អ្នកស្រី ថាច់ ធី ភុក ពលរដ្ឋខ្មែរក្រោម នៅខេត្តព្រះត្រពាំង ចំណាយពេល ១៥ ឆ្នាំ ទាមទារដីធ្លីពីរដ្ឋាភិបាលយួន ដែលត្រួវអាជ្ញាធរខេត្តព្រះត្រពាំងរឹបយក នៅមិនទាន់រកឃើញយុត្តិធម៌
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅពេលថ្មីនេះ បណ្ដាញសង្គម Facebook បានចុះផ្សាយនូវដំណឹងមួយស្ដីពីការបាត់ខ្លួនអ្នកតវ៉ា ដីធ្លីខ្មែរក្រោមម្នាក់ ឈ្មោះ ថាច់ ធី ភុក (Thạch Thị Phúc) នៅខេត្តព្រះត្រពាំង ដែលបានធ្វើដំណើរ ដោយខ្លួនឯងទៅទីក្រុងហាណូយ ដើម្បីប្ដឹងរដ្ឋាភិបាលវៀតណាមដល់ថ្នាក់មជ្ឈិមអំពីរឿងអាជ្ញាធរ យួនខេត្តព្រះត្រពាំង បានរឹបយកដីកេររបស់គាត់ កាលពីឆ្នាំ ២០០០ ដើម្បីសាងកសាងស្ថានីយ៍អនុស្សាវរីយ៍ខេត្តព្រះត្រពាំង ដែលមានមូលដ្ឋាននៅមុខវត្តសំរោងឯក ទីរួមខេត្តព្រះត្រពាំង ដោយមិនបានផ្ដល់សំណងដល់ម្ចាស់ដីទៅតាមតម្លៃទីផ្សារឡើយ ។

យោងតាមរូបថតមួយសន្លឹកដែលម្ចាស់គណនី Facebook ឈ្មោះ ទ្រិន បា ទឺ (Trinh Ba Tu) ចេញផ្សាយកាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៥ បង្កាញពីអ្នកស្រី ថាច់ ធី ភុក កំពុងតែរែកបង្វិច សម្ពាយឥវ៉ាន់អេតចាយបណ្ដើរ ស្រែកយំបណ្ដើរ និងដៃកាន់បដាសរសេរអក្សរយួនពណ៌ក្រហម ស្ដីពីការទាមទារដីធ្លីរបស់ខ្លួន នៅមុខការិយាល័យក្រសួងស៊ើបអង្កេតនៃរដ្ឋាភិបាលយួន នៅខេត្តហាដុង នារដ្ឋធានីហាណូយ ។ ម្ចាស់គណនី Facebook បានសរសេរជាអក្សរយួនថា ៖” ត្រូវមន្ត្រី [យួន] ពុករលួយ ខេត្តត្រាវិញប្លន់យកដីអស់ ។ អ្នកស្រី ថាច់ ធី ភុក ជាជនជាតិខ្មែរ បានធ្វើដំណើរអនាថា ដើររើសរបស់សំណល់នៅតាមផ្លូវ នៅហាណូយ ដើម្បីរស់ប្រចាំថ្ងៃ និងដើម្បីប្ដឹង [រដ្ឋាភិបាលយួន] រឿងដីធ្លី” ។
ម្ចាស់ Facebook បានសរសេរបន្តទៀតថា៖ ” ប៉ុន្មានខែនេះ យើងមិនបានជួបគាត់ទៀត ។ មិនដឹងថា ជីវិតរបស់គាត់យ៉ាងណា?” ។
យោងតាមព័ត៌មានមួយ ដែលបានចុះផ្សាយនៅលើគេហទំព័ររដ្ឋ នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនឈ្មោះ ជីវិត និង ច្បាប់ (www.doisongphapluat.com) បានចេញផ្សាយអត្ថបទមួយទាក់ទង នឹងរឿងរ៉ាវអ្នកស្រី ថាច់ ធី ភុក ថា នៅឆ្នាំ ២០០០ កាលពី ១៥ ឆ្នាំកន្លងទៅនេះ អាជ្ញាធរខេត្តព្រះត្រពាំង នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន បានរឹបយកដីកេររបស់គ្រួសារអ្នកស្រី ថាច់ ធី ភុក និងចាប់បង្ខំឲ្យទទួលសំណងថ្លៃ ៦ លាន ៤ សែន ដុង ប្រមាណ ៣០០ ដុល្លារសហរដ្ឋអាមេរិក ។ ក្រោយពីការរឹបយក អាជ្ញាធរយួនបានបណ្ដេញអ្នកស្រីចេញពីគផ្ទះសម្បែង ដោយមិនបានសង់ផ្ទះ ជូនអ្នកស្រីឡើងវិញ និងមិនបានផ្ដល់សំណងសមរម្យទៅតាមតម្លៃទីផ្សារឡើយ ។ អាស្រ័យហេតុនេះ អ្នកស្រីបានប្ដឹងតវ៉ានៅគ្រប់ស្ថាប័នពាក់ព័ន្ធថ្នាក់ខេត្តនៃរដ្ឋាភិបាលយួន តែមិនមានដំណោះស្រាយឡើយ ។
យោងតាមព័ត៌មានដដែល អ្នកស្រី ថាច់ ធី ផុក បានរៀបរាប់ថា៖ ” ក្រោយពីអំពើអយុត្តិធម៌បានកើតឡើង ខ្ញុំបានដើរសព្វខេត្តព្រះត្រពាំង ដើម្បីប្ដឹងតវ៉ា ។ ប្រាក់ក្នុងថង់គ្មាននៅសល់មួយកាក់ ។ ខ្ញុំត្រូវខ្ចីបុលគេនៅកន្លែងដើម្បីទៅប្ដឹង ។ បច្ចប្បន្នប្រាក់បំណុលមានច្រើនលើសលប់” ។

ក្រោយពីតវ៉ានៅថ្នាក់មូលដ្ឋានអស់រយៈពេល ១៤ ឆ្នាំ មិនមានលទ្ធផល នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៤ កន្លងទៅនេះ អ្នកស្រី ថាច់ ធី ភុក ជាពលរដ្ឋខ្មែរក្រោមតែម្នាក់គត់ ដែលបាននាយកក្រសួងស៊ើបអង្កេតនៃរដ្ឋាភិបាលវៀតណាម លោក វិន ផុង ត្រាន់ (Huỳnh Phong Tranh) ឲ្យចូលជួបនៅការិយាល័យមជ្ឈិមនារដ្ឋធានីហាណូយ ដើម្បីជម្រាបអំពីរឿងអយុត្តិធម៌របស់ខ្លួន ។
ប្រភពព័ត៌មានដដែលបានស្រង់សម្ដីអគ្គនាយកស៊ើបអង្កេតនៃរដ្ឋាភិបាលវៀតណាម លោក វិន ផុង ត្រាន់ (Huỳnh Phong Tranh) បានបញ្ជាក់អំពីដំណោះស្រាយបញ្ហាដីធ្លីជូនអ្នកស្រី ថាច់ ធី ភុក ថា៖ “ការរឹបយកដីធ្លីដើម្បីសាងសង់ស្ថានីយ៍អនុស្សាវរីយ៍ខេត្តព្រះត្រពាំង ក្នុងគោលបំណាងសាងសង់ស្ថាបត្យកម្មវប្បធម៌សាធារណៈ និងដើម្បីកែលម្អទីក្រុង ជាកិច្ចការដែលត្រូវទិសដៅ” ។
បន្ទាប់ពីបានស្ដាប់ការរៀបរាប់របស់អ្នកស្រី ថាច់ ធី ផុក លោក វិន ផុង ត្រាន់ បានបញ្ជាក់កាលពីឆ្នាំ ២០១៤ ថា៖ ” ក្រសួងរបស់លោក នឹងធ្វើសហការជាមួយ នឹងមន្ទីរស៊ើបអង្កេតខេត្តព្រះត្រពាំង (Thanh Tra tỉnh Trà Vinh) ដើម្បីពិនិត្យមើលករណីនេះឲ្យបានច្បាស់លាស់ រួចនឹងធ្វើរបាយការណ៍លោកនាយករដ្ឋមន្ត្រី [វៀតណាម]” ។
យោងតាមប្រភពព័ត៌មានរដ្ឋវៀតណាមដដែល បានបញ្ជាក់ថា អ្នកស្រី ថាច់ ធី ភុក បានប្ដឹងទាមទាររដ្ឋាភិបាលវៀតណាមចំនួន ៣ ចំណុច គឺទីមួយ អាជ្ញាធរត្រូវផ្ដល់សំណងថ្លៃដីឲ្យត្រូវទៅតាមតម្លៃទីផ្សារ ។ ទីពីរ ត្រូវផ្ដល់លំនៅឋានថ្មីសម្រាប់រស់នៅដោយសមរម្យ និងទីបី ត្រូវសងថ្លៃចំណាយរបស់គាត់ ដែលបានចាយរយៈពេល ១៤ ឆ្នាំ ក្នុងការតវ៉ារឿងដីធ្លីនេះ ។
រហូតមកដល់ឆ្នាំ ២០១៥ នេះ មានរយៈពេល ១៥ ឆ្នាំ ហើយគ្រួសារអ្នកស្រីត្រូវអាជ្ញាធរវៀតណាម រឹបយកដីធ្លីកេរដូនតា ។ តើស្ថានភាពគ្រួសាររបស់អ្នកស្រី ថាច់ ធី ភុក យ៉ាងណា និងការតវ៉ារបស់ គាត់បានលទ្ធផលយ៉ាងណា វិទ្យុសំឡេងកម្ពុជាក្រោម នៅមិនទាន់ទទួលបានព័ត៌មាននៅឡើយទេ ៕
Comments are closed.