សង្ខេបអំពីដំណើររឿង នៃការដកហូតលិខិតឆ្លងដែនរបស់ព្រះតេជព្រះគុណ សឺន ទី
ដោយ ស៊ឺន ចែងចើន
អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង នៅថ្ងៃសុក្រ ទី ១៤ កុម្ភៈ សប្តាហ៍នេះ បានប្រគល់លិខិតឆ្លងដែន ជូនព្រះសង្ឃដើមកំណើតខ្មែរក្រោម ព្រះតេជព្រះគុណ សឺន ទី វិញហើយ ក្រោយមានការអន្តរាគមន៍ពីស្ថានប័នសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ច្បាប់សន្តិសុខអ៊ីធឺណែតនៅវៀតរណាម រឹតបន្តឹងដល់អ្នកប្រើប្រាស់អ៊ីនធ័រនែតរបស់ជនបរទេស
ព្រះតេជព្រះគុណ សឺន ទី មានដើមកំណើតនៅខេត្តឃ្លាំង បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ។ ព្រះតេជព្រះគុណ សឺន ទី បានសាងផ្នួសជាង ២០ វស្សា ។ បន្ទាប់ពីបួសរៀននៅដែនដីកម្ពុជាក្រោម អស់ច្រើនឆ្នាំរួចមក ។ ព្រះអង្គបានឡើងមកបន្តការសិក្សា នៅរាជធានីភ្នំពេញ និងស្នាក់នៅវត្តអង្គតាម៉ិញ ក្នុងខណ្ឌពោធិ៍សែនជ័យ អស់រយៈពេល ១៧ ឆ្នាំ ។
កាលពីថ្ងៃទី ២៤ មករា ២០២០ ព្រះតេជព្រះគុណ សឺន ទី បាននិមន្តទៅលេងស្រុកកំណើត នៅទឹកដីកម្ពុជាក្រោម ដើម្បីសួរសុខទុក្ខសាច់ញាតិ និងចូលរួមពិធីមង្គលការប្អូនស្រីពៅរបស់ព្រះអង្គ នៅខេត្តឃ្លាំង ។ ក្រោយពេលព្រះអង្គ គង់នៅទីនោះ បានមួយសប្ដាហ៍ លុះដល់ថ្ងៃទី ២ ខែកុម្ភៈ ទើបមានអាជ្ញាធរមូលដ្ឋានយួន នៅខេត្តឃ្លាំង មកកោះហៅព្រះអង្គទៅសួរនាំ និងដកហូតលិខិតឆ្លងដែនរបស់ព្រះអង្គ នៅថ្ងៃដដែលនោះតែម្តង ។
ព្រះតេជព្រះគុណ សឺន ទី ឲ្យដឹងថា ការកោះហៅទៅសួរចម្លើយនោះ អាជ្ញាធរយួនបានសួរនាំជុំវិញការប្រើប្រាស់បណ្ដាញសង្គម និងចែករំលែកសារក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ព្រះអង្គ ។ ក្រោយចំណាយពេលមួយល្ងាចពេញ ដើម្បីសួរនាំករណីពាក់ព័ន្ធរួចមក អាជ្ញាធរយួន បានចោទព្រះតេជព្រះគុណ សឺន ទី ថា បានធ្វើសកម្មភាពខុសច្បាប់របស់ប្រទេសវៀតណាម ដោយបានចែករំលែកព័ត៌មានបន្ត នៅក្នុងហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរីជាភាសាវៀតណាម ដែលបានសម្ភាសន៍លោក ត្រឹង ម៉ានរិន្ទ អំពីសិទ្ធិរបស់ជនជាដើមខ្មែរក្រោម ការចែករំលែកខ្លឹមសារខួបទី ៧០ ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម និងអត្ថបទ ស្តីពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលចុះផ្សាយនៅលើសារព័ត៌មានព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម ។ ព្រះតេជព្រះគុណ សឺន ទី ទទួលស្គាល់ថា ព្រះអង្គពិតជាបានចែករំលែកខ្លឹមសារព័ត៌មានទាំងនោះមែន តែនោះជាសេរីភាពរបស់ព្រះអង្គ ហើយការចែករំលែកសារនេះ ធ្វើឡើងច្រើនខែមកហើយ ពោល គឺពេលព្រះអង្គគង់ នៅក្នុងប្រទេសកម្ពុជា ។
យ៉ាងនេះក្តី បញ្ហាទាំងអស់នេះ អាជ្ញាធរវៀតណាម បានចាត់ទុកថា នេះជាទង្វើខុសច្បាប់ នៅក្នុងប្រទេសរបស់ខ្លួន និងព្រមានឲ្យបង់ប្រាក់ពិន័យ ចំនួន ៣០ លានដុង ស្មើប្រមាណជាង ១ ពាន់ ប្រាំរយ (១ ៥០០) ដុល្លារអាមេរិកថែមទៀតផង ។ បន្ទាប់ពីព្រះអង្គត្រូវបាននគបាលយួនដកហូតលិខិតឆ្លងដែន និងថែមទាំងមានលក្ខ័ណ្ឌផេ្សងៗ ដែលជាការបង្គាប់ និងបង្ខំឲ្យព្រះអនុវត្តតាម ។ ដោយយល់ថា ព្រះអង្គជាប្រជាពលរដ្ឌខ្មែរ និងកាន់លិខិតឆ្លងដែន ដែលចេញដោយសមត្ថកិច្ចកម្ពុជា ពោល គឺព្រះអង្គជាជនបរទេស មិនមែនជាជនជាតិវៀតណាម ទេ ។ ដូច្នេះ ព្រះអង្គមិនបានអនុវត្តតាម ជាហេតុនាំអាជ្ញាធរខេត្តឃ្លាំង នៅតែបន្តរក្សាទុកលិខិតឆ្លងដែនរបស់ព្រះអង្គដដែល ។
ស្វែងរកកិច្ចអន្តរាគមន៍ ពីស្ថានទូតខ្មែរប្រចាំនៅប្រទេសវៀតណាម
នៅបន្ទាប់ពីអាជ្ញាធរវៀតណាម បានដកហូតលិខិតឆ្លងដែនរបស់ព្រះតេជព្រះគុណ សឺន ទី រួចមក ព្រះអង្គមិនអាចនិមន្តចេញពីទឹកដីកម្ពុជាក្រោម ត្រឡប់មកប្រទេសកម្ពុជាវិញបានទេ ។ ព្រះអង្គអះអាងថា អាជ្ញាធរវៀតណាម និងមន្ត្រីសង្ឃនៅខេត្តឃ្លាំង បានទៅគំរាមញោមស្រី និងសាច់ញាតិព្រះអង្គជាបន្តបន្ទាប់ តាំងពីថ្ងៃដែលអាជ្ញាធរវៀតណាម បានដកហូតលិខិតឆ្លងដែនរបស់ព្រះអង្គ ។

នៅថ្ងៃទី ៩ កុម្ភៈ ព្រះតេជព្រះគុណ សឺន ទី បានស្វះស្វែងរកកិច្ចអន្តរាគមន៍ ពីស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុង ព្រៃនគរ និងស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងហាណូយនៃប្រទេសវៀតណាម ដែរ ។ ប៉ុន្តែ មិនទទួលបានលទ្ធផលឡើយ ដោយសារតែលេខទូរស័ព្ទ និងអ៊ីមែល ដាក់នៅលើគេហទំព័រផ្លូវការរបស់ស្ថានទូត ហៅមិនចូល និងសរសេរអ៊ីម៉ែលផ្ញើទៅ តែគ្មានការលើកឆ្លើយតប ។
សុំរកកិច្ចអន្តរាគមន៍ ពីខ្មែរក្រោម នៅក្រៅប្រទេស
ដោយអស់លទ្ធភាព ស្វែងរកកិច្ចអន្តរាគមន៍ ពីតំណាងស្ថាប័នរដ្ឋាភិបាលកម្ពុជា នៅក្រៅប្រទេសមិនបាន ទើបនៅថ្ងៃទី ១០ កុម្ភៈ ព្រះតេជព្រះគុណ សឺន ទី បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ព្រះអង្គ ដោយអំពាវនាវ សុំរកកិច្ចអន្តរាគមន៍ ពីស្ថាប័នខ្មែរក្រោម ដែលធ្វើការតស៊ូមតិផ្នែកសិទ្ធិមនុស្ស នៅក្រៅប្រទេសវិញ ។
ភ្លាមៗ នោះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក នៅថ្ងៃទី ១០ កុម្ភៈ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសកម្មភាពអាជ្ញាធរវៀតណាម ក្នុងការដកហូតលិខិតឆ្លងដែនរបស់ព្រះសង្ឃខ្មែរក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ទាមទារឲ្យអាជ្ញាធរវៀតណាម ប្រគល់សងលិខិតឆ្លងដែន ជូនព្រះតេជព្រះគុណ សឺន ទី វិញ ដោយគ្មានលក្ខខណ្ឌ ព្រោះរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខា ស្ដីពីការគោរពសិទ្ធិមនុស្ស ជាមួយអង្គការសហប្រជាជាតិរួចហើយ ។
ជុំវិញករណីនេះដែរ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃដដែល ក៏បានដាក់លិខិតអន្តរាគមន៍ទៅស្ថានប័នសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដើម្បីសុំឲ្យជួយអន្តរាគមន៍ទៅលើព្រះតេជព្រះគុណ សឺន ទី ដែលកាន់លិខិតឆ្លងដែនកម្ពុជា តែត្រូវបានដកហូតដោយអាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង នៃដែនដីកម្ពុជាក្រោម ។
ទូតខ្មែរ នៅវៀតណាម រុញការទទួលខុសត្រូវដាក់គ្នា
នៅថ្ងៃទី ១១ កម្ភៈ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុង ព្រៃនគរ បានណែនាំឲ្យព្រះតេជព្រះគុណ សឺន ទី ទាក់ទងទៅស្ថានទូតកម្ពុជា នៅទីក្រុងហាណូយ នៃប្រទេសវៀតណាម ដើម្បីសុំរកកិច្ចអន្តរាគមន៍ទៅភាគីវៀតណាម ដើម្បីប្រគល់លិខិតឆ្លងដែនជូនព្រះអង្គ ។ ព្រះតេជព្រះគុណ សឺន ទី បានទាក់ទងទៅស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសវៀតណាម តែមិនទទួលបានការឆ្លើយតប ហើយបន្ទាប់មក មន្រ្តីស្ថានទូត ក៏បានទាក់ទងមកព្រះអង្គដោយផ្ទាល់វិញ ដើម្បីសួរនាំអំពីមូលហេតុ នៃការដកហូតលិខិតឆ្លងដែន ពីអាជ្ញាធរយួនខេត្តឃ្លាំង ។ ព្រះអង្គបន្តថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុង ព្រៃនគរ បានណែនាំឲ្យព្រះអង្គសរសេរលិខិតស្នើសុំធ្វើអន្តរាគមន៍ដោយផ្ទាល់ខ្លួនព្រះអង្គ ហើយផ្ញើទៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងហាណូយ ។
ក្រសួងការបរទេសកម្ពុជា ចរចាជាមួយភាគីវៀតណាម
មន្ត្រីក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ១២ កុម្ភៈ ថា ក្រសួងបានបញ្ជាឲ្យស្ថានទូតកម្ពុជាប្រចាំ នៅទីក្រុងហាណូយ ចរចាជាមួយ នឹងអាជ្ញាធរវៀតណាម ដើម្បីធ្វើយ៉ាងណា ប្រគល់លិខិតឆ្លងដែន និងសម្រួលដល់ការបង់ប្រាក់ពិន័យដល់ព្រះតេជព្រះគុណ សឺន ទី ។
នៅថ្ងៃដដែលនោះ ទីប្រឹក្សាស្ថានទូតកម្ពុជា នៅក្រុងហាណូយ លោក អុប សូភី បានឲ្យអាស៊ីសេរីដឹងថា មន្ត្រីទូត មិនអាចទាក់ទង ទៅអាជ្ញាធរមូលដ្ឋានវៀតណាម សួរនាំផ្ទាល់បានទេ គឺធ្វើកិច្ចការងារនេះ តាមការទូត ។ លោកថា មន្ត្រីទូត បានសួរនាំរឿងនេះ ទៅក្រសួងការបរទេសវៀតណាម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍វៀតណាមហើយ តែមិនទាន់ទទួលបានការឆ្លើយតបទេ ។ មន្រ្តីទូតរូបនេះដដែល មានប្រសាសន៍ថា មូលហេតុដែលអាជ្ញាធរវៀតណាម មិនទាន់ប្រគល់លិខិតឆ្លងដែនមកឲ្យព្រះតេជព្រះគុណ សឺន ទី វិញ គឺដោយសារតែព្រះអង្គ បានបដិសេធមិនទៅបង្ហាញខ្លួនតាមការកោះហៅពីអាជ្ញាធរវៀតណាម ឲ្យផ្តិតមេដៃលើកំណត់ហេតុមួយច្បាប់ ក្រោយពីអាជ្ញាធរវៀតណាម បានរឹបអូសយកលិខិតឆ្លងដែនរបស់ព្រះអង្គ ។ លោកមិនច្បាស់ថា កំណត់ហេតុនោះ មានខ្លឹមសារយ៉ាងណាទេ ដែលធ្វើឲ្យព្រះតេជព្រះគុណ សឺន ទី មិនហ៊ាននិមន្តទៅតាមការកោះអញ្ជើញ ពីអាជ្ញាធរវៀតណាម ។
សម្ពាធខ្លាំងពីបរទេស
ក្រោយពីទទួលបានដំណឹងករណីដកហូតលិខិតឆ្លងដែនរបស់ព្រះសង្ឃខ្មែរក្រោម នោះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្តីប្រកាសជាបន្ទាន់មួយ ដើម្បីជម្រាបដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យបានជ្រាប អំពីករណីរំលោភសិទ្ធិមនុស្ស ពីរដ្ឋាភិបាលបក្សកុម្មុនិស្តយួន ទៅលើព្រះសង្ឃខ្មែរក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះករណីនេះ ។ ជាមួយគ្នានេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានជូនដំណឹងនេះ ទៅស្ថានទូត ប្រទេសនានាដែលពាក់ព័ន្ធ អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) និងក្រសួងការបរទេសសហរដ្ឋអាមេរិក អង្គការប្រជាជាតិ និងប្រជាជាជនគ្មានតំណាង (UNPO) និងករិយាល័យក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អ.ស.ប ប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីជួយតាមដាន និងធ្វើអន្តរាគមន៍ក្នុងរឿងនេះ ។
ចំណែក សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ មានមូលដ្ឋាន នៅប្រទេសកម្ពុជា វិញ ក៏បានដាក់លិខិតទៅក្រសួងការបរទេសកម្ពុជា ស្ថានទូតវៀតណាម ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងដាក់ទៅកាន់បណ្តាស្ថានទូតមួយចំនួនទៀត ប្រចាំនៅក្នុងប្រទេសកម្ពុជា ដើម្បីសុំឲ្យជួយអន្តរាគមន៍ជុំវិញរឿងនេះដែរ ។
ក្រោយមានការអន្តរាគមន៍ពីគ្រប់ភាគី នៅរសៀលថ្ងៃទី ១៤ កម្ភៈ អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង បានប្រគល់លិខិតឆ្លងដែន ជូនព្រះអង្គវិញហើយ ។

ព្រះតេជព្រះគុណ សឺន ទី ឲ្យវិទ្យុអាស៊ីសេរីដឹងថា ក្នុងពេលទៅទទួលយកលិខិតឆ្លងដែននោះ អាជ្ញាធរវៀតណាម មិនបានរករឿង និងមិនបានបង្កភាពតឹងតែង ដូចមុនទៀតទេ ដោយអាជ្ញាធរវៀតណាម បានដូរមន្ត្រីថ្មី យកលិខិតឆ្លងដែនថ្វាយព្រះអង្គ ជំនួសមន្ត្រី ដែលបានចាប់ដកហូតលិខិតឆ្លងដែន លើកមុន ។
ព្រះអង្គថា អាជ្ញាធរវៀតណាម ក៏បានឲ្យព្រះអង្គចុះហត្ថលេខាលើលិខិតកំណត់ហេតុមួយដែរ តែព្រះអង្គមិនព្រមចុះទេ ។ កំណត់ហេតុនោះ ជាភាសាវៀតណាម បានកត់ត្រាពីទីតាំងព្រះអង្គស្នាក់នៅបណ្ដោះអាសន្ន នៅខេត្តឃ្លាំង និងខ្លឹមសារ ដែលព្រះអង្គចែកបន្តផ្សាយតាមហ្វេសប៊ុក អំពីសិទ្ធិរបស់ជនជាតិដើមខ្មែរក្រោម តែមិនបានដាក់ពិន័យ ឬព្រមានព្រះអង្គទៀតឡើយ ។
បើទោះយ៉ាងណា ព្រះតេជព្រះគុណ សឺន ទី អះអាងនៅក្រោយទទួលបានលិខិតឆ្លងដែន ថា នឹងនៅតែបន្តសកម្មភាព បញ្ចេញមតិរិះគន់ ដោយមិនប្រើភាសាជេរប្រមាថ នៅលើបណ្ដាញសង្គមហ្វេសប៊ុកដដែល ៕