បទ​វិចារណកថា​៖ ​ការស្វែងរក​នីតិសាស្ត្រ​ ដើម្បី​អភិរក្ស​អត្តសញ្ញាណ​ខ្មែរក្រោម​

0 440

អត្ថបទ​វិចារណកថា ក្រោម​ចំណងជើង​ថា «ការស្វែងរក​នីតិសាស្ត្រ ដើម្បី​អភិរក្ស​អត្តសញ្ញាណ​ខ្មែរក្រោម» ដែល​ឆ្លុះបញ្ចាំង​អំពី​ទស្សនៈ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ។ លោក ម៉ៅ មុនី ជា​អនុប្រធាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​សរសេរ​អត្ថបទ​នេះ ជា​ភាសាអង់គ្លេស ។ លោក ទៀ ថេន ជាទី​ប្រឹក្សា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​ប្រែ​សម្រួល​មក​ជា​ភាសាខ្មែរ ។

European Union flags fly outside the European Commission building in Brussels, Belgium, Dec. 7, 2020. (AFP Photo)
European Union flags fly outside the European Commission building in Brussels, Belgium, Dec. 7, 2020. (AFP Photo)

​នៅ​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០ សហគមន៍​អ៊ឺរ៉ុប បានអនុម័ត​ច្បាប់​ម៉ា​ក់និត​ស្គី អ៊ឺរ៉ុប ដើម្បី​ដាក់ទណ្ឌកម្ម​ដល់​ការរំលោភ​សិទ្ធិមនុស្ស នៃ​ក្រុម​របប​ដឹកនាំ​ដែល​នៅតែ​បន្ត​គាបសង្កត់ មកលើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ទាំងឡាយ ។ តើ​ការអនុម័ត​ច្បាប់​ម៉ា​ក់និត​ស្គី​នេះ អាច​ជៈ​ឥ​ទិ្ធ​ពល​ជា​វិជ្ជមាន ដូចម្តេចខ្លះ ? ក្នុង​ការជួយ​ការ ពារ​ខ្មែរក្រោម អំពី​ការបន្ត​រំលោភ​បំពា​បំពាន​មកលើ​សិទ្ធិ​របស់ខ្លួន​នោះ ។

​មុននឹង​ចូលមក​ពិភាក្សា​អំពី​ច្បាប់ ម៉ា​ក់និត​ស្គី នេះ យើង​ក៏​គួរ​គប្បី​រំឭក​ឡើងវិញ អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហគមន៍​អឺរ៉ុប និង វៀតណាម ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​ថ្មីៗ ​នេះ ។​

កាលពី​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៧ ខណៈ​កំពុង​ពេល​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ស្តីអំពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នោះ រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​វៀតណាម បានរៀបចំ​បេសកកម្ម​ចាប់ជំរិត​អតីត​អ្នកជំនួញ​ប្រេង​ម្នាក់​ឈ្មោះ ទ្រិ​ញ ស្វឹ​ង ថា​ញ់ (Trinh Xuan Thanh) ក្នុងពេលដែល​គាត់​កំពុងតែ​ដើរ​ជាមួយ​នារី​ម្នាក់ទៀត​នាពេល​ថ្ងៃត្រង់​ឆ្លងកាត់​ឧទ្យាន ទ្យែ​រ​ហ្គា​រតិ​ន (Tiergarten Park) នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ ។ គាត់​ត្រូវបាន​គេ​ចាប់ពង្រត់ ហើយ​នាំយកទៅ​ដាក់គុក​នៅ​វៀតណាម ។ ការចាប់​ពង្រត់ លោក ទ្រិ​ញ ស្វឹ​ង ថា​ញ់ ដោយ​ភ្នាក់ងារ​សម្ងាត់​របស់​វៀ​ត​ណា​ម​របៀបនេះ​បានធ្វើ​ឲ្យ​មនុស្ស​ទាំងឡាយ នឹកឃើញ​កាលពី​យុគ​នៃ​សង្គ្រាមត្រជាក់ ហើយ​ដែល​គេ​ធ្លាប់​មើលឃើញ តែ​នៅក្នុង​ផ្ទាំង​ទស្សនី​យ​នៃ​ខ្សែ ភាពយន្ត​របស់​ហូលីវូត (Hollywood) តែប៉ុណ្ណោះ ។ ចំពោះ​ឧប្បត្តិ​ហេតុនេះ ក្នុងនាម​រដ្ឋ ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ គឺជា​ការ​អាម៉ាស់​មួយ​សម្រាប់​ប្រទេស​វៀតណាម ពីព្រោះ ភ្លាមៗ​នោះ រដ្ឋាភិបាល​អាល្លឺម៉ង់​បានចេញ​សេចក្តីថ្លែងការណ៍​ចោទប្រកាន់​ប្រទេស​វៀតណាម​ថា បាន​រំលោភ​លើ​ច្បាប់ និង​កតិកាសញ្ញា​អន្តរជាតិ ។​

នៅ​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម យូ​អិន​ភី​អូ (UNPO) និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ផ្សេងទៀត និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​បាន​សរសេរ​លិខិត​រួមគ្នា​មួយ ផ្ញើ​ទៅជូន​លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​លោក​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប នៃ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ ។ គោលបំណង​នៃ​លិខិត​នេះ​គឺ សូម​ស្នើ​ឱ្យមាន​ការពន្យា​ពេល​ក្នុង​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប និង​វៀតណាម សូម​រង់ចាំ​រហូតដល់​រដ្ឋាភិបាល​វៀតណាម បង្ហាញ​ពី​ការធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​របាយការណ៍​ស្តីពី​សិទ្ធិមនុស្ស​ដែល​កំពុង​ធ្លាក់ចុះ​នោះ​សិន ។

​ទោះបី​មាន​របាយការណ៍​មិនល្អ​ស្តីអំពី​សិទ្ធិមនុស្ស​របស់​វៀតណាម​ក៏ដោយ ក៏​សហគមន៍ អ៊ឺរ៉ុប​បាន​យល់ព្រម​ចុះហត្ថលេខា​ជាមួយ​វៀតណាម​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​ការពារ ការវិនិយោគ​កាលពី​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ។ ហើយ​នៅ​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ សភា​អឺរ៉ុប បានផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​ទាំងពីរ​នោះ ។ នៅ​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ ក្រុមប្រឹក្សា​អឺរ៉ុប ក៏បានផ្តល់​ភ្លើង​ខៀវ​ដល់​កិច្ចព្រមព្រៀង​ទាំងពីរ នោះ ។ បន្ទាប់មក​នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ រដ្ឋសភា​វៀតណាម​ក៏បានផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ទាំងពីរ ។ ដូច្នេះ កិច្ចព្រមព្រៀង​ទាំងពីរ បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ ។​

​ក្រោយ​នោះ​មិនយូរប៉ុន្មាន នៅ​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ត្រូវបាន​ចូល​ជាធរ​មានមក មាន​ក្រុម​អ្នកតំណាងរាស្ត្រ​ចំនួន ៦៤ នាក់​ជា​សមាជិក​នៃ​សភា​អឺរ៉ុប​បាន​សរសេរ​លិខិត​មួយ​រួមគ្នា​ផ្ញើ​ទៅជូន​អ្នកតំណាង​ជាន់ខ្ពស់ នៃ​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ស្នងការ​ចាត់តាំង​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅ វៀតណាម ។

​យើង​សូម​បង្ហាញជូន អំពី​សេចក្តី​ព្រួយបារម្ភ​ទាំងឡាយ ដែល​សមាជិក​ទាំង ៦៤ រូប​នៃ​សភា​អឺរ៉ុប​បានលើកឡើង​ នៅក្នុង​លិខិត​រួមមួយ​របស់​ពួកគេ​ដូចតទៅ​៖ “​សកម្មជន​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ធ្វើ​វិទ្ធង្សនា ពីបទ​ផ្សព្វផ្សាយ​ដើម្បី​ប្រឆាំងនឹង​រដ្ឋអំណាច រំលោភសិទ្ធិ៍​ផ្នែក​ប្រជាធិប្បតេយ្យ និង​សេរីភាព​ដែល​បំពាន​ទៅលើ​ផលប្រយោជន៍​របស់​រដ្ឋ និង​ការធ្វើសកម្មភាព​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​ប្រជាជន ។ ប្រជាជន​ដែល​ប្រាថ្នា​ឲ្យ​មាន សេរីភាព​ខាង​ជំនឿ​សាសនា និង​ភាព​ឯករាជ្យ​នៅលើ​ជំនឿ​របស់​ពួកគេ នៅតែ​ត្រូវ​ទទួលរង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ និង​ប៉ូលិស​នៅក្រោម​ហេតុផល​ថា​បានធ្វើ​ឲ្យ​ធ្លាក់ចុះ​ការឯកភាព​ជាតិ ។ ការរំលោភ​យក​ដីធ្លី​ជា​ញឹកញាប់ គឺជា​បុព្វហេតុ​ឲ្យ​កើត​អំពើហិង្សា​” ។​

​បើ​យើង​ក្រឡេកមើល​ក្នុង​កំណត់ហេតុ ដែល​បាន​កត់ត្រា​ពីអ្វី​ដែល​វៀតណាម​បាន​ចុះហត្ថលេខា​ជាមួយ​អង្គការសហប្រជាជាតិ និង​ប្រទេស​ផ្សេងទៀត​នោះ​, យើង​នឹងមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ថា ប្រទេស​វៀតណាម​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នានា​ជាច្រើន ប៉ុន្តែ មានការ​គោរព​យ៉ាង​តិចតួច​បំផុត ហើយ​ពុំ​នោះទេ វៀតណាម អាច​ដោះសារ​យករួចខ្លួន នៅ​ក្រោមលេស​ជាច្រើន​បែបយ៉ាង ។​

​សម្តី​មួយ​ឃ្លា​ដ៏​ល្បីល្បាញ និង​ជាទី​ពេញនិយម​ក្នុងសម័យ​សង្គ្រាម​វៀតណាម របស់​អតីត​ប្រធានាធិបតី ង្វៀន វ៉ាំ​ង ទេវ បាន​ថ្លែង​ជា​ភាសា​វៀតណាម ហើយ​ត្រូវបាន​បកប្រែ​ជា​ភាសា​ខ្មែរ​ថា​៖ “​កុំ​ស្តាប់​នូវ​អ្វីដែល​ពួក​កុ​ម្មុយ​និ​ស្ត​និយាយ ប៉ុន្តែ ត្រូវ​មើល​នូវ​អ្វីដែល​ពួកគេ​ធ្វ​” ។ នៅពេលនេះ គឺជា​ឱកាស​សមស្រប​បំផុត​មួយ ដែល​សហគមន៍​អន្តរជាតិ​ទាំងឡាយ និង​ជាពិសេស ស្ថាប័ន​នៃ​អង្គការសហប្រជាជាតិ គួរ​គប្បី​ផ្តោតអារម្មណ៍​ទៅលើ​សំឡេង​ដង្ហោយ​ស្នើសុំ​ដោយ​សុភាព​ស្មោះត្រង់​បំផុត​របស់​ខ្មែរក្រោម​ពី​ដែនដី​កម្ពុជា​ក្រោម​មក​ថា កុំ​ទុកចិត្ត​នូវ​អ្វីដែល​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​វៀតណាម​បាន​ចុះហត្ថលេខា ប៉ុន្តែ ត្រូវ​សង្កេតមើល​នូវ​អ្វីដែល​ពួកគេ បាននិងកំពុង​តែ​អនុវត្ត ។​

​វៀតណាម​នៅតែ​បន្តសកម្មភាព​រំលោភសិទ្ធិ​មនុស្ស ហើយ​មេដឹកនាំ​ដែល​បាន​ប្រើប្រាស់​ទឹក​លុយ​ដែល​បានមកពី​អំពើពុករលួយ ទៅ​ទិញ​ដីធ្លី និង​បណ្តាក់ទុន​រកស៊ី​តាម​ក្រុមហ៊ុន​នានា​នៅឯ​បរទេស​កំពុងមាន​ចំនួន​កាន់តែ​ច្រើនឡើង ទន្ទឹមគ្នា​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់ អង្គការសហប្រជាជាតិ និង​ក្រុម​ប្រទេស​ដែល​ផ្តល់ជំនួយ​ដល់​ប្រទេស​វៀតណាម​ព្យាយាម​ជំរុញ​តាម​វិស័យ​ការទូត​ឱ្យ​ប្រទេស​វៀតណាម​គោរព និង​ការពារ​សិទ្ធិមនុស្ស​យ៉ាងណាក៏ដោយ ក៏​រហូតមក​ទល់នឹង​បច្ចុប្បន្ននេះ ស្ថានភាព​អវិជ្ជមាន​ទាំងអស់នោះ មិនទាន់​ឃើញ​មានការ​កែលម្អ​ជា​ដុំកំភួន​នៅឡើយ​ទេ ។

យើង​ជឿថា ដំណោះស្រាយ​ដែលមាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​បញ្ឈប់​ជនល្មើស​បំពាន​សិទ្ធិមនុស្ស គឺ​ការ​អនុវត្តតាម​វិធី​ដែល​សហរដ្ឋអាមេរិក​បាន​ធ្វើ​ហើយ នោះ​គឺ​ការអនុម័ត និង​អនុវត្ត​នូវ​ច្បាប់ ម៉ា​ក់និត​ស្គី ( Magnitsky Act ) ។​
«​ម៉ា​ក់និត​ស្គី​» គឺជា​ច្បាប់​ដែល​ត្រូវបាន​គេ​ឲ្យ​ឈ្មោះ​តាម​មេធាវី​ផ្នែក​សារពើ​ព័ន្ធ​ជាតិ​រុស្ស៊ី​ម្នាក់ គឺ​លោក សឺរ​ជេ ម៉ា​ក់និត​ស្គី (Sergei Magnitsky) ។ នៅ​ឆ្នាំ ២០០៩ លោក សឺរ​ជេ ម៉ា​ក់និត​ស្គី បាន​ស្លាប់​នៅក្នុង​ពន្ធនាគារ​មួយ នៅ​ទីក្រុង​មូ​ស្គូ ដោយសារតែ​លោក​បានធ្វើការ​ស៊ើបអង្កេត​ស៊ីជម្រៅ​ក្នុង​អំពើ​លួច​បន្លំ​ប្រាក់​ពន្ធ​របស់​រដ្ឋ​ចំនួន ២៣០ លាន​ដុល្លារ ហើយ​ដែល​ករណី​នោះ​មាន​ជាប់ជំពាក់​វា​ក់វិន​ទៅដល់​វិមាន​ក្រឹម​ឡាំង និង​ក្រុម​ជន​ដែល​ទាក់ទង​ជិតស្និទ្ធ​ជាមួយនឹង​សមាសភាព​មន្ត្រី​រដ្ឋាភិបាល នៅពេលនោះ ផងដែរ ។

​ក្រុម​អ្នកស៊ើប​អង្កេត​ឯករាជ្យ​ជាច្រើន បាន​រកឃើញថា​៖ “​ល័ក្ខខ័ណ្ឌ​នៃ​ការឃុំ​ឃាំង​បែប​អមនុស្សធម៌ ការដាក់​ឲ្យ​ស្ថិតនៅក្នុង​ភាព​ឯកោ ពី​គ្រួសារ​របស់គាត់ ការខ្វះខាត​មិន​អនុញ្ញាត​ឲ្យ​ទាក់ទង​ជា​ទៀងទាត់​ជាមួយ​មេធាវី​ការពារ​ក្តី​របស់គាត់ និង​ចេតនា​បដិសេធ​មិន​ផ្តល់ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ឲ្យ​បាន​គ្រប់គ្រាន់​ផង​នោះ គឺជា​ប្រភេទ​នៃ​ទម្ងន់​ទណ្ឌកម្ម​ធ្វើ​ឲ្យ​គាត់​ឈឺចាប់ ហើយ​និង​ទីបំផុត​នាំទៅដល់​ការស្លាប់​របស់ លោក សឺរ​ជេ ម៉ា​ក់និត​ស្គី​” ។

​នៅ​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១២ ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចុះហត្ថលេខា លើ​ច្បាប់ ម៉ា​ក់និត​ស្គី ដើម្បី​ដាក់​ទ័​ណ្ឌ​កម្ម​ដល់​ក្រុម​ជន​ដែល​រំលោភ​សិទ្ធិមនុស្ស ឲ្យ​ជាប់ទោស​នៅក្រោម​ច្បាប់​ម៉ា​ក់និត​ស្គី​នេះ ។ ច្បាប់​នេះ បាន​រារាំង​មន្ត្រី​រដ្ឋាភិបាល​រុស្សី និង ពាណិជ្ជករ​ជាតិ​រុស្ស៊ី​ចំនួន ១៨ នាក់​មិន​ឲ្យ​ចេញចូល​សហរដ្ឋអាមេរិក ។ ហើយ​ច្បាប់​នេះ​ក៏​ត្រូវបាន​ឲ្យ​ធនាគារ សហរដ្ឋអាមេរិក​យកទៅ​ប្រើ​ក្នុង​នីតិវិធី​គ្រប់គ្រង​និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុម​ជន​រំលោភសិទ្ធិ​មនុស្ស រាប់​ចាប់តាំងពី​ឆ្នាំ ២០១៦ មក​ផងដែរ ។ ជាងនេះទៅទៀត ច្បាប់​ម៉ា​ក់និត​ស្គី ត្រូវបាន​ពង្រីក ដើម្បី​អនុវត្ត​លើ​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​អ្នករំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​ទូទាំង​ពិភពលោក ហើយ​ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា «​ច្បាប់ ម៉ា​ក់និត​ស្គី​សកល » (Global Magnitsky Act ) ។​

​ដទៃ​ក្រៅពី សហរដ្ឋអាមេរិក​នៅមាន ប្រទេស​កាណាដា និង​ចក្រភព​អង់គ្លេស សុទ្ធតែ​បានអនុម័ត​ច្បាប់​តាម​ទម្រង់ ម៉ា​ក់និត​ស្គី នេះហើយ​ដែរ ។ ការអនុម័ត​ច្បាប់ អឺរ៉ុប​ម៉ា​ក់និត​ស្គី កាលពីពេល​ថ្មីៗ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការចូលរួម​ជា​វិជ្ជមាន​ជាមួយនឹង​ប្រទេស កាណាដា សហរដ្ឋអាមេរិក និង ចក្រភព​អង់គ្លេស ហើយ​នោះ​គឺជា​ចំហាយ​ឥទ្ធិពល​យ៉ាង​តឹងរឹង​មួយ​ថែមទៀត សម្រាប់​ការប្រឆាំង​ទប់ទល់​ទៅនឹង​ក្រុម​អ្នករំលោភ​សិទ្ធិមនុស្ស ។ ផ្អែក​ទៅតាម​ព័ត៌មាន​ដែល​បានចេញ​ផ្សាយ​កន្លងមក បាន​ឲ្យ​ដឹងថា​… រដ្ឋសភា នៃ​ប្រទេស​អូស្ត្រាលី ក៏​អាច​នឹងមាន ការអនុម័ត​ច្បាប់​លំនាំ​ស្រដៀង​គ្នា​ទៅនឹង​ច្បាប់ ម៉ា​ក់និត​ស្គី នេះដែរ នៅ​ឆ្នាំ​ក្រោយនេះ ។​

​ផ្អែកទៅលើ របាយការណ៍​ដែលមាន​នៅក្នុង​ដៃ និង​កំណត់ហេតុ ទាំងអស់​ដែល​បាន​រៀបរាប់​ខាងលើ ធ្វើ​ឲ្យ​យើង​មាន​សេចក្តីសង្ឃឹម​ប្រកបដោយ​សុទិដ្ឋិនិយម​ថា ស្ថានភាព​សិទ្ធិមនុស្ស នឹង​បាន​ប្រសើរ​មកវិញ​សម្រាប់​បងប្អូន ខ្មែរក្រោម ដែល​មិនអាច​បញ្ចេញ​សំឡេង​តវ៉ា​បាន​នៅក្នុង​មាតុភូមិ​កំណើត​របស់​យើង ។​

នា​ថ្ងៃ​អនាគត នៅពេលដែល​ទម្រង់​ច្បាប់ ម៉ា​ក់និត​ស្គី នេះ​ត្រូវបាន​អនុវត្ត​ដោយ​ក្រុម​ប្រទេស​ម្ចាស់ជំនួយ​ទាំងឡាយ​ផង និង​តាម​បណ្តា​ក្រុមហ៊ុន ដៃគូ​ពាណិជ្ជកម្ម ជាមួយ​ប្រទេស​វៀត ណា​ម ផងដែរ​នោះ គឺជា​ការបើកឱកាស​ផ្តល់​សមត្ថភាព​ឲ្យ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើបាន​នូវ​អ្វីៗ​ដើម្បី​ជួយ​ការពារ​ទប់ទល់​ទៅនឹង​អំពើ​រំលោភសិទ្ធិ​មនុស្ស មកលើ​ប្រជាជន​ខ្មែរក្រោម ហើយ​ជួយ​ដឹកនាំ​ពួកគេ​ទៅកាន់​ជំហាន​ដ៏​ធំធេង​មួយ នោះ​គឺ « សិទ្ធិ៍សេរីភាព ពេញលេញ និង យុត្តិធម៌​ត្រចះត្រចង់ » ៕

Leave A Reply

Your email address will not be published.