យុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជា

0 141

ដោយ ថាច់ ប្រីជា គៀន | សារព័ត៌មាន ព្រៃនគរ

ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី ២៧ ខែមិថុនា នេះ​ទៅ នឹង​ចាប់ផ្ដើម​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើស រើស​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី ៥ រយៈពេល ១ ខែ ។​

​ក្រុមមនុស្ស​គាំទ្រ​រាប់ពាន់នាក់​របស់​គណ​បក្ស​នីមួយៗ​បាន​ដង្ហែ​ក្បួន​តាមផ្លូវ នា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​ការឃោសនា បោះឆ្នោត ។​ យុទ្ធនា​ការឃោសនា​នេះ ត្រូវបាន​ចាត់តាំងឡើង​មុនពេល​បោះឆ្នោត ថ្ងៃទី ២៨ ខែកក្កដា ខាងមុខនេះ ។

បុរសម្នាក់កាន់ទង់បក្សសង្គ្រោះជាតិនៅក្នុង យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នីតិកាល ទី ៥ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៣ ។
បុរសម្នាក់កាន់ទង់បក្សសង្គ្រោះជាតិនៅក្នុង យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នីតិកាល ទី ៥ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៣ ។

គណបក្ស​ប្រជាជន​កម្ពុជា​របស់ លោក ហ៊ុន សែន  បានទទួល​ជ័យជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី កាលពី​ពីរ អាណត្តិ​មុន  បើទោះបី​មានការ​ចា​ទ​ប្រកាន់​ពី​ក្រុម​គណបក្សជំទាស់​ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត យ៉ាងណាក៏ដោយ ។​

​ថ្លែង​ជា​សាធារណៈ​នៅ​ចំពោះមុខ​អ្នកគាំទ្រ លោក ហេង សំ​រិន្ទ ប្រធានកិត្តិយស​នៃ​គណបក្ស​ប្រជាជន កម្ពុជា បាន​បញ្ជាក់ថា “​ការសម្រេចចិត្ត​ត្រូវ នឹង​នាំមក​ជោគជ័យ  ប៉ុន្តែ​បើ​ការសម្រេចចិត្ត​ខុស​នឹង​នាំមក នូវ​ក្ដី​អស់សង្ឃឹម និង​គ្រោះថ្នាក់​ឲ្យ​ប្រទេសជាតិ​” ។​

​គោលនយោបាយ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា គឺ​ការទប់ស្កាត់​មិន​ឲ្យ​មាន​ការវិល​ត្រឡប់មក​វិញ នូវ​ប្រល័យពូជសាសន៍​ខ្មែរក្រហម ។ លោក ហេង សំ​រិន្ទ បាន​ថ្លែងថា​៖ “​ការបោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន គឺជា​ការបោះឆ្នោត​ឲ្យ​ខ្លួនឯង​” ។​

​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្ដោប​ក្ដាប់​អំណាច​នៅក្នុង​ប្រទេស​កម្ពុជា ចំនួន ២៨ ឆ្នាំ មកហើយ និង​ជា​អ្នកកាន់អំណាច​យូរ​ជាងគេ​ទី ២ នៅ​អាស៊ី​អា​គ្មេ​យ៍ បន្ទាប់ពី​ស្ដេច​ប្រទេស Brunei ។​

​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណ​ប្រជ​ន​ជនកម្ពុជា ត្រូវបាន​គេ​ចោទប្រកាន់ថា មានការ​រំលោភសិទ្ធិ មនុស្ស​យ៉ាងធ្ងន់ធ្ងរ , ការ​បណ្ដោយ​ឲ្យ​ជនជាតិ​យួន​ហូរ​ចូល​នៅ​ខុសច្បាប់​ក្នុងស្រុក​ខ្មែរ និង​កាត់​ដី​ឲ្យ​ទៅ វៀតណាម ជាដើម ។​

​មេដឹកនាំ​ជំទាស់ គឺ លោក សម រង្ស៊ី ត្រូវបាន​រារាំង​មិន​ឲ្យ​ចូល​ស្រុក​ដើម្បី​ប្រកួត​ការបោះឆ្នោត  ព្រោះ​កំពុង ប្រឈម​នឹង​សាលដីកា​ចាប់ខ្លួន​ពី​តុលាការ​ខ្មែរ ដែល​ក្រុម​បក្ស​ជំទាស់​ចាត់ទុកថា ឋិត​នៅក្រោម​សម្ពាធ នយោបាយ ។​

​លោក សម រង្ស៊ី កំពុង​រស់​នី​រទេស​ខ្លួន​នៅ​ប្រទេស​បារាំង ដើម្បី​គេច​ពី​ការដាក់​ពន្ធនាគារ ១១ ឆ្នាំ ក្រោយពី លោក​ត្រូវបាន​កាត់ទោស​កំបាំងមុខ​ពី បទ​ដក​តម្រុយ​បង្គោលព្រំ​ដែនកម្ពុជា​វៀតណាម នៅ​ខេត្តស្វាយរៀង កាលពី​ប៉ុន្មាន​ឆ្នាំមុន ។​

​មាន​គណបក្ស​ចំនួន ៨ ចូលរួម​ប្រកួត​ការបោះឆ្នោត និង​មាន ១២៣ អាសនៈ​នៅក្នុង​រដ្ឋសភា សម្រាប់​ការ បោះឆ្នោត​អាណត្តិ​នេះ នៅ​ថ្ងៃទី ២៨ ខែកក្កដា  ។​

​ទីភ្នាក់ងារ​ព័ត៌មាន BBC បាន​រាយការណ​ព៍​ថា មនុស្ស​ប្រមាណ ៩ លាន ៦ សែន នាក់ បាន​ចុះឈ្មោះ បោះឆ្នោត ដែលមាន​អ្នកសង្កេតការ​នៅក្នុង និង​ក្រៅប្រទេស​ប្រមាណ ៧.៧០០ នាក់ ៕​

Leave A Reply

Your email address will not be published.