កិច្ចសន្ទនាសិទ្ធិមនុស្សសហរដ្ឋអាមេរិក – វៀតណាម
ដោយ ថាច់ ប្រីជា គឿន
សហរដ្ឋអាមេរិក – នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ សប្ដាហ៍នេះ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយក្រុមបានធ្វើដំណើរទៅប្រ ទេសវៀតណាម និងដែនដីកម្ពុជាក្រោម ដើម្បីរៀបចំកិច្ចប្រជុំស្ដីពី “កិច្ចសន្ទនាសិទ្ធិមនុស្សសហរដ្ឋអាមេរិក – វៀតណាម” លើកទី ២៦ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ។ កិច្ចសន្ទនានេះធ្វើឡើង ដើម្បី ពិភាក្សាអំពីកិច្ចព្រមព្រៀងនានារវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងវៀតណាមក្នុងការគោរពនូវសិទ្ធិនានា របស់ប្រជាពលរដ្ឋនៅក្នុងប្រទេសវៀតណាម ក្នុងនោះ មានសិទ្ធិជនជាតិដើម ផងដែរ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូត និងអគ្គកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំប្រទេសវៀត ណាម ចេញថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ បានបញ្ជាក់ថា តំណាងកិច្ចសន្ទនាខាងភាគីសហរដ្ឋអាមេរិក ដឹកនាំដោយ លោកស្រី អ៊ីរិន បាកខ្លេ (Erin Barclay) ជាមន្ត្រីជាន់ខ្ពស់ នៃ ការិយាល័យលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងពលកម្ម, តំណាង ខាងភាគីវៀតណាម ដឹកនាំ ដោយ លោក ដោ ហ៊ុង វៀត (Đỗ Hùng Việt) ។ ក្រៅពីនេះ ប្រតិភូខាងភាគី សហរដ្ឋអាមេរិក ក៏មានវត្តមានរបស់ មន្ត្រីតំណាងស្ថាប័ន មួយចំនួនទៀត ដូចជា លោក រ៉ាសាដ ហ៊ូសេន (Rashad Hussain) ជាអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចការសេរី ភាពសាសនា អន្តរជាតិ, លោកស្រី ដិស៊ើរ៉េ កុំម៉ាញ៉េ ស្មិតហ៍ (Desirée Cormier Smith) ជាអ្នកតំណាង ពិសេសដើម្បីយុត្តិធម៌ និងសមភាព នៃពូជ សាសន៍, លោក ម៉ៃឃិល អូរ៉ូណា (Michael Orona) ជាទី ប្រឹក្សាជាន់ខ្ពស់ស្ដីពីយុទ្ធសាស្ត្រសិទ្ធិ៍ជនជាតិដើម មកពីស្ថាប័នលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង ពលកម្មសហរដ្ឋអាមេរិក និង លោក រូប៊ឺត អកប៊ើន (Robert Ogburn) ជានាយកការិយាល័យទទួលបន្ទុក កិច្ចការអាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក ។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា កិច្ចសន្ទនានេះផ្ដោតលើបញ្ហាមួយចំនួនទាក់ទង នឹងសិទ្ធិមនុស្ស និងសិទ្ធិ៍ពលកម្ម ក្នុងនោះ រួមមាន សិទ្ធិ៍សេរីភាពនៃការបញ្ចេញមតិ, សិទ្ធិ៍បង្កើតអង្គការ ឬ សមាគមក្រៅរដ្ឋាភិបាល, សិទ្ធិ៍សេរីភាពក្នុងការប្រតិបត្តិ និងជំនឿសាសនា, នីតិរដ្ឋ និងកំណែទម្រង់ច្បាប់, និងសិទ្ធិ៍របស់ក្រុមជនដែលត្រូវរដ្ឋការយួនផាត់ឲ្យនៅក្រៅជញ្ជាំង ដូចជា ក្រុមជនជាតិដើម និងជនជាតិភាគ តិច ជនពិការ និងករណីក្រុមបុគ្គលដែលមានការព្រួយបារម្ភ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាននេះដដែល កិច្ចសន្ទនានេះ ក្រៅពីធ្វើនៅទីក្រុងហាណូយ ជារដ្ឋធានី នៃ ប្រទេសវៀតណាម ក៏មានរៀបចំកិច្ចសន្ទនានៅទីក្រុងព្រៃនគរ នៃដែនដីកម្ពុជាក្រោម ដើម្បីពីភាក្សាជាមួយ នឹងមន្ត្រីរដ្ឋាភិបាល របបអាណានិគមយួន និងសកម្មជនសិទ្ធិមនុស្សទូទៅ ក្នុងនោះ មានក្រុមសកម្មជនសិទ្ធិ មនុស្សជនជាតិដើមខ្មែរក្រោម ផងដែរ ។
បើតាមព័ត៌មានពីមន្ត្រី សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា មុនពេលកិច្ចសន្ទនាសិទ្ធិមនុស្សសហរដ្ឋ អាមេរិក – វៀតណាម បានប្រព្រឹត្តទៅមួយថ្ងៃនោះ គឺនៅថ្ងៃទី ១ ខែវិច្ឆិកា មន្ត្រីសហរដ្ឋអាមេរិក បាន អញ្ជើញក្រុមសកម្មជនសិទ្ធិមនុស្សជនជាតិដើមខ្មែរក្រោមមួយក្រុម ដែលមានគ្នា ៦ នាក់ ឡើងទៅទីក្រុង ព្រៃនគរ ដើម្បីធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម ដែលកំពុងតែត្រូវ របបអាណានិគមយួនរំលោភបំពានជារៀងរាល់ថ្ងៃ ។
សេចក្ដីប្រកាសព័ត៌មាន នៃ ស្ថានទូត និងអគ្គកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំប្រទេសវៀតណាម បាន បញ្ជាក់ថា ការលើកកម្ពស់សិទ្ធិមនុស្ស គឺជាប្រការចាំបាច់ នៃគោលនយោបាយការបរទេសរបស់ សហរដ្ឋ អាមេរិក និងជាគន្លឹះនៃការចូលរួមរបស់សហរដ្ឋអាមេរិក ជាមួយនឹងប្រទេសវៀត ណាម ក្រោមភាពជាដៃ គូគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិក និង វៀតណាម ។ សហរដ្ឋអាមេរិក ប្តេជ្ញាបន្តការពិភាក្សាដោយ ត្រង់ទៅត្រង់ មក និងផ្អែកលើលទ្ធផលនៃកិច្ចពិភាក្សា ជាមួយនឹងរដ្ឋាភិបាលវៀត ណាមលើបញ្ហាទាំងនេះ ។
នេះជាកិច្ចពិភាក្សាលើកដំបូងបន្ទាប់ពីវៀតណាមបានជាប់ឆ្នោតឋានៈជាមសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅថ្ងៃទី ១១ ខែតុលា កន្លងទៅនេះ ៕