សមាគម​ពុទ្ធសាសនា​វៀតណាម រំលោភបំពាន​សិទ្ធិ​លើ​ពុទ្ធសាសនា​ខ្មែរ​កម្ពុជា​ក្រោម​

0 1,034
ដោយ ថាច់ ប្រីជា គឿន​
នៅក្នុង​ខែតុលា ឆ្នាំ ២០១៨ នេះ សមាគម​ពុទ្ធសាសនា​វៀតណាម បានធ្វើ​សន្និសីទ​មួយ​ក្រោម​ប្រធានបទ​ស្ដីពី “​ពុទ្ធសាសនា​ខ្មែរ​” នៅ​ដែនដី​កម្ពុជា​ក្រោម ដើម្បី​បូកសរុប​ការងារ​រយៈពេល ១៤ ឆ្នាំ ដែល​ខ្លួន​បាន​អនុវត្ត នូវ​គោលនយោបាយ​សមាហរណកម្ម​លើ​វត្ត​អារាម និង​ពុទ្ធសាសនា​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម ឲ្យ​ឋិត​នៅក្រោម​ការបញ្ជា និង​គ្រប់គ្រង​ទាំងស្រុង​របស់​សមាគម​ព្រះសង្ឃ​មហាយាន​យួន ។ សមាគម​ពុទ្ធសាសនា​វៀតណាម បាន​បង្កើត​ដោយ​ព្រះសង្ឃ​មហាយាន​យួន នៅ​ឆ្នាំ ១៩៨១ និង​បច្ចុប្បន្ន​សមាគម​នេះ ជា​សមាជិក នៃ រណសិរ្ស​មាតុភូមិ​វៀតណាម ដែល​អង្គការ​ចាត់តាំង​នយោបាយ​កុ​ម្មុយ​និ​ស្ត​របស់​រដ្ឋាភិបាល វៀតណាម សព្វថ្ងៃ ។ បាវចនា​របស់​សមាគម​ពុទ្ធសាសនា​វៀតណាម គឺ សាសនា ជាតិ និង សង្គមនិយម ។
​តើ​រយៈពេល ១៤ ឆ្នាំ កន្លងទៅនេះ សមាគម​ពុទ្ធសាសនា​វៀតណាម បានសម្រេច​នូវ​គោលនយោបាយ​អ្វីខ្លះ ដើម្បី​លុបបំបាត់​អត្តសញ្ញាណ​ពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ។ ព្រះ​តេជ ព្រះ​គុណ ថាច់ ប្រីជា គឿន ជា​និពន្ធ​នាយក នៃ សារព័ត៌មាន ព្រៃនគរ បាន​សរសេរ​អត្ថបទ​វិចារណកថា​មួយ ក្រោម​ចំណងជើង​ថា “​សមាគម​ពុទ្ធសាសនា​វៀតណាម​រំលោភ​បំពាន​សិទ្ធិ​លើ​ពុទ្ធសាសនា​ខ្មែរ​កម្ពុជា​ក្រោម​” ឆ្លុះបញ្ចាំង​អំពី​ទស្សនៈ​របស់​ព្រះអង្គ​ស្ដីពី​ការរំលោភបំពាន​លើ​សិទ្ធិ​ជនជាតិ​ដើមពី​សំណាក់​រដ្ឋាភិបាល​យួន​លើ​វត្ត​អារាម និង ពុទ្ធសាសនា​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ។​
​លោក ថាច់ វឿ​ង អាន​នូវ​អត្ថបទ​វិចារណកថា​នេះ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ​៖

​នៅ​ថ្ងៃទី ១៩ និង ២០ ខែតុលា ឆ្នាំ ២០១៨ សប្ដាហ៍​កន្លងទៅនេះ សមាគម​ពុទ្ធសាសនា​វៀតណាម ( GHPGVN) បានធ្វើ​សន្និសីទ លើក​ទី ៨ ក្រោម​ប្រធានបទ “​ពុទ្ធសាសនា​ខ្មែរ​” នៅ​កម្ពុជា​ក្រោម ក្នុង​គោលបំណង វាយតម្លៃ និង បូកសរុប​នូវ​កិច្ចប្រតិបត្តិកា​រយៈពេល ១៤ ឆ្នាំ ដែល​សមាគម​នេះ​បាន​អនុវត្តតាម​បទបញ្ជា​របស់​នាយក​ដ្ឋ​មន្ត្រី នៃ​ប្រទេស​វៀតណាម តាម​គោលនយោបាយ​អ្វីមួយ​ដែល​គេ​ហៅថា ក្នុង​ការជួយ​គាំទ្រ​ដល់​វិស័យ​ពុទ្ធសាសនា​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ។ សន្និសីទ​នេះ ធ្វើ​នៅ​ខេត្ត​ទឹកខ្មៅ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ ពុទ្ធសាសនា​មហាយាន​យួន និង ពុទ្ធសាសនា​ថេរវាទ​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ជាច្រើន អង្គ ។ សន្និសីទ​ក្រោម​ពាក្យស្លោក​ថា “​បញ្ញា ក្រឹត្យក្រម សមាហរណកម្ម និង អភិវឌ្ឍន៍​” ក្រោម​ការរៀបចំ​របស់​ព្រះសង្ឃ​មហាយាន​យួន ក្នុងការ​បង្ខំ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ចូល ជ្រក​ក្រោម​ឆ័​ត្រ​គ្រប់គ្រង​របស់​សមាគម​ពុទ្ធសាសនា​វៀតណាម ដែលមាន​ព្រះសង្ឃ​មហាយាន​ជា​អ្នកដឹកនាំ ។

​យោងតាម​របាយការណ៍​នៅ​សន្និសីទ​នេះ​បាន​បញ្ជាក់ថា ក្នុង​រយៈពេល ១៤ ឆ្នាំ​កន្លងទៅនេះ សមា​មា​គម​ពុទ្ធសាសនា​វៀតណាម បានទទួល​ជោគជ័យ​លើ​ផែនការ​ជាច្រើន​ដែល​ខ្លួន​បាន​អនុវត្ត​ចំពោះ​ស្ថាប័ន​ពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដូចជា បានសម្រេច ១០០% ក្នុងការ​បង្ខំ​ឲ្យ​វត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម ប្រើ​ត្រា​វត្ត​ជា​អក្សរ​យួន ការ​លូកដៃ​ចូល​តែងតាំង​ចៅអធិការ និង​គណៈកម្មការ​នៅតាម​វត្ត​ខ្មែរ​នីមួយៗ និង​ធ្វើ​ឆាយា​ជា​អក្សរ​យួន​ផ្ដល់ជូន​ព្រះសង្ឃ​ខ្មែរ នៅ​កម្ពុជា​ក្រោម ជាដើម ។ នេះ​ជា​នយោបាយ​សមាហរណកម្ម ឬ យួន​ឧ​ប​នេ​យ្យក​ម្ម របស់​រដ្ឋាភិបាល​យួន​ធ្វើ​ឲ្យ​ពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ក្លាយជា​យួន​បន្តិច​ម្ដងៗ ។ ទង្វើ​ទាំងនេះ ជាការ​រំលោភបំពាន​លើ​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម​យ៉ាង​គឃ្លើន ដែល​ប្រទេស​វៀតណាម ជា​ហត្ថលេខី​មួយ បាន​ចុះហត្ថលេខា​សន្យាថា នឹង​គោរព​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) ។​

​ត្រា​អក្សរ​យួន​លុបបំបាត់​អក្សរសាស្ត្រ​ខ្មែរ​៖

​នៅក្នុង​របាយការណ៍​ដែល​សមាគម​ពុទ្ធសាសនា​វៀតណាម​បាន​រាយការណ៍ នៅក្នុង​សន្និសីទ នេះ បាន​បញ្ជាក់ថា សមាគម​ពុទ្ធសាសនា​វៀតណាម​បានធ្វើ​ត្រា​ជា​អក្សរ​យួន​ឲ្យ​ប្រគល់​ឲ្យ​វត្ត​ខ្មែរ​ចំនួន ៤៦២ វត្ត​ទូទាំង​ដែនដី​កម្ពុជា​ក្រោម ប្រើ​ជា​ផ្លូវការ ។​ ​នៅ​កម្ពុជា​ក្រោម វត្ត​អារាម​ជា​មជ្ឈមណ្ឌល ឬ ជាឃ្លាំង​ផ្ទុក​នូវ​វប្បធម៌​ខ្មែរ ដូចជា អក្សរសាស្ត្រ អក្សរ​សិ​ល្បិ៍ សាសនា ស្ថាបត្យកម្ម លំនៅឋាន សិល្បៈ ចំណេះវិជ្ជា សំលៀកបំពាក់ អត្ដ​ចរិត និង ទំនៀម​ទំលាប់ ជាដើម ។ ក្រោយពី​ទឹកដី​កម្ពុជា​ក្រោម ត្រូវ​របប​យួន​គ្រប់គ្រង វត្ត​អារាម មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការរក្សា​វប្បធម៌​ខ្មែរ ដូចជា មុននឹង​ឈាន​ជើង​ចូលទៅក្នុង​វត្ត គេ​ឃើញ​អក្សរ​ខ្មែរ​ធំៗ​ឆ្លាក់​ជា​ឈ្មោះ​វត្ត​នៅលើ​ខ្លោងទ្វារ​ដែលមានរ​ចនាប​ទ្ម​ខ្មែរ ធ្វើ​ឲ្យ​សា ធា​រណ ជន​បានដឹងថា នេះ​ជា​វត្ត​របស់​ខ្មែរ ។ ពេល​ចូលដល់​ខាងក្នុង​បរិវេណ​វត្ត គេ​ឃើញ អក្សរ​ខ្មែរ​ត្រូវបាន​សរសេរ​ជា​ពុទ្ធភាសិត សុភាសិត ដំណើររឿង​របស់​ព្រះពុទ្ធ និង ឈ្មោះ​អ្នក​បរិច្ចាគ​ទ្រព្យ​សម្រាប់​កសាង​វត្ត ជាដើម នៅលើ​ជញ្ជាំង​ព្រះវិហារ កុដិ សាលា និង ចេតិយ ជាដើម ។ គម្ពីរ​ដីកា​ពុទ្ធសាសនា មានដូចជា ព្រះ​ត្រៃបិដក សៀវភៅធម៌ សៀវភៅ​សិក្សា​រៀនសូត្រ និង លិខិត​បវារណា​បុណ្យ​ផ្សេងៗ និង​ត្រា​របស់​វត្ត ជាដើម សុទ្ធតែជា​អក្សរ​ខ្មែរ ។ ការសន្ទនា ការសិក្សា​រៀនសូត្រ និង ការសូត្រ​ធម៌ ជាដើម សុទ្ធតែជា​ភាសា​ខ្មែរ ។ ទង្វើ​ទាំងនេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​រក្សា​ជាតិខ្មែរ​ឲ្យ​បាន​គង់វង្ស​មកដល់​សព្វថ្ងៃ ។

​សព្វថ្ងៃ វត្ត​អារាម​ខ្មែរ​នៅ​កម្ពុជា​ក្រោម ត្រូវ​រដ្ឋាភិបាល​យួន​លូកដៃ​ចូលធ្វើ​សមាហរណកម្ម រំលាយ​វប្បធម៌​ខ្មែរ ឲ្យ​រលាយ​ទៅជា​វប្បធម៌​យួន​វិញ ។ គោលនយោបាយ​រំលាយ​ជាតិខ្មែរ បាន​លាតត្រដាង​យ៉ាងច្បាស់​តាមរយៈ​របាយការណ៍រ​បស់ សមាគម​ពុទ្ធសាសនា​វៀតណាម ថា ពួកគេ​បាន​អនុវត្ត​នូវ​ផែនការ​របស់ខ្លួន​បានសម្រេច ១០០ ភាគរយ ក្នុងការ​ឆ្លាក់​ត្រា​ជា​អក្សរ​យួន ប្រគល់​ឲ្យ​វត្ត​ខ្មែរ​ចំនួន ៤៦២ វត្ត​ប្រើ​ជា​ផ្លូវការ ។ ត្រា​ជា​សញ្ញា​សម្រាប់​បោះ ឬ ប្រើ​នៅលើ​លិខិតស្នាម​ផ្លូវការ​ផ្សេងៗ​របស់​វត្ត​នីមួយ ឬ ជា​សញ្ញា​តំណាង​វត្ត ត្រូវតែ​ឆ្លាក់​ជា​អក្សរ​ខ្មែរ ដើម្បី​បង្ហាញ​នូវ​អត្តសញ្ញាណ​ជាតិខ្មែរ​របស់ខ្លួន តែ សមាគម​ពុទ្ធសាសនា​វៀតណាម បាន​បង្ខំ ឲ្យ​ព្រះសង្ឃ និង ព្រះចៅអធិការ​វត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម ប្រើ​ត្រា​ជា​អក្សរ​យួន​វិញ​នោះ ជា ទង្វើ​រំលោភបំពាន​យ៉ាង​គឃ្លើន​ក្នុង​ការរំលាយ​នូវ​អត្តសញ្ញាណ​ពុទ្ធសាសនា និង ជាតិខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ។ នយោបាយ​របស់​សមាគម​ពុទ្ធសាសនា​វៀតណាម​ដែល​ដឹកនាំ​ដោយ​ព្រះសង្ឃ​មហាយាន​ជនជាតិ​យួន​មកលើ​ពុទ្ធសាសនា​ថេរវាទ​ខ្មែរ​នោះ ជា​ទង្វើ​មួយ​ដ៏​អ​យុ​ត្តិ ធម៌ និង​មិន​ស្មើភាព​គ្នា ។ មាន​សំនួរ​សួរថា វត្ត​អារាម​នីមួយៗ​របស់​ជនជាតិ​យួន មាន​សិទ្ធិ​ប្រើ ប្រើ​ត្រា​ជា​អក្សរ​យួន ដើម្បី​រក្សា​វប្បធម៌​យួន ចុះ​ហេតុអ្វី វត្ត​អារាម​ខ្មែរ​មិនមាន​សិទ្ធិ​ប្រើ​ត្រា​ជា​អក្សរ​ខ្មែរ ដើម្បី​រក្សា​នូវ​វប្បធម៌​ខ្មែរ​របស់ខ្លួន ដែរ ។

​ចំណុច​នេះ រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន និង សមាគម​ពុទ្ធសាសនា​វៀតណាម បាន​រំលោភ បំពាន​លើ​ចំណុច​ទី ១ នៃ មាត្រា​ទី ១១ របស់​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) ដែល​ប្រទេស​វៀតណាម​បាន​ចុះហត្ថលេខា​គាំទ្រ​កាលពី​ឆ្នាំ ២០០៧ ។ ចំណុច​ទី ១ នៃ មាត្រា​ទី ១១ របស់​សេចក្ដីប្រកាស​នេះ បានចែង ថា​៖ “ ជនជាតិដើម​មាន​សិទ្ធិ​ប្រតិបត្តិ និង ធ្វើ​ឲ្យ​រស់​ឡើងវិញ នូវ​ប្រពៃណី​ទំនៀប​ទម្លាប់​ជា​វប្បធម៌​របស់ខ្លួន ។ សិទ្ធិ​នេះ រួមមាន​ទាំង​សិទ្ធិ​ក្នុងការ​ថែរក្សា ការពារ និង​អភិវឌ្ឍន៍​អ្វីដែល​បង្ហាញ​អំពី អត្តសញ្ញាណ​វប្បធម៌​របស់ខ្លួន ដែលមាន​ពី​អតីតកាល បច្ចុប្បន្ន និង អនាគត ដូចជា​បូរាណ​វិទ្យា ស្ថានីយ​ប្រវត្តិសាស្ត្រ បូរាណ​វត្ថុ រចនា​ប​ទ្ម ពិធីបុណ្យ បច្ចេកវិទ្យា សិល្បៈ ទស្ស​និ​យ​ភាព ការសម្ដែង​សិល្បៈ និង អក្សរសាស្ត្រ​” ។​

​នៅ​សហរដ្ឋអាមេរិក គ្មាន​ការរំលោភបំពាន​លូកដៃ​ចូល​ផ្ទៃក្នុង​បង្ខិតបង្ខំ​ឲ្យ​ពលរដ្ឋ​រំលាយ​វប្បធម៌​របស់ខ្លួន ដូច​រដ្ឋាភិបាល​យួន និង សមា​មា​គម​ពុទ្ធសាសនា​វៀតណាម នោះទេ ។ គ្រប់​ជាតិ សាសន៍​ទាំងអស់​នៅលើ​សកលលោក ដែល​បាន​មកសុំ​សិទ្ធិ​រស់នៅ​លើទឹក​ដី​សហ​រដ្ឋ​អាមេរិក មាន​សេរីភាព​ពេញលេញ​ក្នុង​ការរក្សា​នូវ​អត្តសញ្ញាណ​ជាតិ​របស់ខ្លួន ដូចជា ការបង្កើត​សមា គម ឬ វត្ត​អារាម ជាដើម គេ​មិន​បានឃើញ​មន្ត្រី​រូប​ណា​ម្នាក់​មក​បង្ខំ​ថា ត្រូវធ្វើ​បែបនេះ ឬ បែប​នោះឡើយ ។ ដូចជា ការធ្វើ​ត្រា ឬ សញ្ញា (Logo) របស់​វត្ត ឬ សមាគម ជាដើម បុគ្គល ឬ ក្រុម​នីមួយៗ​មាន​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯង​ថា ត្រូវ​ឆ្លាក់​ជា​អក្សរ​ខ្មែរ ឬ ជា​អង់គ្លេស ដោយ​គ្មាន​បុគ្គល​ណា​ម្នាក់​បង្ខិតបង្ខំ​ឡើយ ។

​ការតែងតាំង​ចៅអធិការ​វត្ត​បំពាន​សិទ្ធិ​ជនជាតិដើម​៖

​បច្ចុប្បន្ន ព្រះចៅអធិការ​វត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម ត្រូវ​តែងតាំង ឬ ជ្រើសរើស​ដោយ​សមាគម ពុទ្ធសាសនា​វៀតណាម ផ្ទុយ​ពី​ប្រពៃណី និង ទំនៀមទម្លាប់​របស់​ជ​ន​ជាតិ​ដើម​ខ្មែរក្រោម​ដែល​បាន​អនុវត្ត​តាំងពី​បូរាណ​កាល​មក ។ ព្រះចៅអធិការ​វត្តនី​មួយៗ​នៅ​កម្ពុជា​ក្រោម មាន​តួនាទី យ៉ាងសំខាន់​ក្នុងការ​ដឹកនាំ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​នៅក្នុង​ចំណុះជើងវត្ត​របស់ខ្លួន​ឲ្យ​ចេះ​ធ្វើបុណ្យ​សុន្ទរ៍ទាន ចេះ​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង កសាង​វត្ត​អារាម​ឲ្យ​បាន​រីកចម្រើន និង​គង់វង្ស មកដល់​សព្វថ្ងៃ ។ ដូច្នេះ ព្រះសង្ឃ​ដែល​បានទទួល​ឋានៈ​ជា​ព្រះ​ចៅ អធិការ​វត្តនី​មួយៗ ត្រូវបាន​ព្រះសង្ឃ គណៈកម្មការ​វត្ត និង ពុទ្ធបរិស័ទ​ចំំ​ណុះ​ជើងវត្ត​ជ្រើស រើស​យ៉ាង​យកចិត្តទុកដាក់​បំផុត ព្រោះថា ប្រសិនបើ វត្ត​ណា​មាន​ព្រះចៅអធិការ មាន​សមត្ថភាព និង ភាពជា​អ្នកដឹកនាំ វត្ត​នោះ នឹងមាន​ការរីកចម្រើន​ជា​ភេ​យ្យោ​ភាព ។ ផ្ទុយទៅវិញ សព្វថ្ងៃ ព្រះចៅអធិការ​វត្ត ត្រូវបានតែងតាំង​ដោយ សមាគម​ពុទ្ធសាសនា​វៀតណាម ដែលជា​សមាគម​ដឹកនាំ​ដោយ​ព្រះសង្ឃ​មហាយាន​យួន​ទៅវិញ ។ យោងតាម​របាយការណ៍ ដែល​បាន​រាយការណ៍​នៅក្នុង​សន្និសីទ​នេះ​ដដែល បាន​បញ្ជាក់ថា សមាគម​ពុទ្ធសាសនា​វៀតណាម បានតែងតាំង​គណៈកម្មកា​រ និង ចៅអធិការ​វត្ត​ទាំងអស់​នៅ​ដែនដី​កម្ពុជា​ក្រោម ហើយ​វត្ត​នីមួយ បាន​អនុវត្តតាម​លក្ខន្តិកៈរ​បស់​សមាគម​ពុទ្ធសាសនា​វៀតណាម និង​តាមច្បាប់​របស់​រដ្ឋាភិបាល បក្សកុម្មុយនិស្ត​វៀតណាម ។

​ចំណុច​នេះ សមាគម​ពុទ្ធសាសនា​វៀតណាម បាន​រំលោភបំពាន​លើ​មាត្រា​ទី ៤ នៃ សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) ស្ដីពី “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ។ មាត្រា​នេះ​បាន​ចែងថា​៖ “​ជនជាតិដើម ក្នុងការ​អនុវត្ត​នូវ​សិទ្ធិ​ស្វ័យ​សម្រេច​របស់ខ្លួន មាន​សិទ្ធិ​គ្រប់គ្រង​ដោយ​ខ្លួនឯង ឬ ដោយ​ស្វ័យភាព លើ​បញ្ហា​ទាំងឡាយ​ដែល​ទាក់ទង​ដល់​បញ្ហា​ផ្ទៃក្នុង និង​កិច្ចការ​នៅ​មូលដ្ឋាន​របស់ខ្លួន ព្រមទាំង​វិធី សាស្ត្រ និង​មធ្យោបាយ​ផ្សេងៗ​សម្រាប់​ផ្ដល់​ហេ​រញ្ញ​វត្ថុ ដល់​ដំំ​ណើ​រ​ស្វ័យភាព​របស់ខ្លួន​” ។ យោងតាម​សេចក្ដីប្រកាស​នេះ ឃើញថា សមាគម​ពុទ្ធសាសនា​វៀតណាម កំពុងតែ​រំលោភបំពាន​លើ​សិទ្ធិ​ជនជាតិដើម​ខ្មែរ​នៅ​កម្ពុជា​ក្រោម យ៉ាង​អយុត្តិធម៌​ដែល​មិនអាច​ទទួលយក​បានឡើយ ។​

​ធ្វើ​ឆាយា និង សង្ឃដីកា សម្គាល់​ខ្លួន​សម្រាប់​ភិក្ខុសង្ឃ និង សាមណេរ​៖

​សមាគម​ពុទ្ធសាសនា​វៀតណាម​បាន​អនុវត្ត​ក្នុង​ការធ្វើ​ឆាយា និង សង្ឃដីកា​សម្គាល់​ខ្លួន​ជា​ភាសា​យួន សម្រាប់​ព្រះសង្ឃ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ផងដែរ តែ​មិនបាន​សម្រេច ១០០ ភាគរយ​ឡើយ ដោយសារ ព្រះសង្ឃ​ខ្មែរ​បួស​ហើយ​អាច​សឹក​ទៅជា​ឃរាវាស​វិញ​បាន ។ យោងតាម​របាយការណ៍​របស់​សន្និសីទ​នេះ​ដដែល​បាន​បញ្ជាក់ថា សមាគម​ពុទ្ធសាសនា​វៀតណាម បានធ្វើ​ឆាយា​សម្គាល់​ខ្លួន​សម្រាប់​ព្រះសង្ឃ​ខ្មែរ​បាន​ចំនួន ១៦៩៩ អង្គ ។ អ្វីដែល​សមាគម​ពុទ្ធសាសនា​វៀតណាម​កំពុងតែ​អនុវត្ត​នោះ បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​នូវ​ការលុបបំបាត់​អត្តសញ្ញាណ ពុទ្ធសាសនា​ខ្មែរ​នៅលើ​ទឹកដី​កម្ពុជា​ក្រោម​យ៉ាងច្បាស់ ។ បើ​យោងតាម​របាយការណ៍​នៃ​សន្និសីទ​នេះ ដែល​បាន​ស្រង់​ប្រភព​ចេញពី​របាយការណ៍​រប​ស់​មន្ត្រី​សង្ឃ​ខ្មែរ​នៅ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា សព្វថ្ងៃ ព្រះសង្ឃ​នៅ​កម្ពុជា​ក្រោម មាន​ចំនួន ៨៥៧៤ អង្គ និង​មាន​វត្ត​ខ្មែរ​ចំនួន ៤៦២ វត្ត តែ​សមាគម​ពុទ្ធសាសនា​របស់​ខ្មែរ បែរជា​គ្មាន​សិទ្ធិ​ក្នុង​ការធ្វើ​ឆាយា ឬ សង្ឃដីកា​សម្គាល់​ខ្លួន​សម្រាប់​ព្រះសង្ឃ​ខ្មែរ​របស់ខ្លួន​ទៅវិញ ។​

​ដើម្បី​ទប់ស្កាត់​នយោបាយ​សមាហរណកម្ម ឬ យួន​ឧ​ប​នេ​យ្យក​ម្ម របស់​សមាគម​ពុទ្ធសាសនា​យួន​លើ​ពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម នោះ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​គ្រប់រូប​ត្រូវ តែមាន​កាតព្វកិច្ច​រៀងៗ​ខ្លួន ចូលរួម​ក្នុង​ការរក្សា និង​ការពារ​ពុទ្ធសាសនា និង ជាតិខ្មែរ​ឲ្យ​បាន​គង់វង្ស នៅលើ​ទឹកដី​កំណើត​កម្ពុជា​ក្រោម ។ កាតព្វកិច្ច​ទាំងនោះ​រួមមាន ទីមួយ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត គណៈកម្មការ និង​ព្រះសង្ឃ នៃ​វត្ត​នីមួយៗ ត្រូវមាន​តួនាទី​ស្នើ​ទៅ​ព្រះ​ចៅ អធិការ​វត្ត​ឲ្យ​ឈប់​ប្រើ​ត្រា​ដែលមាន​អក្សរ​យួន ទី​ពីរ ប្រសិនបើ​វត្ត​គ្មាន​ចៅអធិការ ពុទ្ធបរិស័ទ គណៈកម្មការ និង ព្រះសង្ឃ​នៃ​វត្ត​នីមួយៗ ត្រូវ​ជ្រើសរើស និង តែងតាំង​ដោយ​ខ្លួនឯង និង ទី​បី គណៈកម្មការ និង​ព្រះសង្ឃ​នៃ​វត្ត​អារាម​ទាំងអស់​ទូទាំង​ដែនដី​កម្ពុជា​ក្រោម ត្រូវ​រួមគ្នា​មក​បង្កើតជា​ស្ថាប័ន​ពុទ្ធសាសនា​ឯករាជ្យ​មួយ​របស់ខ្លួន ដើម្បី​គ្រប់គ្រង​ខ្លួន​ដោយ​ខ្លួនឯង និង​ធ្វើជា​តំណាង​នៃ​ស្ថាប័ន​ពុទ្ធសាសនា​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម ដោយ​មិនចាំបាច់​មាន សមាគម​ពុទ្ធសាសនា​វៀតណាម ចូលមក​ជ្រៀតជ្រែក​កិច្ចផ្ទៃក្នុង​ឡើយ ៕

Leave A Reply

Your email address will not be published.