បុណ្យផ្កា​រស្មី​សាមគ្គី​ទ្រទ្រង់​សកម្មភាព​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​

0 521

ដោយ ស៊ឺន ចែងចើន| VOKK

សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​ប្រមូលផ្តុំ​ទៅដោយ​ព្រះសង្ឃ​ខ្មែរក្រោម មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បាន​ប្រារព្វ​ពិធីបុណ្យ​ផ្កា​រស្មី​សាមគ្គី ដើម្បី​ប្រមូល​ថវិកា​ផ្ដល់​អាហារូបករណ៍​ដល់​សមា​ជិ​ក​របស់ខ្លួន ។​

ក្រុមយុវ័ន យុវនារីសីលធម៌ខ្មែរក្រោម ក្នុងពិធីបុណ្យផ្កា​រស្មី​សាមគ្គីរបស់សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
ក្រុមយុវ័ន យុវនារីសីលធម៌ខ្មែរក្រោម ក្នុងពិធីបុណ្យផ្កា​រស្មី​សាមគ្គីរបស់សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

​ពិធីបុណ្យ​នេះ ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី ១៨ ខែមីនា នៅ​កុដិ ១៧ នៃ​វត្ត​បទុម​វ​តី ឋិត​នៅក្នុង​សង្កាត់​ចត​មុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​រៃអង្គាសប្រាក់ ដើម្បី​រៀបចំ​ឯកសារ​មួយចំនួន​មាន​ជា​អា​ថ៍ ធ្វើលិខិត​ឆ្លងដែន បកប្រែ​ឯកសារ​ផ្សេងៗ សុំ​ទិដ្ឋាការ​ពី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា និង​ដោះស្រាយ​មធ្យោបាយ​ផ្សេងៗ ជាច្រើន​ទៀត ដើម្បី​បញ្ជូន​សមណ​និស្សិត​ចំនួន ១៥ អង្គ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ និង​ផ្ដល់​ជា​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​ក្រីក្រ ដែល​កំពុង​សិក្សា​មហាវិទ្យាល័យ​នានា នៅក្នុង​ប្រទេស​កម្ពុជា ចំនួន ៣៩ អង្គ និង​រូប ។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ ព្រៃនគរ និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ មាន​ពុទ្ធដីកា ថា ដោយ​មើលឃើញ​ពី​កង្វះខាត​ថវិកា​ក្នុង​ការសិក្សា​រៀនសូត្រ​របស់​សមាជិក​-​សមាជិកា សិស្ស​-​និស្សិត នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រៀន​នៅតាម​បណ្តា​មហាវិទ្យាល័យ ទាំង​ក្នុង និង​ក្រៅប្រទេស និង​គោលបំណង​រួមចំណែក​ក្នុងការ​កសាង​សង្គមជាតិ និង​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ឲ្យ​មានចំណេះដឹង និង​ស្របទៅតាម​ទស្សនវិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​អង្គការ​របស់ខ្លួន ដែលមាន​ពាក្យស្លោក​ថា «​ធនធានមនុស្ស ជា​មូលដ្ឋានគ្រឹះ​នៃ​កា​រកស​សាង​សង្គម​» ។ ដូច្នេះហើយ ទើប​អង្គការ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម សម្រេច​ប្រារព្វ​ពិធីបុណ្យ​ផ្កា​រស្មី​សាមគ្គី​នេះ​ឡើង ដើម្បី​ស្វែងរក​ការឧបត្ថម្ភ​ជា​ថវិកា ពី​សប្បុរសជន ដែល​បាន​ចូលរួម​កម្មវិធី​នេះ យកមក​ផ្ដល់​អាហារូបករណ៍​ដល់​សមា​ជិ​ក​របស់ខ្លួន ដែល​កំពុង​បន្ត​ការសិក្សា ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្រៅ​ប្រទេស ។​

ព្រះតេជព្រះគុណ សឺន សុផារិន្ទ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះតេជព្រះគុណ សឺន សុផារិន្ទ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ មាន​ពុទ្ធដីកា​បន្តថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​រាប់សិប​អង្គ និង​នាក់ ដោយបាន​ផ្តល់​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ខ្មែរក្រោម​ក្រីក្រ កំពុង​សិក្សា​នៅ​ប្រទេស​កម្ពុជា សរុប​បាន​ចំនួន ១៥២ អង្គ និង​នាក់ និង​បាន​បញ្ជូន​សមណ​និស្សិត​-​និស្សិត​ខ្មែរក្រោម ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ សរុប​ចំនួន ១១៣ អង្គ និង​នាក់ ។​

ព្រះសង្ឃ​ខ្មែរក្រោម ព្រះតេជព្រះគុណ ឌឿ​ង វិជ័យ ដែល​ទទួលបាន​អាហារូបករណ៍ ពី​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម រហូតដល់​ព្រះអង្គ​សិក្សា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​នីតិសាស្ត្រ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​សិក្សា​ជំនាញ​ភាសា​អង់គ្លេស នៅ​សាកលវិទ្យាល័យ West Stern មាន​ពុទ្ធដីកា​ថា ការផ្តល់​អាហារូបករណ៍​នេះ ជួយ​សម្រាល​បន្ទុក​ដល់​ព្រះអង្គ​បាន​ច្រើន ។ ព្រះអង្គ​ថា បើ​គ្មាន​អាហារូបករណ៍ ដែល​ផ្តល់​ដោយ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នោះទេ ព្រះអង្គ នឹង​គ្មាន​លទ្ធភាព ដើម្បី​បញ្ចប់​ការសិក្សា នៅ​ថ្នាក់​បរិញ្ញាបត្រ​បានឡើយ​ ។

ព្រះតេជព្រះគុណ ឌឿ​ង វិជ័យ សមណនិស្សិតបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​នីតិសាស្ត្រ និង​ភាសា​អង់គ្លេស ។ រូបថតៈ ស៊ឹន ចែងចើន
ព្រះតេជព្រះគុណ ឌឿ​ង វិជ័យ សមណនិស្សិតបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​នីតិសាស្ត្រ និង​ភាសា​អង់គ្លេស ។ រូបថតៈ ស៊ឹន ចែងចើន

ស្រដៀង​គ្នា​នេះដែរ លោក ស៊ី ស័ក្តិ​បូ​រិ​ន ជា​អតីត​និស្សិត​ធ្លាប់​ទទួលបាន​អាហារូបករណ៍​ពី​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ឆ្នាំ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​ប្រវត្តិវិទ្យា នៅ​សាកលវិទ្យាល័យ​ខេមរៈ បាន​លើកឡើងថា ការឧបត្ថម្ភ​នេះ បាន​ជួយ​ដោះស្រាយ និង​សម្រាល​បន្ទុក​មួយចំណែក​ធំ​ដល់​ការសិក្សា​របស់លោក ដែល​កាលណោះ លោក​កំពុង​សិក្សា​ឆ្នាំ​បញ្ចប់ បាន​ជួបប្រទះ នឹង​កង្វះ​ខាត់​ថវិកា ក្នុងការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ។​

លោក ស៊ី ស័ក្តិ​បូ​រិ​ន និស្សិតបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​ប្រវត្តិវិទ្យា នៅ​សាកលវិទ្យាល័យ​ខេមរៈ ។ រូបថតៈ ស៊ឺន ចែងចើន
លោក ស៊ី ស័ក្តិ​បូ​រិ​ន និស្សិតបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​ប្រវត្តិវិទ្យា នៅ​សាកលវិទ្យាល័យ​ខេមរៈ ។ រូបថតៈ ស៊ឺន ចែងចើន

ចំណែក​លោក សា ម៉ូ​រ៉ា ជា​អ្នកចូលរួម​យ៉ាងសកម្ម​គ្រប់​កម្មវិធី ដែល​រៀបចំឡើង​ដោយ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​លើកឡើងថា បុណ្យផ្កា​រស្មី​សាមគ្គី​ជា​កម្មវិធី​មួយ​ដែល​រៀបចំឡើង ដើម្បី​រៃអង្គាស​ថវិកា​ពី​សប្បុរសជន​នានា ដើម្បី​រួមចំណែក​ជួយ​ទៅដល់​ការសិក្សា​របស់​ព្រះសង្ឃ​ខ្មែរក្រោម ជា​សមណ​និស្សិត និង​និស្សិត​ក្រីក្រ និង​ជួយ​ផ្គត់ផ្គង់​ប្អូនៗ ជា​សិ​ស្សា​នុស្ស ដែល​ស្នាក់នៅ​ជាមួយ​ព្រះសង្ឃ​ផង ។ បើតាម​លោក សា ម៉ូ​រ៉ា ការដែល​ជួយ​ជំរុញ​លើក​ទឹក​ចិ​ត្ក​ឲ្យ​លោក​តែង​ចូលរួម​ម្ម​វិធី​សប្បុរសធម៌​របស់​សម្ព័ន្ធ ដោយ​លោក​យល់ឃើញថា សង្គមជាតិ​មួយ ដែល​រីកចម្រើន​ទៅបាន គឺ​ត្រូវ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជា​មូលដ្ឋាន ។ ព្រោះថា​ព្រះសង្ឃ​ខ្មែរក្រោម គឺជា​កម្លាំងចលករ​នៅក្នុង​សង្គម មិនអាច​ខ្វះ​បាន​ក្នុង​ការជួយ​អភិវឌ្ឍន៍​សង្គម​ខ្មែរក្រោម ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ។ ជាពិសេស ការធ្វើ​ការតស៊ូ​មតិ​ដោយ​សន្តិវិធី ដើម្បី​ស្វែងរក​សិទ្ធិសេរីភាព​ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុងតែ​នៅក្រោម​នឹម ត្រួតត្រា​របស់​រដ្ឋាភិបាល​យួន​ក​ម្មុយ​និ​ស្ត​សព្វថ្ងៃ ។​

លោក សា ម៉ូ​រ៉ា ​អ្នកជួយឧបត្ថម្ភយ៉ាងសកម្មរបស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
លោក សា ម៉ូ​រ៉ា ​អ្នកជួយឧបត្ថម្ភយ៉ាងសកម្មរបស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ម្ចាស់ជំនួយ​មួយរូប​ផង​នោះ លោក ថើ​ស ចន្ទ្រា បានលើកឡើង​ពី​គម្រោង​ថវិកា សម្រាប់​ចំណាយ​ក្នុង​ឆ្នាំ ២០១៨ នេះ ថា មាន​រហ​តូ​ដល់​ទៅ​រាប់ម៉ឺន​ដុល្លារ ។ បើ​គិត​ត្រឹមតែ​ផ្នែក​អំប់រំ គឺ​ត្រូវ​ចំណាយ ១៧,៧៥០ ដុល្លារ ។ ចំណែក​ផ្នែក​ផ្សេងៗ ទៀត មានដូចជា ផ្នែក​ស្រាវជ្រាវ​វប្បធម៌ និង​ផ្សព្វផ្សាយ ផ្នែក​សង្គមកិច្ច ផ្នែក​រដ្ឋបាល និង​ផ្នែក​កិច្ចប្រជុំ​ប្រចាំខែ និង​ដំណាច់ឆ្នាំ ។ ជា​សរុប​គម្រោង​ថវិកា សម្រាប់​ចាយវាយ​ប្រចាំឆ្នាំ ២០១៨ របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម មាន​ចំនួន ២៦,៣៥០ ដុល្លារ ។​

លោក ថើ​ស ចន្ទ្រា ប្រធាន​គណៈកម្មការ​ទ្រទ្រង់ និងជា​ម្ចាស់ជំនួយ​អាហារូបករណ៍របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
លោក ថើ​ស ចន្ទ្រា ប្រធាន​គណៈកម្មការ​ទ្រទ្រង់ និងជា​ម្ចាស់ជំនួយ​អាហារូបករណ៍របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

​លោក ថើ​ស ចន្ទ្រា បាន​គូសបញ្ជាក់ថា សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម មិនមាន​កញ្ចប់​ថវិកា សម្រាប់ធ្វើ​សកម្មភាព​បណ្តុះបណ្តាល​ធនធានមនុស្ស​ឡើយ ។ លោក​ថា ប្រភព​ថវិកា បានមកពី​ការចូលរួម​ឧបត្ថម្ភ​របស់​សប្បុរស​ជន​ទាំង​ក្នុង និង​ក្រៅប្រទេស ។ ក្រៅពីនេះ ជា​រៀងរាល់ឆ្នាំ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម តែង​រៀបចំ​កម្មវិធី​ចំនួន ២ លើក គឺ​កម្មវិធី «​បុណ្យផ្កា​រស្មី​សាមគ្គី​» និង​កម្មវិធី «​ជំនួប​និស្សិត បញ្ញាវន្ត​ខ្មែរ​កម្ពុជា​ក្រោម និង​សប្បុរសជន​» ក្នុង​គោលបំណង​ស្វែងរក​ការឧបត្ថម្ភ​ជា​ថវិកា ដើម្បី​ផ្គត់ផ្គង់​ការសិក្សា ដល់​សម​ជិ​ក​របស់ខ្លួន ដែល​កំពុង​បន្ត​ការសិក្សា ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្រៅ​ប្រទេស ។

​យ៉ាងនេះ​ក្តី លោក ថើ​ស ចន្ទ្រា អះអាងថា ថវិកា​ដែល​បានមកពី​ប្រភព​ទាំងអស់នេះ គឺ​មិនអាច ឆ្លើយតប នឹង​សេចក្តីត្រូវការ​នៃ​ការចំណាយ ទៅ​វិស័យ​អាទិភាព​របស់​សម្ព័ន្ធ​ទេ ដូចជា​វិស័យ​អប់រំ​ជាដើម ។​

​ជាមួយគ្នានេះដែរ លោក​អំពាវនាវ​ទៅកាន់​ម្ចាស់ជំនួយ​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​ឲ្យ​បន្ត​គាំទ្រ សកម្មភាព​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម កាន់តែ​ច្រើនឡើង ៗ ដើម្បី​សម្ព័ន្ធ​មានលទ្ធភាព​រៀបចំ​ពិធី​ប្រគេន និង​ជូន​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ក្រីក្រ ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស និង​បញ្ជូន​សមណ​និស្សិត​ទៅ​បន្ត​ការសិក្សា នៅឯ​បរទេស នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ។

​យោងតាម​របាយការណ៍ នៅ​ឆ្នាំ ២០១៧ កន្លងទៅនេះ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បានផ្តល់​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ខ្មែរក្រោម​ក្រីក្រ ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​អនុបណ្ឌិត​) នៅតាម​បណ្តា​សាកលវិទ្យាល័យ ក្នុងប្រទេស​កម្ពុជា ចំនួន ២៦ អង្គ និង​នាក់ ក្នុងនោះ​ថ្នាក់​បរិញ្ញាបត្រ ២២ អង្គ និង​នាក់ ថ្នាក់អនុបណ្ឌិត ៤ អង្គ និង​នាក់ និង​បាន​ជូន​សម្ភារៈ​សិក្សា​មាន​សៀវភៅសរសេរ ប៊ិក និង​ថវិកា​បន្តិចបន្តួច​ដល់​ប្អូនៗ ជា​សិ​ស្សា​នុស្ស ដែល​ស្នាក់នៅ​ជាមួយ​ព្រះសង្ឃ​ចំនួន ៦០ នាក់ ។​

​ចំណែក​ការបញ្ជូន​ព្រះសង្ឃ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​បរទេស មាន​ប្រទេស​ថៃ និង​ឥណ្ឌា ចំនួន ១០ អង្គ ។​

​របាយការណ៍​ដដែល បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ ២០០៧ រហូតមកដល់​ឆ្នាំ ២០១៧ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​សមណ​និស្សិត​-​និស្សិត​ខ្មែរក្រោម ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ សរុប​ចំនួន ១១៣ អង្គ និង​បានផ្តល់​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ខ្មែរក្រោម​ក្រីក្រ កំពុង​សិក្សា​នៅ​ប្រទេស​កម្ពុជា អស់​រយៈពេល ៨ ឆ្នាំ គិត​ចាប់ពី​ឆ្នាំ ២០១០ មក សរុប​បាន​ចំនួន ១៥២ អង្គ និង​នាក់ ។​

​ឆ្លើយតប នឹង​សំនួ​រថា តើ​សម្ព័ន្ធ​សមណ​និស្សិត – និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ទទួលបាន​ផល​អ្វី​មកវិញ ពី​សមាជិក​របស់ខ្លួន បន្ទាប់ពី​ជួយ​ទំនុកបម្រុង​ផ្តល់​ការសិក្សា ដល់​សមាជិក​របស់ខ្លួន​នោះ ? ។ ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ បាន​គូសបញ្ជាក់ថា អង្គការ​របស់ខ្លួន ក៏​ទទួលបាន​ផលប្រយោជន៍​មកវិញ ពី​សមាជិក​របស់ខ្លួន បន្ទាប់ពី​ជួយ​ទំនុកបម្រុង ផ្តល់​ការសិក្សា​ដល់​សមាជិក​របស់ខ្លួន​រួចមក ។ ដោយ​ព្រះអង្គ បាន​លើកឡើងថា ក្រោយពី​សមាជិក​របស់​ខ្លួន​ទទួលបាន​ជោគជ័យ​ក្នុងការ​សិក្សា​រៀនសូត្រ ពួកគេ​តែ​ចូលរួម​បំរើ​ផលប្រយោជន៍​ជាតិ និង​សង្គម​ខ្មែរក្រោម​យ៉ាងសកម្ម ដែល​ប្រការនេះ ជា​អ្វីដែល​សម្ព័ន្ធ​ចង់បាន ។ ព្រោះ​វា​ស្របទៅតាម​ទស្សនវិស័យ​បេសកកម្ម និង​គោលបំណង​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។​

តាមរយៈ​ទូរទស្សន៍ ព្រៃនគរ និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ បាន​អំពាវនាវ​ទៅកាន់​ម្ចាស់ជំនួយ​ទាំង​នៅ​គ្រប់ទិសទី​ទាំង សូមជួយ​បន្ត​គាំទ្រ​សកម្មភាព​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ជួយឧបត្ថម្ភ​ថវិកា សម្រាប់​បំពេញ​នូវ​តម្រូវ​ការងារ​ប្រចាំឆ្នាំ និង​មានលទ្ធភាព​អាច​រៀបចំ​ពិធី​ប្រគេន និង​ជូន​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ក្រីក្រ នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ដើម្បី​បុព្វហេតុ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការចូលរួមចំណែក​ក្នុងការ​កសាង​សម​ង្គ​ម​ជាតិ ។​

​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ បាន​បង្កើតឡើង កាលពី​ឆ្នាំ ២០០២ ដោយ​ព្រះសង្ឃ​ខ្មែរក្រោម​ជា​និស្សិត ដែល​និមន្ត​មក​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា ផ្ដោត​ការយកចិត្តទុកដាក់​លើ​វិស័យ​សិក្សាអប់រំ និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជា​ចម្បង ៕

ខាងក្រោមនេះ ជារូបភាពខ្លះៗ នៃសកម្មភាពក្នុងពិធីបុណ្យផ្កា​រស្មី​សាមគ្គីរបស់របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ​នៅថ្ងៃទី ១៨ មីនា ២០១៨ ។ រូបថតៈ ស៊ឺន ចែងចើន ​

Leave A Reply

Your email address will not be published.