សង្ខេបព្រឹត្តិការណ៍ប្រចាំឆ្នាំ ២០២០ អំពីករណីឃាតកម្ម ការស្លាប់ដោយអាថ៍កំបាំង និងមរណភាពជនធ្លាប់បានតស៊ូ ដើម្បីសេរីភាពខ្មែរក្រោម
ដោយ ស៊ឺន ចែងចើន
ឆ្នាំ ២០២០ ជាឆ្នាំ ដែលមានអំពើឃាតកម្ម ការសម្លាប់ក្រៅច្បាប់ កើតមានឡើង មកលើពលរដ្ឋខ្មែរក្រោម ជាបន្តបន្ទាប់ ទាំងនៅដែនដីកម្ពុជាក្រោម និងនៅប្រទេសកម្ពុជា ហើយភាគច្រើននៃករណីទាំងនោះ មិនត្រូវបានគេវែកមុខចាប់ជនប្រព្រឹត្តិ ឬស្វែងរកអ្នកទទួលខុសត្រូវ ដើម្បីយកមកផ្តន្ទាទោស ទៅតាមច្បាប់ នៅឡើយ ។ ក្រៅពីនេះ ក៏មានករណីស្លាប់ដោយអាថ៍កំបាំង និងមរណភាពរបស់ជន ដែលធ្លាប់បានតស៊ូ ដើម្បីសេរីភាពខ្មែរក្រោម ផងដែរ ។ តើរឿងរ៉ាវទាំងអស់នេះ បានកើតឡើងយ៉ាង ដូចម្តេចខ្លះ? ។ អ្នកនាង ថាច់ សុជាតា សូមរំឭកឡើងវិញ អំពីព្រឹត្តិការណ៍ទាំងអស់នេះ ជូនលោកអ្នកនាង បានជ្រាប ដូចតទៅ ៖

លោកអ្នកនាងជាទីមេត្រី! ចា៎! រឿងរ៉ាវជាដំបូងនៃករណីពលរដ្ឋខ្មែរក្រោមស្លាប់ដោយអាថ៍កំបាំងនេះ គឺកើតឡើង នៅខេត្តព្រះត្រពាំង ទៅលើបុរសខ្មែរក្រោមម្នាក់ ដែលបានស្លាប់ ក្រោយពីផ្តល់បទសម្ភាសន៍ទាក់ទង នឹងការស្លាប់ដ៏អាថ៍កំបាំងរបស់កូនគាត់ នៅក្នុងបន្ទាយទាហានយួន ។
លោក ហ្វិញ សាញ់ ត្រូវជាឪពុករបស់លោក ហ្វិញ ចុង ដែលស្លាប់ដោយអាថ៌កំបាំង នៅក្នុងបន្ទាយទាហានយួន កាលពីថ្ងៃ ២៩ ខែវិច្ឆិកា ២០១៩ នោះ បានទទួលមរណៈភាព នៅព្រឹកថ្ងៃទី ៧ ខែមេសា ក្នុងជន្មាយុ ៤៣ ឆ្នាំ ដោយមិនទាន់ដឹងមូលហតុច្បាស់លាស់ នៅឡើយទេ ។
ក្រុមគ្រួសារសាច់ញាតិរបស់សពបុរសខ្មែរក្រោមរូបនោះ ឲ្យដឹងថា លោក ហ្វិញ សាញ់ ដេកស្លាប់ក្នុងផ្ទះរបស់លោក ។ បើតាមសាច់ញាតិដដែល បញ្ជាក់ថា នៅព្រឹកថ្ងៃកើតហេតុនោះ ប្រពន្ធរបស់លោកបានក្រោកឡើង ដើម្បីដាំបាយយកទៅប្រគេនព្រះសង្ឃនៅវត្ត ដែលត្រូវជាថ្ងៃសីលផងនោះ ។ ប៉ុន្តែ គ្រួសាររបស់គាត់មិនបានចាប់អារម្មណ៍ថា ប្តីរបស់គាត់ដេកស្លាប់ឡើយ ដោយមើលឃើញប្តីរបស់គាត់ហាក់ ដូចកំពុងដេកលង់លក់ដូច្នេះ ក៏មិនបានដាសឲ្យក្រោកឡើង ដើម្បីទៅវត្តជាមួយ នឹងប្រពន្ធរបស់គាត់ទេ ។ បន្ទាប់មក ប្រហែលជាម៉ោង ៨ ព្រឹក មិត្តភក្តិរួមការងាររបស់លោក ហ្វិញ សាញ់ បានមកហៅទៅធ្វើការ ប៉ុន្តែ ហៅមិនក្រោកឡើង ក៏ទៅស្ទាបលើដងខ្លួន ទើបដឹងថា លោក ហ្វិញ សាញ់ បានស្លាប់ទៅហើយ ។
ការស្លាប់របស់លោក ហ្វិញ សាញ់ គឺកើតឡើងក្រោយមួយសប្តាហ៍ បន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍ជាមួយ នឹងទូរទស្សន៍ ព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម នៅថ្ងៃ ២៩ ខែមីនា ឆ្នាំ ២០២០ អំពីករណីអាជ្ញាធរយួនអញ្ជើញគ្រួសារលោក ឲ្យទៅយកលទ្ធផលនៃការធ្វើកោសល្យវិច័យសាកសពកូនរបស់គាត់ ឈ្មោះ ហ្វិញ ចុង (Huynh Chung) ជាយុវជនខ្មែរក្រោម ដែលត្រូវស្លាប់ដ៏ចម្រូងចម្រាស់ នៅក្នុងបន្ទាយទាហាន កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ ។ តែពេល លោក ហ្វិញ សាញ់ ទៅដល់កន្លែងយកលទ្ធផល បែរជាអាជ្ញាធរ យួនមិនបានផ្ដល់លិខិតលទ្ធផលធ្វើកោសល្យវិច័យដល់គ្រួសារលោកទេ គ្រាន់តែអានត្រួសៗ ឲ្យស្ដាប់ថា យុវជនឈ្មោះ ហ្វិញ ចុង ស្លាប់ដោយសារជំងឺគាំងបេះដូង ឬ ដាច់សរសៃឈាម ដូចអ្វីដែលអាជ្ញាធរយួនបានអះអាងកាលពីមុនដដែល ។
ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ខ្មែរក្រោមនោះ លោក ហ្វិញ សាញ់ ឲ្យដឹងថា ក្រោយពីការស្លាប់កូនប្រុសរបស់លោកជាង ៤ ខែកន្លងមក រដ្ឋាភិបាលវៀតណាម នៅមិនទាន់ផ្ដល់ជាសំណងរដ្ឋប្បវេណីឲ្យបានគ្រប់គ្រាន់ ដូចអ្វីដែលពួកគេ បានសន្យាដល់គ្រួសាររបស់លោកនោះទេ ។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ ២០១៩ កន្លងទៅនេះ យុវជនខ្មែរក្រោមម្នាក់ ឈ្មោះ ហ្វិញ ចុង បានចូលធ្វើជាទាហានយួន នៅក្នុងបន្ទាយយោធភូមិភាគទី ៩ នៃកងទ័ពប្រជាជនវៀតណាម ឬ ក្វឹងឃូជិន (Quan Khu 9) នាខេត្តដុងថាប (ខេត្តផ្សារដែក) ហើយត្រូវស្លាប់យ៉ាងអាថ៌កំបាំង ដោយសាកសពរបស់យុវជនជនរងគ្រោះ ត្រូវទាហានយួនវះកាត់ តាំងពីពោះដល់ក និងក្បាល ព្រមទាំងមានស្នាមជាំពេញដងខ្លួនផង ។ ក្រុមគ្រួសារសព និង អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក បានដាក់ការសង្ស័យថា យុវជនរូបនេះ អាចត្រូវគេសម្លាប់ ហើយបានថ្កោលទោសចំពោះទង្វើរបស់ក្រុមទាហានយួន និងទាមទារឲ្យមានការស៊ើបអង្កេត និងបកស្រាយឲ្យបានច្បាស់លាស់នូវករណីស្លាប់ដ៏អាថ៌កំបាំងនេះ ។
ទាក់ទងនឹងករណីស្លាប់ដ៏អាថ៍កំបាំងនះដដែល តែកើតឡើង ចំពោះព្រះសង្ឃវិញម្តង ។ ករណីនេះ គឺកើតមានឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឪពុកយុវជនខ្មែរក្រោម ដេកស្លាប់ ក្រោយពីផ្តល់បទសម្ភាសន៍ទាក់ទង នឹងការស្លាប់ដ៏អាថ៍កំបាំងរបស់កូនលោក នៅក្នុងបន្ទាយទាហានយួន ។
ជាហេតុការណ៍ដ៏ភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ចំណុះជើងវត្តដំបងពាក់ ស្ថិតនៅភូមិដំបងពាក់ ឃុំផ្សារឆេះ ស្រុកមាត់សមុទ្រ ខេត្តព្រះត្រពាំង (កម្ពុជាក្រោម) ដែលព្រះចៅអធិការមួយអង្គ សុគតដោយមិនដឹង ពីមូលហេតុច្បាស់លាស់ នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ ក្នុងព្រះជន្ម ៤២ ព្រះវស្សា ។
ព្រះសង្ឃគង់នៅក្នុងវត្តឲ្យដឹងថា ព្រះតេជព្រះគុណ តា ង៉ុកកោ ព្រះចៅអធិការវត្តដំបងពាក់ ព្រះអង្គសឹងក្នុងកុដិតែមួយព្រះអង្គឯង សុគតយ៉ាងអាណោចអាធ័ម ដោយគ្មានព្រះសង្ឃ និងពុទ្ធបរិស័ទ្ធណាបានដឹងឡើយ រហូតទាល់តែព្រឹកឡើង ព្រះសង្ឃគង់ក្នុងវត្តមិនឃើញព្រះអង្គនិមន្តឡើងឆាន់ចង្ហាន់ពេលព្រឹក ទើបព្រះសង្ឃក្នុងវត្តទៅគាស់ទ្វារកុដិមើល ទើបដឹងថា ព្រះអង្គបានសុគតបាត់ទៅហើយ និងមិនដឹងសុគត តាំងពីថ្មើណាឡើយ ។
នៅថ្ងៃកើតហេតុដដែលនោះ អាជ្ញាធរវៀតណាម មកធ្វើកោសល្យវិច័យព្រះសពព្រះតេជព្រះគុណ តា ង៉ុកកោ ដែលបានសុគត កាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ តែរកមិនឃើញតម្រុយច្បាស់លាស់ ពីមូលហេតុនៃការសុគតនេះ នៅឡើយទេ ។

ព្រះតេជព្រះគុណ តា ង៉ុកកោ (គឹម ខាយ) ជាព្រះសង្ឃខ្មែរក្រោម ដែលសកម្មក្នុងសកម្មភាពពង្រឹង ការថែរក្សាវប្បធម៌ ប្រពៃណី នៅដែនដីកម្ពុជាក្រោម ។ ក្រៅពីនេះ ព្រះអង្គបានតែងនិពន្ធទំនុកភ្លេង បទចម្រៀងទាក់ទងនឹងការថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ បង្ហោះតាមបណ្ដាញសង្គម ។ ព្រះអង្គតែងតែ ស្រាវជ្រាវនូវតំបន់ភូមិសាស្ត្រ នៃទឹកដីកម្ពុជាក្រោម ដែមានឈ្មោះភូមិ ឃុំ ស្រុក ជាភាសាខ្មែរ ហើយនិពន្ធទៅជាបទចម្រៀង ដើម្បីអភិរក្សវប្បធម៌ខ្មែរក្រោមផង និងរក្សាឈ្មោះដើមនៃភូមិសាស្ត្រឲ្យនៅជាភាសាខ្មែរផង ។
យើងនៅមិនទាន់ទៅណាឆ្ងាយ ពីខេត្តព្រះត្រពាំង នៅឡើយទេ! ឥឡូវ ខ្ញុំសូមអញ្ចើញលោកអ្នកនាង មកតាមដានករណីស្រដៀងគ្នានេះដដែល តែជាករណីឃាតកម្ម ដែលបណ្ដាលឲ្យស្លាប់ពលរដ្ឋខ្មែរក្រោមមួយគ្រួសារ មានសមាជិក ២ នាក់ ។
ត្រឹមតែ ២ ខែប៉ុណ្ណោះ យ៉ាងហោចណាស់ ពលរដ្ឋខ្មែរក្រោម ចំនួន ៤ នាក់ បានស្លាប់ដោយករណីផ្សេងៗ ពីគ្នា ។ ករណីចុងក្រោយ នៅខេត្តព្រះត្រពាំង នេះ គឺជាករណីឃាតកម្ម មកលើខ្មែរក្រោមមួយគ្រួសារ កើតមានឡើង នៅយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ ដោយជនសង្ស័យជាឃាតក គឺជនជាតិយួន ។ ជននេះ ក៏ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនបានភ្លាមៗ ដែរ នៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី ៣០ ខែមិថុនា ។
អំពើឃាតកម្មដ៏ព្រៃផ្សៃ មកលើខ្មែរក្រោមមួយគ្រួសារនោះ ស្ថិតនៅភូមិជ្រៃភេ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ត្រូវជនដៃដល់ជាឃាតក និងជាជនជាតិយួនផង បានវាយសម្លាប់ទៅលើសមាជិកគ្រួសារមានមនុស្ស ២ នាក់ ដែលម្នាក់ជាកម្មការិនីរោងចក្រ អាយុ ៣៦ ឆ្នាំ និង បុរសជាឪពុកម្នាក់អាយុ ៦៧ ឆ្នាំ ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បើតាមអ្នកភូមិ នៅក្បែរផ្ទះជនរងគ្រោះទាំងពីរនោះ បានដាក់ការសង្ស័យថា អាចជារឿងគំនុំគំកួន (ប៉ុន្តែ មិនទាន់ដឹងច្បាស់ថា ជាគំនុំរឿងអ្វីនោះទេ) ។ តាមប្រភពពីពលរដ្ឋខ្មែរក្រោម ដែលរស់នៅក្បែរនោះ ឲ្យដឹងថា ជនរងគ្រោះជាកម្មការិនីខ្មែរក្រោម ឈ្មោះ ថាច់ ធីសាភា អាយុ ៣៦ នៅវេលាម៉ោង ១០ យប់ នាងបានចេញមកពីធ្វើការរោងចក្រ រួចហើយក៏ទៅងូតទឹកនៅក្រោយផ្ទះរបស់ខ្លួន ស្រាប់តែឃាតក លបមកវាយសម្លាប់ពីក្រោយខ្នង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅ នឹងកន្លែងកើតហេតុ ។ អ្នកឃើញហេតុការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុខាងលើ ឪពុករបស់ជនរងគ្រោះ ឈ្មោះ ថាច់ ឈួន អាយុ ៦៧ ឆ្នាំ ឮសូរសំឡេងកូនរបស់ខ្លួនស្រែកហៅ ក៏រត់ចេញមកជួយ ហើយពេលកំពុងប្រតាយប្រតប់គ្នាជាមួយជនដៃដល់នោះ ដោយសារតែឪពុករបស់ជនរងគ្រោះមានវ័យចាស់ជរា និងកម្លាំងខ្សោយផង ក៏ត្រូវបានឃាតកវាយសម្លាប់តែម្តង ។ ជុំវិញរឿងនេះ សមត្ថកិច្ចនគរបាលយួន កំពុងតែបើការស៊ើបអង្កេលើករណីឃាតកម្មនេះ ។
ឥឡូវ! យើងងាកមកតាមដានករណី អំពើឃាតកម្ម ដែលបានកើតមានផ្ទួនៗ គ្នា មកលើពលរដ្ឋខ្មែរក្រោម នៅប្រទេសកម្ពុជាវិញម្តង ។ ប៉ុន្តែ មុន នឹងឈានចូលទៅដលក់រឿងរ៉ាងទាំងអស់នេះ ។ ខ្ញុំសូមបង្វែរអារម្មណ៍ លោកអ្នកនាង មកស្គាល់អ្នកច្រៀងបទចម្រៀងជាតិនិយមខ្មែរក្រោម ដែលបានទទួលមរណភាព កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២០ ។ នោះ គឺលោក ខឹម ឈុន វុធថា ជាអ្នកចម្រៀង និងជាម្ចាស់ Studio ថតចម្រៀងឈ្មោះ ខឹម ឈុនវុធថា ស្ទីតឌីយោ នៅទីក្រុងភ្នំពេញ ។ លោក បានទទួលមរណភាព ក្នុងជន្មាយុ ៥៧ ឆ្នាំ ដោយជំងឺគាំងបេះដូង ។
កាលនៅរស់រានមានជីវិត នៅក្នុងឆ្នាំ ២០១២ លោក ខឹម ឈុន វុធថា ធ្លាប់បានច្រៀង និងថតបទចម្រៀងជា CD Vol 1 ឲ្យផលិតកម្ម ព្រៃនគរ របស់សារព័ត៌មាន ព្រៃនគរ ផងដែរ ។ CD Vol 1 នៃផលិតកម្ម ព្រៃនគរ ជាបទចម្រៀងបែបប្រពៃណី បាសាក់ និង អាយ៉ៃ មាន ១២ បទ ដែលបាននិពន្ធដោយ លោក សឺង សម្រេច ជាទីប្រក្សា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ច្រៀងដោយ លោក ខឹម ឈុន វុធថា ដោយបានប្រើឈ្មោះក្រៅថា កៀង ចម្រើន ។
បទចម្រៀងទាំងនោះ មានដូចជា ហោមរោងខ្មែរក្រោម, នឹកស្រុក, ស្រណោះ, ល្បិចមួលបង្កាច់, អក្ខរាភ្ជាប់ស្នេហ៍, ម៉ែ, នាំអូនទៅលេងកម្ពុជាក្រោម, កោតចិត្ត, សំពៅថយក្រោយចោលកេរដូនតា, បាយខុនស្រះស្រី និងនំបញ្ចុកខ្មែរក្រោម ។
ដើម្បីចូលរួមរំលែកទុក្ខ ចំពោះមរណភាពនៃ លោក ខឹម ឈុន វុធថា នោះដែរ សារព័ត៌មាន ព្រៃនគរ បានផលិតបទចម្រៀងទាំង ១២ បទនេះ ទៅជាវីដេអូ និងបានផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ឲ្យទស្សនិកជនបានស្ដាប់កម្សាន្ត ។

លោក សឺន សម្រេច ជាទីប្រឹក្សា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានសម្ដែងការសោកស្ដាយ និង អាឡោះអាល័យចំពោះ លោក ខឹម ឈុន វុធថា ដែលលោកធ្លាប់តែបានជួបគ្នាក្នុងគ្រា ថតបទចម្រៀងម្ដងនាពេលកន្លងមក ។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក សឺង សម្រេច បានថ្លែងថា៖ «ខ្ញុំសូមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពនៃលោកលោក ខឹម ឈុនវុធថា ជាតារាចម្រៀងនៃផលិតកម្មព្រៃនគរ Vol1 ដោយប្រើឈ្មោះ កៀង ចំរើន ដែលខ្ញុំបានតែងនិពន្ធទំនុកបទចម្រៀងនៅ ឆ្នាំ ២០១២ ។ សំឡេងរបស់ លោក ខឹម ឈុនវុធថា ហៅ កៀង ចំរើន និងស្មារតីស្នេហាទឹកដីកម្ពុជាក្រោមរបស់លោក នឹងដិតដាមនៅក្នុងសតិអារម្មណ៍របស់ខ្មែរក្រោមជាដរាបតរៀងទៅ» ។
ក្រៅពីច្រៀងឲ្យ ផលិតកម្ម ព្រៃនគរ លោក ខឹម ឈុន វុធថា ក៏ធ្លាប់ច្រៀងបទចម្រៀងមនោសញ្ចេតនា រៀបរាប់ឈ្មោះភូមិសាស្ត្រ នៅដែនដីកម្ពុជាក្រោម ដែលបាននិពន្ធដោយ ព្រះតេជ ព្រះគុណ តា ង៉ុកកោ ជាអតីតព្រះចៅអធិការ វត្តដំបងពាក់ នៅខេត្តព្រះត្រពាំង ហើយព្រះអង្គ បានស្លាប់យ៉ាងអាថ៍កំបាំង កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ ក្នុងព្រះជន្ម ៤២ ព្រះវស្សា ពោល គឺ ៣ ខែក្រោយមក ទើបលោក ខឹម ឈុន វុធថា ទទួលមរណភាព ។
យើងត្រឡប់មកតាមដានករណីឃាតកម្មលើពលរដ្ឋខ្មែរក្រោម នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ឯណេះវិញ ។ រឿងនោះ គឺបានកើតឡើង ចំពោះគ្រួសារជនរងគ្រោះខ្មែរក្រោម ដែលមន្ត្រីនគរបាលបាញ់សម្លាប់ ។ គ្រួសារបុរសខ្មែរក្រោម ដែលត្រូវបានជនដៃដល់ ជាមន្ត្រីនគរបាលបាញ់សម្លាប់ កាលពីយប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នៅក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ គ្រួសារជនរងគ្រោះខ្មែរក្រោម បន្តទទូចឱ្យសមត្ថកិច្ចចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសឱ្យបានឆាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ។ ក្រៅពីមិនទាន់ទទួលបានពន្លឺយុត្តិធម៌ ក្រុមគ្រួសារជនរងគ្រោះខ្មែរក្រោម ក៏កំពុងជួបប្រទះការលំបាក ក្រោយពីបាត់បង់ប្តីនិងឪពុក ដែលជាបង្គោលសំខាន់បំផុត នៅក្នុងគ្រួសារ ។

លោក សុខ សុធន ហៅ កេន ត្រូវបានជនដៃដល់ ដែលជាមន្ត្រីនគរបាលបាញ់ ចំនួនមួយគ្រាប់ចំដើមទ្រូង បណ្តាលឱ្យស្លាប់ភ្លាមៗ នៅ នឹងកន្លែង កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្រោយការបាញ់ប្រហារនោះ ជនដៃដល់បានឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលរហូតដល់សព្វថ្ងៃ ។
លោក សុខ សុធន ដែលជាជនរងគ្រោះមានឪពុកម្តាយជាខ្មែរក្រោម មកពីខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ប៉ុន្តែ លោកមានកំណើតកើតជា នៅក្នុងប្រទេសកម្ពុជា ។ លោកមានមុខរបរជាជាងកាត់សក់ និងបានជួលផ្ទះគេបើកហាងកាត់សក់មួយកន្លែង នៅក្នុងខណ្ឌទូលគោក ទីដែលលោកត្រូវបានជនល្មើសបាញ់សម្លាប់ ។
ភរិយាជនរងគ្រោះ គឺអ្នកស្រី ឆាយ សុខម៉េង អាយុ ៤០ ឆ្នាំ បានឱ្យដឹងថាពីមុនមកគ្រួសារ អ្នកស្រីធ្លាប់ត្រូវបានជនដៃដល់ ដែលជាមន្ត្រីនគរបាលប្តឹងទៅសាលាសង្កាត់ម្តងរួចមកហើយ ដោយបានចោទគ្រួសារអ្នកស្រីថា បានចតឡានប៉ះពាល់ដល់ផ្ទះរបស់គេ ។ ក្រោយមក គ្រួសារអ្នកស្រីក៏បានធ្វើតាមការណែនាំរបស់សមត្ថកិច្ច ហើយចាប់តាំងពីពេលនោះមក គ្រួសារអ្នកស្រីក៏មិនមានទំនាស់អ្វីជាមួយជនដៃដល់នោះទេ គ្រាន់តែអន់ចិត្តគ្នាហើយមិន និយាយរាប់រកគ្នាប៉ុណ្ណោះ ។

អ្នកស្រី ឆាយ សុខម៉េង រៀបរាប់ថា មុនការបាញ់ប្រហារ ប្តីអ្នកស្រីបានជួបជុំហូបចុកកំសាន្ត ជាមួយមិត្តភក្តិ ដែលមកពីខេត្តកំពង់ចាម នៅខាងមុខផ្ទះអ្នកស្រី ប៉ុន្តែ មិនមានទំនាស់អ្វីជាមួយ ជនដៃដល់នោះទេ ។
ក្រោយហូបចុករួចមិត្តភក្តិក៏បានចាកចេញទៅវិញអស់សល់តែប្តីអ្នកស្រី ។ ពេលនោះជនរង គ្រោះបានរៀបចំយកម៉ូតូ រើអីវ៉ាន់ និងបរឡានចូលទុកក្នុងផ្ទះ ពេលនោះ ស្រាប់តែជនដៃដល់ ដែលអ្នកស្រីមិនដឹងច្បាស់ថា លេចចេញពីណានោះទេ បានដើរមកបាញ់ប្តីអ្នកស្រីតែម្តង រួចក៏ឡើងជិះម៉ូតូបើកគេចខ្លួន ។
ក្រោយមកជនដៃដល់ត្រូវបានគេដឹងថាមានឈ្មោះ លី ថារិយ ។ រូបថតជនដៃដល់ ដែលមានពាក់ឯកសណ្ឋានជាកងកម្លាំងនគរបាលជាតិ និងមានឋានន្តរជាអនុសេនីយ៍ត្រី ឬសក្តិ ១ ត្រូវ បានលាតត្រដាងផងដែរ ។

លោក និងភរិយាមានកូនចំនួន ៤ នាក់នៅក្នុងបន្ទុក ។ ប្តីស្លាប់មិនទាន់ទាំងបានមួយខែផង ជីវិតអ្នកស្រី សុខម៉េង និងកូនៗ ចាប់ផ្តើមជួបប្រទះបញ្ហាលំបាកជាបណ្តើរៗ ទៅហើយ ។ កូនដែលធ្លាប់រៀនទាំងនៅសាលាខ្មែរ និងសិក្សាភាសាបរទេស នៅសាលាឯកជន ពេលនេះ ត្រូវបង្ខំចិត្តឱ្យកូនផ្អាករៀនភាសាបរទេសសិន និងស្នើសុំដាក់កូនរៀន នៅតាមសាលាអង្គការវិញដែរ ។
ជុំវិញករណីឃាតកម្មនេះដែរ វិទ្យុអាស៊ីសេរី បានរាយការណ៍ថា អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា ស្នើឲ្យសមត្ថកិច្ចនៃរដ្ឋាភិបាលទីក្រុងភ្នំពេញ ស៊ើបអង្កេត ករណីឃាតកម្ម និងបាត់ខ្លួន ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ សំណើនេះ ដោយសារតែ អង្គការ សមាគមខ្មែរកម្ពុជាក្រោម សង្កេតឃើញថា អាជ្ញាធររបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់មិនសូវយកចិត្តដាក់លើករណីឃាតកម្ម និងបាត់ខ្លួន របស់ពលរដ្ឋខ្មែរក្រោម នៅកម្ពុជា ។
លេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួមសំដែងក្តីបារម្ភ ពីសុវត្ថិភាពខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជា ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការសមស្របណាមួយ ដើម្បីស្វែងរកជនសង្ស័យ ពាក់ព័ន្ធ នឹងករណីឃាតកម្ម និងបាត់ខ្លួនរបស់ពលរដ្ឋខ្មែរក្រោម ។ សេចក្ដីថ្លែងការណ៍ចេញ កាលពីថ្ងៃទី ១៥ តុលា ឲ្យដឹងថា ករណីគួរឲ្យសង្ស័យមួយចំនួនមានដូចជា ពលរដ្ឋខ្មែរក្រោម លោក ថាច់ ភារម្យ ស្លាប់ដោយសារតែលង់ទឹក ដោយមានខ្នោះជាប់នៅ នឹងដៃ កាលពីថ្ងៃទី ៣ ខែកញ្ញា និងករណីលោក សុខ សុធន ត្រូវមន្ត្រីប៉ូលិសបាញ់សម្លាប់ កាលពីថ្ងៃទី ២៦ កញ្ញា ព្រះតេជព្រះគុណ កៀង សាងសទ្ធា ត្រូវរថយន្តបុក រហូតដល់សុគត កាលពីថ្ងៃទី ៤ តុលា ។ អង្គការខ្មែរកម្ពុជាក្រោម ថា ករណីទាំងនេះ នៅមិនទាន់មានសមត្ថកិច្ចដោះស្រាយ និង នាំខ្លួនជនសង្ស័យមកផ្ដន្ទាទោសនៅឡើយទេ ។
ដោយឡែក ករណី ព្រះតេជព្រះគុណ អ៊ាង សុខធឿន ដែលត្រូវឃាតកសម្លាប់ទាំងអាថ៌កំបាំង កាលពីឆ្នាំ ២០០៧ ហើយត្រូវសមត្ថកិច្ចយកសពទៅបញ្ចុះទាំងយប់ ដោយមិនឲ្យគ្រួសារគាស់យកសពទៅធ្វើបុណ្យ នៅមិនទាន់រកឃើញឃាតកនៅឡើយទេ ។ ចំណែក ព្រះសង្ឃខ្មែរក្រោម ព្រះតេជព្រះគុណ មាស វិចិត្រ ក៏បានបាត់ព្រះកាយ កាលពីឆ្នាំ ២០១៧ ដោយមិនដឹងមូលហេតុ មកទល់សព្វថ្ងៃនេះ ។ លេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម ស្នើឲ្យសមត្ថកិច្ចស៊ើបអង្កេត ឃាតកម្ម និងបាត់ព្រះកាយព្រះសង្ឃខ្មែរក្រោម ដើម្បី ផ្តល់យុត្តិធម៌ដល់ពួកគេ ។
ឆ្លើយតប នឹងសំណើរបស់អង្គការខ្មែរកម្ពុជាក្រោមនេះ មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា អាជ្ញាធរខ្មែរមិនរើសអើងពលរដ្ឋខ្មែរក្រោមនោះទេ ។ លោកថា ខ្មែរក្រោម មានសិទ្ធិសេរីភាព ទទួលបានយុត្តិធម៌ ចំពោះមុខច្បាប់ដូចពលរដ្ឋដទៃទៀតដែរ ។
ទោះបីមានការអះអាងរបស់មន្ត្រីរដ្ឋាភិបាលដូច្នោះក្តី អង្គការសមាគមខ្មែរកម្ពុជាក្រោម បន្តទទូចឲ្យអាជ្ញាធរបន្តស៊ើបអង្កេត ករណីឃាតកម្ម និងបាត់ខ្លួនពលរដ្ឋខ្មែរក្រោម ដើម្បីឲ្យជនរងគ្រោះទទួលបានយុត្តិធម៌ ។ នេះមិនមែនជាលើកទីមួយ ដែលអង្គការខ្មែរកម្ពុជាក្រោម ទទូចឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិស្មើភាពដល់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ។ កាលពីដើមខែតុលា តំណាងក្រុមអង្គការខ្មែរក្រោម និងអង្គការក្នុងស្រុកចំនួន ១០ ប្រាប់ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា រដ្ឋាភិបាលខ្មែរ មិនបានយកចិត្តទុកដាក់ខ្មែរក្រោម ឲ្យបានពេញលេញនោះទេ ហើយការអនុវត្តច្បាប់លើពលរដ្ឋខ្មែរក្រោម មានលក្ខណៈមិនច្បាស់លាស់ពិសេស ការផ្តល់សញ្ជាតិឲ្យខ្មែរក្រោម ដែលរស់នៅកម្ពុជា ។ បញ្ហានេះហើយ បណ្ដាលឲ្យពួកគេមិនអាចទទួលបានអត្តសញ្ញាណប័ណ្ណ ប្លង់ដី និងឯកសារផ្សេងៗ បណ្ដាលឲ្យពួកគេមិនទទួលបានសិទ្ធិពេញលេញ ជួបប្រទះការរើសអើង និងបាត់បង់ផលប្រយោជន៍ក្នុងសង្គមជាដើម ។
ខ្ញុំសូមបិទបញ្ចប់ការសង្ខេបព្រឹត្តិការណ៍ អំពីករណីឃាតកម្ម ការស្លាប់ដោយអាថ៍កំបាំង នៅកម្ពុជាក្រោម និង កម្ពុជា ក្នុងឆ្នាំ ២០២០ ដោយក្រឡេកទៅមើលក្នុងឆ្នាំ ២០២០ នេះដដែល តែជាករណីមរណភាពរបស់វីរជនខ្មែរក្រោម ដែលហ៊ានលះបង់ប្រយោជន៍របស់ខ្លួន ចូលរួមតស៊ូប្រឆាំងនឹងរបបកុម្មុយនិសយួន ដើម្បីជាតិមាតុភូមិកម្ពុជាក្រោមក្រោម ។ មរណភាពរបស់ជន ដែលធ្លាប់បានចូលរួមសមរភូមិតស៊ូ ដើម្បីសេរីភាពខ្មែរក្រោម នោះ គឺ លោក គឹម ប៊ុក កែវ ជាសហស្ថាបនិក “រណសិរ្សរំដោះកម្ពុជាក្រោម” ក្នុងឆ្នាំ ១៩៧៦ ។
លោក គឹម ប៊ុក កែវ ជាអតីតមេដឹកនាំម្នាក់ នៃ រណសិរ្សសេរីកាជាតិរំដោះខ្មែរកម្ពុជាក្រោម នៅដែនដីកម្ពុជាក្រោម កាលពីឆ្នាំ ១៩៧៦ បានទទួលអនិច្ចកម្ម នៅព្រឹកថ្ងៃសុក្រ ៣ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវ នឹងថ្ងៃទី ៧ ខែសីហា គ. ស ២០២០ ក្នុងជន្មាយុ ៦៩ ឆ្នាំ ដោយរោគាពាធ នៅទីស្នាក់ការកណ្តាល នៃ មិត្តសមាគមខ្មែរកម្ពុជាក្រោម នារាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
លោក គឹម ប៊ុក កែវ ប្រសូត នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ១៩៥១ នៅភូមិបន្ទាយក្រ ឃុំបឹង្រៃ ស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ។

លោក គឹម ប៊ុក កែវ ជាមេដឹកនាំម្នាក់ក្នុងចលនាតស៊ូរំដោះទឹកដីកម្ពុជាក្រោម មានឈ្មោះថា «រណសិរ្សសេរីកាជាតិរំដោះខ្មែរកម្ពុជាក្រោម» ដែលបានងើបឡើងរំដោះទឹកដីកម្ពុជាក្រោម ដោយកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្តព្រះត្រពាំង កាលពី ៤៤ ឆ្នាំមុន ។ រណសិរ្សនេះ បានក្រោកឡើងតស៊ូរំដោះទឹកដីកម្ពុជាក្រោម នៅថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ ដែលមាន លោក សឺន ញ៉ ជាប្រធាន និងលោក លោក កៀង ហ៊ាន ជាអនុប្រធាន ។
បន្ទាប់ពីបានវាយដណ្ដើមយកទីតាំង និងកាន់កាប់ខេត្តព្រះត្រពាំង ជាពិសេស នៅក្នុងស្រុក កញ្ចោងបានមួយរយៈខ្លី រដ្ឋាភិបាលយួនក៏បានប្រមូលកម្លាំងប្រដាប់អាវុធតូចធំពីខេត្តនានា ជួយប្រយុទ្ធបណ្ដាលឲ្យចលនាតស៊ូនេះមិនទទួលបានជោគជ័យ ។
ឆាកប្រយុទ្ធមួយរវាងខ្មែរក្រោម និងកងទ័ពកុម្មុយនិស្តយួន ដែលខ្លាំងជាងគេនោះ គឺសមរភូមិ នៅក្នុងស្រុកកញ្ចោង ពេលនោះ លោក ថាច់ ភី និង សមាជិកនៃចលនានេះពីររូបទៀតនៅលើស្តែនទឹក ឬអាងស្តុកទឹក ដែលមានអាវុធគ្រប់ធុនដូចជាគ្រាប់បែក M79,12,8l បានបាញ់សំដៅចូលទៅសាលាស្រុក ដែលកាន់កាប់ដោយយួនកុម្មុយនិស្ត បានបណ្តាលឲ្យកម្មាភិបាលយួនស្លាប់និងរងរបួសជាច្រើន ។
លុះដល់ ពេលរសៀលរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ក៏បាននាំទ័ពជំនួយរបស់គេមកពីខេត្តលង់ហោរ ដែលយួនហៅថា វិញឡុង ធ្វើអន្តរាគមន៍ មានទាំងរថក្រោះកាំភ្លើងធំមកផង ។ ដោយសារកម្លាំងរបស់ចលនានេះ មិនអាចទប់ទល់នឹងកម្លាំងរបស់រដ្ឋាភិបាលយួនបានក៏នាំគ្នាដកថយនៅសល់តែ ៣ នាក់ប៉ុណ្ណោះដែលនៅលើស្តែនទឹក ។ គ្រានោះ កងទ័ពយួនបានឡោមព័ទ្ធជុំវិញស្តែនទឹក ហើយបញ្ជាឲ្យរថក្រោះកាំភ្លើងធំបាញ់សម្រុកចូលស្តែនទឹក ធ្វើឲ្យ លោក ថាច់ ភី និង សមាជិកពីររូបទៀត បានស្លាប់នៅក្នុងសមរភូមិនេះ ។ ពេលបានឃើញ រថក្រោះ កំពុងបាញ់សម្រុកស្តែនទឹកដូច្នោះ លោក ថាច់ ភឿង និងកូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះ ថាច់ ភឿន បានឱបគ្រាប់បែក លោតឡើងលើរថក្រោះបោក ធ្វើអត្តឃាតបណ្តាលឲ្យទ័ពយួនស្លាប់ជាច្រើន ។
បន្ទាប់មក លោក គឹម ប៊ុក កែវ ត្រូវរដ្ឋាភិបាលនៃបក្សកុម្មុយនិស្តវៀតណាម កាត់ទោសឲ្យជាប់គុក ១៥ ឆ្នាំ ដោយចោទពីបទប្រឆាំងនឹងរបបបក្សកុម្មុយនិស្តយួន ។ ក្រៅពីរូបលោក មានមេដឹកនាំ ព្រមទាំងសមាជិក ជាច្រើនទៀត នៃចលនាតស៊ូនេះ អ្នកខ្លះត្រូវយួនចាប់ដាក់គុកពី ៣ ទៅ ២០ ឆ្នាំ ខ្លះស្លាប់ក្នុងសមរភូមិ ខ្លះត្រូវយួនកាត់ទោសប្រហារជីវិត និងខ្លះទៀតត្រូវកាត់ទោសកំបាំងមុខឲ្យជាប់គុកពី ៣ ឆ្នាំ រហូតដល់អស់មួយជីវិត ៕