រដ្ឋាភិបាលវៀតណាមអនុញ្ញាតឲ្យបង្កើតវត្តខ្មែរថែមមួយទៀត នៅខេត្តទទួលតាមោក
ដោយ ស៊ឺន ចែងចើន
គណៈកម្មាធិការប្រជាជនខេត្តទួលតាមោក ដែលបច្ចុប្បន្នរដ្ឋាភិបាលវៀតណាមប្តូរទៅជាខេត្តប៊ិញភឿក បានចេញសេចក្ដីសម្រេចមួយ ដោយអនុញ្ញាតឲ្យបង្កើតវត្តព្រះពុទ្ធសាសនាខ្មែរថែមមួយទៀត នៅខេត្តទទួលតាមោក ។ ការសម្រេចនេះ ធ្វើឡើង ក្រោយពីព្រះសង្ឃ និងពុទ្ធបរិស័ទខ្មេរក្រោមរាប់រយនាក់ ធ្វើលិខិតស្នើសុំទៅរដ្ឋាភិបាលវៀតណាម អស់រយៈពេលជាយូរឆ្នាំមកហើយ ដើម្បីបង្កើតវត្តថ្មីមួយនេះ ។

យោងតាមសេចក្ដីសម្រេចលេខ ២៣៥៧/QĐ-UBND ចុះថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការប្រជាជនខេត្តទួលតាមោក សម្រេចអនុញ្ញាត ឲ្យគណៈកម្មការប្រតិបត្តិសង្ឃខេត្តទួលតាមោកនៃសមាគមព្រះពុទ្ធសាសនាវៀតណាម អំពីការបង្កើតវត្តថ្មី ដែលមាននាមវត្ត ថា វត្តសិរីវង្សាចូឡាមុនី (ចាឡា) ឋិតនៅក្នុងភូមិចាឡា ឃុំឡុកទឹន ស្រុកឡុកនិញ ខេត្តទទួលតាមោក ។

គួរជម្រាបជូនថា មុន នឹងរដ្ឋាភិបាលវៀតណាម ប្រកាសអនុញ្ញាតឲ្យបង្កើតវត្តព្រះពុទ្ធសាសនាខ្មែរជាផ្លូវការនេះ ។ ព្រះតេជព្រះគុណ ថាច់ ផល្លី ជាព្រះសង្ឃខ្មែរក្រោម មានស្រុកកំណើត នៅខេត្តព្រះត្រពាំង ដែលបច្ចុប្បន្ន ព្រះអង្គកំពុងគង់ស្នាក់អាស្រ័យ នៅវត្តសិរីឧត្តម នៃខេត្តទួលតាមោក រួមជាមួយពុទ្ធបរិស័ទ ៧៤៤ នាក់ បានខិតខំតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្នើសុំបង្កើតវត្តថ្មី ដែលមាននាមវត្តថា វត្តសិរីវង្សាចូឡាមុនី (ចាឡា) នេះឡើង ។
សូមបញ្ជាក់ថា នៅខេត្តទួលតាមោក បច្ចុប្បន្នមានវត្តខ្មែរទាំងអស់ចំនួន ៥ វត្ត ទី ១ វត្តរាជមហាជេតវនារាម (ភូមិធំ) ទី ២ វត្តសិរីឧត្តម (ឡុកហឹង) ទី ៣ ពោធិសត្ថារាម (ញ៉ាបិច) ទី ៤ វត្តសិរីវង្សា (ទួលស្វាយ) និងទី ៥ វត្តសិរីវង្សាចូឡាមុនី (ចាឡា)
គួររំឭកឡើងវិញដែរថា នៅកម្ពុជាក្រោម វត្តអារាមជាឃ្លាំង ឬជាមជ្ឈមណ្ឌលសម្រាប់ផ្ទុកនូវព្រលឹងជាតិខ្មែរ ឲ្យបានគង់វង្សរហូតមកដល់សព្វថ្ងៃ ។ បច្ចុប្បន្នវត្តខ្មែរ នៅកម្ពុជាក្រោម មាន ៤៦០ វត្ត និងវត្តដែលមានអាយុកាលចាស់ជាងគេ នៅដែនដីកម្ពុជាក្រោម គឺវត្តសម្បួររង្សី ហៅវត្តសម្បួរ កសាងឡើងក្នុងពុទ្ធសករាជ ៩១៧ គ្រឹសសករាជ ៣៧៣ ។ បើគិតមកដល់ឆ្នាំ ២០១៨ នេះ វត្តនេះ មានអាយុកាល ១៦៤៥ ឆ្នាំហើយ ។ ចំណែកព្រះសង្ឃរាប់ម៉ឺនអង្គ កំពុងតែប្រតិបត្តិព្រះពុទ្ធសាសនា ប្រពៃណី ទំនៀនទម្លាប់ វប្បធម៌ អរិយធម៌ និងសិក្សាអក្សរសាស្ត្រជាតិខ្មែរ តរៀងមករហូតដល់បច្ចុប្បន្ននេះ ៕