សា​ខា​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម នៅ​រដ្ឋវ៉ា​ស៊ិន​តោន​ស្តេត ប្រារព្វ​ទិ​វា​កម្ពុ​ជា​ក្រោម ៤ មិថុនា

0 123

ដោយ ស៊ឺន ចែងចើន| VOKK

សាខា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត សហរដ្ឋអាមេរិក នៅ​ថ្ងៃអាទិត្យ​ទី ២៤ ខែមិថុនា ឆ្នាំ ២០១៨ បាន​ប្រារព្ធ​ខួប ៦៩ ឆ្នាំ នៃ​ទិវា ៤ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​បារាំង​បាន កាត់​ដែនដី​កម្ពុជា​ក្រោម ឬ​ដែនដី​កូស័ងស៊ីន​ឲ្យ​ទៅ​វៀតណាម បន្តធ្វើ​អាណានិគម​លើ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក រហូតដល់​សព្វថ្ងៃ ។

​ពិធី​នេះ ប្រារព្ធ​នៅ វត្ត​ចន្ទរង្សី នាទី​ក្រុង​តា​ខូ​ម៉ា (Tacoma) រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត ដោយមាន​ការចូលរួម ពី​អ្នកគាំទ្រ​នៅក្នុង​រដ្ឋ​មួយ​នេះ និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មួយ​យ​ចំនួន មាន​ជាអាទិ៍ លោក ចៅ រៀប ប្រធានសភា​ព្រឹទ្ធាចារ្យ លោក ចៅ សារី ប្រធាន​គណៈកម្មាការ​ទទួល​បន្ទុក​ហិរញ្ញវត្ថុ លោក ថាច់ សា​មន ជា​អនុប្រធាន និង​លោក ថាច់ សាមី អ្នកនាំពាក្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ចំណែក​ថ្នាក់ដឹកនាំ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួមមាន លោក ថាច់ សុង ជា​ប្រធាន លោក ឡឹម តែម ជា​អនុប្រធាន លោក តាំង ឡា​ត់ ប្រធាន​សង្គមកិច្ច លោក ញ៉ា​ង អ៊ុង ជា​ហេរញ្ញិក និង​លោក តាំង ម៉េង​កូ តំណាង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត ព្រមទាំង​ថ្នាក់ដឹកនាំ​ក្នុង​តំបន់​ជាច្រើនរូប​ផ្សេងទៀត ។

​កម្ម​ពិធី​នេះ ប្រព្រឹត្តទៅ​ដោយមាន​កិច្ច​នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​និច្ចសីល និង​ថ្វាយ​ភត្ត​ដល់​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ខ្មែរ​គ្រប់​ជំនាន់ ដែល​បាន​បូជាជីវិត ដើម្បី​បុព្វហេតុ​ជាតិ និង​សាសនា​នៅ​ដែនដី​កម្ពុជា​ក្រោម ។ នៅក្នុង​ឱកាស​នោះ ថ្នាក់ដឹកនាំ បាន​ឡើង​ថ្លែង​ចាប់អារម្មណ៍​ម្នាក់​ម្តងៗ ទាក់ទិន នឹង​ពិធី​នេះ ។​

​ថ្លែង​ក្នុង​ពិធី​ខួប ៦៩ នៃ​ទិវា ៤ មិថុនា ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត លោក ថាច់ សុង បានលើកឡើង អំពី​មូល​ហេតុដែល​នាំ​ឲ្យ​មានកម្ម​វិធី​ជួបជុំ​នៅថ្ងៃនេះ​ថា ដើម្បី​រំឭក​ដល់​ថ្ងៃ​សោកនាដកម្ម​ដ៏​ខ្លោចផ្សា​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរក្រោម ដែល​ប្រទេស​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​ត្រួតត្រា កាលពី​ថ្ងៃ ៤ ខែមិថុនា ឆ្នាំ ១៩៤៩ និង​ដើម្បី​រំឭក​ដល់​វីរភាព​អង់អាច​ក្លាហាន​របស់​បុព្វបុរស​ខ្មែរក្រោម​គ្រប់​ជំនាន់ ដែល​បាន​ពលី​កម្ម​បូជាជីវិត​ការពារ​ទឹកដី ការពារជាតិ ការពារ​សាសនា ជាពិសេស គឺ​ដាស់សតិ​ស្មារតី​ដល់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ ឲ្យ​ចងចាំ​នូវ​ប្រវត្តិ​សោកនាដកម្ម​ដ៏​ឈឺចាប់​នេះ តរៀង​ទៅ ។​

​លោក​បន្ថែមថា ដោយ​មើលឃើញ​ពី​ទង្វើ​រំលោភច្បាប់​ជាតិ និង​អន្តរជាតិ បំពាន​ទៅលើ​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក ទើប​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ក្រោក​ឡើង​បន្តវេន​ពី​បុព្វបុរស តស៊ូ​មតិ​នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិសេរីភាព សិទ្ធិ​ជនជាតិដើម និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង ជូន​បងប្អូន​ជនរួមជាតិ​ខ្មែរក្រោម​រាប់លាន​នាក់ ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា​ក្រោម​សព្វថ្ងៃ ។​

​លោកតា កៀង រិន្ទ ប្រធាន​វត្ត​ចន្ទរង្សី បាន​រៀបរាប់​អំពី​ដំណើរ​នៃ​ប្រវត្តិ​បាត់បង់​ដែនដី​កម្ពុជា​ក្រោម ដោយ​លើកយក​នូវ​ប្រវត្តិ​សាវតា​ជាច្រើន​ប្រភព​មក​បញ្ចាក់​ប្រាប់ ទៅកាន់​អ្នកចូលរួម​ក្នុង​ទិវា​នេះ បាន​ជ្រាប​អំពី​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ។​

​តំណាង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក តាំង ម៉េង​កូ បានលើកឡើង​ពី​សកម្មភាព​តស៊ូ​មតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដោយ​លោក​អំពាវនាវ​ទៅដល់​អ្នកគាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ត្រូវ​រួបរួមសាមគ្គី​គ្នា​ឡើងវិញ លះបង់​ចោល​នូវ​រឿង​សៅហ្មង​ទាំងឡាយ ដែល​បាន​កើតឡើង​នាពេល​កន្លងមក ហើយ​គិតគូរ​តែ​ពី​បច្ចុប្បន្ន និង​អ​នាគ​ត់ ដើម្បី​ជំរុញ​ឲ្យ​កិច្ចការ​សង្គម​ខ្មែរក្រោម​ឈានទៅ​មុខ ជាពិសេស​ជួយ​ទ្រទ្រង់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ដំណើរ​ការល្អ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ។​

​លោក ចៅ រៀប ប្រធានសភា​ព្រឹទ្ធាចារ្យ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ឡើង​ចាប់អារម្មណ៍ ដោយមាន​ប្រសាសន៍ថា ការ​ប្រារព្វ​ទិវា ៤ មិថុនា នេះ​ឡើង គឺ​គ្មាន​បំណង​ចងកម្ម​ពៀរ នឹង​ជាតិ​សាសន៍​ណាមួយ​ឡើយ ។ ការ​ប្រារព្វ​ទិវា​នេះ គឺ​គ្រាន់តែ​រំឭក​ឡើងវិញ​នូវ​ការ​នូវ​ភាពឈឺចាប់ ដែល​កើតមាន​កាលពី​អតីតកាល ។ លោក​ព្រឹទ្ធាចារ្យ ចៅ រៀប បាន​សង្កត់ធ្ងន់ថា ក្រោយពី​បារាំង​បាន​ផ្ទេរ​ដែនដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម​រួចមក រដ្ឋាភិបាល​យួន​បាន​ប្រើប្រាស់​មធ្យោបាយ​គ្រប់សព្វ​បែបយ៉ាង ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម ខ្លបខ្លាច បាក់​ស្បាត់ មិន​ហ៊ាន​ក្រោក​ឡើង​ប្រឆាំង​តវ៉ា នឹង​ការគៀបសង្កត់​រឹតត្បិត​សេរីភាព​មកលើ​ពលរដ្ឋ​ខ្មែរក្រោម ពី​សំណាក់​អាជ្ញាធរ​យួន ។ ក្រៅពីនេះ យួន​បាន​ប្រើប្រាស់​មនោគមវិជ្ជា ដើម្បី​ធ្វើ​ឲ្យ​ខ្មែរ​ភ្លេចខ្លួន មិនដឹងថា ខ្លួនឯង​ជា​នរណា ។ ជាពិសេស ធ្វើ​ឲ្យ​កូន​ខ្មែរ​មិន​ចាប់អារម្មណ៍ នឹង​រឿង​វាសនា​ប្រទេសជាតិ ។​

​លោក​ប្រធានសភា​ព្រឹទ្ធាចារ្យ ក៏បាន​អំពាវនាវ និង​ផ្តាំផ្ញើ ទៅ​កូនចៅ​ខ្មែរក្រោម​ជំនាន់​ក្រោយ ត្រូវ​ពង្រឹងស្មារតី​មាំមួន និង​រក្សា​ចិត្តគំនិត​រឹងប៉ឹង ដើម្បី​ជួយ​បន្តវេន​ពី​លោកតា​ឧក​ញ្ញា សឺ​ង គុយ ដែល​ហ៊ាន​បូជាជីវិត ដើម្បី​ជាតិ និង​សាសនា​គង់វង្ស​ជា​រៀង​រហូតដល់​បច្ចុប្បន្ន​នេះ ។​

​មុន​បញ្ចប់​កម្មវិធី​បុណ្យខួប ៦៩ ឆ្នាំ នៃ​ទិវា​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម លោក ថាច់ សាមី អ្នកនាំពាក្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​លោក ថាច់ សា​មន ប្រធាន​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត បាន​ឡើង​ធ្វើ​បទ​បង្ហាញ ជម្រាបជូន​អំពី​លទ្ធផល​នៃ​សន្និសីទ​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ព្រឹទ្ធសភា​បារាំង និង​សកម្មភាព​ថ្មីៗ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅលើ​ឆាក​អន្តរជាតិ ។​

​នៅក្នុង​បទ​បង្ហាញ លោក ថាច់ សាមី បានលើកឡើង ពី​អង្គ​សន្និសីទ​អន្តរជាតិ​នៅក្នុង​អគារ​ព្រឹទ្ធសភា​បារាំង នាទី​ក្រុង​ប៉ា​រិ​ស ប្រទេស​បារាំង ដែល​បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃ​សៅរ៍ ទី ២ ខែមិថុនា ឆ្នាំ ២០១៨ ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​សហការ​ជាមួយ នឹង​អង្គការ​ប្រជាជាតិ និង​ប្រជា​ជា​ជន​គ្មាន​តំណាង (UNPO) និង​សមាជិក​ព្រឹទ្ធសភា​បារាំង លោក André Gattolin រៀបចំ​សន្និសីទ​អន្តរជាតិ នៅក្នុង​អគារ​ព្រឹទ្ធសភា​បារាំង ។ លោក​ថា អង្គ​សន្និសីទ​អន្តរជាតិ ដែលមាន​លក្ខណ​ទ្រង់ទ្រាយ​ធំ ស្ដីពី​បញ្ហា​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ជនជាតិ​ដើម​ខ្មែរក្រោម មាន​វាគ្មិន​ជា​ថ្នាក់ដឹកនាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​វាគ្មិន​ជា​ជនបរទេស​ជាច្រើនរូប បាន​ចូលរួម​ថ្លែង​ការចាប់អារម្មណ៍​របស់​ខ្លួន​ទាក់ទង នឹង​បញ្ហា​ខ្មែរក្រោម ។ វាគ្មិន​សំខាន់ៗ ដែល​ចូលរួម​អង្គ​សន្និសីទ​អន្តរជាតិ​នោះ រួមមាន លោក តោ គិ​ម ថុង ជា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ហ្វីល រ៉ូ​ប៊ឺ​ត​សុន (Phil Robertson) ជា​នាយករង​ប្រចាំ​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) អ្នកស្រី ទីណា ម៉​ហ្វឹ​ត (Tina L. Mufford) ជា​នាយករង​ផ្នែក​ស្រាវជ្រាវ និង​គោលនយោបាយ​នៃ​គណៈកម្មការ​សហរដ្ឋអាមេរិក ទទួលបន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ (USCIRF) លោក ភី​លី​ប ថៃ​លើ (Philip Tayler) អ្នកនិពន្ធ និង​រៀបរៀង​នូវ​សៀវភៅ​មួយចំនួន ដូចជា សៀវភៅ “The Khmer Land of Vietnam” និង​វាគ្មិន​ជាច្រើនរូប​ផ្សេងទៀត ។

​អ្នកនាំពាក្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រូបនេះ បាន​បញ្ជាក់ថា គោលបំណង​នៃ​សន្និសីទ​អន្តរជាតិ​នេះ ធ្វើឡើង​ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​បានដឹង​នូវ​ស្ថានភាព​ពិត​នៃ​ដែនដី កម្ពុជា​ក្រោម និង​លើកកម្ពស់​នូវ​ការយល់ដឹង អំពី​បញ្ហា​ការរំលោភ​សិទ្ធិមនុស្ស ពី​សំណាក់​របប​កុ​ម្មុយ​និ​ស្ត​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម តាមរយៈ​ការបកស្រាយ​របស់​វាគ្មិន​ជាតិ និង​អន្តរជាតិ ។

​សូមបញ្ជាក់ថា កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតី​បារាំង​ឈ្មោះ វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) បានប្រកាស​ច្បាប់ លេខ ៤៩-៧៣៣ ក្នុងការ​ប្រគល់​ដែនដី​កូស័ងស៊ីន ឲ្យ​ទៅជា​រដ្ឋ​ចំណុះ​វៀតណាម​ដែល ពលរដ្ឋ​ខ្មែរ​ចាត់ទុកថា ជា​សន្ធិសញ្ញា​ខុសច្បាប់ ។​

​សព្វថ្ងៃ ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម មិនមាន​សិទ្ធិ​ប្រារព្ធ​ខួប ទិវា ៤ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​ប្រវត្តិសាស្ត្រ​ជាតិ​របស់ខ្លួន ដែល​អាណានិគមនិយម​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម និង​វាសនា​របស់ខ្លួន ផ្ទេរ​ឲ្យ​ទៅ​នៅក្រោម​នឹម​អាណានិគម​ថ្មី​របស់​យួន​នោះឡើយ ។ ទិវា​នេះ ប្រារព្ធ​បានតែ​ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ ប្រទេស​តែ​ប៉​ណ្ណោះ ៕​

ខាងក្រោមជារូបថតខ្លះៗ នៃពិធីខួប ៦៨ ឆ្នាំ នៃទិវា ៤ មិថុនា ឆ្នាំ ២០១៧ ដែលបានប្រារព្ធ នៅរដ្ឋវ៉ាស៊ិនតោនស្តេត សហរដ្ឋអាមេរិក។ រូបថតៈ ស៊ឺន ចែងចើន

Leave A Reply

Your email address will not be published.