អត្ថន័យ​នៃ​សញ្ញា “រា​ហ៊ូ​ចាប់​ចន្ទ​” នៅក្នុង​សង្គម​ខ្មែរក្រោម​

0 677

ដោយ ថាច់ ប្រីជា គឿន

​“រាហូ​ចាប់​ចន្ទ​” ជា​និមិត្តសញ្ញា​ជាតិ​របស់​ខ្មែរក្រោម​ទូទាំង​ពិភពលោក ។ ជា​និមិត្តសញ្ញា​ជាតិ​នោះ ដោយសារ វត្តអារាម អង្គការ សមាគម និង សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ជាដើម បាន​យក​សញ្ញា “រាហូ​ចាប់​ចន្ទ​” នេះ មក​ធ្វើជា​សញ្ញាសម្គាល់ ឬធ្វើជា​ត្រា របស់​ខ្លួន ។ តើ​សញ្ញា “រាហូ​ចាប់​ចន្ទ​” មាន​ប្រវត្តិ និង​អត្ថន័យ យ៉ាងណា​នៅក្នុង​ជំនឿ​របស់​ខ្មែរ និង​ខ្មែរក្រោម​? តើ​ពលរដ្ឋខ្មែរ​ក្រោម​បាន​យក​សញ្ញា​នេះ មក​ធ្វើជា​និមិត្តសញ្ញា​របស់​ខ្លួន​តាំងពី​ពេលណា​មក​?“ ។

អត្ថន័យ​នៃ​សញ្ញា “រា​ហ៊ូ​ចាប់​ចន្ទ​” នៅក្នុង​សង្គម​ខ្មែរក្រោម​
អត្ថន័យ​នៃ​សញ្ញា “រា​ហ៊ូ​ចាប់​ចន្ទ​” នៅក្នុង​សង្គម​ខ្មែរក្រោម​

“រាហូ​ចាប់​ចន្ទ​” ជា​រូបគំនូរ ឬសញ្ញា (Logo​) ដែលគេ​គូរ ឬរចនា មាន​រូប រាហូ ត្រឹម​ក្លៀក​ឡើងលើ ឲ្យ​ឃើញច្បាស់​តែ​ដៃ ក្បាល មុខធំ​ទូលាយ​មាន​ឫទ្ធ​អំណាច និង​បញ្ចេញ​ធ្មេញស្ញាញ ប្រឹង​លេប​ព្រះ ចន្ទ​បាន​ពាក់កណ្ដាល​ចូល​ទៅ​ក្នុង​មាត់ ។ គំនិត​នៃ​ការបង្កើត​ជា​រូបគំនូរ​នេះ កើត​ចេញពី​បាតុភូត​ធម្មជាតិមួយ​ដែល​ខ្មែរ​ហៅថា “ចន្ទគ្រាស​” មានន័យថា ការ​ចាប់​ព្រះចន្ទ​នៃ​រាហូ​អសុរិន្ទ ។ ក្រោយមក អ្នក​វិទ្យាសាស្ត្រ​បានបញ្ជាក់​អំពី “ចន្ទគ្រាស​” ថា វា​គ្រាន់តែ​ជា​បាត​ភូត​មួយ​កើតឡើង ដោយសារ​ផែនដី​បាន​បាំងពន្លឺ​ព្រះអាទិត្យ​ដែល​ជះ​មក​លើ​ព្រះចន្ទ តែប៉ុណ្ណោះ ។ [1]

តាំងពី​បុរាណកាល​មក នៅ​ដែនដី​កម្ពុជាក្រោម គេ​តែង​គូរ ឬឆ្លាក់រូប “រាហូ​ចាប់​ចន្ទ​” នៅ​ហោជាង​ព្រះវិហារ និង​ខ្លោងទ្វារ​ចូល​ទៅ​វត្តនី​មួយ​ៗ ។ ចំណែក​វត្តអារាម គេហដ្ឋាន ព្រះរាជវាំង និង​ប្រាសាទ នៅ ក្នុង ប្រទេស​កម្ពុជា ក៏​មាន​គូរ និងឆ្លាក់រូប “រាហូ​ចាប់​ចន្ទ​” ដែរ ។ បើ​យោង​តាម ក្រុមជំនុំ​ទំនៀមទម្លាប់​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេសកម្ពុជា បាន​បញ្ជាក់​អំពី​ប្រយោជន៍​នៃ​ការ​ដាក់​រូប “រាហូ​ចាប់​ចន្ទ​” ដើម្បីឲ្យ​គេ​ដឹង​ថា​ជា “ជា​អ្នកមាន​ឫទ្ធិ​, អ្នក​ខ្លាំងពូកែ​, និង​ជា​អ្នកធំ​” ។

នៅ​ឆ្នាំ ១៩៣៧ ឧកញ៉ា ឡាំ ឯម ជា​អតីត​អភិបាលខេត្ត​ឃ្លាំង និង​ជា​ស្ថាបនិក “មិត្តសមាគម​ខ្មែរកម្ពុជាក្រោម​” បាន​យក​សញ្ញា “រាហូ​ចាប់​ចន្ទ​” នេះ ទៅ​ដាក់​នៅ​ខ្លោងទ្វារ​ចូល​ទៅកាន់​ទីស្នាក់ការ មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ប្រចាំ​ខេត្ត​ឃ្លាំង ហើយ​ក្រោយមកសញ្ញា​នេះ បាន​ក្លាយជា​និមិត្តសញ្ញា (Logo​) និង ត្រា​ជា​ផ្លូវការ​នៃ​សមាគម​មួយ​នេះ តែម្ដង ។

ពេល​យួន​កុម្មុយនិស្ត​ចូលកាន់​កាប់​ទឹកដី​កម្ពុជាក្រោម នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ពល រដ្ឋ​ខ្មែរក្រោម​ជាច្រើន បាន​ភៀស​ទៅក្រៅ​ប្រទេស ហើយ​បាន​រួបរួម​គ្នា​បង្កើត​ជា​ចលនាតស៊ូ​ទារ​ទារ​សិទ្ធិ​សេរីភាព​ជូន​ខ្មែរក្រោម​នៅក្នុង​ស្រុក ។ ចលនាតស៊ូ​ទាំងនោះ មាន​ដូចជា មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ដែលមានមូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា សមាគម​ខ្មែរ​កម្ពុជាក្រោម​, សភា​ខ្មែរ​កម្ពុជាក្រោម និង សហព័ន្ធ​ខ្មែរកម្ពុជាក្រោម ជាដើម ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស សុទ្ធតែ​យក​រូប “រាហូ​ចាប់​ចន្ទ​” មក​ធ្វើជា​និមិត្តសញ្ញា របស់​ខ្លួន ។

អត្ថន័យ​ជា​ផ្លូវការ​នៃ​និមិត្តសញ្ញា “រាហូ​ចាប់​ចន្ទ​” នៅក្នុង​សង្គម​ខ្មែរក្រោម៖

សញ្ញា “រាហូ​ចាប់​ច័ន្ទ​” មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ តំណាង​សាមគ្គីភាព​ដែល​កើត​ចេញ ពី​សេចក្ដី​ស្រឡាញ់ រាប់អាន​គ្នា​ដូចជា​បងប្អូន​បង្កើត​របស់​ពលរដ្ឋខ្មែរ​ក្រោមនៅ​ជុំវិញ​ពិភពលោក ។ ព្រោះថា រាហូ តំណាង​ខ្មែរក្រោម​នៅ​ក្រៅ​ស្រុក និងច័ន្ទ តំណាង​ខ្មែរក្រោម​នៅក្នុង​ស្រុក ដែល​ព្រាត់​ពីគ្នា ហើយ​យូរ​ៗបាន​ជួបគ្នា​ម្ដង ក៏​ចាប់គ្នា​ឱប​គ្នា ស្រឡាញ់​គ្នា​រហូតដល់​ចង់​លេប​ទុក ជាដើម ។

និមិត្តសញ្ញា “រា​ហូ​ចាប់​ចន្ទ” របស់ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។
និមិត្តសញ្ញា “រា​ហូ​ចាប់​ចន្ទ” របស់ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

យោង​តាម ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ១ ចេញផ្សាយ ឆ្នាំ ១៩៨៤ ដោយ សមាគម​ខ្មែរ​កម្ពុជាក្រោម នៅសហរដ្ឋអាមេរិក បាន​ចុះផ្សាយ​នូវ​អត្ថន័យ​នៃ​សញ្ញា “រាហូ​ចាប់​ច័ន្ទ​” ដែល​បាន​ទទួលស្គាល់ ដោយ មហាសន្និបាត​ខ្មែរ​កម្ពុជាក្រោម ថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៩៨៤ ថា៖ “រូបសញ្ញា​នេះ យក តាម​ខ្លោងទ្វារចូល​ទៅកាន់​ទីស្នាក់ការ មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ប្រចាំ​ខេត្ត​ឃ្លាំង​” ។

ខ្លឹមសារ​ដើម​នៃ​សេចក្ដី​អនុម័ត​នេះ ​បាន​បញ្ជាក់​ថា៖

“រឿងព្រេង​ខ្មែរ​ដំណាល​ថា រាហូ និង​ចន្ទ ជា​បងប្អូន បង្កើត តែ​ត្រូវ​រស់នៅ​ឆ្ងាយ​ពីគ្នា ។ តាម​ការ​ព្រាងទុក រាហូ និង​ច័ន្ទ ត្រូវ​វិល​ជួបគ្នា​ក្នុង​មួយឆ្នាំ​ម្ដង ។ ពេល ជួប​គ្នា​ម្ដង​ៗ រាហូ​តែងតែ ចាប់​ចន្ទ​មក​ញាំញី​ឱបរឹត ដើម្បីឲ្យ​ស្បើយ​នូវ​ការ​អាឡោះអាល័យ ហើយ​ពេល​ខ្លួះ រហូតដល់​ចង់ ចាប់​ច័ន្ទ​មក​លេប​ទុក​ទៀតផង ដោយ ហេតុ​មិន​ចង់​ឲ្យ​បែកគ្នា​តទៅទៀត ។

អធិប្បាយ៖

ច័ន្ទ៖ ជា​និមិត្តរូប​នៃ​ខ្មែរ​កម្ពុជាក្រោម​ទាំងមូល​ដែល​មាន​រូប​សម្ផស្ស​ឆោម​ល្អ​ភ្លឺត្រចះ​ត្រចង់ ខ្ពស់​ត្រ ដែ​តធ្វើឲ្យ​ជាតិសាសន៍​ដទៃ​គោរព​រាប់អាន ។

រាហូ៖ ជា​និមិត្តរូប​នៃ​ខ្មែរ​កម្ពុជាក្រោម ដែល​កំពុង​រស់នៅ​បរទេស​ទាំងអស់ ហើយក៏​ជា​និមិត្តរូប នៃ​កម្លាំង សាមគ្គី​មួយ​យ៉ាង​មាំ​របស់​ខ្មែរ​កម្ពុជាក្រោម​ទូទៅ ហើយ​កំពុង​ចាប់​ច័ន្ទ យក​មក​ឱប​ថ្នាក់ ថ្នម​រក្សា​តរៀងទៅ ។

រាហូ​ចាប់​ចន្ទ៖ គឺជា​និមិត្តរូប​នៃ​ការ​ស្រឡាញ់​រាប់អាន​គ្នា ជិ​តស្និ​ទនឹងគ្នា​ស្គាល់​ធុរៈ​គ្នា លើកស្ទួយ គ្នា​គ្រប់​កាលៈទេសៈ ជាពិសេស​ក្នុង​គ្រា​មាន​អាសន្ន​ហាក់បីដូចជា​បងប្អូន​បង្កើត​” ។ [2]

ប្រវត្តិ​របស់​រាហូ៖ [3]

រាហូ​អសុរិន្ទ ជា​សេនាបតី​មួយ​របស់​ព្រះបាទ​វេបចិត្តិ ដែល​សោយរាជ្យ​សម្បត្តិ​នៅក្នុង​នគរ​ចិ​ត្រា​សូរ ក្រោម​បាទ​ភ្នំព្រះសុមេរុ ។ តំណាល​ថា រាហូ​នេះ​ធំ​ក្រៃលែង​ធំ​លើស​ពួក​អសុរ​ទាំងឡាយ​នៅក្នុង​ទីនោះ គ្រាន់តែ​កម្ពស់ ៤.៥០០ យោជន៍ ទទឹង​ខ្លួន​ពី​ស្មា​ម្ខាង​ទៅ​ស្មា​ម្ខាង ១.៦០០ យោជន៍ ចន្លោះ​ដើមដៃ​ប្រវែង ១.២០០ យោជន៍ ថ្នាំង​ម្រាមដៃ​ម្រាម​ជើង​មួយ​ៗ ៥០ យោជន៍ រង្វះមាត់ ២០០ យោជន៍ បាតដៃ​បាតជើង​ទំហំ ៣០០ យោជន៍ ជម្រៅ​មាត់ ៣០០ យោជន៍ រន្ធច្រមុះ ២០០ យោជន៍ កប្រវែង ៣០០ យោជន៍ ថ្ងាស​ប្រវែង ៣០០ យោជន៍ ភ្នែក ៥០ យោជន៍ ក្បាល​ទំហំ ៩០០ យោជន៍ ទំហំ​ធ្មេញ​មួយ​ៗ ៥០ យោជន៍ រោម​អវយវៈ​ទាំងមូល ៥០ ក្រចកដៃ​ក្រចក​ជើង​មួយ​ៗ ប្រវែង ៥០ យោជន៍ ។

ឯប្រពន្ធ​របស់​គាត់ មាន​ចំនួន​មួយ​ម៉ឺន​នាក់ សុទ្ធតែ​ជា​ស្ត្រី​ប្រកបដោយ​រូបឆោម​ល្អឆើត​ឆាយ មាន​រូបរាង​ទំហំ និង​កម្ពស់​ប្រហែល​នឹង​គាត់​ដែរ ។ ថ្ងៃមួយ រាហូ​អសុរិន្ទ ហៅព​ពួក​ស្រីស្នំ មក​ជួបជុំ ហើយ​តាំង​ក្អេងក្អាង​អួត​ឫទ្ធានុភាព​ខ្លាំងពូកែ​របស់​ខ្លួន​ប្រាប់​ពួក​ស្រីស្នំ សម​គាត់​ជា​អ្នក​អួត​ស៊ី​ជោរ​ផង​ រួច​សួរ​ទៅ​ពួក​ស្រីស្នំ​ថា “ក្នុង​លោក​ទាំងមូល មើលទៅ តើមាន​អ្នកណា​ធំ​ស្មើ​អញ ដែរ​ឬទេ ? មានមុខមាត់​សម្បើម​ដូច​អញ​ទេ ?” ។ គាត់​សួរ​ពី​ស្រី​ទី ១ ទៅដល់​ស្រី​ទីបំផុត ទាំង​មួយ​ម៉ឺន​នាក់​” ។ ស្រីពៅ​គេ​បង្អស់​ឆ្លើយតប​ថា “លោកម្ចាស់ ធំ​ប៉ុណ្ណឹង មិនមែន​អស្ចារ្យ​ស្មើនឹង​ព្រះសមណគោតម​ទេ​, ឯព្រះសមណគោតម ដែល​ខ្ញុំ​ធ្លាប់​ប្រទះ ធ្លាប់​ឃើញ​ច្រើនដង​នោះ ធំអស្ចារ្យ​ផុត​គេ​ក្នុង​លោក​, សមណគោតម ធំ​ក្រៃលែង​ធំ ខ្ពស់​ក្រៃលែង​ខ្ពស់ ល្អ​ក្រៃលែង​ល្អ មាន​ឫទ្ធានុភាព​លើសគេ ក្នុង​លោក​នឹង​រក​ប្រុស​ឯណា​មក​ប្រៀប​ឲ្យ​ស្មើ​គ្មានឡើយ​” ។

រាហូ ឮស្រីស្នំ​អួត​សរសើរ​អំពី​គុណសម្បត្តិ​របស់​ព្រះសម្មាសម្ពុទ្ធ​ដូច្នោះ គាត់​ជា​មនុស្ស​អំនួត​ស្រាប់​ផង ក៏​លាន់មាត់​ថា “យីអើ ! សមណគោតម​នោះ កុំថាឡើយ​ដល់ទៅ​រូប​ធំ សូម្បីតែ​កុដិ​ឬខ្លោងទ្វារ​វិហារ​របស់​គាត់​នៅ ក៏​អញ​ចូល​ទៅ​មិនទាំង​ចុះ​ខ្លួន​ផង ម៉េច​ក៏​ឯង​ថា​អញ​ធំ​ខ្ពស់​មិន​ស្មើនឹង​ព្រះសមណគោតម ? បើ​ដូច្នោះ អញ​ទៅ​វាស់កម្ពស់​គាត់​មើល​, តើ​ធំ​ប៉ុន្មាន​ទៅ !” ។

ឯព្រះសម្មាសម្ពុទ្ធ ទ្រង់​ឈ្វេងយល់​ដោយ​ញាណ​ព្រះអង្គ​ថា “ពេលនេះ រាហូ​អសុរិន្ទ​តាំងខ្លួន​ឯង​ជាធំ​លើស​ព្រះអង្គ មានបំណង​ចូល​មក​ផ្ទឹម​វាស់​នឹង​ព្រះអង្គ ទ្រង់​ក៏​ពង្រីក​ខ្លោងទ្វារ​វិហារ​វត្ត​ជេតពន ឲ្យ​ធំ​ហួសវិស័យ​របស់​រាហូ ប្រៀប​ដូច​មនុស្សយើង​ចូលក្នុង​វិហារ​ធម្មតា ។ លុះ​រាហូ​ចូល​ទៅ លបមើល​ព្រះអង្គ​កំពុង​សិង គាត់​ងើប​មើល​ព្រះសម្ពុទ្ធ​បីដូច​ជា​ងើប​មើល​អាកាស ។ ប៉ុណ្ណឹង​ហើយ រាហូ​នៅតែ​ប្រកាន់​អស្មិមានះ​ថា ព្រះអង្គ​នៅតែ​មិនធំ​ជាង​គាត់​ទេ ។ ថ្ងៃមួយ ព្រះអង្គ​ស្ដេចយាង​ទៅ​បិណ្ឌបាត គាត់​ក៏​លបចូល​ទៅ​ឈរ​ពី​ខាងក្រោយ​ព្រះអង្គ ចម្ងាយ ៥០ យោជន៍ ផ្ទឹម​មើល នៅតែ​មិន​ខ្ពស់​ស្មើនឹង​ព្រះអង្គ​ទៀត ឃើញ​ទាប​ជាង​ឆ្ងាយ​ពេក ក៏​យក​ឫស្សី​មួយ​ដើម​យ៉ាង​វែង ប្រវែង ៥០ យោជន៍ ទៅ​វាស់​ពី​ខាងក្រោយ នៅតែ​មិន​ស្មើ​ទៀត​, គាត់​ព្យាយាម​តឫស្សី​តាំងពី ១ ដើម ដល់​មួយ​ពាន់​ដើម អស់​ពេល​មួយ​ព្រឹក ហត់​បែកញើស​ហូរ​ជា​ទឹក ក៏​នៅតែ​មិន​ស្មើនឹង​កម្ពស់​ព្រះអង្គ ។

សម័យថ្ងៃមួយ គាត់​ចង់​ឃើញ​ព្រះអង្គ​ចំ​ព្រះ​ភក្ត្រ​ឲ្យបាន​ជិត ដើម្បី​ធៀប​មើល​កម្ពស់​ឲ្យអស់ចិត្ត ក៏​និម្មិត​ខ្លួន​ជា​ឈ្លើងព្រ័ត្រ​នៅក្នុង​ទឹកស្រះ ចាំ​លបមើល​ព្រះអង្គ​ឲ្យ​ច្បាស់ ស្រាប់តែ​ព្រះអង្គ​ទ្រង់​ត្រាស់​ហៅថា “នែ​រាហូ ! អ្នក​មក​នៅក្នុង​ទឹកស្រះ​ធ្វើជា​ឈ្លើង​ចាំ​មើល​តថាគត​ធ្វើអ្វី ? ឡើង​មក ! តថាគត​ប្រាប់​អ្នកឲ្យ​ដឹង ! តថាគត​ធំ​អ្វី​ប៉ុណ្ណេះ ពួក​ព្រហ្ម​នៅ​ឯឋានព្រហ្ម​ធំជាង​តថាគត​ទៅទៀត ។ រាហូ​នឹក​ក្នុងចិត្ត​ថា “សមណគោតម​នេះ ធំជាង​អញ​ទៅ​ហើយ ឥឡូវ នៅ​មាន​ព្រហ្ម​ឯណា​ធំ​ដែរ​” ក៏​នឹកអៀនខ្មាស​ស្រីស្នំ​របស់​ខ្លួន លែង​វិល​ទៅ​ទីកន្លែង​វិញ ទើប​សូម​តាម​ព្រះអង្គ​ទៅ​មើល​ព្រហ្ម​ទៀត ។ ព្រះសម្ពុទ្ធ ក៏​ឲ្យ​រាហូ​តោង​ជាយ​ចីពរ​ហោះ​ទៅ​បិណ្ឌបាត​ឯឋានព្រហ្ម ។ ព្រហ្ម លុះ​ឃើញ​រាហូ​តោង​នៅនឹង​ជាយ​ចីពរ​ដូច្នោះ ក៏​ទូល​ព្រះអង្គ​ថា “ចៃ​នៅនឹង​ជាយ​ចីពរ​ព្រះអង្គ​” ។ រាហូ​រឹងរឹតតែ​ខ្មាស​ព្រហ្ម​ទៅទៀត ដោយ​គំនិត​ថា “អញ​ធំ​សម្បើម​ដែរ​, ឥឡូវ​ព្រហ្ម​ថា ឯង​តូច​ដូច​ចៃ !” ទ្រាំ​នៅ​ពុំ​បាន ក៏​លា​ព្រះអង្គ ចុះ​មក​ទីកន្លែង​របស់​ខ្លួន​វិញ ។ ព្រះអង្គ​បាន​ផ្ដាំ​រាហូ​ថា “អ្នក​ចុះទៅ​វិញ កុំ​ឈប់​នៅ​ពាក់កណ្ដាល​ផ្លូវ​, បើ​ស្រេកទឹក កុំ​ឈប់​ផឹកទឹក​ឡើយ​” ។ រាហូ​មក​ពាក់កណ្ដាល​ផ្លូវ ឃើញ​ស្រះ​មាន​ទឹកថ្លា មាន​ផ្កាឈូក​ក្រអូប​ល្វេងល្វើយ ភ្លេច​ពាក្យបណ្ដាំ​របស់​ព្រះពុទ្ធអង្គ ក៏​ចុះទៅ​ត្រាំ​ក្នុងទឹក​នោះ​ត្រឹម​ក្លៀក ស្រាប់តែ​ដាច់​មួយ​កំណាត់​ខ្លួន ធ្លាក់​បាត់​ទៅ ។

ដើមកំណើត នៃ​រាហូ ព្រះអាទិត្យ និង ព្រះចន្ទ៖ [4]

ក្នុង​សាសនា​របស់​ព្រះពុទ្ធ​វេស្សភូ មាន​គហបតី​ប្ដី​ប្រពន្ធ នៅក្នុង​នគរ​ហង្សា​បតី ជា​អ្នកមាន​សទ្ធា​ជ្រះថ្លា ថ្វាយ​ទាន​ដាក់​បាត​ដល់​ព្រះពុទ្ធអង្គ​នោះ​រៀងរាល់ថ្ងៃ ។ គាត់​មានកូន​ប្រុស ៣ នាក់ កូនប្រុស​បង​ឈ្មោះ វត្តិ​កុមារ​, កូន​កណ្ដាល​ឈ្មោះ ថុ​លកុ​មារ​, កូនពៅ​ឈ្មោះ ទីឃាវុ​ត្ត​កុមារ ។ លុះ​មាតាបិតា​ធ្វើ​មរណកាល​ទៅ មានកាល​មួយថ្ងៃ បងប្អូន​ទាំង ៣ នាក់​មក​ប្រជុំ​គិត​គ្នា​ថា “យើង​នឹង​គិត​ដណ្ដាំបាយ​ដាក់​បាត​ព្រះសម្មាសម្ពុទ្ធ រក្សា​វង្សត្រកូល​មាតាបិតា​យើង​ទុក​” ។ ប្អូន​ទាំងពីរ​នាក់​ឆ្លើយតប​ថា “បង​ឯង​ត្រូវជា​អ្នក​កាន់​វែក​ចាំ​ដួស​បាយ​ចុះ​, ប្អូន​កណ្ដាល ត្រូវ​លាង​ឆ្នាំង​ច្រក​អង្គរ លាង​យក​ទៅ​ដាក់​ដណ្ដាំ​, ឯប្អូនពៅ ត្រូវជា​អ្នក​ដុតភ្លើង​” ។ បងប្អូន​ទាំង​បី​នាក់​នោះ ចែកមុខ​ក្រសួង​គ្នា​តែ​រៀង​ៗ ខ្លួន ។ ប្អូនពៅ ខំ​ដុតភ្លើង​ឲ្យ​ឆេះ​ឡើង​ខ្លាំង​ណាស់​, ឆ្នាំងបាយ​នោះ ក៏​ពុះ​ឡើង​សន្ធោសន្ធៅ​មហិមា​, ឯកូនច្បង​នោះ ស្ទុះ​ទៅកាន់​វែក​មក​កូរ​បាយ​, លុះ​កូរ​បាយ​ទៅ ត្រូវ​វេទនា​នឹង​ផ្សែង​ចូល​ភ្នែក ក៏​យក​វែក​បាយ​វាស​ក្បាល​ប្អូនពៅ ហើយ​ជេរ​ថា “អាឯង​ដូចម្ដេច​ក៏​ដុតភ្លើង​មិន​ឲ្យ​ឆេះ​ឡើង !” ។ ប្អូនពៅ ខឹង​នឹង​បង ក៏​តប​ថា “បង​ឯង មិន​ចេះ​រិះគិត​ឲ្យបាន​វែងឆ្ងាយ​សោះ ហ៊ាន​យក​វែក​វាយក្បាល​អញ ដូចជា​អញ​នោះ​ខ្ញុំកំដរ នៅ​ស៊ីឈ្នួល​វា​” ថា​ហើយ ក៏​បួងដៃ​ដាល់​ទៅ​បង​វិញ ប្រវាយប្រតប់​ឈ្លោះ​គ្នា ។ ប្អូនពៅ​មាន​កម្លាំង ក៏​ស្ទុះ​ទៅ​យក​អង្រែ​មក​វាយ​សំពង​បង​, ប្អូន​កណ្ដាល​ក៏​ស្ទុះ​ទៅ​ជួយ​បង ការពារ​កុំ​ឲ្យ​វាយ​បាន ។

លុះ​បាន​ដណ្ដាំបាយ​ឆ្អិន​កាលណា ក៏​ដោះ​ដួស​បាយ​ចែក​គ្នា ។ ចៅ​វត្តិ​កុមារ​ជា​បង បាន​ភោជន​មាស​ដាក់​បាយ​, ថុ​លកុ​មារ បាន​ភោជន​ប្រាក់​ដាក់​បាយ​, ឯទីឃាវុ​ត្ត​កុមារ ខឹង​នឹង​បង យំ​សស្រាក់ ទៅ​កន្ត្រាក់​បាន​ឯលៀន​ខ្មៅ​ធំ​មក​ដាក់​បាយ ។ ចែកចំណែក​គ្នា​ស្រេចហើយ ពុំ​យូរ​ឡើយ ព្រះសម្មាសម្ពុទ្ធ​វេស្សភូ ទ្រង់​និមន្ត​មក​បិណ្ឌបាត​ប្រោសសត្វ​ទាំងឡាយ ។ កុមារ​ទាំង ៣ នាក់ ស្ទុះ​ទៅ​យក​បាយ​ដាក់បាត្រ​តែ​រៀងខ្លួន ។

បង​ទីមួយ ធ្វើ​សេចក្ដីប្រាថ្នា​ថា សូម​អានិសង្ស​ដែល​ខ្ញុំ​ដាក់បាត្រ​នេះ ឲ្យបាន​ទៅ​កើតជា​ព្រះអាទិត្យ ឲ្យ​មាន​ឫទ្ធានុភាព មាន​រស្មី​ច្រាល​រន្ទាល​ដូច​មាស សម្រាប់​បំភ្លឺ​សព្វ​សត្វ​ទាំងពួង ក្នុង​ទ្វីប​ទាំង ៤ ហើយ​សូមឲ្យ​មាន​អាយុ ៩ លាន​ឆ្នាំ ។

ប្អូន​ទីពីរ ដាក់បាត្រ​រួចហើយ ធ្វើ​សេចក្ដីប្រាថ្នា​ថា សូម​អានិសង្ស​ដែល​ខ្ញុំ​ដាក់បាត្រ​នេះ ឲ្យបាន​ទៅ​កើតជា​ព្រះចន្ទ​ទេវបុត្ត ឲ្យ​មាន​ពន្លឺ​ភ្លឺ​ច្រាល​រន្ទាល​ដូចជា​ប្រាក់ ត្រជាក់​ដូច​កែវមរកត សម្រាប់​សត្វលោក​ក្នុង​ទ្វីប​ទាំង ៤ ហើយ​សូមឲ្យ​មាន​អាយុ ៩ លាន​ឆ្នាំ ។ប្អូនពៅ ដាក់បាត្រ​រួចហើយ តាំង​សេចក្ដីប្រាថ្នា​ថា សូមឲ្យ​មាន​រូប​ធំ មាន​កម្លាំង​ខ្លាំង មាន​ឫទ្ធានុភាព​នោះ​ច្រើនលើស​គេ​ក្នុង​ទ្វីប​ទាំង ៤ ។

បើ​បង​ទាំងពីរ​នាក់​នេះ​ឃើញ​ខ្ញុំ​វេលា​ណា ឲ្យ​រន្ធត់​ញាប់ញ័រ​ខ្លាច​ខ្ញុំ ។កុមារ​ទាំង ៣ នាក់ តាំង​ប្រាថ្នា​តែ​រៀង​ៗ ខ្លួន​ស្រេច​កាលណា ព្រះសម្មាសម្ពុទ្ធ​វេស្សភូ ធ្វើ​ភត្តានុមោទនា​ស្រេច យាង​ទៅកាន់​វត្ត​វិញ ។

ចំណេរ​កាល​ក្រោយមក កុមារ​ទាំង ៣ នាក់ ស្លាប់​អំពី​លោក​នេះ ទៅ​កើត​តែ​រៀងខ្លួន គឺ​បង​ទី ១ ទៅ​កើតជា​ព្រះអាទិត្យ​, ទី ២ ទៅ​កើតជា​ព្រះចន្ទ​, ប្អូនពៅ​ទៅ​កើតជា​រាហូ​អសុរិន្ទ ។

ទំនៀម​ខ្មែរ ដែល​នៅ​រាប់អាន​គំនូរ​រូប​រាហូ​មកដល់​សព្វថ្ងៃ​នេះ ព្រោះ​យល់ឃើញ​ថា “រាហូ ជា​អ្នក​ខ្លាំងពូកែ មាន​អានុភាព​ច្រើន​” បាន​ជា​គេ​គូរ​នៅ​ហោជាងវិហារ ឬ ជញ្ជាំង​ប្រាសាទ ឬក៏ សាក់​នៅ​ជាប់នឹង​ខ្លួន​ផង គឺ​គេ​ចង់​ឲ្យ​ខ្លួន​គេ​បាន​ពូកែ ដើម្បី​ការពារ​នូវ​ភយន្តរាយ​ទាំងឡាយ មាន​ខ្មោចបិសាច ជាដើម ។

ចំណែក​គំនិត​ខ្មែរក្រោម ដែល​បាន​អនុម័ត​ជា​ផ្លូវការ​យក​រូប “រាហូ​ចាប់​ចន្ទ​” មក​ធ្វើជា​និមិត្តសញ្ញា ជាតិ​នោះ ព្រោះ​យល់ឃើញ​ថា រាហូ និង ចន្ទ ជា​បងប្អូន​បង្កើត មាន​សេចក្ដី​ស្រឡាញ់​រាប់អាន​គ្នា​ដោយ ស្មោះ​ស្ម​គ្រ​ភក្ដីភាព​មិន​ប្រែប្រួល ប្រៀប​បាន ​នឹង​ប្រជាជាតិ​ខ្មែរក្រោម ​នៅ​ដែនដី​កម្ពុជាក្រោម និង​នៅ​ជុំវិញ ពិភពលោក តែងតែ​ស្រឡាញ់​រាប់អាន​គ្នា​ដោយ​ស្មោះ​ស្ម​គ្រ ចេះ​ជួយ​ដោះទុក្ខ​ធុរៈ​គ្នា និង​លើកស្ទួយ​គ្នា​គ្រប់ កាលៈទេសៈ ជានិច្ច​និរន្ត ៕

————————————————-

ឯកសារយោង

[1] “Lunar eclipse”, (៩ សីហា ២០២០), Wikipedia, https://en.wikipedia.org/ wiki/Lunar_eclipse

[2] សមាគមខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិក, (១៩៨៤), ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ១, ទំព័រ ៨

[3],[4] ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ, (១៩៧៤), ប្រជុំរឿងព្រេងខ្មែរ ភាគ ៩, (ភ្នំពេញ៖ ពុទ្ធសាសនបណ្ឌិត្យ), ទំព័រ ៧៦

Leave A Reply

Your email address will not be published.