HWR: ព្រះសង្ឃនៅម្ពុជាក្រោម នៅតែត្រូវវៀតណាមធ្វើទុក្ខបុកម្នេញ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃននគរ
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចេញរបាយការណ៍ប្រចាំឆ្នាំថា នៅក្នុងឆ្នាំ ២០១៣ កន្លងទៅនេះ វត្តអារាម ព្រះពុទ្ធសាសនាខ្មែរ នៅដែនដីកម្ពុជាក្រោម នៅតែត្រូវបានរដ្ឋាភិបាលវៀតណាម ត្រួតពិនិត្យ តាមដាន ធ្វើទុកបុក ម្នេញ និងប្រើកម្លាំងសមត្ថកិច្ចបង្ក្រាប និងធ្វើទារុណកម្មលើព្រះសង្ឃជាបន្តបន្ទាប់ ។

ប្រើកម្លាំងសន្តិសុខបង្ក្រាប និង ធ្វើទារុណកម្ម៖
នៅក្នុងរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សសកល ឆ្នាំ ២០១៣ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានកត់សម្គាល់អំពីសេរីភាពសាសនានៅក្នុងប្រទេសវៀតណាមថា “បន្ទាប់ពីនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើ សេចក្ដីសម្រេច លេខ ៩២ នៅក្នុងខែមករា ឆ្នាំ ២០១៣ ក្នុងការបង្កើនការត្រួតពិនិត្យលើក្រុម សាសនា នោះមក ។ ក្នុងអំឡុងពេលនៃការត្រួតពិនិត្យ រដ្ឋាភិបាលបានតាមដាន, ធ្វើទុកបុកម្នេញ និងប្រើកម្លាំង សមត្ថកិច្ចបង្ក្រាបនិងធ្វើទារុណកម្ម ទៅក្រុមសាសនាដែលធ្វើសកម្មភាពខាងក្រៅសមាគមសាសនាដែលបានចុះ ឈ្មោះផ្លូវការឲ្យឋិតនៅក្រោមការត្រួត ត្រា របស់រដ្ឋាភិបាល ។ ក្នុងឆ្នាំ ២០១៣ ក្រុមសាសនាដែលត្រូវបានរដ្ឋាភិ បាលដាក់ចូលក្នុងបញ្ជីនៃការឃ្លាំមើលនោះ រួមមាន ក្រុមសាសនាកាវដាយ (Cao Dai) ដែលរដ្ឋាភិបាលមិន បាន ទទួលស្គាល់ ពុទ្ធសាសនាវ៉ាហាវ (Hoa Hao), ទីសក្ការៈរបស់ ក្រុមសាសនាប្រូតិស្តង់ឯករាជ្យ និង ក្រុមសាសនា កាតូឡិកនៅតាមផ្ទះ (Catholic) នៅតំបន់ខ្ពង់រាប និង នៅកន្លែងផ្សេង ទៀត, ព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោម និង សមាគមព្រះពុទ្ធសាសនាឯកភាពវៀតណាម (Unified Buddhist Church of Vietnam)” ។
នៅក្នុងសៀវភៅរបាយការណ៍ ឆ្នាំ ២០១៤ កម្រាស់ ៦៦៧ ទំព័រ ស្ដីពីស្ថានភាពសិទ្ធិមនុស្សសកលឆ្នាំ ២០១៣ ដែលបានចេញ ផ្សាយ នៅថ្ងៃទី ២១ ខែមករា បានឲ្យដឹងថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាមកាន់តែ “អាក្រក់ទៅៗ” នៅក្នុងឆ្នាំ ២០១៣ កន្លងទៅនេះ ។
ក្នុងរបាយការណ៍នេះ អង្គការឃ្លាំងមើលសិទ្ធិមនុស្ស (HRW) បានចំណាយ ៥ ទំព័រ គឺ ពីទំព័រ ៣៩៩ ដល់ ទំព័រ ៤០៣ និយាយ ពីប្រ ទេសវៀតណាម ។ ក្នុង ៥ ទំព័រ នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកយកស្ថានភាពនៃ ការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសវៀតណាម ទាក់ទងនឹងករណី អ្នកទោសនយោបាយ, ច្បាប់ព្រហ្មទណ្ឌ , សិទ្ធិ នៃការបញ្ចេញមតិ, ការផ្សព្វ ផ្សាយ និង ទទួលព័ត៌មាន , សិទ្ធិនៃការបង្កើតក្រុម និង ជួបជុំ , សិទ្ធិដើរហើរ , សេរីភាព សាសនា, ការធ្វើទារុណកម្ម លើអ្នកទោស, បញ្ហាកែទម្រង់ច្បាប់ និង ការចាប់មនុស្សទាំងទាំងកម្រោល ។

យោងតាមរបាយការណ៍នេះ គិតមកដល់ចុងឆ្នាំ ២០១៣ ប្រទេសវៀតណាម បានចាប់មនុស្សពី ១៥០ ទៅ ២០០ នាក់ដាក់ពន្ធ នាគារ ដោយគ្រាន់តែពួកគេទាំងនោះ ប្រើប្រាស់នូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្សតែប៉ុណ្ណោះ ។ ក្នុងចំណោមមនុស្ស ទាំងនោះ មាន ៦៣ នាក់ ជាអ្នកទោសនយោបាយ ដែលវៀតណាមបាននាំចេញជំនុំ ជម្រះក្ដី នៅក្នុងតុលាការអ្វី មួយដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សហៅថា ឋិតនៅក្រោមបង្គាប់បញ្ជារបស់បក្សកុម្មុយនិស្ត វៀតណាម និងថា តុលាការ “ មិន ឯករាជ និង មិនអនុលោមតាមច្បាប់អន្តរជាតិ” ។
ក្នុងរបាយការណ៍នេះ ក៏បានលើកឡើងអំពីច្បាប់ព្រហ្មទណ្ឌវៀតណាម ដូចជាមាត្រា ៧៩, ៨៧, ៨៨, ៨៩, ៩១ និង ២៥៨ ព្រម ទាំងច្បាប់ ស្ដីពីពន្ធដារ ក៏ត្រូវបានរដ្ឋាភិបាលប្រើប្រាស់ ដើម្បីចាប់អ្នកដែលធ្វើចលនាផ្លាស់ប្ដូរនយោបាយ នៅក្នុងប្រទេស វៀតណាម ផងដែរ ។
អន្តរជាតិត្រូវតែដាក់សម្ពាធ៖
លោក ប្រែដ អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំងមើលសិទ្ធិមនុស្សប្រចាំអាស៊ី បានថ្លែងថា៖
“ ការ បង្ក្រាបកាន់តែ ខ្លាំង បានជម្រុញឲ្យរដ្ឋាភិបាលវៀតណាម ប្រឈមមុខចំពោះប្រជាពលរដ្ឋដែល មាន ការ យល់ដឹង អំពីនយោបាយ កាន់តែ ខ្ពស់ និងសកម្ម ថែមទៀត” ។
លោក ប្រែដ អាដាមស៍ (Brad Adams) បានបន្តទៀតថា៖
“រដ្ឋាភិបាលប្រទេសនានា ត្រូវតែប្រើនូវមធ្យោបាយ ការទូតដើម្បីដាក់សម្ពាធជម្រុញឲ្យវៀត ណាមត្រូវ តែស្ដាប់ នូវសំឡេងរបស់ប្រជាពលរដ្ឋនៃប្រទេសនេះ អ្នកដែលកំពុងតែស្រែកហៅឲ្យបញ្ចប់នូវរបប កុម្មុយ និស្តផ្ដាច់ការ ដ៏ចាស់គំរិល” ។
ទាក់ទងនឹងការធ្វើទារុណកម្ម លើព្រះសង្ឃខ្មែរក្រោម នេះដែរ កាលពីខែឧសភា ឆ្នាំ ២០១៣ ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃវត្តព្រៃជាប់ នៃខេត្តឃ្លាំង ត្រូវបានកម្លាំងសមត្ថកិច្ចវៀតណាម ចាបផ្សឹក និងច្រកចូលបាវយកទៅធ្វើ ទារុណកម្មនៅសាលាស្រុកជ្រោយញរ ឬ ស្រុកវិញចូវ រហូតដល់សន្លប់បាត់ស្មារតី រួចយកមកទម្លាក់ចោលនៅមុខ វត្តព្រៃជាប់យ៉ាងព្រៃផ្សៃ ។ ការធ្វើទារុណកម្មនេះ ធ្វើឡើងបន្ទាប់ពី ព្រះតេជព្រះគុណ យឿង ញើង ប្រធានសមាគម សង្ឃខេត្តឃ្លាំង នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បានចេញលិខិតមួយច្បាប់ចោទ ព្រះតេជព្រះគុណ លី ចិន្ដា ថា បានទាក់ទងនឹងព្រះសង្ឃពីរអង្គនៅវត្តសេរីតាសេក គឺ ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រះសង្ឃដែលអាជ្ញាធរវៀតណាមចាត់ទុកថា “បំពានធម្មនុញ្ញនៃសមាគមព្រះពុទ្ធសាសនាវៀតណាម” ដោយបាន ទាក់ ទងទៅខ្មែរក្រោមនៅក្រៅប្រទេស ។
នៅខែឧសភា ឆ្នាំ ២០១៣ ដដែល អ្នកភូមិព្រៃជាប់ជាច្រើននាក់ត្រូវបានរដ្ឋាភិបាលវៀតណាម ចាប់ខ្លួន ព្រោះសកម្ម ភាពតវ៉ានៅក្នុងវត្តប្រឆាំងនឹងការចាប់ខ្លួន ព្រះតេជព្រះគុណ លី ចិន្ដា ។ បន្ទាប់មក ព្រះសង្ឃ ២ អង្គ និង អ្នកភូមិ តាសេក ២ រូបក៏ត្រូវចាប់ខ្លួនដែរ ។
ក្រោយមកនៅ ថ្ងៃទី ២៥ និង ២៧ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការបក្សកុម្មុយនិស្តវៀតណាម ខេត្តឃ្លាំង បាន សម្រេចប្រកាស សាលក្រមផ្ដន្ទាទោសអ្នកភូមិព្រៃជាប់ ៥ នាក់ និង ព្រះសង្ឃវត្តសេរីតាសេក ២ អង្គ គឺ ព្រះតេជ ព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រមទាំង អ្នកភូមិតាសេក ២ រូបទៀតឲ្យជាប់គុក ម្នាក់ៗពី ១០ ខែទៅ ៦ ឆ្នាំ ពីបទអ្វីមួយដែល បក្សកុម្មុយនិស្តយួនហៅថា “បង្កអសន្តិសុខទីសាធារណៈ និងប្រឆាំងរដ្ឋាភិបាល” ដោយអ្នកទាំងនេះ គ្រាន់តែទូងស្គរនៅ ក្នុងវត្ត ប្រឆាំងនឹងការចាប់ព្រះសង្ឃ និងការបញ្ចេញមតិតិចតួចនៅលើវិទ្យុ សំឡេងកម្ពុជាក្រោម និងវិទ្យុអាស៊ីសេរី ទាក់ទង នឹង សិទ្ធិសេរីភាពរបស់ខ្មែរក្រោម ។

ការធ្វើទារុណកម្មលើខ្មែរក្រោមបានលាតត្រដាងនៅរដ្ឋសភាអាមេរិក៖
កាលពីខែថ្ងៃទី ១៦ ខែមករា កន្លងទៅនេះ របៀបនៃការធ្វើទារុណកម្មរបស់រដ្ឋាភិបាលវៀតណាម ទៅលើអ្នកទោស នយោបាយ និងពលរដ្ឋខ្មែរក្រោម ត្រូវបានបំភ្លឺនៅក្នុងរដ្ឋសភាជាតិសហរដ្ឋអាមេរិក នារដ្ឋធានី Washington ។ ព្រះ តេជ ព្រះគុណ យ័ញ តូន ព្រះសង្ឃខ្មែរក្រោម ដែលធ្លាប់ត្រូវបានរដ្ឋាភិបាលវៀតណាមធ្វើទារុណកម្មនៅក្នុងគុក អស់រយៈ ពេល ៤ ឆ្នាំ បានសភាអាមេរិក និមន្តចូលធ្វើជាសាក្សីរស់ដើម្បីបំភ្លឺអំពីការធ្វើទារុកម្ម ដ៏ព្រៃផ្សៃ នៅចំពោះ តំណាងរាស្ត្រ អាមេរិក និងអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើន ។
ក្រៅពីការបំភ្លឺអំពីទុក្ខសោកផ្ទាល់ខ្លួនដែលត្រូវវៀតណាមធ្វើទារណកម្ម ព្រះតេជព្រះគុណ យ័ញ តូន ក៏បានលើករូប ព្រះសង្ឃ ៣ អង្គ ដែលទើបតែត្រូវបានវៀតណាមចាប់ផ្សឹកធ្វើទារុណកម្ម និងដាក់គុក កាលពីខែឧសភា ឆ្នាំ ២០១៣ ឡើងបង្ហាញនៅ ក្នុងរដ្ឋសភាអា មេរិកផងដែរ ។ ព្រះអង្គបានបញ្ជាក់ថា ព្រះសង្ឃទាំង ៣ អង្គនេះ ត្រូវវៀតណាមចាប់ ដាក់គុក ដោយគ្រាន់ តែសកម្មភាពបង្រៀនអក្សរសាស្ត្រខ្មែរ តាមវត្តអារាមនៅកម្ពុជាក្រោម ។

ព្រះតេជព្រះគុណ យ័ញ តូន បានថ្លែងថា៖
“ដូចកន្លងហើយ នៅក្នុងខែ ៥ ឆ្នាំ ២០១៣ ដូចមានរូបខាងនេះ ដែលត្រូវរដ្ឋាភិបាលយួនកុម្មុយនិស្ត វៀតណាម បានចាប់ផ្សឹកព្រះសង្ឃ ហើយចាប់ព្រះសង្ឃដាក់គុក ក្នុងមួយអង្គៗ ជាប់ពន្ធនាគារ ៦ ឆ្នាំ ៤ ឆ្នាំ ៣ ឆ្នាំ ១ ឆ្នាំ ១០ ខែ ១២ ខែ ជាដើម ដោយគ្រាន់តែតវ៉ាអំពីការសិក្សារៀន សូត្រនូវទំនៀន ទម្លាប់ អក្សរសាស្ត្រខ្មែរ” ។
ទាកក់ទងនឹងការរំលោភសិទ្ធិមនុស្សលើខ្មែរក្រោមនេះដែរ នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ សហព័ន្ធខ្មែរកម្ពុជា ក្រោមមក ពីប្រទេសនានា ក្នុងទ្វីបអ៊ឺរ៉ុប នឹងធ្វើបាតុកម្មស្វាគមន៍វៀតណាម នៅមុខការិយាល័យក្រុមប្រឹក្សាសិទ្ធិ មនុស្ស នៃអង្គការ សហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ដើម្បីទាមទារឲ្យវៀតណាមដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ។
តាមសេចក្ដីអំពាវនាវធ្វើបាតុកម្មរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមថា ការធ្វើបាតុកម្មនេះ ស្របពេលដែលក្រុមប្រឹក្សា សិទ្ធិ មនុស្សនៃអង្គ ការសហប្រជាជាតិ នឹងហៅវៀតណាមចូលឆ្លើយបំភ្លឺ អំពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុង កិច្ចប្រជុំ “ពិនិត្យមើល នូវប្រវត្តិសិទ្ធិមនុស្សជាសកលតាមកាលកំណត់ (UPR)” នាថ្ងៃទី ៥ ខែកុម្ភៈ ខាងមុខនេះ ។
គ្រាន់តែជារឿងប្រឌិត៖
រាល់របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ត្រូវបានវៀតណាមទាត់ចោល និងចាត់ទុករបាយការណ៍នោះ ថា គ្រាន់តែជាការ “ប្រឌិត” ឬ គ្រាន់តែជាការ “ចោទប្រកាន់” តែប៉ុណ្ណោះ ។
កាសែតញ៉ឺងយ៉ឹងរបស់បក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៤ បានស្រង់សម្ដីរបស់មន្ត្រី ស្ថាន ទូតវៀតណាមប្រចាំអង្គការសហប្រជាជាតិ លោក ឡេ វ៉ាយ ត្រុង (Lê Hoài Trung) បានបញ្ជាក់ថា លោក “មានការសោកស្ដាយ ដោយមានក្រុមអង្គការ និងស្ថាប័នឯកជនមួយចំនួន ដែលមានបំណងមិនល្អ ទើបខំធ្វើ របាយការណ៍បំផ្លើសការពិត និងបានថ្កោលទោសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម” ៕