នៅក្នុងសភាអាមេរិកសាក្សីបំភ្លឺថា វៀតណាមនៅតែរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោម
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សវនាការមួយបានរៀបចំឡើងនៅសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៤ ខែមថុនា នេះ ស្ដីស្ថានភាព រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលវៀតណាម ។ វសនាការនេះ មានការចូលឆ្លើយបំភ្លឺពី ព្រះសង្ឃខ្មែរក្រោមអំពីសេរីភាពសាសនានៅកម្ពុជាក្រោម ផងដែរ ។

ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ។
អង្គសវនាការក្រោមប្រធានបទ “រដ្ឋាភិបាលវៀតណាមនៅតែបន្តគោលនយោបាយបង្ក្រាប” រៀបចំឡើង ដោយគណៈកម្មការអន្តរជាតិនៃសភាសហរដ្ឋអាមេរិក ទាក់ទិននឹង បញ្ហាសុខាភិបាល, សិទ្ធិមនុស្ស សាកល និងបញ្ហានៅអាហ្វ្រិក ។
ថ្លែងបើកអង្គសវនាការ អធិបតីនៃអង្គសវនាការ លោក គ្រិស ស្មីធ (Chris Smith) បានកត់សម្គាល់ថា៖
“ ទោះបីចំណងការទូតរវាងវៀតណាម និងអាមេរិក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ចាប់ពីឆ្នាំ ១៩៩៥ មក ពេលដែលភាគីទាំងសងខាងធ្វើសមាហរណកម្មទំនាក់ទំនងទ្វេភាគីឡើងវិញក៏ដោយ ប៉ុន្តែ ស្ថានភាពសិទ្ធិមនុស្សនៅវៀតណាមនៅតែមិនបានកែប្រែឡើយ ខណៈដែលសហរដ្ឋអាមេរិក ខំប្រឹងបង្កើន វិនិយោគទុននៅវៀតណាម ទីក្រុងហាណូយនៅតែបន្តការបំពានទៅលើសិទ្ធិមនុស្ស ជាមូលដ្ឋាន របស់ពលរដ្ឋ” ។
លោក គ្រិស ស្មីធ បានថ្លែងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលុបឈ្មោះវៀតណាម ចេញពីបញ្ជី នៃប្រទេសដែលត្រូវបានយកចិត្តទុកដាក់ជាពិសេស អំពីសេរីភាពសាសនា ហៅកាត់ថា CPC ឆ្នាំ កាលពីឆ្នាំ ២០០៦ មក វៀតណាមនៅតែជាប្រទេសដែលរំលោភសិទ្ធិសេរីភាពសាសនាយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងពិភពលោក ។
លោក ស្មីធ បានដកស្រង់នូវសេចក្ដីរាយការណ៍របស់គណៈកម្មការសេរីភាពសាសនាអន្តរជាតិ សហរដ្ឋ អាមេរិក (USCIRF) ដែលទើបតែចេញថ្មីបំផុតនេះថា រដ្ឋការក្រុងហាណូយបានត្រួតត្រាទាំងស្រុងនូវអង្គការសាសនាផ្សេងៗ និងបានពិន័យលើការអង្គការសាសនាណាដែលប្រកាន់គោលជំហរឯករាជ្យ ហើយ ហាមឃាត់ និងបង្ក្រាបលើក្រុមសាសនាណាដែលគេមើលឃើញថា ប៉ះពាល់ដល់ឥទ្ធិពលរដ្ឋាភិបាល ។ លោក បានអំពាវនាវឲ្យគណៈកម្មការសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក (USCIRF) ដាក់វៀត ណាមចូលក្នុងបញ្ជី CPC ឡើងវិញ ។
ព្រះតេជព្រះគុណ យ័ញ តូន ព្រះសង្ឃខ្មែរក្រោមដែលត្រូវបានរដ្ឋាភិបាលវៀតណាម ចាប់ដាក់គុក ព្រោះធ្វើ បាតុកម្ម កាលពីឆ្នាំ ២០០៧ នៅខេត្តឃ្លាំង ដើម្បីទាមទារឲ្យសេរីភាពសាសនា និងសិទ្ធិមនុស្សនៅកម្ពុជា ក្រោម ត្រូវបានគណៈកម្មសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអន្តរជាតិ និមន្តចូលធ្វើជាសាក្សីឆ្លើយ បំភ្លឺអំពីសេរីភាពសាសនានៅកម្ពុជាក្រោម នោះបានថ្លែងនៅក្នុងអង្គសវនាការថា ប្រសិនបើសមាគមសង្ឃ ខ្មែរនៅកម្ពុជាក្រោម ឋិតនៅក្រោមសមាគមព្រះពុទ្ធសាសនាវៀតណាមទេ រដ្ឋាភិបាលវៀតណាមកាន់តែ គាបសង្កត់មកលើព្រះសង្ឃខ្មែរក្រោមកាន់តែខ្លាំង ។
ព្រះតេជព្រះគុណ បានបន្តទៀតថា រដ្ឋាភិបាលវៀតណាមមានរើសអើងពូជសាសន៍មកលើខ្មែរក្រោម ព្រោះព្រះសង្ឃមហារបស់យួនជាច្រើនប្រឆាំងរដ្ឋាភិបាលវៀតណាម តែវៀតណាមមិនបានចាប់ផ្សឹកឡើយ តែ ព្រះសង្ឃខ្មែរក្រោមគ្រាន់តែបញ្ចេញមតិដោយសន្តិវិធី រដ្ឋាភិបាលវៀតណាមចាប់ផ្សឹក ហើយយកទៅដាក់ គុកធ្វើទារុកម្មយ៉ាងព្រៃផ្សៃ ។
នៅក្នុងចំណោមអ្នកចូករួមធ្វើជាសាក្សី មានលោក John Sifton នាយកចលនាអាស៊ីនៃអង្គការឃ្លាំមើល សិទ្ធិមនុស្ស (Human Right Watch) ។ លោក John Sifton បានបញ្ជាក់ថា ស្ថានភាព នៃការរំលោភ សិទ្ធិមនុស្សនៅវៀតណាមកាន់តែធ្ងន់ធ្ងរទៅៗ ដោយមិនឃើញមានការផ្លាស់ប្ដូរបន្តិចណាឡើយ គឺមាន តែការចាប់ដាក់គុកតែប៉ុណ្ណោះ ។
លោក John Sifton ថ្លែងថា៖ “នេះជារូបភាពនៅប្រទេសវៀតណាមសព្វថ្ងៃ , រដ្ឋាភិបាលឃោរឃៅ និងបង្ក្រាបមានប្រព័ន្ធលើសេរីភាព នៃការបញ្ចេញមតិ, បង្កើតសមាគម, និងក្រុមជួបជុំដោយសន្តិវិធី, ច្រើនតែបង្ក្រាបទៅលើក្រុមមនុស្ស ដែលរិះគន់រដ្ឋាភិបាលអំពីកិច្ចការរដ្ឋាភិបាល ឬ ទាមទារឲ្យមានលទ្ធិ ប្រជាធិបតីដោយរបៀបផ្សេងទៀត ” ។
លោក John Sifton បានថ្កោលទោសរដ្ឋាភិបាលវៀតណាមថា នៅតែបន្តចាប់ខ្លួនអ្នកនយោបាយ, បង្ក្រាបទៅលើក្រុមមនុស្សដែលបានប្រើប្រាស់នូវសិទ្ធិនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋដើម្បីធ្វើបាតុកម្ម ប្រឆាំងចិន និងបង្ក្រាបទៅលើមនុស្សដែលបញ្ចេញមតិរិះគន់បក្ស និងរដ្ឋាភិបាល ឬ រិះគន់បញ្ហាអំពើពុក រលួយជាដើម ។
លោក John Sifton ថ្លែងថា សកម្មភាពបញ្ចេញយោបល់ខ្វែងគំនិតនៅវៀតណាម ត្រូវបានគេចាត់ទុកថា បំពានលើច្បាប់ព្រហ្មទណ្ឌតាមមាត្រាច្បាប់ដែលមានលក្ខណៈស្រពេចស្រពិល និងលក្ខណៈផ្ដាច់ការ ហាមរិះគន់ជាសាធារណៈចំពោះរដ្ឋាភិបាល និងបក្សកុម្មុយនិស្តវៀតណាម ។
លោក Sifton បានពបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់សព្វថ្ងៃ មនុស្សដែលត្រូវវៀតណាមចាប់ ដាក់គុកពីបទ “បញ្ចេញយោបល់គំនិត” ដោយសន្តិវិធីនៅវៀតណាមកាន់តែកើនឡើង ។ យោងតាមស្ថិតិ ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch នៅក្នុងឆ្នាំ ២០១២ កន្លងទៅនេះ យ៉ាងហោច ណាស់មាន ៤០ ករណី និងមានមនុស្សជាង ៥០ នាក់ត្រូវបានតុលាការកាត់ទោសពីបទប្រឆាំង រដ្ឋាភិបាល ។
លោក Sifton បានថ្លែងបន្តទៀតថា តាមពិតមន្ត្រីយោធា, ការបរទេស ឬ ពាណិជ្ជកម្មរបស់សហរដ្ឋ អាមេរិក ត្រូវយកចិត្តទុកដាក់ដល់បញ្ហានៅវៀតណាម ពេលធ្វើទំនាក់ទំនងជាមួយនិងរដ្ឋការក្រុង ហាណូយ ។

ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ។
បញ្ហាសេរីភាពសារព័ត៌មាន, ការបង្ក្រាបលើការប្រតិបត្តិសាសនា, ការរឹបយកដីធ្លី, បំពានលើកម្មសិទ្ធិឯក ជនរបស់ពលរដ្ឋនៅវៀតណាម និងពលរដ្ឋវៀតណាមនៅក្រៅប្រទេសក៏ត្រូវបានគេលើកឡើងនៅក្នុងអង្គសវនាការនេះ ផងដែរ ។
តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានថ្លែងនៅក្នុងអង្គសវនាការថា សហរដ្ឋ អាមេរិក ត្រូវផ្ដោតអារម្មណ៍ទៅលើការពិត និងបានសំណូមពរថា៖ “អង្គការឃ្លាំមើលសិទ្ធមនុស្ស Human Right Watch សូមសំណូមពរដល់គណៈកម្មការសភាទទួល បន្ទុកកិច្ចការអន្តរជាតិ ចោទសួរ ទៅរដ្ឋា ភិបាល លោក អូបាម៉ា យ៉ាងម៉ឹងម៉ាត់បំផុតអំពីខ្លឹមសារនៃការចរចា ជាមួយវៀតណាម បច្ចុប្បន្ន” ។
អង្គការឃ្លាំមើលសិទ្ធមនុស្ស Human Right Watch បានសង្កត់ធ្ងន់ថា ដល់ពេលដែលសហរដ្ឋអាមេរិក ត្រូវបញ្ចេញសកម្មភាពចំពោះអាកប្បកិរយាពន្យាពេលរបស់រដ្ឋាភិបាលវៀតណាម ដូចជាលុបវៀតណាម ចេញពីគារចេចា TPP និងការចរចាដោះដូរពាណិជ្ជកម្មទ្វេភាគីដទៃទៀត ព្រមទាំងពិនិត្យឡើងបវិញ នូវសកម្មភាពទំនាក់ទំនង និងសហប្រតិបត្តិការយោធាជាមួយវៀតណាម ។
សវនាការបានបញ្ចប់ទៅដោយបានភ្ជាប់ជាមួយកិច្ចសន្យាថា រដ្ឋទទួលបន្ទុកបញ្ហាសុខាភិបាលសិទ្ធិ មនុស្សសកល, អាហ្វ្រិក និងអង្គការមកពីគណៈកម្មការសភាសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអន្តរ ជាតិ នឹងបន្តធ្វើការទាក់ទងនឹងសិទ្ធិមនុស្សនៅវៀតណាម ព្រោះពលរដ្ឋវៀតណាមជាច្រើនាឆ្នាំ មកតែង តែរងទុក្ខ ដោយការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល ។
សាក្សីដែលបានដែលចូលបំភ្លឺក្នុងសវនាការនេះ ក្រៅពីព្រះតេព្រះគុណ យ័ញ តូន ព្រះសង្ឃខ្មែរក្រោម ដែលធ្លាប់រងគ្រោះត្រូវរដ្ឋាភិបាលវៀតណាមចាប់ដាក់គុក កាលពីឆ្នាំ ២០០៧ , មានអ្នកស្រី ហូលី ង៉ូ (Holly Ngo) ពលរដ្ឋអាមេរិកកាំងកំណើតវៀតណាម ជាជនរងគ្រោះយួនដែលត្រូវបានរដ្ឋាភិបាលវៀត ណាមរឹបយកទ្រព្យសម្បត្តិ និងអតីតតំណាងរាស្ត្រសហរដ្ឋអាមេរិកកំណើតយួន កាវ ហ្វាង អាន់ (Cao Quang Anh) ។
មន្ត្រីពង្រាងច្បាប់នៅក្នុងជួររដ្ឋាភិបាលប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងធ្វើសវនាការស្ដីពី “ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងវៀតណាម” រួមមាន លោក ឧបការីនៃរដ្ឋមន្ត្រីក្រសួងការបរទេសប្រចាំតំបន់ អាស៊ី បូព៌ា និងហ្វាស៊ីហ្វិក Joseph Yun និងឧបការីរងនៃរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកលទ្ធិ ប្រជាធិបតេយ្យ , សិទ្ធិមនុស្ស និងពលកម្ម Daniel Baer អ្នកដែលដឹកនាំប្រតិភូសហរដ្ឋអាមេរិក ទៅហាណូយ ដើម្បីចរចាសិទ្ធិមនុស្សជាមួយរដ្ឋាភិបាល កាលថ្ងៃទី ១២ ខែមេសា កន្លងទៅនេះ ៕