តើពាក្យ «ខ្មែរក្រោម» និង «ខ្មែរកម្ពុជាក្រោម» មកពីណា ?
ដកស្រង់ និរៀបរៀង ដោយលោក តោ គិម ថុង អតីតអធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម
ខ្មែរកម្ពុជាក្រោម មកពីណា?
“ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ” ជាពាក្យស្លោកមួយនិយមប្រើសព្វថ្ងៃ តើឫសគល់នៃពាក្យនោះ មកពីណា?
ដកស្រង់ពីឯកសារផ្សេងៗ ជាចម្បង មានសៀវភៅ ៖
– “ប្រវត្តិសាស្ត្រ ប្រជាជាតិខ្មែរ”, ២០១០ ថាច់ ត្វាន់, ភ្នំពេញ
– “កម្ពុជាក្រោម / អំណាចគ្មានខ្មែរក្រោម” ២០០៥ ត្រាំងឆាត ប៊ុត, ភ្នំពេញ
– The Khmers. Ian Mabbett and David Chandler, Oxford UK, 1996
– Người Việt Gốc Miên. Lê Hương , Saigon, 1968
ចំពោះខ្មែរដែលមានកំណើត និងធំឡើងនៅដែនដីសណ្តរទន្លេមេគង្គ និងទន្លេ ដូនណៃ (Đồng Nai) គេស្គាល់តែពាក្យ “ខ្មែរ” មួយម៉ាត់ប៉ុណ្ណោះ ។ ពាក្យ “ខ្មែរក្រោម” ឬ “ខ្មែរកម្ពុជាក្រោម” ជាពាក្យចាប់ផ្តើមបានឮ នៅកម្ពុជាតាំងពី ទសវត្សរ៍ ១៨០០ និង នៅប្រទេសក្រៅ តាំងពីទសវត្សរ៍ ១៩៨០។
គឺអ្នករដ្ឋការក្រុងឧត្ដុង្គ (ពីឆ្នាំ ១៦១៨ ដល់ឆ្នាំ ១៨៦៦) និងក្រុងភ្នំពេញ (តាំងពី ឆ្នាំ ១៨៦៦ ដល់សព្វថ្ងៃ) ដែលឲ្យឈ្មោះថា “ខ្មែរក្រោម” ដល់ខ្មែរដែលនៅខាងក្រោម តាមបណ្តោយទឹកទន្លេ “មេគង្គ” ។ ចំពោះខ្មែរក្រោម គេនិយមហៅខ្មែរនៅកម្ពុជា ជា “ខ្មែរលើ” ពីព្រោះ ទឹកទន្លេមេគង្គ ហូរពីកម្ពុជាចុះទៅសមុទ្រនៅខាងក្រោម។

ខ្មែរក្រោមជាកូនចៅផ្ទាល់របស់ខ្មែរនគរភ្នំ (ហ្វូណន់)។ គឺនៅទីនេះហើយ ដែលស្តេច កៅណ្ឌិន្យជ័យវរ្ម័ន (Kaundinya Jayavaraman) កាលសតវត្សរ៍ទី ៥ បានជីក ប្រឡាយទឹកជាង ២០០គ.ម ដើម្បីកសកម្ម ។ កន្លែងនេះសព្វថ្ងៃយួនគេ ហៅថា Đồng Tháp Mười ( ប្រាសទមណ្ឌប ) ពីព្រោះមានប្រាសាទធំ ១០ ដែល កៅណ្ឌិន្យជ័យវរ្ម័ន បានស្ថាបនា ។
ក្រោយ មក ទើបមានពាក្យ “ខ្មែរកណ្តល” និង “ខ្មែរឦសាន” ទៀត ជាពាក្យ ដែលប្រហែលទើបបានប្រើជំនាន់សង្គមរាស្ត្រនិយម។ គួរកត់សម្គាល់ថា ចំពោះ “ខ្មែរសុរិន្ទ” វិញ ពាក្យ“ខ្មែរក្រោម”គឺ សំដៅទៅ ខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជា មិនថាភូមិភាគណាឡើយ ។
សព្វថ្ងៃ ដោយផ្អែកលើភូមិសាស្ត្រ គេនិយមឲ្យន័យថា “ខ្មែរលើ” ជាខ្មែរនៅស្រុកថៃ “ខ្មែរកណ្តល” ជាខ្មែរនៅប្រទេសកម្ពុជា និង “ខ្មែរក្រោម” ជាខ្មែរនៅស្រុកយួន ដែលជា ដីកម្ពុជាក្រោម ។
ពាក្យ “កម្ពុជាក្រោម” និងពាក្យ “ខ្មែរក្រោម” ខុសគ្នាយ៉ាងណា?
“កម្ពុជារក្រោម” ជជាឈ្មោះដែនដី ។ “ខ្មែរក្រោម” ជាឈ្មោះជនជាតិ ។ តាមប្រវត្តិសាស្ត្រ ជាលំដាប់លំដោយមក ឈ្មោះរបស់ដែនដីកម្ពុជាក្រោម និង ប្រជា ពលរដ្ឋ ដែលជាម្ចាស់ ស្រុក បានត្រូវរដ្ឋាភិបាលអាណានិគម ប្តូរបំភ្លៃខុសៗ គ្នា ៖
ក្នុងរបបអាណានិគមនិយមបារាំង កម្ពុជាក្រោម ត្រូវគេហៅថាកូស័ងស៊ីន រីឯប្រជាពលរដ្ឋខ្មែរក្រោមវិញ បារាំងហៅថា Cambodgien។ ក្នុងរបបអាណានិគម និយមយៀកណាម កម្ពុជាក្រោម ត្រូវយួនហៅថា ណាមគី (Nam Kỳ) ចំណែក ប្រជាពលរដ្ឋខ្មែរក្រោមវិញ បានត្រូវគេហៅថា មៀង (Miên) ឬ យៀកណាមកំណើត ខ្មែរ (Việt gốc Miên) ឬ ខ្មែរណាមបូ (Khờ-me Nam Bộ) ឬគ្រាន់តែហៅថា “ជនជាតិ” (Dân tộc) ប៉ុណ្ណោះ ។
យោងតាមកាលប្រវត្ត កម្ពុជាក្រោម ត្រូវបានពួកអ្នកត្រួតត្រា ប្តូរឈ្មោះហូរហែ ដូចតទៅ៖
ឆ្នាំ ៦៨-៥៥០ នគរភ្នំ (ហ្វ៊ូណន់)
ឆ្នាំ ៥៥០-៦៨២ ចេនឡា
ឆ្នាំ ៦៨២-៨០២ ចេនឡា”ក្រោម” (Thủy Chân Lạp)
ឆ្នាំ ៨០២-១៤៣១ រាជាណាចក្រខ្មែរ”
ឆ្នាំ ១៤៣១-១៨៦២ កម្ពុជា
ឆ្នាំ ១៨៦២-១៩៤៩ កូស័ងស៊ីន (ថ្ងៃទី ៤ មិថុនា ១៩៤៩ បារាំងផ្ទេរឲ្យយួន)
ឆ្នាំ ១៩៤៩-១៩៥៥ វៀតណាម
ឆ្នាំ ១៩៥៥-១៩៧៥ សាធារណរដ្ឋវៀតណាម
ឆ្នាំ ១៩៧៥-បច្ចុប្បន្ន សាធារណរដ្ឋសង្គមនិយមវៀតណាម
ពាក្យ “កូស័ងស៊ីន” ចេញមកពីណា?
ពីឆ្នាំ១៨៥៩ ដល់ឆ្នាំ ១៩៤៩ កម្ពុជាក្រោមបានបារាំងកាន់កាប់ ស្មើនឹងខេត្ត របស់បារាំងមួយ ហើយគេឲ្យឈ្មោះថា កូស័ងស៊ីន បារាំង (Cochinchine français) ។ ខ្មែរអ្នកខ្លះ (គឺគ្មានជនបរទេសទេ) ហៅដែនដីនេះថា “កូចិនសិន” ដែលពាក្យយួន មានន័យថា ដីដែលកូនស្តេចយួន “នាងទី៩” សុំ ។ នេះមិនពិត និងមិនត្រឹមត្រូវទេ ។ នេះ គ្រាន់តែជាពាក្យចំអក ដែលគេរំឭក ដល់ការដែលស្តេច ជ័យជេដ្ឋាទី ២ ផ្តល់ដីសម្បទាន នៅព្រះសួគ៌ា និង ព្រៃនគរ ទៅអគ្គមហេសី ង៉ុក វ៉ាង (Công Nữ Ngoc Van ។

អ្នកស្រាវជ្រាវខ្មែរ ដោយផ្តោតទៅលើឯក្សាបរទេសផង មានយោបល់ផ្សេងគ្នា អំពីឫសគល់នៃពាក្យ “កូស័ងស៊ីន”។
-លោកសាស្ត្រាចារ្យ ត្រាំងឆាត ប៊ុត សរសេរថា៖ “កូស័ងស៊ីន” ច្បាស់មកពី ការផ្សំពាក្យពីរគឺ “កូស័ង” និង “ស៊ីន” ។ “កូសាំង” ជាឈ្មោះលោកសង្ឃកាតូលិក បារាំងមួយអង្គ (១៧២៦-១៧៨៣) ជាអ្នកបានស្ថាបនាមន្ទីពេទ្យមួយ (Hopital Cochin) នៅ ប៉ារីស ។ “ស៊ីន” មកពីពាក្យ “ចិន” (Chine) ជាទីកន្លែងដែលកងទ័ពបារាំងចេញ ដំណើរមកវាយព្រៃនគរ ។
-តាមលោកឧត្តមសេនីយ ថាច់ រ៉េង វីញ គាត់ថា “កូស័ង” ជាឈ្មោះកំពង់ផែ មួយ នៅប្រទេសឥណ្ឌា ដែលបារាំងបានស្គាល់ពីយួរមក។
-ចំពោះលោក វេជបណ្ឌិត ថាច់ ត្វាន់, និង លោក Léonard Aurousseau, គាត់ អះអាង ថា “កូស័ង” មានដើមកំណើតពីភាសាចិន “ក្យាវចិ” Jiāozhǐ ឬ Giao Chỉ (交趾 ឬ 交阯)។ “ក្យាវចិ” ជាឈ្មោះនរគយួន គឺអតីតប្រទេស វ៉ាន់ឡាង (Văn Lang) ក្នុងសម័យ ហុងវឿង (Hùng Vương )។ នរគរយួនពីដើមនៅស្រុកចិនសព្វថ្ងៃ ពីទន្លេ “យ៉ាងត្សេក្យាង” (Yangtze ) ចុះមកដល់ប៉ែកខាងជើងរបស់យៀកណាមបច្ចុប្បន្ន ។ កាលនោះ ពួកអ្នកជំនួញអារ៉ាប ដែលឡើងទៅស្រុកចិន តាមដៃសមុទ្រ ម៉ាឡាក់កា សរសេរសម្គាល់ស្រុក “ក្យាវចិ” ហើយដើម្បីឲ្យច្បាស់ទៀត គេសរសេរថា “ក្យាវចិ អ៊ីន ស៊ីណា” (Kawci-in-cina) ប្រែថា “កៅចិ នៅ ស្រុកចិន” ។ ពួក ពរតុយគ្គេ (Portuguese) ក៏យកពាក្យនេះ សរសេរតាមភាសារបស់ខ្លួន ជា “Quauchychina”។ ដល់ទីបំផុត បារាំងចម្លងពីពរតុយគ្គេ តែអាន “កៅ” ទៅជា “កូ” ហើយបានជា ពាក្យ “កុសាំងស៊ីន” (Coch-in-chine) ទៅ ។
និយាយរួមមក លោកថាច់ ត្វាន់ យល់ស្របនិងលោក Léonard Aurousseau ថា“កូស័ង” ឬ (Cochin) ចេញពីភាសាចិន “ក្យាវចិ” Jiāozhǐ ។ រីឯពាក្យ “ស៊ីន” (chine) អ្នកទាំងអស់គ្នាគ្មានឆ្ងល់អ្វីទេថា វាមកពី “ចិន” ៕
Comments are closed.