាធិការដ្ឋាន និងជាប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម

​ចម្លង​ប្រគេន និង​ជូន​

  • ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​១២
  • ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្សី​
  • ក្រុមគ្រួសារ​ព្រះ​សព​
  • ឯកសារ​កាល​ប្បវត្តិ​

ខាងក្រោមជារូបថត ថ្នាក់ដឹកនាំនៃ​លេខាធិការដ្ឋាន ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចូលគោរពព្រះសព ភិក្ខុ ថាច់ ខាន់ នៅវត្តសាមគ្គីរង្សី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥  ។ រូបថតៈ ស៊ឺន ចែងចើន|ព្រៃនគរ

_DSC000៨ _DSC0009 _DSC0014 _DSC0026 _DSC0032 _DSC0033 _DSC0038 _DSC0048 _DSC0050 _DSC0052 _DSC0065 _DSC0070 _DSC0074 _DSC0111 _DSC0122

Comments are closed.