គ្មានអ្វី​ឈ្នះ​កម្លាំង​ប្រជាពលរដ្ឋ​

0 49

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​កម្ពុជា ជា​ប្រទេសមួយ​ដែល​ប្រកាន់យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ប្រទេស ត្រូវបាន​កើតឡើង​ដោយ​ការបោះឆ្នោត​គាំទ្រ​ភាគច្រើន​ពី​ប្រជាពលរដ្ឋ ។ រដ្ឋាភិបាល​ខ្មែរ​ដឹកនាំ ដោយ​គណបក្ស​ប្រជា ជនកម្ពុជា ដែលមាន លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ជិត ៣០ ឆ្នាំ ហើយ ។ ក្រោម​ការដឹកនាំ​របស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជិត ៣០ មកនេះ ប្រទេស​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា កាន់​តែមាន​សភាព​ផ្ដាច់ ការ​ទៅៗ ។ ច្បាប់ និង អំណាច​ទាំងស្រុង​ត្រូវបាន​ឋិត​នៅលើ​បុគ្គល ហ៊ុន សែន ម្នាក់ឯង​គត់ ។

ពលរដ្ឋខ្មែរក្រោកឡើងតវ៉ាចំពោះការបាត់បង់ឈ្មោះបោះឆ្នោត នៅមណ្ឌាលស្ទឹងមានជ័យ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៣ ។
ពលរដ្ឋខ្មែរក្រោកឡើងតវ៉ាចំពោះការបាត់បង់ឈ្មោះបោះឆ្នោត នៅមណ្ឌាលស្ទឹងមានជ័យ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៣ ។

​អំពើពុករលួយ​ជា​ប្រព័ន្ធ​នៅក្នុង​ចំណោម​មន្ត្រី​គណបក្សកាន់អំណាច​រីក​ដាល​ពេញ​ផ្ទៃ​ប្រទេស​, ព្រៃឈើ​ត្រូវបាន​គេ កាប់បំផ្លាញ​គ្មាន​សល់​, បញ្ហា​ជនអន្តោប្រវេសន៍​យួន​មិនមាន​ដំណោះស្រាយ ដោយ​គណបក្សកាន់អំណាច បណ្ដា​យ​ឲ្យ​ជនជាតិ​យួន​ហូរ​ចូល​ស្រុក​ខ្មែរ​រៀងរាល់ថ្ងៃ និង​បញ្ហា​ព្រំដែន​ត្រូវបាន​យួន​បង្ខិត​ចូល​លើ​ទឹកដី​ខ្មែរ​តាម ទំនើងចិត្ត ។ បញ្ហា​ទាំងនេះ មិន​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​របស់ លោក ហ៊ុន សែន ប្រកាស​ឲ្យ​ពល រដ្ឋ​ដឹង​ជាទូទៅ​ឡើយ  ហើយ​អ្នក​ណាមួយ​ដែល​ហ៊ាន​លើកយក​បញ្ហា​ទាំងនេះ​មក​និយាយ នឹង​ត្រូវគេ​បាញ់សម្លាប់ ជា​បន្តបន្ទាប់ ។​

ភាព​ផ្ដាច់ការ និង​ភាពអយុត្តិធម៌​ទាំងអស់នេះ ត្រូវបាន​គេ​លាតត្រដាង​នៅក្នុង​អង្គ​សវនាការ​សួរដេញដោល​មួយ​អំពី​វិបត្តិ​សង្គម និង​វិបត្តិ​នយោបាយ​ដែល​កំពុង​លេចឡើង​ក្នុងប្រទេស​កម្ពុជា នៅក្នុង​សភា​សហរដ្ឋអាមេរិក​ដែល​បាន ប្រព្រឹត្តទៅ កាលពី ថ្ងៃទី ០៩ ខែកក្កដា កន្លងទៅនេះ ។ ក្នុង​សវនាការ​នេះ សមាជិកសភា​អាមេរិក បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល ស​.​រ​.​អា​. ត្រូវតែ​ចាត់វិធានការ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត ចំពោះ​ប្រទេស​កម្ពុជា​ដែលមាន​អំពើ​រំលោភសិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ដ៏​ធ្ងន់ធ្ងរ ហើយនឹង​មិនបាន​រៀបចំ​ការបោះឆ្នោត​មួយ មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ត្រឹមត្រូវ ។​

នៅ​សវនាការ​នេះ លោក Steve Chabot នៃ​គណបក្ស​សាធារណរដ្ឋ មកពី​រដ្ឋ​អូ​ហា​យូ និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​អាស៊ី និង​បា​ស៊ី​ហ្វ៊ិ​ក​នៃ​គណៈកម្មាធិការ​ការបរទេស​សហរដ្ឋអាមេរិក បាន​បើក​កិច្ចពិភាក្សា​ដោយ​ហៅ​ការដឹកនាំ​របស់លោក ហ៊ុន សែន ថា ជា​របៀប​ផ្តាច់ការ ពុករលួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​សេរីភាព​ពេញលេញ ។​

ចំណែក លោក Dana Rohrabacher ខាង​គណបក្ស​សាធារណរដ្ឋ មកពី​រដ្ឋ​កាលីហ្វ័​ញ៉ា បាន​រិះគន់​ការដឹកនាំ​ប្រទេស​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រយៈពេល ៣០ ឆ្នាំ មកនេះ ថា បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ច្រើន ហើយ​កាន់អំណាច​វែង​ជ្រុល ដែល​លោក​បាន​បញ្ជាក់ថា «​វា​ជា​ពេលវេលា​ដែល​លោក ហ៊ុន សែន ត្រូវ​ចុះ​ចេញពី​អំណាច​ហើយ​” ។​

​រហូតមកទល់​ពេលនេះ លទ្ធផល​ឆ្នោត​នៅ​មិនទាន់​បានប្រកាស​ជា​ផ្លូវការ​ពី គ​.​ជ​.​ប នៅឡើយ​ទេ ប៉ុន្តែ​គណបក្ស ប្រជាជន​កម្ពុជា បានប្រកាសថា ខ្លួន​ឈ្នះ​បាន ៦៨ អាសនៈ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានត្រឹមតែ ៥៥ អាសនៈ អាសនៈ​ប៉ុណ្ណោះ ។ ប្រសិនបើ​លទ្ធផល​ឆ្នោត ដូចដែល​គណបក្ស​ប្រជាជន​ប្រកាស​មែន មានន័យថា គណបក្ស​នេះ បាត់​អាសនៈ និង​បាត់​សំឡេងគាំទ្រ​ពី ៩០ មក​នៅត្រឹម តែ ៦៨ ប៉ុណ្ណោះ ។ ផ្ទុយ​ពីនេះ នៅ​ថ្ងៃទី ៣ ខែសីហា នេះ គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាសថា ខ្លួន​ឈ្នះ​បាន ៦៤ អាសនៈ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​បានត្រឹមតែ ៥៩ អាសនៈ​ប៉ុណ្ណោះ ទោះបី​មាន​ការលួចបន្លំ​ឈ្មោះ និង​ភាពមិនប្រក្រតី​ជាច្រើន​ដែល​បាន​កើតឡើង​នៅក្នុង​ការ បោះឆ្នោត​យ៉ាងណាក៏ដោយ ។​

ទិដ្ឋភាព​នៃ​ការបោះឆ្នោត​នីតិកាល​ទី ០៥ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ២៥ ខែកក្កដា កន្លងទៅនេះ បានបង្ហាញ ពី​ការទទួលខុសត្រូវ​ខ្ពស់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងនាម​ជា​ម្ចាស់ឆ្នោត និង​ក្នុងនាម​ជា​ម្ចាស់​វាសនា​ប្រទេស ដោយ ពួកគេ​ចាប់ផ្ដើម​ហ៊ាន​ងើបឡើង​តវ៉ា ចំពោះ​ភាពអយុត្តិធម៌​នានា​ទៅគ្រប់​ទីកន្លែង និង​ហ៊ាន​ចេញមុខ​ចាប់​ជនជាតិ យួន​ដែល​បាន​ចូលមក​បោះឆ្នោត​ទៀតផង ។ បញ្ហានយោបាយ ការរំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន និង​ភាពអយុត្តិធម៌​ក្នុងសង្គម​ផ្សេងៗ​ដែល​ទូរទស្សន៍ និង វិទ្យុ​ដែលជា​របស់​រដ្ឋ និង​ឯកជន ទាំងអស់ មិនត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នោះ វា​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ផ្សព្វផ្សាយ និង​ចែករំលែក​នៅលើ​បណ្ដាញ​សង្គម Facebook និង Youtube ជំនួស​វិញ ដែល​បណ្ដាញ​ផ្សព្វផ្សាយ​ទាំងនេះ វា​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការផ្លាស់ ប្ដូរ​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា យ៉ាងពិត​ប្រាកដ ។ ម្យ៉ាងវិញទៀត ការចូលរួម​គាំទ្រ​របស់​មនុស្ស​យ៉ាងច្រើន​កុះ​ករពី​សំណាក់​ពលរដ្ឋ​ខ្មែរ ជាពិសេស ក្រុមយុវជន ដែល​បាន​ស្រែក​ជយឃោស​ន៍​ថា “​ដូរ ! ដូរ​” នៅតាម ដងផ្លូវ នាពេលនេះ គឺ​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុងការ​ផ្លាស់ប្ដូរ​ប្រទេស​កម្ពុជា​ឲ្យ ឈានទៅរក​អ្វីមួយ​ដែល ល្អប្រសើរ​ជាង​ពេលនេះ ។

ទិដ្ឋភាព​ទាំងនេះ ក៏​ល្មម​បញ្ជាក់​ឲ្យ​ឃើញថា នៅពេលនេះ ប្រជា​ពល​ខ្មែរ​ចេះ​សម្រេច​ជោគវាសនា​របស់​ប្រទេសជាតិ ហើយ និង​ក៏​ល្មម​ដល់​ពេលដែល លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ត្រូវ​ចុះ​ចេញពី​អំណាច​ផង   ដែរ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​នាពេលនេះ បានដឹង​ពីអ្វី​ដែល​លោក ហ៊ុន សែន នឹង​បក្សពួក​បាន​សាង​នៅក្នុង​ស្រុក​ខ្មែរ ជាង ៣០ ឆ្នាំ​មកនេះ អស់ហើយ ។  ពាក្យ​ថា “​ពលរដ្ឋ​” ក្នុង​ភាសា​ខ្មែរ​មានន័យថា “​កម្លាំង​របស់​រដ្ឋ​” ឬ “​ទ័ព​របស់ ប្រទេស​”  ដូច្នេះ បើ​អ្នកដឹកនាំ​រូប​ណា​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ និង​បាត់​ទំនុកចិត្ត​ហើយ វា​នឹង​ឈាន ដល់​ការ​ដួល រលំ​ដោយ​ការ​គាស់​រំលើង​ពី​កម្លាំង​ទ័ព​នៃ​ប្រជាពលរដ្ឋ​យ៉ាងពិត​ប្រាកដ បើទោះបី​អ្នកដឹកនាំ​រូបនោះ មាន​កម្លាំង ទាហាន និង​កាំភ្លើង​ច្រើនយ៉ាង​ណាក៏ដោយ ៕

Leave A Reply

Your email address will not be published.