សម្តេច​សង្ឃ​ខ្មែរ​ប្រព្រឹត្ត​ផ្ទុយ​នឹង​សេចក្ដីប្រកាស​របស់​សង្ឃ​

0 125

(​សារព័ត៌មាន ព្រៃនគរ​) គណៈសង្ឃ​គណៈមហានិកាយ និង​គណៈសង្ឃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​នូវ​ព្រះ​រា​ជានុ​ស្សវនកម្ម (​សេចក្តីណែនាំ​បន្ថែម​) ដល់​បព្វជិត និង​ព្រះសង្ឃ ត្រូវ​ប្រ​ណិ​ប​ត្តិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បន្ថែមទៀត​នូវ ព្រះរាជ​សង្ឃប្រកាស ដែល​បាន​អំពាវនាវ​ដល់​ព្រះសង្ឃ ទាំងអស់​ឲ្យ​នៅ​ស្ងប់ស្ងាត់ កុំ​ចូលរួម​បាតុកម្ម ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ដែល​ប៉ះពាល់​ដល់​សិ​ទិ្ធ​សេរីភាព និង​ទំនៀមទម្លាប់ ។ សេចក្ដីណែនាំ​បន្ថែម​នេះ ត្រូវបាន​គេ​មើលឃើញ ផ្ទុយ​នឹង​អ្វីដែល​សម្ដេចព្រះសង្ឃរាជ ទេព វង្ស បានចេញ សេចក្ដី​ប​ប្រកាស​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​អះអាងថា​ខ្លួន​ឈ្នះឆ្នោត នាពេល​កន្លងមក ។

ព្រះសង្ឃខ្មែរចូលរូមក្នុងក្បួនបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
ព្រះសង្ឃខ្មែរចូលរូមក្នុងក្បួនបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

ព្រះរាជ​សង្ឃប្រកាស កាលពី​ថ្ងៃទី ៥ ខែកញ្ញា ដោយ​សម្តេច​សង្ឃ ទេព វង្ស សម្តេច​សង្ឃ បួរ គ្រី និង​សម្តេច​សង្ឃ ន​ន្ទ ង៉ែត បាន​អំពាវនាវ​សូម​ព្រះសង្ឃ​ពុទ្ធសាសនា​សីលវន្ត សីលវតី​ទាំងអស់ ព្រះមេត្តា មេត្តា​បន្ត​ថែរក្សា​ភាព​ស្ងៀមស្ងាត់ ប្រកប​កិច្ចការងារ និង​ប្រកប​របរ​រក​ទទួលទាន​តាម​សម្មាជីវ ជា​ប្រក្រតី​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ចៀសវាង​ចូលរួម​ក្នុង​សកម្មភាព​តវ៉ា​ទាមទារ​នានា ទាក់ទង​នឹង​ការបោះឆ្នោត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិ​ទិ្ធ​សេរីភាព ទំនៀមទម្លាប់​ប្រពៃណី និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ។​

ព្រះរាជា​នុស្ស​វន​កម្ម​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ព្រមាន​ថា «​បុព្វ​ជិត​ទាំងឡាយណា​ដែល​បាន​ប្រព្រឹត្តិ​ផ្ទុយ​ពី​ព្រះរាជ​សង្ឃប្រកាស និង​រដ្ឋ បុព្វ​ជិត​ទាំងឡាយ​នោះ​ត្រូវ​ទទួល​ទោសានុទោស​តាមច្បាប់​ព្រះពុទ្ធសាសនា និង​ច្បាប់​រដ្ឋ​ជា​ធរមាន​»​។​

​គួរ​បញ្ជាក់ថា ច្បាប់​ស្តីពី​គណបក្សនយោបាយ តាម​ព្រះរាជក្រម​លេខ ជ​ស​/​រកម​/១១៩៧/០៧ ចុះ​ថ្ងៃទី​១៨ ខែ វិច្ឆិកា ឆ្នាំ​១៩៩៨ ត្រង់​មាត្រា ១៥ កថាខណ្ឌ​ទី ២ ចែងថា «​បុព្វ​ជិត​….​អាច​ចូល​ជា​សមាជិក​នៃ​គណបក្សនយោបាយ​នានា​បាន តែ​មិន​ត្រូវធ្វើ​សកម្មភាព​គាំទ្រ ឬ​ប្រឆាំង​គណបក្សនយោបាយ​ណាមួយ​ឡើយ ។ គណបក្សនយោបាយ​មិនត្រូវ រៀបចំ​រចនាសម្ព័ន្ធ​ចាត់តាំង​ក្នុង​ស្ថាប័ន​សាសនា​…​ទេ​»​។​

​គាំទ្រ​គណបក្ស​ប្រជាជន​៖

សម្ដេចសង្ឃរាជ ទេព វង្ស និមន្តចុះពីព្រះវិហារវត្តឃ្លាំង  កម្ពុជាក្រោម កាលពីថ្ងៃ ទី ១៧ ខែក្កដា ឆ្នាំ ២០១២ ។
សម្ដេចសង្ឃរាជ ទេព វង្ស និមន្តចុះពីព្រះវិហារវត្តឃ្លាំង កម្ពុជាក្រោម កាលពីថ្ងៃ ទី ១៧ ខែក្កដា ឆ្នាំ ២០១២ ។

សេចក្ដីប្រកាស​នេះ ផ្ទុយ​នឹង “​លិខិត​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោតជាតិ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣” មួយច្បាប់​របស់ សម្ដេចព្រះសង្ឃរាជ ទេព វង្ស ដែល​បាន​គាំទ្រ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​របស់ លោក ហ៊ុន សែន ដែល​កាន់អំណាច​នៅ​ស្រុក​ខ្មែរ​ជាង ៣០ ឆ្នាំ​មកហើយ​នោះ ។​

​លិខិត លេខ ៦៤/១៣ ម​.​ស​.​រ ចេញ​ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៣ ចុះ​ព្រះ​ហ​ស្ថ​លេខា ដោយ​សម្ដេច ព្រះសង្ឃរាជ ទេព វង្ស បាន​ថ្លែង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថា “​ខ្ញុំព្រះករុណា​អាត្មាភាព សម្ដេចព្រះ សង្ឃរាជ  ព្រះសង្ឃ​ក្នុង​សហគមន៍​វត្ត​ឧណ្ណាលោម​ទាំងអស់ សូម​អបអរ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត ជាតិ ជ្រើសតាំង​តំណាងរាស្ត្រ  អាណត្តិ​ទី ០៥ នា​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣” ។ យោងតាម លិខិត​នេះ​ដដែល សម្ដេចព្រះសង្ឃរាជ ទេព វង្ស  ក៏បាន​សម្ដែង​ការគាំទ្រ​ចំពោះ​បេក្ខភាព របស់ លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី ៥ នេះ​ផងដែរ ។​

​ការសម្ដែង​ប៉ា​ហ៊ី​៖

​ពលរដ្ឋ​ខ្មែរ​ចាត់ទុក​សង្ឃប្រកាស ចុះ​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៣ របស់​គណៈសង្ឃ​ខ្មែរ នេះ ថា​ជាការ “​សម្ដែង​ប៉ា​ហ៊ី​” ។ ការលើកឡើង​បែបនេះ គឺ​នៅ​ថ្ងៃទី ១៣ ខែកញ្ញា គេហទំព័រ​ប្លក់ KI-Media បាន​ចុះផ្សាយ នូវ​លិខិត និង​សេច ក្ដី​ប្រកា​សទាំង ៣ ច្បាប់​របស់​គណៈសង្ឃ ហើយ​បាន​ភ្ជាប់​ជាមួយ​ពាក្យ​រិះគន់ថា​៖ “​ព្រះសង្ឃ​ជា​បុគ្គល​ដែល អាស្រ័យ​ជីវិត​ដោយសារ​ពុទ្ធ​បរិ​ស​ទ្ធ័​ជា​អ្នកផ្គត់ផ្គង់ នូវ​បច្ច័យ​ទាំង ៤ រួមមាន ទាំង​ការ​ស្នាក់នៅ និង​អាហារ​ប្រចាំថ្ងៃ  ស្បង់​ស្បៃ​ត្រៃចីវរ និង​ថ្នាំសង្កូវ​ជាដើម ។  ពុទ្ធ​បរិ​ស័​ទ្ធ​បាន​លះ បង់​ធនធាន​សំរាប់​ផ្គត់ផ្គង់​ព្រះសង្ឃ គឺ​ក្នុង​គោលបំណង​ចង់​ឲ្យ​ព្រះសង្ឃ មានឱកាស​សិក្សា​រៀន សូត្រ​ដើម្បី ជា​ប្រយោជន៍​ដល់​សាសនា និង​ប្រទេសជាតិ មិនមែន​ផ្គត់ផ្គង់​ឲ្យ​ព្រះសង្ឃ ធំធាត់​ដើម្បី​សម្លឹង មើល​កូន ក្រមុំ​អ្នកស្រុក​នោះទេ ។ នៅពេលដែល​ប្រទេសជាតិ និង​ពុទ្ធ​បរិ​ស​ទ្ធ័​ជួប​នូវ​រឿង​អយុត្តិធម៌​ផ្សេងៗ ព្រះសង្ឃ នឹង​ហើយ​ដែលជា​អ្នក ទីមួយ​ត្រូវ​ចេញមុខ​មកជួយ ។ ផ្ទុយទៅវិញ​បើ​ពេលដែល​ពុទ្ធបរិស័ទ ជួប​នូវ​រឿង អយុត្តិធម៌ បែរ​ព្រះ សង្ឃ​ជា​នាំគ្នា​មិន​អើពើ សួរថា​តើ​ពុទ្ធបរិស័ទ​គួរតែ​នាំគ្នា​ផ្គត់ផ្គង់​នូវ​បច្ច័យ​ទាំង ៤ ទៀត​ទេ​? បើ​ប្រទេសជាតិ និង​ពុទ្ធបរិស័ទ ជួប​នូវ​ក្តី​វិនាស​អន្តរាយ តើ​ព្រះសង្ឃ​អាច​រស់នៅ​បាន​ដោយ របៀប​ណា ? ។  ក្រឡេក​មក មើល ពី​លិខិត​របស់ សង្ឃ​គីង្គក់​លក់​ថ្នាំ​ស្រែង​វិញ ថ្ងៃ ២៨ ខែកក្កដា ឆ្នាំ ២០១៣ ស្តេច​សង្ឃ​ខ្លួនឯង បានចេញ លិខិត​គាំទ្រ​លទ្ធផល​ឆ្នោត​ទាំង​ងងឹតងងល់ នេះ​មិនមែន ជាការ គាំទ្រ CPP ទេ​ឬ ។ តែ​ពេលនេះ​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៣ បែរជា​នាំគ្នា​ចេញ​លិខិត​មិន​ឲ្យ​ព្រះ សង្ឃ ដែល​បំពេញ​តួនាទី ជួយ​ដល់​សង្គម គាំទ្រ ឬ ប្រឆាំង​គណបក្សនយោបាយ​ណាមួយ​ទៅវិញ  នេះ​មិនមែន ជា​ទង្វើ​របស់ សង្ឃ​គីង្គក់​លក់​ថ្នាំ​ស្រែង ទេ ឬ ?” ។​

​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាសថា ខ្លួន​នឹងធ្វើ​មហា​បាតុកម្ម​ចំនួន ៣ ថ្ងៃ​ទៀត ចាប់ពី​ថ្ងៃទី ១៥-១៧ ខែកញ្ញា​នេះ ដើម្បី​ទាមទារ​ឲ្យ​មានការ​បង្កើត​គណកម្មាកា​រ​ឯករាជ្យ​មួយ ស៊ើបអង្កេត​ទៅលើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃទី ២៨ កក្កដា ឆ្នាំ​២០១៣​នេះ ៕​

Leave A Reply

Your email address will not be published.