លោក ​តាំង សារៈ កវី​កម្សត់​​ម្ចាស់​វណ្ណកម្ម «វាសនា​បុប្ផា​ខ្មែរ​ក្រោម» ​

0 300

ដោយ លី ឈូន

ប្រលោម​លោក​មនោ​សញ្ចេតនា​ រឿង​វាសនា​បុប្ផា​ខ្មែរ​ក្រោម​ជា​ស្នា​ដៃ​និពន្ធ​ទី ​៤ ​របស់​ កវី​ខ្មែរ​ក្រោម​តាំង សារៈ ។ ​ស្នា​ដៃ​ទី ១ របស់​លោក​គឺ​រឿង​ទារុណ​កម្ម​ស្នេហ៍​ ទី ២ រឿង​វាសនា​នាង​វ៉ារី​ និង​ទី ​៣ គឺ​រឿង​ស្ដាយ​ក្លិន​រំដួល​ ។ ប្រលោម​លោក​ទាំង​បី​រឿង​នេះ ​សុទ្ធ​តែ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​សារព័ត៌មាន​ឧត្ដម​គតិ​ខ្មែរ​ ក្នុង​អំឡុង ឆ្នាំ ១៩៩៤ និង ១៩៩៥ ។ លោក​តាំង សារៈ​ ចាប់​ផ្ដើម​សរសេរ​រឿង​វាសនា​បុប្ផា​ខ្មែរ​ក្រោម ​នា​ដើម​សហស្សវត្ស​នេះ ​ ហើយ​បាន​បញ្ចប់​នៅ​ឆ្នាំ ២០០៤ និង ១៣ ឆ្នាំ​ក្រោយ​មក​ ទើប​បាន​បោះ​ពុម្ព​ផ្សាយ​ជា​សាធារណៈ​ ។ ទោះ​ជា​រឿង​វាសនា​បុប្ផា​ខ្មែរ​ក្រោម​ ធ្លាប់​បាន​ ចុះ​ផ្សាយ​លើ​ទំព័រ​សារព័ត៌មាន​នគរភ្នំ​ និង​ព្រឹត្តិបត្រ​កម្ពុជាក្រោម​ក្ដី ហើយ​កវី​ខ្មែរ​ក្រោម​រូប​នេះ​ ធ្លាប់​មាន​ស្នា​ដៃ​តែង​និពន្ធ​រាប់​មិន​អស់​ក្ដី ធ្លាប់​ជា​និពន្ធ​នាយក​កាសែត​ និង​វិទ្យុ​ជា​ច្រើន​អង្គភាព​ក្ដី​ ក៏​ពេល​នេះ វណ្ណកម្ម​ថ្មី វាសនា​បុប្ផា​ខ្មែរ​ក្រោម​របស់​លោក​ពុំសូវ​មាន​អ្នកស្គាល់​ឡើយ​ ។ ​អ្នក​និយម​អាន​សៀវភៅ​លើក​ឡើង​ថា ​វាសនា​បុប្ផា​ខ្មែរ​ក្រោម​ ដែល​ពុំសូវ​មាន​អ្នក​ស្គាល់​ ក៏​ព្រោះ​តែ​​រឿង​នេះ​​មិន​បាន​ផ្សព្វ​ផ្សាយ​​​ ​ទូលំ​ទូលាយ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​ ។

ប្រលោម​លោក​មនោ​សញ្ចេតនា​ រឿង​ «វាសនា​បុប្ផា​ខ្មែរ​ក្រោម​» និពន្ធដោយកវី​ខ្មែរ​ក្រោម លោក ​តាំង សារៈ ។
ប្រលោម​លោក​មនោ​សញ្ចេតនា​ រឿង​ «វាសនា​បុប្ផា​ខ្មែរ​ក្រោម​» និពន្ធដោយកវី​ខ្មែរ​ក្រោម លោក ​តាំង សារៈ ។

ជួប​អូន​ដំបូង​នៅ​ហាង​បាយ​ ឃើញ​ភក្ត្រ​ឆោម​ឆាយ​ល្អ​គយ​គន់​

គ្រា​ដែល​បង​ជួប​សែន​ចៃដន្យ​ បង​តែង​គយ​គន់​មិន​ជិន​ណាយ​។

ដំបូង​គ្រាន់​តែ​នឹក​អាណិត​ ក្រោយ​មក​ប្រតិ​ព័ទ្ធ​មិន​រសាយ​

បួង​សំរូង​​សូម​ជួប​ស្រស់​ឆោម​ឆាយ​ តែ​យើង​ពីរ​កាយ​សែន​ឆ្ងាយ​គ្នា​។

ខាងលើ​​នេះ​ ​ជា​កម្រង​កំណាព្យ​ក្នុង​វគ្គ​ទី ​១ ​នៃរឿង​វាសនា​បុប្ផា​ខ្មែរ​ក្រោម ​​​ដែល​អ្នកស្រី ​គៀង ធី​ប៉ា ជា​ការី​កុំព្យូ​ទរ​ នៃ​រឿង​នេះ បង្ហោះ​លើ​​គណនី​​ហ្វេស​​​ប៊ុក​របស់​ខ្លួនឈ្មោះ ​Thipa​ Kieng ។

ក្នុង​វ័យ ​៦៦​ ឆ្នាំ​ជា​កូន​អ្នក​ស្រែ​ខ្មែរ​ក្រោម​ តែ​លោក​ តាំង​ សារៈ​ កវី​ខ្ញី​ចាស់​រូប​នេះ ​មិន​ស្គាល់​រស​ជាតិ​ធ្វើ​ស្រែ​ភ្លឺ​សោះ​នោះ រៀប​រាប់​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​លោក​ចង​ក្រង​ប្រលោម​លោក ផ្នែក​មនោ​សញ្ចេតនា​នេះ​ឡើង​ព្រោះថា​ រឿង​រ៉ាវ​កម្ពុជា​ក្រោម​ ទាក់​ទិន​ និង​រឿង​សង្គ្រាម​ រឿង​ប្រវត្តិសាស្ត្រ​ ភូមិសាស្ត្រ មាន​បណ្ឌិត​​ កវី​ និពន្ធ​បាន​ចង​ក្រង​ដែរ​ហើយ ។ តែ​ចំពោះ​រឿង​ ប្រលោម​លោក មិន​មាន​ទាន់​មាន​កវី​ណា​ចង​ក្រង​ទាល់​តែ​សោះ​៖ «ទី១ ដើម្បី​ឲ្យ​នៅ​ស្រុក​ខ្មែរ​នឹង​មាន​ប្រលោមលោក​ឈ្មោះ​ថា​ ខ្មែរ​កម្ពុជា​ក្រោម​ហ្នឹង​មួយ​ ព្រោះ​តាំង​ពី​ដើម​មក​ មិន​ដែល​មាន​ប្រលោម​លោក​ណា​សរសេរ​ជា​សៀវភៅ​ ហើយ​មាន​ឈ្មោះ កម្ពុជា​ក្រោម​ ឬ​ ខ្មែរ​ក្រោម​ហ្នឹង​អត់​មាន​ទេ​ មាន​តែ រឿង​មួយ​ដែល​លោក​ ចៅ ​វ៉ា​ គាត់​ធ្វើ​បាន​ជា​ខ្សែ​ភាព​យន្ត​ គឺ​រឿង​បុប្ផា​កម្ពុជា​ក្រោម​ តែ​រឿង​ហ្នឹង​ហាក់​បី​ដូច​ជា​ផ្សព្វ​ផ្សាយ​មិន​បាន​ ឬ បញ្ចាំង​ឲ្យ​ទូលំ​ទូលាយ​ ហើយ​រហូត​ដល់​សព្វ​ថ្ងៃ​ ក៏​បាត់​ឈឹង​ទៅ​»

កវី​សម្បុរ​ស្រ​អែម មុខ​ពង​រាង​ក្រ​ពើ សំដី​មួយ​ ៗ ​តែ​សរសេរ​ច្រើន ​ដែល​បម្រើ​សង្គម​ខ្មែរ​ក្រោម​ ជិត​មួយ​ជីវិត​នេះ​ រៀបរាប់​បន្ថែម​ថា​ រឿង​វាសនា​បុប្ផា​ខ្មែរ​ក្រោម​ មិន​គ្រាន់តែ ​បម្រើ​ផ្នែក​មនោ​សញ្ចេតនា​ដល់​យុវវ័យ ​ឬ អ្នក​និយម​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​បង្ហាញ​អំពី​ទំនាក់​ទំនង​រវាង​មន្ត្រីរាជការ​ មន្ត្រី​រដ្ឋការ​​កម្ពុជា​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​​ ទៀត​ផង៖ «ទី​២ ក៏​ចង់​បង្ហាញ​ពី​ព្រឹត្តិការណ៍​ផ្សេង ៗ ដែល​វា​មាន​ទំនាក់​ទំនង​រវាង​កម្ពុជា​ហើយ​ និង​កម្ពុជា​ក្រោម​ ដូច​ជា​ដំណើរ​ទស្សនកិច្ច​នៃ​ប្រតិ​ភូ​កម្ពុជា​ ដែល​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ក្រោម​ ហើយ​ករណី​ស្ថាន​ទូត​របស់​ខ្មែរ ប្រចាំ​នៅ​ទី​ក្រុង​ព្រៃនគរ​ បាន​ហែ​កឋិន​ទៅ​វត្ត​ខ្មែរ ​នៅ​កម្ពុជា​ក្រោម​ គឺ​វត្ត​ពេល​លាវ​ថ្មី​ជា​ដើម​ គឺ​ក្នុង​គោល​បំណង​អីចឹង​ » ។​

គូ​យើង​ជា​គូ​ពី​ព្រេង​ព្រឹទ្ធ ​ស្នេហ៍​ចិត្ត​និង​ចិត្ត​មិន​បែក​បែរ

ព្រេង​ភព្វ​វាសនា​ជួយ​បង្វែរ ​ឱ្យ​ស្នេហ៍​និង​ស្នេហ៍​បាន​ជួប​ជិត​ ។

មិន​អាច​មាន​អ្វី​មក​ពង្រាត់ ឲ្យ​យើង​ប្រាស​ព្រាត់​ទេ​វរមិត្រ

​ព្រាត់​ព្រោះ​មច្ចុរាជ​មិន​ភ័យ​ភិត​ ត្បិត​នេះ​ធម៌​ពិត​នៃ​ត្រី​ល័ក្ខណ៍ ។

កំណាព្យ ដែល​លោក​អ្នក​ទើប​អាន​អម្បាញ់មិញ​នេះ​ ជា​កំណាព្យ​វគ្គ​ទី​ ៧ ជា​វគ្គ​ចុង​បញ្ចប់​ នៃ​រឿង​វាសនា​បុប្ផា​ខ្មែរ​ក្រោម ដែល​អាន​ដោយ​យុវតី​ខ្មែរ​ក្រោម​ សឺន​ គន្ធា​ នៅ​ខេត្ត​កែវ ។ នេះជា​កម្រង​កំណាព្យ​ក្នុង​វគ្គ​ទី ​១ ​នៃ រឿង​វាសនា​បុប្ផា​ខ្មែរ​ក្រោម ​​​ដែល​កាបុរស​ម្នាក់​ ឈ្មោះ ទ្រី​សាម (Try Sam) បង្ហោះ​លើ​​គណនី​​ហ្វេស​​​ប៊ុក​ឈ្មោះ​រំដួលស្វាយរៀង ។​

ចំណែក​យុវតី​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ម្នាក់​ នៅ​ប្រទេស​ថៃ​ កញ្ញា ថាច់ ធី ជួប ​រៀបរាប់​ថា​ ពី​មុន​នាង​ធ្លាប់​អា​នរឿង​ប្រលោម​លោក​ខ្លះ​ដែ រ​តែ​មិនសូវ​ចាប់​ចិត្ត​ដិត​អារម្មណ៍​នោះ​ទេ​ តែ​ចំពោះ​រឿង​វាសនា​បុប្ផា​ខ្មែរ​ក្រោម ​នាង​ចូល​អារម្មណ៍​ខ្លាំង ​ព្រោះ​នាង​មាន​ស្រុក​កំណើត​នៅ​ ភូមិ​ព្រៃ​ជាប់ ​ស្រុក​ជ្រោយ​ញ ​ខេត្ត​ឃ្លាំង ​ដែល​ជា​ស្រុក​កំណើត​របស់​នាង​បុប្ផា​ ជា​តួ​អង្គ​ក្នុង​រឿង​វាសនា​បុប្ផា​ខ្មែរ​ក្រោម ។

​កញ្ញា​បុប្ផា​ព្រៃ​ជាប់​រូប​នេះ បន្ថែម​ថា ​នាង​ចង់​បាន​ឱ្យ​រឿង​នេះ ​ផ្សព្វ​ផ្សាយ​ប្រព័ន្ធ​អ៊ីន​ធឺណិត​៖ «ពេល​អាន​រឿង​នេះ​ម្ដង ៗ ទឹក​ភ្នែក​ខ្ញុំ​ដែល​ហូ​ច្រើន​ជាង​គេ គឺ​នៅ​ពេល​ដែល​នាង​បុប្ផា​ត្រូវ​ម្ដាយ​ក្មេក​ដេញ​ចេញ​ពី​ផ្ទះ​ ។ ហើយ​នឹង​នៅ​គ្រា​ ដែល​បុប្ផា​និ ង​វិបុល​បាន​ជួប​គ្នា​វិញ​ ។ ខ្ញុំ​ចង់​ឲ្យ​បាន​រឿង​នេះ ​ផ្សាយ​តាម​ប្រព័ន្ធ​ Youtube ​ដើម្បី​ឱ្យ​ពួក​ម៉ាក​ខ្ញុំ​ បង​ប្អូន​ខ្ញុំ​ នៅ​កម្ពុជាក្រោម​ គាត់​បាន​ស្ដាប់​ផង​ »

​ចំណែក បុរស​ខ្មែរ​ក្រោម​ម្នាក់​ ដែល​និយម​អាន​សៀវភៅ​ កាសែត​ ឈ្មោះ ​ពេជ្រ​ តារា​ សព្វ​ថ្ងៃ​លោក​រស់​នៅ​ទី​ក្រុង​ភ្នំពេញ​ លើក​ឡើង​ថា លោក​ធ្លាប់​តាម​ដាន​អាន​ ស្ដាប់​ អត្ថបទ​ សៀវភៅ​ ដែល​ជា​ស្នារ​ដៃ​ តែង​និពន្ធ​ របស់​លោក ​តាំង សារៈ​ ជា​ច្រើន​មក​ហើយ​ ។ រួម​ទាំង​រឿង​​ប្រលោម​លោក​ ពីរ បី រឿង​របស់​លោក ​តាំង​ សារៈ ​ដែល​ធ្លាប់​ចុះ​ផ្សាយ​លើ​ទំព័រ​កាសែត​ឧត្ដម​គតិ​ខ្មែរ​នោះ​ផង ។

បុរស​​និយម​អាន​សៀវភៅ​ កាសែត​ នេះ​បន្ត​ទៀត​ថា ចំពោះ​រឿង​វាសនា​បុប្ផា​ខ្មែរ​ក្រោម​នេះ ​មាន​ខ្លឹម​សារ អត្ថរស ពាក្យ​ពេចន៍​គួរ​ជា​ទី​ចាប់​អារម្មណ៍​​ណាស់ តែ​ដោយសារតែ រឿង​នេះ​មិន​បាន​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​តាម​បណ្ដាញ​អ៊ីន​ធឺណិត​ បាន​ជា​មិន​សូវ​មាន​អ្នក​ស្គាល់​៖ «សម័យនេះ គេ​លែង​កាន់​ក្រដាស​​អស់​ហើយ​ គេ​កាន់​តែ​ទូរស័ព្ទ​ដៃ​ ឬ​ អៃ​ផេក​ វា​ស្រួល​ដៃ​ជាង​ សំបូរ​បែប​ជាង​ ។ ម្យ៉ាង​ទៀត​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ ពួក​គាត់​មិន​សូវ​ចេះ​អក្សរ​ខ្មែរ​ប៉ុន្មាន​ផង ​ដូច្នេះ​បើ​មិន​ចុះ​ផ្សាយ​ជា​សម្លេង​ ឬ​ រូប​ភាព​ តាម​ប្រពន្ធ​អិន​ធឺណែត​នោះ​ទេ​ ក៏​ពួក​គាត់​ មិន​អាច​ស្គាល់​មិន​អាច​យល់​បាន​ដែរ​»

ការ​លើក​ឡើង​មក​នេះ ​បន្ទាប់​ពី​មាន​អ្នក​អាន​មួយ​ចំនួន​ចង់​ស្គាល់​ម្ចាស់​វណ្ណកម្ម​វាសនា​បុប្ផា​ខ្មែរ​ក្រោម​ ពី​ព្រោះ​ពួក​គេ​មិន​ធ្លាប់​ឃើញ​ទាល់​តែ​សោះ នូវ​ប្រលោម​លោក​ទាក់​ទង​នឹង​រឿង​រ៉ាវ​កម្ពុជាក្រោម​ ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដូច្នេះ​ ។

លោក តាំង សារៈ ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន
លោក តាំង សារៈ ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន

រឿង​វាសនា​បុប្ផាខ្មែរក្រោម ជា​ស្នា​ដៃ​និពន្ធ​លើក​ទី ៤ របស់​លោក​តាំង​ សារៈ​ស្នា​ដៃ​និពន្ធ​លើក​មុន ៗ​ របស់​លោក​គឺ រឿង​ទារុណ​ស្នេហ៍​កម្ម រឿង​វាសនា​នាង​វ៉ារី​ និង​រឿង​ស្ដាយ​ក្លិន​រំដួល​ ដែល​រឿង​ទាំង នេះ​សុទ្ធ​តែ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​កាសែត​ឧត្ដមគតិ​ខ្មែរ​ នៅ​អំឡុង​ឆ្នាំ ​១៩៩៤ ​និង​ ១៩៩៥​ ។​

​រឿង​វាសនា​បុប្ផា​ខ្មែរ​ក្រោម​ ដែល​តួ​អង្គ​ប្រុស​ឈ្មោះ​វិបុល ជា​កំលោះ​​ភ្នំពេញ ​ ឯ​តួអង្គ​ស្រី​មាន​​ឈ្មោះ​ថា​បុប្ផា ​ ជា​ក្រមុំ​ ស្រុក​ជ្រោយ​ញ​ ខេត្ត​ឃ្លាំង ​កម្ពុជា​ក្រោម​នេះ​ កវី​យើង​ចំណាយ​ពេល​សរសេរ​អស់​ ៤ ឆ្នាំ គឺ​បញ្ចប់​នៅ ​២០០៤​ ។ រឿង​ប្រដិត​ដែល​ក្លាយ​ជា​រឿង​ពិត​នេះ ទើប​តែ​បាន​បោះ​ពុម្ព​ផ្សាយ​ជា​សៀវភៅ មាន​កម្រាស់​ ១២៥​ ទំព័រ ​កាល​ពី​ឆ្នាំ​ ២០១៧ នេះ​ តែ​មិន​ទាន់​បាន​ផ្សព្វ​ផ្សាយ​ នៅ​លើ​បណ្ដាញ​អិន​ធឺណេត ​នៅ​ឡើយ ៖ «វា​គ្មាន​ទាក់​ទង​នឹង​រឿង​ពិត​របស់​តួ​អង្គ​ណា ឬ ទាក់​ទង​មួយ​តួ​ឯក​ប្រុស​ តួ​ឯក​ស្រី​ណា​មួយ​ទេ រឿង​នេះ​ជា​គំនិត​របស់​ខ្ញុំ​នឹក​ឃើញ​ចង​ក្រង​ឡើង​ ហើយ​រឿង​នេះ​មាន​ផ្សាយ​នៅ​ក្នុង​កាសែត​នគរ​ភ្នំ​ និង​​បន្ទាប់​មក​បាន​ចុះ​ផ្សាយ​ទៅ​ក្នុង​ព្រឹត្តិបត្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ យើង​បាន​ប៉ុន្មាន​លេខ​ដែរ​ ចុះ​ផ្សាយ​មិន​បាន​ប៉ុន្មាន​ផង​ក៏​ចប់​ទៅ » ។​

លោក​ តាំង​ សារៈ​ កើត​នៅ​ថ្ងៃ​ទី​ ៣​ មិនា​ឆ្នាំ ១៩៥៤ នៅ​ភូមិ​ព្រៃ​ជាប់​ ឃុំ​ទឹកសាប ​ស្រុក​ជ្រោយ​ញរ​ខេត្ត​ពល​លាវ​ (បច្ចុប្បន្ន​ជា​ខេត្ត​​ឃ្លាំង) ក្នុង​ត្រកូល​កសិករ​ ។

​លោក​ជា​អតីត​អាចារ្យ​បង្រៀន​សាលា​ធម្ម​វិនយ​​ នៅ​វត្ត​ទេពា​រាម​ព្រៃ​ជាប់​ ។ ជា​អតីត​អគ្គលេខាធិការ​គណៈ​កម្មការ​តស៊ូ​ ដើម្បី​ទាម​ទារ​នាទី​ជន​ជាតិ​ភាគ​តិច​ ជូនប្រជាជាតិ​ខ្មែរ​ក្រោម​ ប្រ​ចាំ​សហខេត្ត មាន​ខេត្ត​ព្រះ​សួគ៌ា​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ បា​រៀ (Ba​ria)​ និង​ ខេត្ត​​ អូរ​កាប់​​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ វុងតាវ (Vung Tau) ។ ជា​អតីត​អគ្គ​លេខា​ធិការ​គណៈ​ពុទ្ធសាសនា​ថេរវាទ ខេត្ត​ពល​លាវ​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ បាក់លីវ (Bac lieu) និង​ជា​អតីត​អ្នក​ជាប់​ពន្ធនា​គារ​យួន​ស្រុក​ជ្រោយ​ញ ​ខេត្ត​ឃ្លាំង និង ព្រែក​ឫស្សី ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ កឹង ធើ (Can Tho ) ។

ក្រោយ​ពី​រួច​ពី​ពន្ធនាគារ​ លោក​ តាំង​ សារៈ​ បាន​កសាង​សង្គម​គ្រួសារ​ សង្ឃឹម​ថា​នឹង​រស់​បាន​សុខ​សាន្ត​ក្នុង​ស្រុក​កំណើត ​តែ​អាជ្ញាធរ​យួន​តែង​តែ​គាប​សង្កត់​បៀត​បៀន​លោក​គ្រប់​ពេល​វេលា​ លោក ​ក៏​សម្រេច​ចិត្ត​ចាក​ចោល​គ្រួសារ​ឡើង​ ទៅ​ព្រះ​រាជាណាចក្រ​កម្ពុ ជា​នៅ​ឆ្នាំ​ ១៩៨២ ។​

នៅ​កម្ពុជា​ កវី​កំសត់ តាំង សារៈ​ នៅ​តែ​បន្ត​បម្រើ​សង្គម​ដដែល​ គឺ​លោក​ធ្វើ​ជា​ប្រធាន​សាខា​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ខេត្ត​ពោធិ​សត្វ និង​ជា​ប្រធាន​សាខា​សមាគម​ការពារ​សិទ្ធិ​មនស្ស​ខ្មែរ​កម្ពុជា​ក្រោម ​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​ និង​ខេត្ត​តាកែវ​ ។ ​លោក តាំង សារៈ ​ក៏​បាន​បំពេញ​ការ​ងារ​ក្នុង​ស្ថាប័ន​ជាតិ​កម្ពុជា ​ជា​ច្រើន​អង្គភាព​ផង​ដែរ​ មាន​ជា​អាទិ​៖ ធ្វើជា​និពន្ធ​នាយក​កាសែត​ឧត្តមគតិ​ខ្មែរ​ក្នុង​ឆ្នាំ​ ១៩៩៤ និង ១៩៥ ជា​និពន្ធ​នាយក​​​កាសែត​សង្គម​យើង​ក្នុង​ឆ្នាំ ​១៩៩៦ ជា​និពន្ធ​នាយក​វិទ្យុ​សម្លេង​សន្តិភាព​របស់​គណបក្ស​លោកតា ​សឺន​ សាន​ឆ្នាំ ១៩៩៧​ ជា​និពន្ធ​នាយក​​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD) នៅ​ឆ្នាំ ២០០៣ ជា​និពន្ធ​នាយក​វិទ្យុ​សំឡេង​ ៩០​ មេ​ការ​ហឺត​របស់​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ នៅ​ឆ្នាំ​ ២០០៧​ ២០០៨ និង​ពី​ឆ្នាំ​ ២០០១​ ដល់​បច្ចុប្បន្ន​លោក​ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ៕

Leave A Reply

Your email address will not be published.