ខួប ២២ ឆ្នាំ នៃការបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម
ដោយ ថាច់ ប្រីជា គឿន l VOKK
សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើពិធីរាត្រីសមោសរ ដើម្បីរំឭកខួប ២២ ឆ្នាំ នៃការបង្កើតសហព័ន្ធ ខ្មែរកម្ពុជាក្រោម ៤ សីហា ១៩៩៦ – ៤ សីហា ២០១៨ ។ ពិធីនេះ ធ្វើនៅទីក្រុង Long Beach រដ្ឋ California នៅថ្ងៃទី ៣ ខែសីហា រៀបចំដោយ លោក កៀង រម្មណី ជាប្រធានសាខាសហព័ន្ធខ្មែរ កម្ពុជាក្រោម ប្រចាំរដ្ឋ California ភាគខាងត្បូង និងលោក ថាច់ ជីវ ជាប្រធានសាខាព័ន្ធខ្មែរ កម្ពុជាក្រោម ប្រចាំទីក្រុង Long Beach ។ ថ្នាក់ដឹកនាំ និងសមាជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលរួមពិធីនេះ ដើម្បីថ្លែងអំពីប្រវត្តិ នៃការតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងការស្វែងរក សិទ្ធិសេរីភាព និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជូនពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ។

យោងតាមសៀវភៅ លក្ខន្តិកៈ និងបទបញ្ញាត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលទើបតែបាន បោះពុម្ព នៅក្នុងឆ្នាំ ២០១៨ នេះ បានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលហៅកាត់ជាភាសា អង់គ្លេសថា KKF បានបង្កើតឡើងនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៩៩៦ នៅក្នុងមហាសន្និបាតសកល លើកទី ៥ នៃខ្មែរកម្ពុជាក្រោម នៅទីក្រុង Toronto នៃប្រទេសកាណាដា ដោយបានប្ដូរពីសភាកម្ពុជាក្រោម មកជា សហព័ន្ធខ្មែរកម្ពុជាក្រោម ។
ការតស៊ូនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតនូវបាវចនារបស់ខ្លួនថា ជាតិ សាសនា និងមាតុភូមិ និង ទង់ជាតិមានឆ្នូតបណ្ដោយបីពណ៌ គឺ ខៀវ លឿង និងក្រហម ជានិមិត្តរូប និងជា គ្រឿងសម្គាល់នូវអត្ដលក្ខណ៍ សម្រាប់ប្រើប្រាស់ជាកិត្តិយស នៃប្រជាជាតិខ្មែរក្រោមទូទាំងពិភពលោក ។
យោងតាមសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់អំពីអត្ថន័យ នៃទង់ជាតិកម្ពុជាក្រោម ថា មានបីឆ្នូត ដែលមានទំហំស្មើគ្នា និងមានពណ៌ផ្សេងគ្នា ហើយមានខ្នាតទទឹងពីរភាគបី បណ្តោយបីភាគបី ។ ឆ្នូតពណ៌ខៀវនៅខាងលើ ជានិមិត្តរូបនៃសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យដែល ជាសិទ្ធិខ្ពស់ជាងគេបំផុត ។ ឆ្នូតពណ៌លឿងនៅចំកណ្តាល ជានិមិត្តរូបនៃជាតិសាសន៍របស់ខ្មែរក្រោម ដែលស្រឡាញ់សន្តិភាពនិងយុត្តិធម៌ ។ ឆ្នូតពណ៌ក្រហមនៅខាងក្រោម ជានិមិត្តរូប នៃវីរភាព អង់អាចក្លាហាន របស់វីរជនខ្មែរក្រោម ដែលហ៊ានបូជាជីវិតខ្លួនដើម្បីជាតិរស់ ។
ចាប់តាំងពី ឆ្នាំ ១៩៨៥ មក សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើមហាសន្និបាតសកល នៃខ្មែរកម្ពុជាក្រោម ទូទាំងពិភពលោក ចំនួន ១០ លើក ដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មការដឹកនាំ និងពិភាក្សាអំពីយុទ្ធសាស្ត្រថ្មីៗ ព្រមទាំងធ្វើវិសោទនកម្មនូវលក្ខន្តិកៈជាដើម ឲ្យស្របទៅតាមស្ថាន ភាពសង្គម និងនយោបាយរបស់របស់ខ្មែរក្រោម និងពិភពលោក ។
ចំពោះគោលដៅ នៃការតស៊ូ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ខ្លួន នឹងធ្វើការតស៊ូទាមទាមឱ្យរដ្ឋាភិបាលយួនគោរពសិទ្ធិមនុស្ស សិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរក្សាសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង របស់ខ្មែរក្រោម ដែលជាជនជាតិដើម នៅលើដែនដីកម្ពុជាក្រោម ស្របតាមសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស និង សិទ្ធិជនជាតិដើម ដែលវៀតណាមជាប្រទេសហត្ថលេខី ៕