សង្ខេបដំណើររឿង អាជ្ញាធរវៀតណាម ដកហូតសៀវភៅ «សិទ្ធិជនជាតិដើម» ពីយុវជនខ្មែរក្រោម យឿង ខាយ និងវិធានការរបស់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអង្គការសហជាជាតិ
ដោយ យាង សុធារិន្ទ
នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ រដ្ឋាភិបាលនៃបក្សកុម្មុយនិស្តវៀតណាម បានផ្ញើលិខិត ទៅកាន់សាខានីតិវិធីពិសេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បកស្រាយអំពីករណីអាជ្ញាធរវៀតណាមចាប់ខ្លួន និងដកហូតសេចក្តីប្រកាស អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ពីយុវជនខ្មែរក្រោម យឿង ខាយ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ ។ ការបកស្រាយនេះ គឺជាការឆ្លើយតបទៅនឹងលិខិតរួមរបស់អ្នក រាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សចំនួន ៤ រូប ដែលបានផ្ញើលិខិតឱ្យ រដ្ឋាភិបាលវៀតណាម បំភ្លឺអំពីការធ្វើទុក្ខបុកម្នេញយុវជនខ្មែរក្រោម យឿង ខាយ ។
ខាងក្រោមនេះ ជាសេចក្តីសង្ខេបអំពីដំណើររឿង ករណីអាជ្ញាធរវៀតណាម រំលោភបំពានសិទ្ធិសេរីភាពយុវជនខ្មែរក្រោម ដូចតទៅ ៖
កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចវៀតណាមនៅខេត្តដូនណៃជាង ១០០ នាក់ បានឡោមព័ទ្ធ និងធាក់បំបែកសោរទ្វារទម្លុះចូលផ្ទះជួលរបស់យុវជនខ្មែរក្រោម យឿង ខាយ ដើម្បីរុករកសៀវភៅសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ។ អាជ្ញាធរ បានរឹបអូសសៀវភៅសិទ្ធិជនជាតិដើមជាង ១០០ ក្បាល ដោយចោទប្រកាន់យុវជន យឿង ខាយ ថាបានបោះពុម្ពចំលងសៀវភៅសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ ដោយមិនបានបង់ពន្ធឱ្យរដ្ឋវៀតណាម ។ អាជ្ញាធរវៀតណាមក៏បានបញ្ជូនខ្លួន យុវជន យឿង ខាយ ទៅសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកអស់រយៈពេលប្រហែល ១២ ម៉ោង ថែមទៀត មុននឹងត្រូវបានដោះលែងឱ្យត្រឡប់មកផ្ទះវិញនៅព្រឹកថ្ងៃបន្ទាប់ ។ នៅអធិការដ្ឋាន នគរបាលស្រុក យុវជនរូបនេះត្រូវបានអាជ្ញាធរចោមរោមបណ្តាក់គ្នាសួរចំលើយ និងបានប្រើ ពាក្យពេចន៍គំរាមកំហែងហិង្សាផងដែរ ។
លុះដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិចំនួន ៤ រូបដែលរួមមាន អ្នករាយការណ៍ពិសេសស្តីពីបញ្ហាជនជាតិភាគតិច លោក Fernand de Varennes អ្នករាយការណ៍ពិសេសស្តីពីការលើកកំពស់ និងការពារសិទ្ធិសេរីភាពសម្តែងមតិ និងទស្សនៈ អ្នកស្រី Irene Khan អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិ មនុស្ស អ្នកស្រី Mary Lawlor និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជនជាតិដើម លោក José Francisco Cali Tzay បានចេញលិខិតរួមគ្នាមួយស្នើឱ្យរដ្ឋាភិបាលវៀតណាមបកស្រាយអំពីការ ធ្វើទុក្ខបុកម្នេញទៅលើយុវជនខ្មែរក្រោម យឿង ខាយ ដោយទុកពេល ៦០ ថ្ងៃដើម្បីឆ្លើយតប មានន័យថា ត្រូវឆ្លើយតបនៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២១ ។
នៅក្នុងលិខិតចំនួន ៥ ទំព័រផ្ញើទៅកាន់ស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាម អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សទាំង ៤ រូប អះអាងថា យុវជន យឿង ខាយ គឺជាអ្នកការពារសិទ្ធិមនុស្សខ្មែរក្រោម ។ ពួកគេបានបញ្ចាក់ប្រាប់រដ្ឋាភិបាលវៀតណាមថា ខ្មែរក្រោម គឺជាជនជាតិដើមភាគតិច ដែលមានជាតិសាសន៍ សាសនា និងភាសាផ្ទាល់ខ្លួន គឺភាសាខ្មែរ ។
ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សទាំងអស់នេះ បានលើកឡើងក្នុងខ្លឹមសារដើមថា «ពួកយើងសម្តែងការបារម្ភអំពីរបាយការណ៍នៃការគំរាមកំហែង ហើយដែលការគំរាមកំហែងទំាងអស់នេះ អាចជាប់ទាក់ទងនឹងកិច្ចប្រឹងប្រែងរបស់យុវជន យឿង ខាយ ក្នុងការផ្សព្វផ្សាឯកសារ អង្គការសហប្រជាជាតិ ជាពិសេស គឺការលើកកំពស់ និងការបកប្រែសេចក្កីប្រកាសអង្គការ សហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNDRIP)» ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្ស បានទទូចឱ្យរដ្ឋាភិបាលវៀតណាម ឆ្លើយបំភ្លឺនូវចំណុចមួយចំនួន រួមមាន៖
ទី ១ ផ្តល់នូវព័ត៌មាន ឬយោបល់បន្ថែមទៀត ឆ្លើយតបចំពោះការចោទប្រកាន់លើរដ្ឋាភិបាលវៀតណាម ។
ទី ២ ពន្យល់អំពីមូលដ្ឋានច្បាប់ និងការពិតចំពោះការចាប់ខ្លួនយុវជន យឿង ខាយ ហើយថា តើការចាប់ខ្លួននេះ ធ្វើឡើងស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់រដ្ឋាភិបាលវៀតណាម ក្រោមកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ឬយ៉ាងណា ។
ទី ៣ បង្ហាញអំពីវិធានការ ដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាលវៀតណាម ដើម្បីធានាចំពោះ អ្នកការពារសិទ្ធិមនុស្ស ជាពិសេសអ្នកតស៊ូមតិ និងអ្នកធ្វើការ ដើម្បីការពារសិទ្ធិជនជាតិដើម និងជនជាតិភាគតិច ថាពួកគេអាចអនុវត្តការងារស្របច្បាប់ នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងអំណោយផល ដោយគ្មានការភ័យខ្លាច ការកាត់ទោស ការយាយី និងអំពើ ហិង្សា និងដោយមានការគោរពពេញលេញនូវសិទ្ធិពលរដ្ឋ និងនយោបាយរបស់ពួកគេ ឬយ៉ាងណា ។
ទី ៤ ផ្តល់ព័ត៌មានលំអិតអំពីការចាត់វិធានការនានាដើម្បីធានាថា អ្នកការពារសិទ្ធិមនុស្ស និងតួអង្គសង្គមស៊ីវិល នៅក្នុងប្រទេសវៀតណាម ព្រមទាំងក្រុមគ្រួសាររបស់ពួកគេមិនស្ថិត នៅក្នុងសកម្មភាពបំភិតបំភ័យ ឬការសងសឹក ដោយសារការចូលរួមរបស់ពួកគេក្នុងការលើកកំពស់ និងផ្សព្វផ្សាយឯកសារអង្គការសហប្រជាជាតិ ។
និងទី ៥ បង្ហាញ អំពីវិធានការដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាលវៀតណាមដើម្បីធានា ការពារ និងលើកកំពស់សិទ្ធិរបស់ជនជាតិដើម និងជនជាតិភាគតិច ក្នុងការប្រកាន់យក ទស្សនៈដោយមិនមានការជ្រៀតជ្រែក និងរីករាយក្នុងការអនុវត្តសិទ្ធិសេរីភាពសំដែងមតិ ទាំងសេរីភាពក្នុងការនិយាយស្តី ការសរសេរ ការបោះពុម្ព សិល្បៈ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដែលជាជំរើសរបស់ពួកគេ ។
អ្នករាយការណ៍ពិសេសទទូចដែរថា ក្នុងអំឡុងពេលរង់ចាំការឆ្លើយតប រដ្ឋាភិបាលវៀតណាម ត្រូវចាត់វិធានការចាំបាច់បញ្ឈប់រាល់ការរំលោភបំពាន និងបង្ការកុំឱ្យមានការរំលោភបំពាន កើតឡើងជាថ្មី ។ ពួកគេបញ្ជាក់ថា ក្នុងករណីរកឃើញថាពិតជាមានការរំលោភបំពានដូចការ ចោទប្រកាន់មែននោះ រដ្ឋាភិបាលវៀតណាមត្រូវធានាថា អ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះ ការរំលោភបំពាននេះ ។
ទោះជាយ៉ាងណា រដ្ឋាភិបាលវៀតណាមមិនបានឆ្លើយតបក្នុងរយៈពេល ៦០ ថ្ងៃដូចការកំណត់ នោះទេ ប៉ុន្តែ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ប្រចាំការិយាល័យអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភព លោក និងអង្គការអន្តរជាតិដទៃទៀត នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានផ្ញើលិខិតទៅ កាន់សាខានីតិវិធីពិសេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ស្នើសុំពន្យាពេលចំនួន ៣០ ថ្ងៃបន្ថែមទៀតដើម្បីឆ្លើយតប មានន័យថា ត្រូវឆ្លើយតប នៅថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០២១ ។ ប៉ុន្តែ មិនបានបញ្ជាក់អំពីមូលហេតុនៃការស្នើសុំពន្យាពេល នោះឡើយ ។
លុះដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋាភិបាលវៀតណាមបានឆ្លើយតប ដោយមានអត្ថន័យ ដូចខាងក្រោម៖
១) វៀតណាម គឺជាប្រទេសមួយ ដែលរួមមានក្រុមជនជាតិទាំងអស់ចំនួន ៥៤ នៅក្នុងនោះជន ជាតិ គិញ មានប្រជាជនភាគច្រើន (៨០%) ។ ក្រុមជនជាតិនានា ក្រៅពីនេះ ត្រូវបានគេហៅថា «ជនជាតិភាគតិច » ។ ក្នុងចំណោមជនជាតិទាំងអស់រួមទាំងជនជាតិគិញ គឺត្រូវបានទទួល សមភាពដូចគ្នា ។ បុគ្គលិកលក្ខណៈប្លែកគ្នានៃក្រុមប្រជាជាតិទាំងនោះគឺ ភាសា ទំនៀម ទម្លាប់ និងប្រពៃណី ។ ផ្អែកតាមប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ក្រុមជនជាតិទាំងឡាយនៃ វៀតណាម មានសាមគ្គីភាព និងប្រពៃណីអភិវឌ្ឍន៍ជាមួយគ្នា និងចូលរួមកិច្ចខិតខំប្រឹងប្រែង កសាង និងការពារប្រទេស ។ ហេតុដូច្នេះ សញ្ញាណនៃ «ក្រុមជនជាតិដើមភាគតិច» និង សិទ្ធិរបស់ជនជាតិដើមមិនកើតមានទេ ហើយក៏មិនសមស្របទៅនឹងសភាពលក្ខណៈរបស់ ក្រុមជនជាតិទាំងអស់នៅវៀតណាមដែរ ។
២) ការឃោសនាអំពីឧបករណ៍ និងអនុសញ្ញាទាំងឡាយស្តីពីសិទ្ធិមនុស្សមិនត្រូវបានហាមឃាត់ឡើយ ក្នុងប្រទេសវៀតណាម ។ ក្នងការអនុវត្តជាក់ស្តែងប្រទេសវៀតណាម បាន និងកំពុងអនវត្តកម្មវិធី និងគម្រោងជាច្រើន ដែលផ្សព្វផ្សាយអំពីឧបករណ៍ និងអនុសញ្ញាទាំងនេះ ក្នុងគោលបំណងបង្កើនការយល់ដឹងរបស់ប្រជាជនអំពីការទទួលបានសិទ្ធិមនុស្ស ។ ទោះជាយ៉ាងណា ច្បាប់វៀតណាម ហាមដាច់ខាតការរំលោភបំពានលើការឃោសនាអំពី ឧបករណ៍ និងអនុសញ្ញាស្តីពីសិទ្ធិមនុស្ស ដើម្បីបង្ខូចសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយព័ត៌មាន មិនពិត ស្តីពីគោលនយោបាយលើកកម្ពស់ និងការពារសិទ្ធិមនុស្សរបស់វៀតណាមដើម្បី សាបព្រោះការបំបែកបំបាក់ និងបំផ្លាញឯកភាពជាតិ ។
៣) អំពីករណីលោក យឿង ខាយ អាជ្ញាធរសណ្តាប់ធ្នាប់ បានរកឃើញថា ពលរដ្ឋម្នាក់នេះ បានបង្ហោះ និងចែករំលែកអត្ថបទជាច្រើននៅលើអ៊ីនធឺណិត បំភ្លៃប្រវត្តិសាស្ត្ររបស់ជនជាតិ ភាគតិចខ្មែរ និងវៀតណាមខាងត្បូង បានធ្វើការឃោសនាសម្រាប់ការបង្កើតនូវ «រដ្ឋខ្មែរកម្ពុជាក្រោម » នៅលើទឹកដីប្រទេសវៀតណាម ហើយលោក យឿង ខាយ ក៏មានទំនាក់ទំនង ដ៏ស្មុគស្មាញជាច្រើន ជាមួយអង្គការមិនមែនរដ្ឋាភិបាលនានានៅឯបរទេស ។ អង្គការទាំងនេះ តែងតែធ្វើសកម្មភាពជ្រុលនិយម ញុះញង់ជនជាតិភាគតិចឲ្យមានការស្អប់ខ្ពើម បង្កការបែក បាក់សាមគ្គីភាពជាតិ ញុះញង់បំបែកបំបាក់ និងការធ្វើស្វ័យភាព ព្រមទាំងគម្រាមកំហែងដល់ សន្តិសុខជាតិ ឯកភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសវៀតណាម ។
៤) អង្គការទាំងឡាយខាងលើនេះ តែងតែរំលោភបំពានក្នុងការឃោសនាអំពី «សេចក្តីប្រកាសរបស់អង្គសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតដើម» ហើយមានរួមបញ្ចូលទាំងការ ឃោសនា និងការបកស្រាយខុសអំពីខ្លឹមសារ និងស្មារតីនៃ សេចក្តីប្រកាស ដោយមាន «សិទ្ធិសម្រេចវាសនាដោយខ្លួនឯងរបស់ជនជាតិដើមខ្មែរ» នៅក្នុងប្រទេសវៀតណាម ប្រវត្តិសាស្ត្រវៀតណាមខាងត្បូង ដោយលើកហេតុផលថា តំបន់នេះគឺជាកម្មសិទ្ធិរបស់ជនជាតិខ្មែរ ហើយផ្តើមពីចំណុចនោះ ក៏មានផែនការដើម្បីធ្វើសកម្មភាពជាទ្រង់ទ្រាយធំដុំ ដូចបានរាយការណ៍ខាងលើ ។
៥) នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចរបស់វៀតណាមបានធ្វើការត្រួត ពិនិត្យរដ្ឋបាលនៅឯគេហដ្ឋានរបស់លោក យឿង ខាយ ។ ក្នុងព្រឹត្តិការណ៍នោះ សមត្ថកិច្ច បានរកឃើញសំណេរចម្លងបកប្រែអំពី «សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម» ចំនួន ១០២ ច្បាប់ និងឯកសារនានាដែលសរសេរបំភ្លៃប្រវត្តិសាស្ត្ររបស់វៀតណាមភាគខាងត្បូង គម្រោងស្នើការធ្វើ «សិទ្ធិស្វ័យសម្រេចវាសនាដោយខ្លួនឯង របស់ជនជាតិដើម» ។ នៅក្នុងអំឡុងពេលសួរនាំ លោក យឿងខាយ មិនបានសហការ ឬផ្តល់ព័ត៌មានអំពីប្រភពដើមស្របច្បាប់នៃឯកសារទាំងនេះទេ ។ ដូច្នេះ សមត្ថកិច្ចជំនាញបាន អញ្ជើញលោក យឿង ខាយ មកប៉ុស្តិ៍នគរបាលដើម្បីធ្វើការបំភ្លឺ (លិខិតអញ្ជើញត្រូវបានបញ្ជូនទៅឲ្យលោក យឿង ខាយ) ។
៦) នៅឯទីស្នាក់ការប៉ូលីស លោក យឿង ខាយ បានសារភាពថា គាត់ត្រូវបានផ្តល់ជូននូវ សេចក្តីចម្លងចំនួន ១២០ ច្បាប់អំពី «សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម» ហើយនេះគឺជាគោលបំណងបង្កើតឲ្យមានអំពើបែងចែកការឯកភាពជាតិ ។ ក្នុងពេលជាមួយគ្នានេះដែរ គាត់មិនបានបញ្ជាក់អំពី ភាពស្របច្បាប់ក្នុងការបោះពុម្ពឯក សារខាងលើនេះទេ ។ សកម្មភាពរបស់គាត់គឺជាការបំពានបទប្បញ្ញត្តិ នៃច្បាប់របស់វៀតណាមក្នុងវិស័យសារព័ត៌មាន និងកិច្ចការបោះពុម្ពផ្សាយ ។ អាជ្ញាធរ មានសមត្ថកិច្ច សម្រេចចិត្តរឹបអូសយកឯកសារខាងលើ ហើយបានព្រមានលោក យឿង ខាយ ហាមឲ្យ ឈប់បន្តធ្វើសកម្មភាព ដែលប្រឆាំងនឹងគោលនយោបាយរបស់វៀតណាម ស្តីពីការរួបរួម និងអភិវឌ្ឍន៍ជនជាតិភាគតិច ។ នៅវេលាម៉ោង ១១ : ០០ នាទីព្រឹក ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ អាជ្ញាធរសមត្ថកិច្ចបានប្រគល់សងលោក យឿង ខាយ វិញនូវម៉ាស៊ីនកុំព្យុទ័រ និងទូរស័ព្ទ ។ ប៉ូលីសមិនបានគម្រាមកំហែងប្រើកម្លាំងតបទៅលើ យឿង ខាយ ដូចការចោទប្រកាន់ដែលមាន នៅក្នុងលិខិតរួមគ្នានោះទេ ។
ចំពោះការបកស្រាយរបស់រដ្ឋាភិបាលវៀតណាមនេះ ត្រូវបានអង្គការ UNPO បានលើកឡើង ថា ជាការឆ្លើយតបមានបញ្ហាយ៉ាងខ្លាំង ។ UNPO បន្តថា ជាជាងបដិសេធថាសកម្មភាពគាប សង្កត់បានកើតឡើង ឬសារភាពថា វៀតណាមបានធ្វើ និងលើកឡើងអំពីដំណើរការ ដោះស្រាយ រដ្ឋាភិបាលវៀតណាមបានសារភាពថា លោក យឿង ខាយ ពិតជាត្រូវបានចាប់ ខ្លួនពីបទកាន់កាប់ច្បាប់ចម្លង នៃសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ។
UNPO អះអាងថា «ជនជាតិដើមមានប្រមាណ ១៥% នៃចំនួនប្រជាជនវៀតណាម ហើយថា ខ្មែរក្រោមគឺជាសហគមន៍ជនជាតិដើមមួយក្នុងចំណោមសហគមន៍ជនជាតិដើមផ្សេងទៀត» ហើយថាការ «បដិសេធរបស់វៀតណាម ថាមិនមានវត្តមានជនជាតិដើម នាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងដល់សហគមន៍ជនជាតិដើម» ។
UNPO បន្ថែមថា «នៅប្រទេសវៀតណាម ការស្វែងរកឋានៈជាជនជាតិដើម គឺមានគ្រោះថ្នាក់ ខ្លាំងណាស់ដែលសូម្បីតែខ្មែរក្រោម ពាក់អាវយឺត ដែលមាននិមិត្តសញ្ញាគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក៏ត្រូវចាប់ខ្លួនដែរ ។
UNPO សង្កត់ធ្ងន់ថា «នៅក្នុងប្រទេសវៀតណាម ប្រសិនបើមនុស្សម្នាក់អាចត្រូវបានដាក់ទោសព្រហ្មទណ្ឌដោយគ្រាន់តែកាន់កាប់ និងចែកចាយឧបករណ៍សិទ្ធិមនុស្ស ដែលរដ្ឋាភិបាលវៀតណាម ខ្លួនឯងជាអ្នកចូលរួមបង្កើតឡើង ដូច្នេះការគាបសង្កត់ប្រជាពលរដ្ឋ និងការលុបបំបាត់សេរីភាពនៃការបញ្ចេញមតិ និងទស្សនៈ មិនអាចមានដែន កំណត់ឡើយ» ។
ចំណែកសហព័ន្ធខ្មែរកម្ពុជាក្រោមវិញ លើកឡើងថា ប្រសិនបើនៅក្នុងប្រទេសវៀតណាម គ្មានជនជាតិដើមនោះទេ ហេតុអ្វីវៀតណាមបញ្ជូនតំណាងរបស់ខ្លួនចូលរួមវេទិកាអចិន្រ្តៃយ៍ អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNPFII) ជារៀងរាល់ឆ្នាំ តាំងពីសហព័ន្ធខ្មែរ កម្ពុជាក្រោមចូលរួម UNPFII តាំងពីឆ្នាំ ២០០៤ នោះមក ? ។
លើសពីនេះ វៀតណាម ថែមទាំងបោះឆ្នោតគាំទ្រអនុវត្តសេចក្តីប្រកាសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមទៀត ប៉ុន្តែ បែរជាបដិសេធថាគ្មានជនជាតិដើម នៅក្នុងប្រទេសវៀតណាម ទៅវិញ ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ចោទសួរវិញថា ប្រសិនបើឯកសារនៃអនុសញ្ញាទាំងឡាយរបស់ អ.ស.ប អាចត្រូវបានគេប្រើប្រាស់ដើម្បី «បំផ្លាញឯកភាពជាតិ » មែននោះ តើរដ្ឋាភិបាលវៀតណាម និយាយក្នុងន័យថា ឯកសារទាំងឡាយ អនុសញ្ញាទាំងឡាយរបស់ អ.ស.ប មិនល្អត្រឹមត្រូវក្នុងការចែកផ្សាយនៅប្រទេសវៀតណាមទេ ឬយ៉ាងណា ? ។
សហព័ន្ធខ្មែរកម្ពុជាក្រោម កត់សម្គាល់ថា រដ្ឋាភិបាលវៀតណាម នៅតែប្រើយុទ្ធសាស្ត្រ ដើម្បីចោទជនជាតិដើម នៅវៀតណាម ថា បានតស៊ូមតិបង្កើតរដ្ឋរបស់ខ្លួន ដែលនេះគឺជាការបើកផ្លូវ ឲ្យវៀតណាមអាចប្រើជាហេតុផលផ្លូវច្បាប់ ដើម្បីចាប់ខ្លួនជនជាតិដើម ។
រដ្ឋវៀតណាម បានប្រើយុទ្ធសាស្ត្រ ដូចគ្នា ដើម្បីពន្យល់ដល់អ្នករាយការណ៍ពិសេសថា យឿង ខាយ បានចែករំលែកឯកសារដែលមាន «ការឃោសនាដើម្បីបង្កើតរដ្ឋខ្មែរកម្ពុជាក្រោម នៅលើទឹកដីរបស់វៀតណាម» ។ ប្រសិនបើរឿងនេះ ជាការពិតមែន នោះលោក យឿង ខាយ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគាររួចទៅហើយ ពីព្រោះនោះ គឺជាការរំលោភទៅលើមាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌ ដែលហាមឃាត់ការ «ឃោសនាប្រឆាំងនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម» ។ ដូចដែលគេបានដឹងមកហើយថា រដ្ឋវៀតណាម បានប្រើប្រាស់មាត្រា ៨៨ នេះ ដើម្បីចាប់សកម្មជននានាដាក់គុក ។
សហព័ន្ធខ្មែរកម្ពុជាក្រោម អះអាងថា ក្នុងនាមជាជនជាតិដើមនៃដែនដីសណ្តទន្លេមេគង្គ ខ្មែរក្រោមត្រូវមានសិទ្ធិទទួលបាននូវសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង ដូចមានចែង នៅក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិជាច្រើន ដែលរដ្ឋវៀតណាមបានស្ម័គ្រចិត្តចុះហត្ថលេខា ផ្តល់សច្ចាប័នជាមួយ អ.ស.ប ជាពិសេស គឺនៅក្នុងមាត្រា ៣ នៃសេចក្តីប្រកាសរបស់ អ.ស.ប ស្តីពីសិទ្ធិជនជាតិដើម ។ ដូច្នេះ ប្រសិនបើខ្មែរក្រោម អនុវត្តនូវសិទ្ធិណាមួយ ដែលមានចែង នៅក្នុងមាត្រាទាំង ៤៦ នៃសេចក្តីប្រកាសរបស់ អ.ស.ប ស្តីពីសិទ្ធិជនជាតិដើម (UN DRIP) នោះ រដ្ឋវៀតណាមគួរគប្បីគាំទ្រច្បាប់ផ្ទៃក្នុង និងមិនបន្តរំលោភសិទ្ធិជនជាតិដើមឡើយ ។ លើសពីនេះទៀត ប្រសិនបើខ្មែរក្រោមនៅវៀតណាមទាមទារសិទ្ធិក្នុងការ «សម្រេចវាសនា ដោយខ្លួនឯង » នោះ ក៏គឺជាការទាមទារមួយដោយស្របច្បាប់ មិនមែនជាការឃោសនា បកស្រាយណាមួយឲ្យខុសអំពីខ្លឹមសារ និងស្មារតី នៃសេចក្តីប្រកាសនោះឡើយ ។
អង្គការ UNPO បានអំពាវនាវថា ដល់ពេលវេលាហើយ ដែលសហគមន៍អន្តរជាតិត្រូវគិតគូរឡើងវិញ អំពីការធ្វើពាណិជ្ជកម្មជាមួយវៀតណាម ដែលជាប្រទេសមួយមិនគោរពសិទ្ធិជាមូលដ្ឋាន ដែលបានចែង នៅក្នុងសេចក្តីប្រកាស និងសេចក្តីព្រមព្រៀងទាំងឡាយដែលរដ្ឋវៀតណាម បានយល់ព្រមអនុម័តចុះហត្ថលេខា និងផ្តល់សច្ចាប័នជាមួយ អ.ស.ប ៕