ប្រសិទ្ធិភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមក្នុងការទាមទារសិទ្ធិជូនខ្មែរក្រោម នៅក្នុងឆាកអន្តរជាតិ
កិច្ចសម្ភាសន៍ របស់ លោក លី ឈូន ចាងហ្វាង សារព័ត៌មាន ព្រៃនគរ និង អ្នកយកព័ត៌មានវិទ្យុសំឡេង កម្ពុជាក្រោមជាមួយនឹង លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោមនៅប្រទេសបារាំងអំពីសកម្ម ភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងឆាកអន្តរជាតិ ដើម្បីជម្រុញឲ្យរដ្ឋាភិបាលវៀតណាមគោរព សិទ្ធិ ខ្មែរក្រោម នៅដែន ដីកម្ពុជាក្រោម ។

ក្នុងបទសម្ភាសន៍នេះ លោក ថាច់ វៀន បានលើកឡើងអំពីសកម្មភាព និង តួនាទីជាគណៈកម្មការនាយក របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងអង្គការប្រជាជាតិគ្មានតំណាង ឬ UNPO ដែលមានជនជាតិ ផ្សេងៗប្រមាណ ៥០ ជាសមាជិករបស់ UNPO នោះ កំពុងរងការធ្វើទុក្ខបុកម្នេញយ៉ាងខាំងពីសំណាក់ រដ្ឋាភិបាលនានាក្នុងពិភពលោក ក្នុងនោះមានខ្មែរក្រោមជាជនជាតិដើមនៅដែនដីកម្ពុជាក្រោម ឬ ភាគ ខាងត្បូងវៀតណាម , ជនជាតិម៉ុងតៃញ៉ា ជនជាតិដើមនៅតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាមនិងជន ជាតិទីបេត៍ (Tibet) នៅប្រទេសចិនជាដើម ។
លោក ថាច់ វៀន បានបញ្ជាក់ថា ជនជាតិទីបេត៍នៅចិនកំពុងរងការគាបសង្កត់យ៉ាងខ្លាំងពីសំណាក់រដ្ឋា ភិបាលបក្សកុម្មុយនិស្តចិន និងរហូតមកដល់ពេលនេះ មានជនជាតិទីបេត៍ជាង ១០០ នាក់ហើយ ដែល បានដុតខ្លួន ដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់ចិនលើដែនដីរបស់ពួកគេ ។
លោក ថាច់ វៀន បានមានប្រសាសន៍ថា តួនាទីរបស់ UNPO គ្រាន់តែជម្រុញឲ្យអង្គការសហប្រជាជាតិ ជួយណែនាំដល់ប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិ ឲ្យគោរពនូវសិទ្ធិរបស់ជនជាតិដើម និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ដែលប្រទេសទាំងនោះ បានចុះសន្ធិសញ្ញានានាជាមួយ នឹងអង្គការសហប្រជាជាតិ ។ តាមរយៈ UNPO នេះដែរ លោក ថាច់ វៀន បានបញ្ជាក់ថា នាពេល កន្លងមក សហព័ន្ធខ្មែរកម្ពុជាក្រោម បានឱកាសចូលជម្រាបដល់សភាអ៊ឺរុបអំពីបញ្ហាខ្មែរក្រោមដែលត្រូវ បានវៀតណាមរំលោភសិទ្ធិនៅកម្ពុជាក្រោម និងដាក់សម្ពាធដល់អាជ្ញាធរវៀតណាមយ៉ាងមានប្រសិទ្ធិ ភាព ។
ចំពោះរឿងរ៉ាវដែនដីកម្ពុជាក្រោម វិញ លោក ថាច់ វៀន បានមានប្រសាសន៍ថា កម្ពុជាក្រោម ពីមុន ជាដីខ្មែរមួយភាគនៃប្រទេសកម្ពុជា ហើយក្រោយមកត្រូវបានឋិតនៅក្រោមអាណានិគមបារាំង ត្រូវបាន គេប្ដូរឈ្មោះ ទៅជា “កូស័ងស៊ីន” ក្រោយពីបារាំងបានធ្វើអាណានិគមលើដែនដីមួយភាគនេះ នាឆ្នាំ ១៨៦២ ។
សម្រាប់សកម្មភាពថ្មី លោក ថាច់ វៀន បានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម នាពេលថ្មីៗនេះ បាន ចូលទៅជម្រាបសភាអ៊ឺរុបអំពីបញ្ហាវៀតណាមចាប់ព្រះសង្ឃវត្តសិរីតាសេក និង វត្តព្រៃជាប់ផ្សឹក និងដាក់ គុក ផងដែរ ដើម្បីឲ្យសភាដ៏មានឥទ្ធិពលមួយជម្រុញឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម ៕