មតិចាប់អារម្មណ៍របស់​ក្រុម​យុវជន​ខ្មែរ​ក្រោម ចំ​ពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​​វៀត​ណាម នៅ UNPFII

0 264

ដោយ ស៊ឺន ចែងចើន| VOKK

ក្រុម​យុវជន​នៃ​​សហ​ព័ន្ធ​​ខ្មែរ​​កម្ពុជា​​ក្រោម នៅ​ព្រឹក​ថ្ងៃ​ទី ១៩ មេ​សា ដែល​ជា​ថ្ងៃ​ទី ៤ នៃ​កិច្ច​ប្រ​ជុំ​លើក​ទី ១៧ របស់​វេទិកា​អចិន្ត្រៃយ៍​អង្គ​ការ​សហ​ប្រជា​ជាតិ ស្ដី​ពី​បញ្ហា​ជន​ជាតិ​ដើម (UNPFII) បានមានមតិយល់ឃើញរបស់ខ្លួន ​ទៅ​មន្ត្រី​តំណាង​ប្រ​ទេស​វៀត​ណាម ប្រ​ចាំ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ បានធ្វើរបាយការណ៍របស់ខ្លួន ជម្រាបទៅអង្គវេទិកាថា បណ្តា​ក្រុម​ជន​ជាតិ ដែល​នៅ​ក្នុង​ប្រទេស​វៀត​ណាម​ទាំង ៥៤ ក្នុង​នោះ​មាន​ជន​ជាតិ​ខ្មែរ​ផង ត្រូវ​បាន​រដ្ឋាភិ​បាល​យក​ចិត្ត​ទុក​ដាក់ និង​រស់​នៅ​​ក្នុង​ភាព​សុខ​ដុម និង​សាមគ្គី​ភាព​ជា​មួយ​គ្នា​រាប់​ពាន់​ឆ្នាំ​មក​ហើយ នៅ​លើ​​ទឹក​ដី​នៃ​ប្រ​ទេស​វៀត​ណាម ។ មន្រ្តីរូបនេះដដែល បានបញ្ជាក់ថា ​​គ្មានឡើយ​​ជន​ជាតិ​​ដើម​​ នៅ​​លើ​​ដែន​ដីរបស់​​វៀត​ណាម ដោយអះ​អាង​ថា​ ពួកគេជាជនជាតិភាគតិច រស់នៅលើដែន​ដីរបស់​ខ្លួន​ទៅ​​វិញ ។ ​ ​

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល វៀតណាមបានលើកឡើងទៀតថា រដ្ឋាភិបាលរបស់ខ្លួន បានផ្តល់សិទ្ធិសេរីភាពពេញលេញ ទៅដល់បណ្តាក្រុមជនជាតិទាំង ៥៤ រួមទាំងខ្មែរក្រោមផង ដោយមន្រ្តីតំណាងរដ្ឋាភិបាលរូបនេះ បានលើកបង្ហាញអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ដោយផ្តល់ការអប់រំដល់ពួកគេ និងថាបណ្តាក្រុមជនជាតិទាំងនោះ មានប្រពន្ធផ្សព្វផ្សាយជាភាសាកំណើតរបស់ខ្លួន មានវិទ្យុ និងទូរទស្សន៍ជាដើម ។

ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់មន្រ្តីវៀតណាមរួចមក ក្រុម​យុវជន​ខ្មែរ​ក្រោម បានចាប់អារម្មណ៍ដោយយល់ថា  ​មិន​​​អាច​​ទ​ទួល​​យក​បាន​​ឡើយ ចំ​ពោះ​ការ​លើក​ឡើង​របស់​តំ​ណាង​ប្រ​ទេស​វៀត​ណាម ​ដែល​ចាត់​​ទុក​​ខ្មែរ​ក្រោម​​ជា​​ជន​ជាតិ​​ភាគ​តិច ។ ពួក​គេ​បាន​ទាម​ទារ​ឲ្យ​ប្រ​ទេស​វៀត​ណាម គោរ​ព​​សិទ្ធិ​​របស់​​ខ្មែរ​​ក្រោម​ ដូច​​ដែល​​មាន​​ចែង​​ក្នុង​​សេច​ក្តី​​ប្រកាស​​របស់​អង្គ​ការ​​សហ​ប្រជា​ជាតិ ស្ដី​ពី​​សិទ្ធិ​​ជន​ជាតិ​​ដើម ។


Leave A Reply

Your email address will not be published.