អង្គការសង្គមស៊ីវិលចំនួន ៣ បើកវគ្គបណ្តុះបណ្តាលយល់ដឹងពីច្បាប់សញ្ជាតិ និងការតស៊ូមតិ ដល់ពលរដ្ឋខ្មែរក្រោម
ដោយ ស៊ឺន ចែងចើន| VOKK
នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៧ នេះ អង្គការសង្គមស៊ីវិលចំនួន ៣ បានរៀបចំបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពីការតស៊ូមតិ និងច្បាប់នានាពាក់ព័ន្ធ នឹងសញ្ជាតិ និងអត្តសញ្ញាណប័ណ្ណ រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ នៅក្រុងសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ៥០ នាក់ ក្នុងនោះមានពលរដ្ឋខ្មែរក្រោមចំនួន ២៥ នាក់ មកពីសង្កាត់ស្លក្រាម ក្នុងខេត្តសៀមរាប ។
អង្គការចំនួន ៣ រួមមាន សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ បានសហការរួមគ្នា បើកវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋខ្មែរក្រោម យល់ដឹងពីសិទ្ធិរស់នៅក្នុងប្រទេសកម្ពុជា យល់ដឹងពីប្រព័ន្ធច្បាប់នានា និងការតស៊ូមតិក្នុងការរស់នៅរបស់ខ្លួន ។ នៅក្នុងពិធីវគ្គបណ្តុះបណ្តាលនេះដែរ ក៏មានគោលបំណង ដើម្បីផ្សព្វផ្សាយទៅកាន់អាជ្ញាធរមូលដ្ឋាន ឲ្យយល់ពីសិទ្ធិរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ក្នុងខេត្តសៀមរាបផងដែរ ។ ដោយកន្លងមកអាជ្ញាធរមួយចំនួន មានការរើសអើង និងមិនបានយល់ដឹងពីសិទ្ធិ និងកាត្វកិច្ចរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ។
ប្រធានលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម និងជានាយកកម្មវិធីនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន បានថ្លែង នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៧ នេះថា «គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលនេះ គឺចង់ឲ្យអ្នកចូលរួមស្វែងយល់ អំពីរបៀបនៃការតស៊ូមតិ ពាក់ព័ន្ធច្បាប់ និងលិខិតតុបករណ៍ផ្សេងៗ របស់ជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក្រោម ។ ជាពិសេស គឺស្វែងរកវិធីដំណោះស្រាយ ធ្វើយ៉ាងណាឲ្យពលរដ្ឋខ្មែរក្រោម ទទួលបាននូវអត្តសញ្ញាណប័ណ្ណជាជនជាតិខ្មែរ នៅក្នុងប្រទេសកម្ពុជា ។ នេះជាចំណុចសំខាន់ដែលខាងអង្គការសមាគមខ្មែរកម្ពុជាក្រោម ត្រូវតែធ្វើការផ្សព្វផ្សាយ»។
កញ្ញា ស្រី សុធាវី ដែលជានាយិការបស់អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ហៅកាត់ថា A.C.T បានឲ្យដឹងថា «មួយហេតុដែលក្រុមការងារអង្គការសង្គមស៊ីវិល បើកវគ្គបណ្តុះបណ្តលនៅខេត្តសៀមរាបនេះ គឺដោយសារនៅទីនោះ មានពលរដ្ឋខ្មែរក្រោមរស់នៅច្រើន ហើយនាពេលកន្លងមក ពលរដ្ឋខ្មែរក្រោមនៅខេត្តសៀមរាប តែងមានបញ្ហារជាច្រើនជាមួយអាជ្ញាធរមូលដ្ឋាន ដួចជាការរើសអើងមិនព្រមធ្វើអត្តសញ្ញាណប័ណ្ណឲ្យពលរដ្ឋខ្មែរក្រោម ។ ការចាប់ខ្លួនពលរដ្ឋខ្មែរក្រោម ដោយចោទថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ ជាដើម ។ ជាក់ស្តែង កាលពីថ្ងៃទី ១៨ ខែមិថុនា កន្លងមកនេះ មានករណីបាត់ព្រះកាយរបស់ព្រះសង្ឃខ្មែរក្រោម ១ អង្គ និងលោកតាអាចារ្យម្នាក់ ដែលត្រូវបានអាជ្ញាធរខេត្តសៀមរាបចាប់ទៅប៉ុស្តិ៍សួរនាំ ហើយបន្ទាប់ពីការសួរនាំពីអាជ្ញាធររួចមក ក៏បាត់ខ្លួនតែម្តង ដែលគិតមកដល់ពេលនេះ គឺជាង ១ ខែហើយ នៅមិនទាន់រកឃើញព្រះកាយព្រះសង្ឃ និងលោកតាអាចារ្យនៅឡើយ ។ ដូច្នេះ ទើបក្រុមការងាររបស់លោកស្រី បានរៀបចំធ្វើនៅខេត្តសៀមរាប ដើម្បីឲ្យអាជ្ញាធរបានដឹង និងយល់ពីច្បាប់ និងបញ្ហារលំបាក់របស់ពលរដ្ឋខ្មែរក្រោម»៕
Comments are closed.