រដ្ឋាភិបាលយួនត្រូវទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម នៃ ដែនដីកម្ពុជាក្រោម
ដោយ ថាច់ ប្រីជា គឿន
នៅពេលថ្មីៗនេះ កម្មាភិបាលនៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បានថ្លែងទៅកាន់ពលរដ្ឋខ្មែរក្រោម ថា ខ្លួនទទួលស្គាល់ថា ទឹកដីកម្ពុជាក្រោមជាអតីតទឹកដីរបស់ប្រទេសកម្ពុជា ហើយត្រូវយួនតណ្ដើមកាន់ កាប់នៅក្នុងសតវត្សរ៍ទី ១៦ ដែលគិតមកដល់សតវត្សរ៍ទី ២១ នេះ ជាង ៥០០ ឆ្នាំ ហើយ ។ មន្ត្រីជនជាតិ យួនរូបនេះ បានថ្លែងនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៨ ក្នុងអង្គប្រជុំមួយដែលអាជ្ញាធរវៀតណាម បានកោះហៅព្រះសង្ឃមួយវត្ត ២ អង្គ និង គណៈកម្មការវត្ត ៤ រូប នៃ វត្តទាំង ៣៧ នៅក្នុងស្រុកថ្កូវ នៃខេត្តព្រះត្រពាំង ទៅស្ដាប់នូវគោលនយោបាយអ្វីមួយរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ដែល គេហៅថា “សន្និបាតឃោសនា, ផ្សព្វផ្សាយនូវគោលនយោបាយ និងច្បាប់ស្ដីពីសាសនា នៅក្នុងខេត្តព្រះ ត្រពាំង ឆ្នាំ ២០១៨” ។ មន្ត្រីរូបនេះបានថ្លែងថា ប្រសិនបើ ទឹកដីកម្ពុជាក្រោម ត្រូវបានសងមកប្រទេស កម្ពុជា វិញ ពិភពលោកនេះ នឹងត្រូវជ្រួលច្របល់ជាមិនខាន ដោយសារ ទឹកដីសហរដ្ឋអាមេរិក និង អូស្ត្រាលី កាលពីដើម ក៏ជាដីរបស់ជនជាតិដើម ដែរ ។

ការលើកឡើងរបស់កម្មាភិបាលយួនរូបនេះ បង្ហាញឲ្យឃើញថា រដ្ឋាភិបាលយួនចាប់ផ្ដើមហ៊ាននិយាយ អំពីរឿងទឹកដីកម្ពុជាក្រោមថា ជាអតីតទឹកដីរបស់ប្រទេសកម្ពុជា ហើយត្រូវយួនដណ្ដើមយកទៅគ្រប់ គ្រង ។ ការលើកឡើងបែបនេះ បន្ទាប់ពីរដ្ឋាភិបាលយួនមើលឃើញថា សម័យ Facebook នេះ ពលរដ្ឋ ខ្មែរក្រោមគ្រប់រូបនៅកម្ពុជាក្រោម បានដឹងនូវប្រវត្តិកម្ពុជាក្រោមកាន់តែច្បាស់ ហើយមិនមានរបាំង អំណាច អ្វីមួយអាចមកបិទបាំងបានទៀតទេនោះ ទើបរដ្ឋាភិបាលយួនបង្ខំចិត្តលើកយករឿង ទាមទារទឹក ដី កម្ពុជាក្រោមមកឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមមួយចំនួន ស្ដាប់នៅក្នុងបន្ទប់សម្ងាត់ក្នុងគោល បំណងទប់ស្កាត់រាល់ការតវ៉ារបស់ពលរដ្ឋខ្មែរក្រោមអ្នកនៅក្នុងស្រុក អំពីរឿងទឹកដីកម្ពុជាក្រោម ។ នៅពី ក្រោយ ខ្នងនៃការខ្សឹបខ្សៀវរឿងទឹកដីកម្ពុជាក្រោមក្នុងទីសម្ងាត់នេះ រដ្ឋាភិបាលបាលបក្សកម្មុយនិស្តយួន កំពុងតែបិទបាំងនូវបញ្ហាជាច្រើនដែលទាក់ទងនឹងករណីរំលោភសិទ្ធិមនុស្ស និងការរើសអើងពូជសាសន៍ លើពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម និងកំពុងតែកប់ចោលនូវសន្ធិសញ្ញាជាច្រើនដែលខ្លួនបានចុះ ហត្ថលេខាជាមួយនឹងអង្គការសហប្រជាជាតិស្ដីពីការគោរពសិទ្ធិជនជាតិដើម និងសិទ្ធិមនុស្សនៅក្នុងប្រ ទេសរបស់ខ្លួន ។

ដើម្បីបង្ហាញឲ្យឃើញថា រដ្ឋាភិបាលវៀតណាមមានការទទួលស្គាល់ប្រវត្តិសាស្ត្រកម្ពុជាក្រោម ជាផ្លូវការ នោះ ក្រសួងអប់រំវៀតណាម ត្រូវតែបង្កើតឲ្យមានជំពូក ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាក្រោម នៅក្នុងសៀវភៅ សិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រ សម្រាប់សិស្ស និង និស្សិត បានសិក្សាទូទាំងប្រទេស ដើម្បីឲ្យពួកគេបាន ដឹងថា កម្ពុជាក្រោមជាអតីតទឹកដីរបស់ខ្មែរ ដែលមានខ្មែរក្រោមជាជនជាតិដើមនៅភាគខាងត្បូង នៃប្រ ទេសវៀតណាម សព្វថ្ងៃ ផង ។ ម្យ៉ាងទៀត រដ្ឋាភិបាលវៀតណាម ត្រូវតែចេញសេចក្ដីប្រកាសជាផ្លូវការ ទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម ផងដែរ ដោយសារខ្មែរក្រោមជាម្ចាស់ស្រុក រស់នៅលើទឹកដីកម្ពុជាក្រោមរាប់ពាន់ឆ្នាំមកហើយ មុនពេលដែលជនជាតិយួនបានចូលមក វាតទីធ្វើអា ណានិគម ។
ចំពោះនៅសហរដ្ឋអាមេរិក និង ប្រទេសអូស្ត្រាលី វិញ រដ្ឋាភិបាលរបស់គេបានបង្រៀនពលរដ្ឋទាំងអស់ឲ្យ ដឹងពីប្រវត្តិសាស្ត្រពិត និងបានទទួលស្គាល់ម្ចាស់ទឹកម្ចាស់ដីថា ជាជនជាតិដើម និងបានសុំទោសជាសា ធារណៈទៀតផង ចំពោះកំហុសឆ្គងផ្សេងៗដែលខ្លួនបានកាប់សម្លាប់ជនជាតិដើម នៅក្នុងប្រវត្តិសាស្ត្រ ។ ផ្ទុយពីសហរដ្ឋអាមេរិក និង អូស្ត្រាលី រដ្ឋាភិបាលវៀតណាមមិនត្រឹមតែមិនបានផ្សព្វផ្សាយ និង បង្រៀន ប្រវត្តិសាស្ត្រកម្ពុជាក្រោមជាសាធារណៈ និងមិនទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើមតែប៉ុណ្ណោះទេ គេ ថែមទាំងបានគំរាមកំហែងធ្វើទុក្ខបុកម្នេញចាប់ផ្សឹកដាក់គុកចំពោះព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមរូបណា ដែលហ៊ាននិយាយការពិតស្ដីពីប្រវត្តិសាស្ត្រកម្ពុជាក្រោម ។
ដរាបណា រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម នៅតែបន្តបិទបាំងនូវប្រវត្តិសាស្ត្រពិត នៃ ដែនដីកម្ពុជា ក្រោម និងនៅតែមិនហ៊ានទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម នៃទឹកដីកម្ពុជាក្រោម ជាសាធារណៈទេ ដរាបនោះ ជនជាតិយួននៅតែត្រូវខ្មោចប្រវត្តិសាស្ត្រកម្ពុជាក្រោម ដេញតាមលងគ្រប់ពេលវេលា ដែលធ្វើ ឲ្យប្រទេសយួនរកស្ថេរភាព និង សន្តិភាព ពុំមានឡើយ ។ ចំពោះទំនាក់ទំនងអន្តរជាតិវិញ នៅពេលចេញ ទៅប្រជុំនៅក្នុងមហាសន្និបាតអន្តរជាតិម្ដងៗ តំណាងរដ្ឋាភិបាលវៀតណាម នៅតែប្រឈមនឹងសំនួរថា “តើពេលណា ទើបវៀតណាមទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម នៃទឹកដីកម្ពុជាក្រោម?” ហើយត្រូវ ប្រឈមនឹងការបំភ្លឺចំពោះសេចក្ដីរាយការណ៍ផ្សេងៗរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងអង្គការសហ ប្រជាជាតិ ស្ដីពីករណីដែលប្រទេសវៀតណាមរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោម ជាបន្តបន្ទាប់ ។ រដ្ឋាភិបាលយួននឹងឆ្លើយយ៉ាងណាចំពោះ ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ ដែលនឹង ចោទសួរទាក់ទងនឹងករណីខ្មែរក្រោម នៅក្នុងមហាសន្និបាតលើក ទី ៣២ ស្ដីពី ការប៉ាន់ប្រមាណចំពោះ កិច្ចប្រតិបត្តិដែលប្រទេសវៀតណាមបាន និងមិនបានធ្វើនៅពាក់កណ្តាលពេលកំណត់ (UPR) នៅក្នុង ខែមករា និង ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ ។
សូមបញ្ជាក់ថា កាលពី ៦៩ ឆ្នាំ មុន គឺ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតី បារាំង ឈ្មោះ វ៉ែន សង់ អូរិយោល (Vincent Auriol) បានប្រកាស ច្បាប់ លេខ ៤៩-៧៣៣ ប្រគល់ទឹកដីកូស័ងស៊ីន ឬ ដែនដីកម្ពុជាក្រោម ជាទឹកដីរបស់ប្រទេសកម្ពុជា ដែលមានទំហំ ៦៧.៧០០ គីឡូម៉ែត្រក្រឡា ឲ្យទៅជារដ្ឋ ចំណុះវៀតណាម ។ ចាប់តាំងពីពេលនោះមក ពលរដ្ឋខ្មែរក្រោមរាប់លាននាក់ ត្រូវរបបអាណានិគមយួន មកគ្រប់គ្រងជំនួសរបបអាណានិគមបារាំង វិញ ហើយបានក្លាយទៅជាជនជាតិភាគតិចរស់នៅលើទឹកដី ដូនតារបស់ខ្លួន ។

យោងតាម សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលហៅកាត់ជាភាសាអង់គ្លេសថា KKF ជាចលនាតស៊ូមួយ របស់ខ្មែរក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានសាខានៅជុំវិញពិភពលោក តែងតែចូលទៅក្នុង អង្គការសហប្រជាជាតិ ដើម្បីជំទាស់នឹងការរំលោភសិទ្ធិមនុស្សពីសំណាក់របបអាណានិគមយួនលើពល រដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម នោះ បានបញ្ជាក់ថា ខ្លួនធ្វើការតស៊ូដោយអហិង្សាស្របតាមច្បាប់អន្តរជាតិ ដើម្បីទាមទារឲ្យរបបអាណានិគមយួនគោរពសិទ្ធិមនុស្ស និងទទួលស្គាល់ខ្មែរក្រោម ជាជនជាតិដើម នៃ ទឹកដីកម្ពុជាក្រោម និងបង្ហាញផ្លូវឲ្យពលរដ្ឋខ្មែរក្រោមគ្រប់រូបនៅក្នុងស្រុកចេះប្រើប្រាស់នូវ “សិទ្ធិសម្រេច វាសនាខ្លួនដោយខ្លួនឯង” ស្របតាមសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជន ជាតិដើម ដែលអង្គការសហប្រជាជាតិបានអនុម័តកាលពីឆ្នាំ ២០០៧ ៕