អាជ្ញាធរ​ថៃ​ដោះលែង​ជនភៀសខ្លួន​ខ្មែរ​ក្រោម ​បួន​នាក់ ខណៈ​ប្រាំមួយ​នាក់​ទៀត​មិន​ទាន់​ដោះលែង

0 1,497

ដោយ ជាតិ ចំណាន | RFA Khmer

អាជ្ញាធរ​ថៃ​ដោះលែង​ជនភៀសខ្លួន​ខ្មែរ​ក្រោម​ បួន​នាក់ កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា ក្រោយ​ពី​​ឃុំខ្លួន​ជាង ១ ខែ ។ ពួកគាត់​ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​ នៅ​ប្រទេស​ថៃ ជួយ​ធានា​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ ដោយ​បង់​ប្រាក់​ម្នាក់​ប្រាំ​ម៉ឺន (៥០.០០០) បាត ស្មើនឹង​ជាង ១ ពាន់ (១.៣៥០) ដុល្លារ ចំណែក​ខ្មែរ​ក្រោម​ ប្រាំមួយ​នាក់​ទៀត តុលាការ​នៅ​មិន​ទាន់​ដោះ​លែង​ឲ្យ​មាន​សេរីភាព​នៅ​ឡើយ ។

ពលរដ្ឋខ្មែរក្រោម ប្រមាណជា ១០ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ ។ រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

មន្ត្រី​អន្តោប្រវេសន៍​ថៃ​ បាន​ដោះលែង​ជនភៀសខ្លួន​ខ្មែរ​ក្រោម​បួន​នាក់ ប៉ុន្តែ​ នៅ​ខ្មែរ​ក្រោម​ប្រាំ​មួយ​នាក់​ទៀត អង្គការ​សិទ្ធិមនុស្ស​នៅ​ថៃ មិន​ទាន់​អាច​ជួយ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន​នោះ​ទេ ព្រោះ​ពួកគាត់​ត្រូវ​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​ទីក្រុង​បាងកក​បដិសេធ​មិន​ផ្ដល់​សិទ្ធិ​ជា​ជនភៀសខ្លួន ។

ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ ដែល​កំពុង​ភៀសខ្លួន​នៅ​ថៃ មាន​ប្អូនស្រី​ជាប់ឃុំ​ក្នុង​ចំណោម ​៦ នាក់ ​ដែល​មិន​ទាន់​ដោះលែង លោកស្រី លី ធីយីប ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅថ្ងៃទី ១៧ ខែវិច្ឆិកា ថា លោកស្រី​ពុំ​មាន​ថវិកា​ សម្រាប់​បង់​ថ្លៃ​ធានា​ប្អូនស្រី​នោះ​ទេ ព្រោះ​រាល់ថ្ងៃ​ជីវភាព​រក​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ ។ លោកស្រី​ស្នើ​ដល់​អង្គការ​សប្បុរស​នានា​ ក្នុង​ប្រទេស​ថៃ ជាពិសេស​អង្គការសហប្រជាជាតិ ជួយ​ធានា​ប្អូនស្រី​លោកស្រី​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​មើលថែ​កូន​តូច​អាយុជាង ២ ឆ្នាំ​ផង ព្រោះ​ម្ដាយ​លោកស្រី​មាន​វ័យ​ចាស់​មិន​អាច​មើលថែ​ចៅ​បាន៖ «យក​ទៅ​សួន​ភ្លូ​ពី​យប់​មិញ ។ មេធាវី​គេ​តេ​ប្រាប់​ម៉ែ​ខ្ញុំ​ហើយ​ហើយ គេ​ថា ជួយ​មិន​បាន​ទេ​ខេស (Case សំណុំរឿង) វា​បិទ ហើយ​ទម្រាំតែ​តេ​មក​ហ្នឹង គេ​នៅ​ឯនេះ គេ​ចេញ​អស់​ហើយ ក្រដាស​ស្នាម​គេ​ហើយ​អស់ គេ​ចេញ​អស់​អា​លីង​ហើយ ឯង​ទើប​តេ​ប្រាប់ ។ អា​ជួយ​បាន​ក៏​មិន​ប្រាប់ បាន​មិន​បាន​អី​ក៏​មិន​ប្រាប់​នឹង​អាល​គេ​រក​ផ្លូវ​ផ្សេង អា​នេះ​ទុក​ដល់ ១ ខែ»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៀត ដែល​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ ៦ ឆ្នាំ ហើយ​ឪពុកម្ដាយ​កំពុង​ជាប់ឃុំ​ក្នុង​ចំណោម​មនុស្ស ៦ នាក់​ដែល​ប៉ូលិស​ថៃ​មិន​ទាន់​ដោះលែង លោកស្រី នាង ស៊ី​វេទ ប្រាប់​ថា ប៉ូលិស​ថៃ​បាន​បញ្ជូន​ម្ដាយ​លោកស្រី និង​ស្ត្រី​ខ្មែរ​ក្រោម ​២ នាក់​ទៀត​ទៅ​គុក​ធំ​ក្នុង​ក្រុង​បាងកក ដោយ​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ពី​ឪពុក​លោកស្រី ។ លោកស្រី​អាណិត​ឪពុក​ម្ដាយ​ដែល​មាន​វ័យ​ចាស់ មាន​ជំងឺ​ប្រចាំ​កាយ​ផង ហើយ​ក៏​ពុំ​មាន​លុយ​កាក់​សម្រាប់​ធានា​ពួកគាត់​ចេញ​មក​វិញ​ទេ ព្រោះ​រកស៊ី​ដោះស្រាយ​បាន​តែ​មួយថ្ងៃ​ៗ ។ លោកស្រី​សង្ឃឹម​លើ​អង្គការ​ពាក់ព័ន្ធ​ផ្សេងៗ ដែល​គេ​ធានា​ថា​ជួយ​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន តែ​រហូត​មក​ទល់​ពេល​នេះ​ មិនទាន់​ដោះស្រាយ​បាន​នៅ​ឡើយ៖ «គេ​ថា​មាន​លុយ​ប្រកាន់​តួ (ធានា​ខ្លួន) ឪ​ហើយ​ហើយ តែ​ម៉ែ​គេ​កំពុង​តែ​ឆែក​ឲ្យ ។ ហើយ​ថា​ដេក​តែ​មួយ​ចំហៀង​ខ្លួន​ទេ​គុក​ធំ​ហ្នឹង​គ្រប់​សាសន៍ ហើយ​គ្មាន​កន្លែង​ដេក​ទេ ដេក​បាន​តែ​មួយ​ចំហៀង​ខ្លួន​ទេ ។ កន្លែង​ឪ​គ្មាន​បាន​ទាក់ទង​ទេ ព្រោះអី​គេ​បំបែក​តា​ទឺ​ទៅ​ហើយ ខ្ញុំ​មាន​តែ​ហ្វេសប៊ុក​តា​ទឺ​ហ្នឹង ឪ​គាត់​នៅ​ជាមួយ​ពូ​វី»

ប៉ូលិស​ថៃ​ បាន​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​ ១០ នាក់​ដាក់​ពន្ធនាគារ កាលពីព្រឹកថ្ងៃទី ១៤ ខែតុលា កន្លងទៅ នៅ​ពេល​ពួកគាត់​កំពុង​ធ្វើការ​នៅ​ផ្សារ​បន្លែ​មួយ​ជាយ​ក្រុង​បាងកក ។ អាជ្ញាធរ​ថៃ​បាន​ចោទ​ប្រកាន់​ខ្មែរ​ក្រោម ​ទាំងនេះ​ថា លួច​ធ្វើការ​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ និង​ចូល​ទឹកដី​ថៃ​ដោយ​គ្មាន​ការ​អនុញ្ញាត ។ ប៉ុន្តែ ​ពួកគាត់​ជា​ជនភៀសខ្លួន គ្រាន់តែ​ទៅ​ជួយ​ធ្វើការ​ថៃ​ម្ដងម្កាល ដើម្បី​ចិញ្ចឹម​ជីវិត​មិន​បាន​ទៅ​ធ្វើ​ការងារ​ប្រចាំ​នោះ​ទេ ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ជនភៀសខ្លួន​ខ្មែរ​ក្រោម ​ប្រចាំ​នៅ​ប្រទេស​ថៃ លោក ឡឹម កែវសំណាង លើក​ឡើង​ថា លោក​ត្រេកអរ ដែល​អង្គការ​សិទ្ធិមនុស្ស​នៅ​ថៃ ​ជួយ​ធានា​ឲ្យ​ខ្មែរ​ក្រោម​ ៤ នាក់​បាន​នៅ​ក្រៅ​ឃុំ តែ​លោក​ចង់​ឲ្យ​អង្គការ​នេះ និង​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ នៅ​ប្រទេស​ថៃ ជួយ​ធានា​ខ្មែរ​ក្រោម​ទាំង ៦ នាក់​ទៀត ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​ដែរ ។ លោក​បន្ត​ថា ពួក​លោក​ជា​ជនភៀសខ្លួន​មានតែ​ការិយាល័យ​អង្គការសហប្រជាជាតិ​ នៅ​ទីក្រុង​បាងកក​ជា​អាណាព្យាបាល ។ លោក​សង្ឃឹម​ថា អង្គការ​នេះ​នឹង​ដោះស្រាយ​ឲ្យ​ខ្មែរ​ក្រោម ​៦ នាក់​ទៀត​មាន​សេរីភាព​ឡើង​វិញ ព្រោះ​ពួកគាត់​ខ្លះ​មាន​វ័យ​ចាស់ និង​ខ្លះ​មាន​កូន​តូច​ក្នុង​បន្ទុក៖ «ហ្នឹង​ហើយ​នៅ​ប្រាំ​មួយ​នាក់​ទៀត សំខាន់​គឺ​ថវិកា​យើង​គ្មាន​ថវិកា ។ គ្មាន​ថវិកា​អត់​បាន​ចេញ ប្រកាន់​តួ (ធានា​ខ្លួន) ប្រាំ​ម៉ឺន (៥០.០០០) បាត ។ យើង​អត់​មាន​ថវិកា​ប្រកាន់​ខ្លួន អត់​មាន​ថវិកា​ប្រកាន់​ខ្លួន​យើង​អត់​បាន​ចេញ​ទេ គ្រូ​អើយ! ។ ពួកគាត់​ចាស់ៗ អស់​ហើយ​ជាប់​គុក​អាយុ​សុទ្ធតែ ៦០ អស់​ហើយ»

អាជ្ញាធរ​ថៃ​តម្រូវ​ឲ្យ​ជនភៀសខ្លួន​ខ្មែរ​ក្រោម​ ទាំង ៦ នាក់​ទៀត បង់​ប្រាក់​ធានា​ក្នុង​ម្នាក់​ប្រាំ​ម៉ឺន (៥០.០០០) បាត ស្មើនឹង​ជាង​មួយ​ពាន់ (១.៣៥០) ដុល្លារ ដើម្បី​បាន​នៅ​ក្រៅ​ឃុំ តែ​ពួកគាត់​ពុំ​មាន​ថវិកា​ សម្រាប់​បង់​នោះ​ទេ ព្រោះ​ជីវភាព​សេដ្ឋកិច្ច​គ្រួសារ​របស់​ជនភៀសខ្លួន​គ្រប់​គ្នា គ្រាន់តែ​រក​មួយ​ថ្ងៃ​ដោះ​ទ័ល​បាន​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។ ពួកគាត់​មាន​តែ​សង្ឃឹម​លើ​អង្គការ​សប្បុរស​នានា ជួយ​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ ឬក៏​បញ្ជូន​ពួកគាត់​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ប្រទេស​ទី ៣ ។ សមាគម​ខ្មែរកម្ពុជា​ក្រោម និង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម កំពុង​អំពាវនាវ​ឲ្យ​សប្បុរសជន​ផ្ដល់​ថវិកា​ ដើម្បី​ជួយ​ឲ្យ​ខ្មែរ​ក្រោម​អាច​នៅ​ក្រៅ​ឃុំ​បាន ។ បច្ចុប្បន្ន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​បាន​ផ្ដល់​ថវិកា​ជិត ៣ ពាន់​ដុល្លារ ដើម្បី​ជួយ​ជនភៀសខ្លួន​ខ្មែរ​ក្រោម​ទាំង​នោះ​ហើយ ។

របាយការណ៍​សមាគម​ជនភៀសខ្លួន​ខ្មែរ​ក្រោម​ នៅ​ប្រទេស​ថៃ បាន​ឲ្យដឹង​ថា មាន​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​រស់នៅ​ជា​ជនភៀសខ្លួន​ក្នុង​ប្រទេស​ថៃ ជាង​ពីរ​រយ​នាក់ ដែល​ពួកគាត់​សុទ្ធតែ​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ​វៀតណាម ហើយ​កំពុង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព និង​សុវត្ថិភាព ៕

Leave A Reply

Your email address will not be published.