កម្មវិធីសិក្សា​ផ្នែក​ពុទ្ធិកសិក្សា នៅ​ដែនដី​កម្ពុជា​ក្រោម​

0 1,066

ដោយ ស៊ឺន ចែងចើន និង ថាច់ ប្រីជា គឿន​ | VOKK

ប្រជាពលរដ្ឋ​ខ្មែរក្រោម​រាប់លាន​នាក់​នៅឯ​ដែនដី​កម្ពុជា​ក្រោម ដែល​ភាគច្រើន​គោរព និង​ប្រតិបត្តិ​ព្រះពុទ្ធសាសនា បាន​ថែរក្សា​តួនាទី​របស់​វត្ត​អារាម ដែលជា​មជ្ឈមណ្ឌល​វប្បធម៌ និង​អប់រំ​អក្សរសាស្ត្រ​ខ្មែរ បាន​យ៉ាង​ខ្ជាប់ខ្ជួន ។​

​ខ្មែរក្រោម ដែល ៩៨% ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា និង​ស្ទើ​តែ​នៅ​គ្រប់​ភូមិ ខ្មែរក្រោម​តែង​ទីពឹង​វត្ត​អារាម និង​ទៅលើ​ព្រះសង្ឃ ដើម្បី​គោរព​ប្រតិបត្តិ ។ វត្ត គឺជា​មជ្ឈមណ្ឌល​វប្បធម៌ ជា​កន្លែង ដែល​ប្រជាពលរដ្ឋ​ខ្មែរក្រោម ជួបជុំគ្នា និង​គោរពបូជា និង​ជា​កន្លែង​សិក្សាអប់រំ​កូនចៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម ។​

​ថ្វី​ត្បិត​វិស័យ​សិក្សាអប់រំ នៅ​កម្ពុជា​ក្រោម មិន​ត្រូវបាន​រដ្ឋាភិបាល​យួន​លើកស្ទួយ និង​យកចិត្តទុកដាក់​ក្តី ។ ការសិក្សាអប់រំ​របស់​កូនចៅ​ខ្មែរក្រោម នៅតែ​ខ្នះខ្នែង​ពង្រឹង​វិស័យ​អប់រំ​ផ្នែក​ព្រះពុទ្ធសាសនា និង​ចំណេះដឹង​ទូទៅ​ដោយ​ខ្លួនឯង ។
​ ​
​ជាក់ស្តែង តាមរយៈ​ការបើក​សាលា​ពុទ្ធិកសិក្សា នៅតាម​វត្ត​អារាម​នីមួយៗ និង​ដោយមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​ការចូលរួម​ជ្រោមជ្រែង​ឧ​ប​ត្ត​ម្ភ ពី​ពុទ្ធបរិស័ទ​ជើងវត្ត​ផង​នោះ ក៏បាន​បើក​សាលា​ពុទ្ធិកសិក្សា​ឡើង សម្រាប់​បណ្ដុះបណ្ដាល​អក្ស​រ​សាស្ត្រ​ខ្មែរ និង​ផ្នែក​ភាសាបាលី ដល់​កុលបុត្រ​ខ្មែរក្រោម ដែល​បាន​ចូលមក​បួស​ជា​ព្រះសង្ឃ និង​សិក្សា​ទាំង​ផ្លូវពុទ្ធចក្រ និង​អាណាចក្រ ដើម្បី​បង​ន្ត​វេន​ថែរក្សា និង​លើកកម្ពស់​ការសិក្សា​អក្សរសាស្ត្រ​ជាតិខ្មែរ នៅ​កម្ពុជា​ក្រោម ។​

​ជា​រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់ខែ​វិសាខ ដែល​ត្រូវ នឹង​ខែឧសភា​នៃ​ឆ្នាំ​សកល ចូលមក​ដល់ គឺ​នៅតាម​វត្ត​អារាម​នានា ក្នុង​ខេត្ត​ព្រះ​ត្រពាំង និង​បណ្តា​ខេត្ត​ដទៃៗ ទៀត នៅ​ដែនដី​កម្ពុជា​ក្រោម ចាប់ផ្តើម​បើក​កម្មវិធី​ជួបជុំ​រវាង​សមណ​សិស្ស​-​សិស្ស និង​គ្រូបង្រៀន ដើម្បី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ដែល​ចាប់ពី​កម្រិត​ថ្នាក់​វិជ្ជា​ខេមរភាសា កម្រិត​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ និង​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ។​

​ដោយឡែក នៅ​ខេត្ត​ព្រះ​ត្រពាំង​វិញ កម្មវិធី​រៀន​ផ្នែក​ពុទ្ធិកសិក្សា ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​គណៈ​មន្ត្រី​សង្ឃ​ខ្មែរក្រោម នៅ​ថ្នាក់ស្រុក និង​ថ្នាក់​ខេត្ត តម្រូវ​ឲ្យ​សិក្សា​រយៈពេល ៩ ខែ គឺ​ចាប់​ពីថ្ងៃ ១ រោច​ខែវិសាខ រហូតដល់​ខែបុស្ស នៃ​ចន្ទគតិ​រៀងរាល់ឆ្នាំ ។

​ក្នុង​រយៈពេល ៩ ខែ នៃ​ការសិក្សា​ផ្នែក​ពុទ្ធិក ដែល​សមណ​សិស្ស​-​សិស្ស​ត្រូវ​រៀន​នេះ គណៈ​មន្ត្រី​សង្ឃ នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង បាន​តម្រូវ​ឲ្យ​វត្ត​នីមួយៗ ដែល​បើក​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ទី ១ រហូតដល់​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ទី ៣ ឬ​ចាប់ពី​ថ្នាក់​ទី ៦ ដល់ទី ១២ រៀបចំ​កម្មវិធី​ប្រលង ៣ លើក គឺ​ប្រលង​ត្រីមាស នៅពេល​ព្រះសង្ឃ​ចូល​វស្សា ប្រលង​ឆមាស ពេល​ព្រះសង្ឃ​ចេញ​វស្សា និង​ប្រលង​បញ្ចប់​ថ្នាក់ នៅក្នុង​ខែបុស្ស និង​មាឃ រៀងរាល់ឆ្នាំ ។

​ប៉ុន្តែ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កម្មវិធី​ប្រឡង​នៅ​ថ្នាក់ស្រុក ដែល​ចាប់ពី​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ទី ១ ដល់ទី ៣ ឬ​ថ្នាក់​បាលី​ទី ១ ដល់ទី ៣ គឺ​ត្រូវ​បានរៀបចំ​ឲ្យ​មានការ​ប្រឡង​រួម​បញ្ចប់​ថ្នាក់​ទូទាំង​ស្រុក​នីមួយៗ ។ លើកលែងតែ​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ទី ៤ ឬ​ថ្នាក់​បាលី​រង និង​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ទី ៣ ឬ​ថ្នាក់​គរុកោសល្យ​ទី ៣ ត្រូវ​រៀបចំ​ប្រឡង​រួម​យ៉ាង​ទៀ​តង​ទាត់ ក្រោម​ការចាត់​តាំងរបស់​សមាគម​ព្រះសង្ឃ​ថ្នាក់​ខេត្ត ។

​នៅក្នុង​ខែបុស្ស ពុទ្ធសករាជ ២៥៦១ ត្រូវ នឹង​ខែមករា គ្រឹ​ស្ត​សករាជ ២០១៨ កន្លងទៅនេះ ជា​រដូវ​កាល ដែល​គណៈកម្មការ​សង្ឃ​ខ្មែរ​ថ្នាក់ស្រុក និង​ថ្នាក់​ខេត្ត​នៃ​ខេត្ត​ព្រះ​ត្រពាំង បានរៀបចំ​កម្មវិធី​ប្រឡង​បញ្ចប់​កម្មវិធីសិក្សា​រប​ស់​សមណ​សិស្ស​ទូទាំង​ស្រុក និង​ខេត្ត ដែល​បាន​សិក្សា​រយៈពេល ៩ ខែ នៅក្នុង​ឆ្នាំ​សិក្សា ២០១៧ ។​

​កម្មវិធី​ប្រឡង​រួម​បញ្ចប់​ថ្នាក់​ទូទាំង​ស្រុក ក្រោម​ការចាត់​តាំងរបស់​សមាគម​សង្ឃ​ស្រុក​ទាំង ៨ រួមមាន​៖ ស្រុក​កំពង់​ស្ពាន ស្រុក​ផ្នោ​ដាច់ ស្រុក​ថ្កូវ ស្រុក​ញ្ចោ​ង ស្រុក​កន្លង់ ស្រុក​មាត់សមុទ្រ ស្រុក​កំពង់ធំ និង​ទី​រួម​ខេត្ត ។ ស្រុក នីមួយៗ បានរៀបចំ​កម្មវិធី​ប្រឡង​រួម នៅក្នុង​មណ្ឌល​ប្រឡង​នៅក្នុង​វត្ត​ណាមួយ ដែល​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ ក្នុងការ​ទទួល​សមណ​សិស្ស និង​សិស្ស​មកពី​វត្ត​នានា​ទូទាំង​ស្រុក ។​

​ចំពោះ​វិញ្ញាសា ដែល​សមណ​សិស្ស បាន​សិក្សា​នៅក្នុង​ថ្នាក់​នីមួយៗ នៅ​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ទី​ឆ្នាំ​ទី ១ ដល់ទី ៣ ឬ​ថ្នាក់​បាលី​ទី ១ ដល់ទី ៣ ហើយ​ត្រូវបាន​លើក​យកមក​ប្រឡង​នោះ មាន​ចំនួន ១២ វិញ្ញាសា គឺ​សរសេរ​តាម​អាន​ខ្មែរ តែងសេចក្ដី​ខ្មែរ អនុពុទ្ធ​ប្បវត្តិ សាសនា​គឺ​អ្វី គាថា​ធម្មបទ ព្រះ​វិន័យ ធម្ម​វិភាគ វេយ្យាករណ៍​បាលី អង់គ្លេស ភាសា​ខ្មែរ ប្រែ​លោត​ប្រយោគ​ធម្មបទដ្ឋកថា គណិតវិទ្យា (​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ នៅ​ស្រុក​ខ្លះ​មាន ១៣ វិញ្ញាសា ពោល គឺ​បន្ថែម ១ វិញ្ញាសា វៀតណាម ប្រែ​ខ្មែរ​) ។​

​នៅ​ថ្ងៃទី ២៧ ខែមករា ២០១៨ នេះ គណៈ​មន្ត្រី​សង្ឃ គណៈកម្មការ​មេ​ប្រយោគ គ្រូបង្រៀន និង​បេក្ខសមណ​សិស្ស​-​សិស្ស​ទាំង ២ ថ្នាក់ នៃ​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ៤ ឬ​ថ្នាក់​បាលី​រង និង​សាលា​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ទី ៣ ឬ​ថ្នាក់​គរុកោសល្យ​ទី ៣ នៅ​ទូទាំង​ខេត្ត​ព្រះ​ត្រពាំង ដែល​បាន​និមន្ត​មក​សិក្សា នៅតាម​វត្ត​អារាម​នានា ក្នុង​ខេត្ត​មួយ​នេះ បានមក​ជួបជុំគ្នា នៅ​វត្ត​ពោធិ​គិរី​វង្សា​រាម (​ស្វាយ​សៀម​ថ្មី​) និគម​ថ្កូវ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​រួម​បញ្ចប់​ថ្នាក់​ខេត្ត ដែល​កំពុងតែ​ប្រព្រឹត្តទៅ​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ ១១ កើត ដល់​ថ្ងៃ ១៣ កើត ខែមាឃ ឆ្នាំរការ នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវ នឹង​ថ្ងៃទី ២៧ ខែមករា ដល់​ថ្ងៃទី ២៩ ខែមករា គ​.​ស ២០១៨ ក្រោម​ការចាត់​តាំងរបស់​អាគារ​សិក្សាធិការ​នៃ​គណៈ​មន្ត្រី​សង្ឃ​ថ្នាក់​ខេត្ត ។​

​នៅក្នុង​របាយការណ៍ របស់​គណៈកម្មការ​រៀប​ចំ​កម្មវិធី​ប្រឡង​ផ្នែក​ពុទ្ធិកសិក្សា​ថ្នាក់​ខេត្ត​មួយ​នេះ បានបង្ហាញ​ឲ្យ​ដឹងថា សមណ​សិស្ស​ទាំង ២ ថ្នាក់ ដែល​បាន​ចូល​ប្រឡង​រួម​បញ្ចប់​ថ្នាក់ ក្នុង​ឆ្នាំ​សិក្សា​ពុទ្ធសករាជ ២៥៦១ នេះ សរុប​ទាំងអស់​មាន​ចំនួន ៤១៧ អង្គ និង​រូប ក្នុងនោះ ក៏មាន​មាន​យុវ័ន យុវតី ចូលរួម​ប្រឡង​ផងដែរ ។ ចំណែក​គណៈកម្មការ​មេ​ប្រយោគ ដែល​បាន​និមន្ត និង​អញ្ជើញ​មកពី​វត្ត​នានា ដើម្បី​កែ​វិញ្ញាសា និង​សម្រេច​លទ្ធផល​ប្រឡង មាន​ចំនួន ២៥៨ អង្គ និង​រូប ។​

​រីឯ​វិញ្ញាសា សម្រាប់​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ៤ មាន​ចំនួន ១២ ដែរ គឺ​ព្រះ​វិន័យ តែងសេចក្ដី សរសេរ​តាម​អាន ធម្មបទ វេយ្យាករណ៍​បាលី ភាសា​ខ្មែរ ព្រះ​គាថា ព្រះ​អភិធម្ម ទស្សនៈ​ពុទ្ធសាសនា អង់គ្លេស ទូ​រេ​និទាន គណិតវិទ្យា និង​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ទី ៣ មាន​ចំនួន ១០ វិញ្ញាសា គឺ​សរសេរ​តាម​អាន ព្រះ​បាតិមោក្ខ បរមាធិប្បាយ សាសនា​សកលលោក កំណាព្យ​ខ្មែរ ភាសា​ខ្មែរ សម្ព័ន្ធ មង្គល​ត្ថ​ទីប​នី អង់គ្លេស គណិតវិទ្យា ។​

​កម្មវិធី​ប្រឡង​នេះ នឹង​ប្រកាស​លទ្ធផល និង​មាន​ប្រគេន​រង្វាន់​លើកទឹកចិត្ត​ដល់​សមណ​សិស្ស ពី​គណៈកម្មការ​ប្រឡង នៅ​រាត្រី​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៨ នេះ នា​មណ្ឌល​ប្រឡង​វត្ត​ពោធិ​គិរី​វង្សា​រាម (​ស្វាយ​សៀម​ថ្មី​) ដែលជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​ប្រលង​រួម​ថ្នាក់​ខេត្ត ។ គណៈកម្មការ​ប្រឡង​បាន​ឲ្យ​ដឹងថា រយៈពេល ៣ ថ្ងៃ ដែល​ព្រះសង្ឃ​កំពុង​ប្រឡង​នេះ មាន​ពុទ្ធបរិស័ទ​ខ្មែរក្រោម នៅ​ចំណុះជើងវត្ត​នានា បាន​ចូលមក ចុះឈ្មោះ​ធ្វើជា​រង្វាន់​ទៅតាម​លេខ​រៀង ចាប់ពី​លេខ ១ ដល់​លេខ​ចុងបញ្ចប់ ដើម្បី​ឡើង​វេទិកា​ប្រគេន ដល់​សមណ​សិស្ស​-​សិស្ស នៅ​រាត្រី​ថ្ងៃ​ដដែល​នោះដែរ ។​

​យោងតាម​បញ្ជី​កំណត់ហេតុ​របស់​ព្រះតេជព្រះគុណ ថាច់ យួ​ង ដែលជា​សមាជិក​គណៈកម្មកា​រ​រៀបចំ​កម្មវិធី​ប្រឡង​ផ្នែក​ពុទ្ធិកសិក្សា​ផង​នោះ បាន​បង្ហោះ​ជា​សាធារណៈ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាល​ថ្ងៃទី ២៧ ខែមករា ឲ្យ​ដឹងថា សិស្សានុសិស្ស ដែល​រៀន​ផ្នែក​ពុទ្ធិក​មធ្យមសិក្សា​ទូទាំង​ខេត្ត​ព្រះ​ត្រពាំង មាន ៧ ថ្នាក់ ដោយ​ក្នុងនោះ ថ្នាក់​ពុទ្ធិក​ម្យ​ម​សិក្សា​បឋមភូមិ មាន ៤ ថ្នាក់ និង​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ មាន ៣ ថ្នាក់ ។​

​នៅក្នុង​បញ្ជី​ដដែល បាន​បញ្ចាក់​ឲ្យ​ដឹង​ទៀតថា ចំនួន​បេក្ខសមណ​សិស្ស និង​សិស្ស​ទូទាំង ៨ ស្រុក​នៃ​ខេត្ត​ព្រះ​ត្រពាំង ដែល​បាន​សិក្សា​ផ្នែក​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ទាំង ៣ ថ្នាក់ (​បាលី​ទី ១ ដល់​បាលី​ទី ៣) ក្នុង​ឆ្នាំ​សិក្សា ព​.​ស ២៥៦១ គ​.​ស ២០១៧-២០១៨ នេះ រួមមាន​៖ ១. ស្រុក​ថ្កូវ សុ​រប​រួមមាន​ចំនួន ៧៣៥ អង្គ​/​រូប ២. ស្រុក​កំពង់​ស្ពាន សុ​រប​រួមមាន​ចំនួន ៣១៨ អង្គ​/​រូប ៣. ស្រុក​កំពង់ធំ សុ​រប​រួមមាន​ចំនួន ៣២៨ អង្គ​/​រូប ៤. ស្រុក​កន្លង់ សុ​រប​រួមមាន​ចំនួន ១៨ អង្គ​/​រូប ៥. ស្រុក​មាត់សមុទ្រ សុ​រប​រួមមាន​ចំនួន ១៧៦ អង្គ​/​រូប ៦. ស្រុក​កញ្ចោង សុ​រប​រួមមាន​ចំនួន ១៨៧ អង្គ​/​រូប ៧. ស្រុក​ផ្នោ​ដាច់ សុ​រប​រួមមាន​ចំនួន ១៩២ អង្គ​/​រូប និង​ទីក្រុង​ព្រះ​ត្រពាំង សុ​រប​រួមមាន​ចំនួន ៩០ អង្គ​/​រូប ។ ចំណែក បេក្ខសមណ​សិស្ស និង​សិស្ស​ផ្នែក​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ៤ (​បាលី​រង​) ទូទាំង​ខេត្ត សុ​រប​រួមមាន​ចំនួន ៣២១ អង្គ​/​រូប ។ សម្រាប់​បេក្ខសមណ​សិស្ស និង​សិស្ស ផ្នែក​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ទី ១ (​គរុកោសល្យ​ទី ១) ទូទាំង​ខេត្ត សុ​រប​រួមមាន​ចំនួន ១៧៧ អង្គ​/​រូប ។ ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ទី ២ (​គរុកោសល្យ​ទី ២) ទូទាំង​ខេត្ត សុ​រប​រួមមាន​ចំនួន ៩២ អង្គ​/​រូប ។ ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ទី ៣ (​គរុកោសល្យ​ទី ៣) ទូទាំង​ខេត្ត សុ​រប​រួមមាន​ចំនួន ៩៨ អង្គ​/​រូប និង​សរុប​បេក្ខសមណ​សិស្ស និង​សិស្ស​ទាំង ៧ ថ្នាក់ មាន​ចំនួន ២៧៣៥ អង្គ​/​រូប ដោយ​ក្នុងនោះ ថ្នាក់ស្រុក មាន​សិស្សានុសិស្ស​សរុប ២០៤៤ អង្គ​/​រូប និង​ថ្នាក់​ខេត្ត មាន​សិស្សានុសិស្ស​សរុប ៦៩១ អង្គ​/​រូប ។​

​កម្មវិធីសិក្សា​ថ្នាក់​ពុទ្ធិកសិក្សា នៅ​ខេត្ត​ព្រះ​ត្រពាំង ជា​កម្មវិធីសិក្សា​មួយ ផ្ដោតលើ​ការរៀន​អក្សរសាស្ត្រ​ខ្មែរ និង​ភាសាបាលី ក្រោម​ការចាត់​តាំងរបស់​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ដែលមាន​ឈ្មោះថា “​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ​” ។ សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ បាន​បង្កើតឡើង នៅក្នុង​ឆ្នាំ ១៩៦៥ ដោយ​ព្រះតេជព្រះគុណ សឺ​ង វង់ (Son Vong) អតីត​ព្រះ​បា​ឡា​ត​គណ​ខេត្ត​ព្រះ​ត្រពាំង ។ សមាគម​មួយ​នេះ ដើរតួនាទី​បណ្ដុះបណ្ដាល​វិស័យ​អប់រំ​ដល់​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរក្រោម បាន​សិក្សា​រៀនសូត្រ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ។​

​សមាគម​នេះ សព្វថ្ងៃ ស្ថិតនៅក្រោម​ការត្រួតត្រា​របស់​រណសិរ្ស​មាតុភូមិ​វៀតណាម (Mặt trận Tổ quốc Việt Nam) និង​សមាគម​ពុទ្ធសាសនា​វៀតណាម (Giáo hội Phật giáo Việt Nam) ដែល​ដឹកនាំ​ដោយ​ព្រះសង្ឃ​មហាយាន​ជនជាតិ​យួន ។​

​ការសិក្សា​របស់​ព្រះសង្ឃ នៅតាម​វត្ត​អារាម​នានា​ក្នុង​ខេត្ត​ព្រះ​ត្រពាំង​នេះ បានក្លាយ​ទៅជា​ប្រពៃណី​មួយ​ទៅហើយ ដោយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នីមួយៗ ជា​អ្នក​ទំ​នុង​បំរុង​ចង្ហាន់​បាយបាត្រ​ដល់​សមណ​សិស្ស ដែល​បាន​និមន្ត​មកពី​វត្ត​នានា ដើម្បី​ស្នាក់អាស្រ័យ​រៀនសូត្រ ជា​រៀងរាល់ឆ្នាំ ។ ចំណែក​គ្រូបង្រៀន​វិញ ក៏​ជា​ព្រះសង្ឃ និង​ជា​ពុទ្ធបរិស័ទ នៅក្នុង​ចំណុះជើងវត្ត​នីមួយៗ ជា​អ្នក​ប​ង្ក្រៀ​ន​ស្ម​គ្រ​ចិត្ត​បន្តវេន​គ្នា ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ផងដែរ ។ រីឯ​សមណ​សិស្ស​វិញ ពេល​ចេញពី​រៀន​នៅ​ម៉ោង ៩ កន្លះ​ព្រឹក នឹងត្រូវ​និមន្ត​ចេញ​បិណ្ឌ​បាត្រ នៅតាម​ផ្ទះ​ពុទ្ធបរិស័ទ ដែល​វត្ត​បាន​ចាត់ជា​វេន​នីមួយៗ ដើម្បី​បាន​ចង្ហាន់​មក​ទ្រទ្រង់​ជី​វិ​តិ​ន្ទ្រី​យ៍​ឲ្យ​ប្រព្រឹត្តទៅ​ក្នុងការ​ប្រតិបត្តិ​ធម៌ និង​សិក្សា​អក្សរសាស្ត្រ​ខ្មែរ​របស់ខ្លួន ។​

​សូម​បញ្ជាក់ដែរថា នៅ​កម្ពុជា​ក្រោម បច្ចុប្បន្ន​មិនទាន់មាន​សាលា​មហាវិទ្យាល័យ ឬ​សកល​វិទ្យាល័យ​ណាមួយ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ដែល​បង្កើតឡើង​ដោយ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅឡើយ​ទេ ។ ដូច្នេះ ព្រះសង្ឃ​ខ្មែរក្រោម​អង្គណា ដែល​ចង់​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ ត្រូវតែ​និមន្ត​ចេញទៅ​ប្រទេស​កម្ពុជា ឬ​ប្រទេស​ថៃ​ថៃ ។ ចំណែក​ព្រះសង្ឃ ដែល​ចង់​និមន្ត​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​កម្ពុជា ត្រូវ​ចុះឈ្មោះ​រៀន​ថ្នាក់​អនុ​វ​ទ្យា​ល័យ ឬ​វិទ្យាល័យ​សា​ឡើងវិញ ព្រោះ​វិញ្ញាបនបត្រ​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ដែល​ចេញ​ដោយ​អាគារ​ធិ​ការសិក្សា​នៃ​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ​ខេត្ត​ព្រះ​ត្រពាំង នៃ​ដែនដី​កម្ពុជា​ក្រោម មិនត្រូវ​បានទទួល​ស្គាល់ ដោយ​ក្រសួងអប់រំជាតិ​របស់​ប្រទេស​កម្ពុជា​ឡើយ ។ ផ្ទុយ​ពី​ប្រទេស​កម្ពុជា នៅឯ​ប្រទេស​ថៃ​វិញ ក្នុងនាម​ជា​ប្រទេសមួយ ដែល​មិនមែនជា​ជាតិខ្មែរ​ឈាម​ខ្មែរ​ដូចគ្នា​ផង តែ​សាកលវិទ្យាល័យ​របស់គេ បានទទួល​ស្គាល់​សមមូល​វិញ្ញាបនបត្រ មកពី​ដែនដី​កម្ពុជា​ក្រោម ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​សមណ​សិស្ស​ខ្មែរក្រោម​រាប់រយ​អង្គ មានឱកាស​ចូល​បន្ត​ការសិក្សា​នៅតាម​មហាវិទ្យាល័យ​នានា​យ៉ាងច្រើន ដូចជា មហាវិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​អយុធ្យា និង​ទីក្រុង​បាំង​កក់​ជាដើម ។​

​គួរ​ជម្រាបជូន​ថា នៅ​កម្ពុជា​ក្រោម បច្ចុប្បន្ន​មាន​វត្ត​ជាង ៥០០ វត្ត (​ខេត្ត​ព្រះ​ត្រពាំង មាន​វត្ត​ខ្មែរ​ទាំងអស់​ចំនួន ១៤៣ វត្ត​) និង​មាន​ព្រះសង្ឃ​រាប់ម៉ឺន​អង្គ កំពុងតែ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀន​ទម្លាប់ វប្បធម៌ អរិយធម៌ និង​សិក្សា​អក្សរសាស្ត្រ​ជាតិខ្មែរ បាន​គង់វង្ស​ត​រហូតមកដល់​ឥឡូវ ៕

ខាងក្រោមនេះ ជារូបថតខ្លះៗ នៃសកម្មភាព បេក្ខសមណសិស្ស និងយុវសិស្ស មកប្រលងរួម នៅវវត្ត​មហាពោធិ​វ័ន (​តា​ថៀ​វ​) និង​វត្ត​ពោធិ​បឹង (​បឹង​)៖ រូបថតៈ ដកស្រង់ចេញពីហ្វេសប៊ុករបស់ព្រះតេជព្រះគុណ ខ្មែរសុវណ្ណភូមិ ព្រះតេជព្រះគុណ ស៊ឺន រំដួល ព្រះតេជព្រះគុណ ថាច់ ណេ ព្រះតេជព្រះគុណ ថាច់ ធា និងលោក ភូមិន្ទ​) ។


Leave A Reply

Your email address will not be published.