តុលាការផ្អាកសវនាការសំណុំរឿងកសិករខ្មែរក្រោម នៅខេត្តក្រមួនស
ដោយ ស៊ឺន ចែងចើន
តុលាការវៀតណាម នៅខេត្តក្រមួនស នៅព្រឹកថ្ងៃទី ២ ខែមេសា នេះ បានបើកសវនាការជំនុំជម្រះ ជុំវិញបណ្ដឹងរបស់កសិករខ្មែរក្រោម ៣ នាក់ ដែលប្ដឹងទាស់នឹងការសម្រេចរបស់តុលាការស្រុកយ៉ាង ថាញ់ (Giang Thành) នៃខេត្តក្រមួនស កាត់ទោសឲ្យជាប់ពន្ធនាគារ ពី ១ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ ក្នុងសំណុំរឿងដីធ្លី កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២០ ។ ប៉ុន្តែ សវនាការកាត់ក្តីបណ្តឹងទាស់នេះ បានសម្រេចផ្អាកទៅវិញ ដោយសារតែភាគីដើមបណ្តឹងជាអាជ្ញាធរ មិនបានចូលរួម នៅក្នុងសវនាការថ្នាក់ខេត្តនេះទេ ។ ការផ្អាកសវនាការ នៅព្រឹកនេះ ធ្វើឡើងបន្ទាប់ពីមេធាវីការពារក្ដី ឲ្យសិករខ្មែរក្រោម ទាំង ៣ នាក់ ក្នុងសំណុំរឿងប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ សុំមិនបន្តនីតិវិធី ។

លោក ហ្វិន វ៉ាំងឌែប អាយុ ៤១ ឆ្នាំ ដែលត្រូវតុលាការស្រុកយ៉ាង ថាញ់ (Giang Thành) សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២ ឆ្នាំ ៦ ខែ នោះ ឲ្យវិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ដឹងក្រោយចេញពីតុលាការថា មេធាវីការពារក្ដីរបស់លោក បានស្នើឲ្យតុលាការផ្អាកសវនាការនេះ ដោយសារតែភាគីខាងអាជ្ញាធរមូលដ្ឋាន ដែលដើមបណ្តឹងមិនបានចូលរួមសវនាការ នៅថ្ងៃនេះ ។ លោកបញ្ជាក់ថា ខាងតុលាការនឹងជូនដំណឹងទៅក្រុមមេធាវី អំពីការបន្តសវនាការ នៅលើកក្រោយទៀត តែមិនកំណត់រយៈពេលជាក់លាក់នោះទេ ។ យ៉ាងនេះក្តី លោកថា នឹងស្នើទៅមេធាវីការពារក្ដី ដាក់លិខិតទៅតុលាការ ដើម្បីស្នើសុំឲ្យពន្លឿនសវនាការរឿងក្ដីនេះ ។
សូមបញ្ជាក់ថា កាលថ្ងៃទី ៣ ខែធ្នូ តុលាការស្រុកព្រៃមេង ខេត្តក្រមួនស ដែលវៀតណាម បានប្តូរទៅជាស្រុកយ៉ាង ថាញ់ (Giang Thành) ខេត្តកៀន យ៉ាង (Kien Giang) បានផ្ដន្ទាទោសពលរដ្ឋខ្មែរក្រោម ដែលជាសិករ និងជាម្ចាស់ដីចំនួន ៤ នាក់ ដែលតវ៉ាការពារដីធ្លីស្រែចំការរបស់ខ្លួន ប្រឆាំងនឹងការបណ្តេញចេញដោយបង្ខំ ពីអាជ្ញាធរវៀតណាម ឲ្យជាប់ពន្ធនាគារ ពី ១ ឆ្នាំទៅ ២ ឆ្នាំកន្លះ ពីបទប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងអាជ្ញាធរសាធារណៈវៀតណាម ។ ពលរដ្ឋខ្មែរក្រោម ទាំង ៤ នាក់នោះ រួមមានលោក ហ្វិន វ៉ាំងឌែប លោក តៀន ដាម លោក តៀន ណាម និងលោកយាយ ធី ភិច អាយុ ៧១ ឆ្នាំ ៕