លោក ថាច់ សេដ្ឋា ថា​មិនបាន​ក្បត់ជាតិ​ដូច​ការចោទប្រកាន់​រប​ស់​តុលាការ​ខ្មែរ​នោះឡើយ

0 611

​ដោយ យាង សុធា​រិន្ទ

​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា បានចេញ​ដីកា​កោះហៅ លោក ថាច់ សេដ្ឋា ជា​អតីត​សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋា​ភិ បាល​មួយ​ឈ្មោះ “​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​” ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា ខាងមុខនេះ ដោយ​ចោទប្រកាន់​ពីបទ រួមគំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។ ចំណែក លោក ថាច់ សេដ្ឋា វិញ បានបង្ហាញ​ការសោកស្តាយ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​រូបលោក​ឱ្យចូល​សាវ​នា​ការ ក្នុងពេលដែល លោក​អះអាងថា មិនបាន​ប្រព្រឹត្ត​ទោសកំហុស​អ្វី​ទាល់តែសោះ ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា (រូបឈរកណ្តាល កាន់ឧបករណ៍បំពងសំឡេង) ថ្លែង​សារ​នៅ​មុខ​ស្ថានទូត​វៀតណាម កាលពីឆ្នាំ​ ២០១៤ ក្នុងយុទ្ធនាការ​​តវ៉ា​រឿង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​កម្ពុជាក្រោម ។ រូបៈ Internet
ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា (រូបឈរកណ្តាល កាន់ឧបករណ៍បំពងសំឡេង) ថ្លែង​សារ​នៅ​មុខ​ស្ថានទូត​វៀតណាម កាលពីឆ្នាំ​ ២០១៤ ក្នុងយុទ្ធនាការ​​តវ៉ា​រឿង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​កម្ពុជាក្រោម ។ រូបៈ Internet

បើទោះជា​ក្នុង​ដីកា​កោះហៅ​របស់​តុលាការ​សរសេរ​ខុស​ឈ្មោះ​ និង​អាស័យដ្ឋាន​លោក ថាច់ សេដ្ឋា ក្តី ក៏​លោក ថាច់ សេដ្ឋា នៅតែ​សម្រេចចិត្ត​ចូល​បង្ហាញខ្លួន​នៅ​សាលាដំបូង​រាជធានី ភ្នំពេញ នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា ។​

​ការសម្រេចចិត្ត​ចូល​បង្ហាញខ្លួន​នេះ គឺ​លោក ថាច់ សេដ្ឋា ចង់បង្ហាញ​ពី​ភាព​ស្អាតស្អំ ប្រឆាំង​ទៅនឹង​ការ ចោទប្រកាន់​របស់​តុលាការ​មកលើ​រូបលោក ។

​បើតាម​ដីកា​កោះហៅ​លោក ថាច់ សេដ្ឋា របស់​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀ​ង បញ្ជាក់ថា លោក ថាច់ សេដ្ឋា ត្រូវបាន​ចោទប្រកាន់​ពីបទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់ សន្តិសុខ​សង្គម ដែល​បាន​ប្រព្រឹត្តទៅ​នៅក្នុង​ប្រទេស កម្ពុជា កាលពី​អំឡុង​ឆ្នាំ ២០១៩ បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ មាត្រា ៤៥៣ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ។

​ទោះជា​យ៉ាងណា លោក ថាច់ សេដ្ឋា បញ្ជាក់ថា លោក​មិន​មានការ​ភ័យ​តក់ស្លុត​អ្វី​នោះឡើយ ចំពោះ​ការ​កោះ ហៅ​របស់​តុលាការ​នៅពេលនេះ ប៉ុន្តែ​អ្វីដែល​លោក​ខកចិត្ត​និង​សោកស្តាយ បំផុត​នៅត្រង់ថា តុលាការ​បាន​ចោទ ប្រកាន់​រូបលោក​ដោយ​អយុត្តិធម៌​ទាំង​ដែល​លោក​មិន ធ្លាប់​មានគំនិត​ក្បត់ជាតិ​ខ្មែរ​ម្តងណា​ឡើយ​នោះ ហើយ​លោក​ថា​ការកោះហៅ​នោះ​ក៏ បានធ្វើ​ឡើង​ខុស​តាម​នីតិវិធី​ថែមទៀត ។​

​លោក ថាច់ សេដ្ឋា បញ្ជាក់ថា ៖ «​បើតាម​នីតិវិធី​គេ​ត្រូវ​កោះហៅ​យើង​ទៅ​សួរ ព្រះរាជអាជ្ញា​គេ ហៅ​យើង​ទៅ សួរ​មាន​ខុស​អី រួចរាល់​គេ​បញ្ជូនទៅ​ចៅក្រម​ស៊ើប​ដើម្បី​ចោទប្រកាន់​ឬក៏​លើកលែង ។ ដល់​នេះ​អត់​មាន អី​ទាំងអស់ ចេញមក​ជំនុំ​ជំ​រះ មិនដឹង​ជំនុំ​ជំ​រះ​ទៅលើ​ស្អី អង្គហេតុ​អី របាយការណ៍​អី វា​អត់ ។ ទី​២ លិខិតអញ្ជើញ​ក៏​អញ្ចឹង​ដែរ អត់​មាន​យកមក​ឱ្យ​ទេ ឈ្មោះ​ក៏ សរសេរ​ខុស ថ្ងៃ​-​ខែ អាស័យដ្ឋាន​ខុស​ទាំងអស់ ហ្នឹង​បើ​ផ្លូវច្បាប់​គេ​អត់​ទៅ​ក៏​បានដែរ ព្រោះ​វា​អត់ ត្រូវ​អី​ទាំងអស់​» ។​

​លោក ថាច់ សេដ្ឋា បច្ចុប្បន្ន​មាន​វ័យ ៦៧ ឆ្នាំ ។ លោក​គឺជា​អតីត​សមាជិក​ព្រឹទ្ធសភា​មកពី គណបក្ស សម រង្ស៊ី នៅ​ឆ្នាំ​ ១៩៩៩ និង​បច្ចុប្បន្ន​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ។ លោក ថាច់ សេដ្ឋា ដែល​បច្ចុប្បន្ន​កំពុងមាន ជំងឺ​បេះដូង​ប្រចាំកាយ​ផង​នោះ មានប្រសាសន៍​បន្តថា បើ ខ្មែរក្រោម​សំបូរ​ទៅ ដោយ​អ្នក​ក្បត់ជាតិ​ដូច​ការ ចោទប្រកាន់​មែន​នោះ ម្ល៉េះ​ជាតិ​សាសន៍​ខ្មែរ ក្រោម​បាន​រលត់រលាយ​តាំងពី​យូរណាស់​មកហើយ ។ មូលហេតុ ដែល​លោក​សម្រេចចិត្ត​ឡើង តុលាការ​គឺ​ដើម្បី​បង្ហាញ​ភាព​បរិសុទ្ធ​ក្នុងនាម​ជា​ខ្មែរក្រោម​មួយរូប ។​

​លោក​សង្កត់ធ្ងន់ថា ៖ «​ទោះបី​ទៅ​គេ​ចាប់​ក៏ដោយ​ខ្ញុំ​អត់​មាន​តក់ស្លុត​អី​ទេ​ព្រោះ​យើង​អាយុ ប៉ុណ្ណេះ​ហើយ ចំពោះ​ការជាប់គុក​ច្រ​វ៉ា​ក់ ស្លាប់ ខ្ញុំ​បានសម្រេច​ចិត្ត​បូជា​ចំពោះ​ជាតិ​ហើយ ខ្ញុំ​មិន ដែល​ខ្លាចរអា​ម្តងណា​ទេ ។ សម្រាប់​ភាពស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ​របស់​យើង មិនដែល មានគំនិត​ណាមួយ​ទៅ​ក្បត់ជាតិ​នោះទេ ដូនតា​យើង​ក៏​ដាក់ទោស​យើង​ដែរ​មិន​ត្រឹមតែ​ច្បាប់​នោះទេ​» ។​

​ក្រៅពី​លោក ថាច់ សេដ្ឋា តុលាការ​ក៏បាន​កោះហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក ដទៃ​ជាច្រើនរូប​ផ្សេងទៀត​ឱ្យចូល​រួម​សា​វនា​ការ​នៅក្នុង​ថ្ងៃ​តែមួយ​ជាមួយគ្នា​នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា ។ ក្នុងចំណោម​អ្នក​ទាំងនោះ អ្នកខ្លះ​កំពុងមាន​វត្ត​មាននៅ​កម្ពុជា ហើយ​អ្នក ខ្លះ​កំពុង​រស់​នៅឯ​បរទេស ។

​ទោះជា​យ៉ាងណា សម្រាប់​ការកោះហៅ​លោក ថាច់ សេដ្ឋា ឱ្យ​ឡើង​តុលាការ​នៅពេលនេះ មន្ត្រី​នៃ​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏​នឹងចូលរួម​តាមដាន​ដំណើរការ​សាវ​នា​ការ នេះដែរ ដើម្បី​សម្តែង​ការយកចិត្ត​ទុក ដាក់​ទៅលើ​ខ្មែរក្រោម​ដូចគ្នា ។

​អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺ​ន ជុំ​ជួន ថ្លែងថា ខ្មែរក្រោម ទៅ​ចូលរួម​តាមដាន​ដំណើរការ​សាវ​នា​ការ​ដោយសារតែ​លោក ថាច់ សេដ្ឋា គឺជា​ប្រធាន​សហគមន៍​ខ្មែរ កម្ពុជា​ក្រោម​ដែលជា​ស្ថាប័ន​បាន​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង មហាផ្ទៃ ។ លោក​បញ្ជាក់ថា ខ្មែរក្រោម ចូលរួម​តាមដាន​ក្នុងន័យ​ការពារ​សិទ្ធិមនុស្ស​ខ្មែរក្រោម មិនមែន​ក្នុងន័យ​គាំទ្រ គណបក្សនយោបាយ​ណា មួយ​នោះឡើយ ។

​លោក​មានប្រសាសន៍​បន្ត​ថា ៖ «​យើង​ទៅតាម​ដាន​ព័ត៌មាន​ក្នុងនាម​យើង​ធ្វើការ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​ខ្មែរក្រោម អ៊ីចឹង​ក្នុងករណី​ណាមួយ ​ដែលមាន​ការប៉ះពាល់​ទៅលើ​សិទ្ធិមនុស្ស​ខ្មែរក្រោម គឺ​ងាយស្រួល​សម្រាប់​យើង​ក្នុងការ តស៊ូ​មតិ​ក្នុងករណី​មានការ​រំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម​» ។​

​លោក ថាច់ សេដ្ឋា កើត​នៅ​ភូមិ​អញ្ចាញ់ ឃុំ​តា​សឹក ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ដែនដី កម្ពុជា​ក្រោម ។ លោក​បាន​ចូលប្រឡូក​ជួយ​សង្គម​ខ្មែរក្រោម​តាំងពី​ឆ្នាំ ១៩៦៥ ហើយ​លោក​បាន​ឡើងមក​កម្ពុជា​នៅ​ឆ្នាំ ១៩៨៤ ។ លោក​ធ្វើជា​ភ្នាក់ងារ​ចលនា​តស៊ូ​លោកតា សឺ​ន សាន នៅ​ឆ្នាំ ១៩៨៦ ហើយ​នៅ​ឆ្នាំ ១៩៩៣ លោក​បាន​ក្លាយជា​សមាជិក សកម្ម​របស់ គណបក្ស លោកតា សឺ​ន សាន ។

​លោក ថាច់ សេដ្ឋា ក៏​ធ្លាប់​ចូលប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​ផងដែរ ដោយ​ធ្វើជា​និពន្ធ​នាយក កាសែត​មនសិការ​ខ្មែរ នៅ​ឆ្នាំ ១៩៩៤ និង​ជា​ចាងហ្វាង​កាសែត ស្មារតី​ខ្មែរ នៅ​ឆ្នាំ ១៩៩៦ ។​

​នៅ​ឆ្នាំ ១៩៩៥ លោក​គឺជា​ស្ថាបនិក​បង្កើត គណបក្ស​ជាតិខ្មែរ ជាមួយ​លោក សម រង្ស៊ី និង​បាន ក្លាយជា​សមាជិក​គណៈ ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​នេះ ។ ក្រោយមក លោក​បាន​ធ្វើជា សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី នៅ​ឆ្នាំ ១៩៩៩ និង​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ភ្នំពេញ​នៅ​ឆ្នាំ ២០០៨ ។

​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១២ លោក ថាច់ សេដ្ឋា បាន​ក្លាយជា សមាជិក គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស ហើយ​នៅពេលដែល​គណបក្ស សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល រំលាយ​ដោយ​ចោទប្រកាន់​ពីបទ​ផ្តួលរំលំ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៧ ឈ្មោះ​លោក ថាច់ សេដ្ឋា ក៏​ស្ថិតនៅ ក្នុងចំណោម​មនុស្ស ១១៨ នាក់ ដែល​ត្រូវបាន​តុលាការ​កំពូល ដកហូត សិទ្ធិ​មិនឱ្យ​ធ្វើ នយោបាយ​រយៈពេល ៥ ឆ្នាំ​ផងដែរ ៕

Leave A Reply

Your email address will not be published.