ព្រះវិហារមជ្ឈមណ្ឌលព្រះពុទ្ធសាសនាទីបេត៍ ត្រូវរងអគ្គីភ័យ
សឺង វិចិត្រ l VOKK- តាមព័ត៌មានផ្លូវការនៅប្រទេសចិន និងព័ត៌មានតាមបណ្ដាញសង្គមមួយចំនួនឲ្យដឹងថា នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៤ ព្រះវិហារមួយដែលត្រូវបានគេស្គាល់ថាជា មជ្ឈមណ្ឌលធំបំផុតរបស់ព្រះពុទ្ធសាសនា ទីបេត៍នៅប្រទេស ចិន ត្រូវរងគ្រោះអគ្គីភ័យដោយមិនដឹងច្បាស់ពីមូលហេតុ ។

គេហទំព័រ ផ្លូវការរបស់ Zhongguo Xinwen Wang (ជាសាខាមួយរបស់ស៊ីនហួរ) បានឲ្យដឹងថា ព្រះវិហារព្រះពុទ្ធសាសនា ទីបេត៍ Serthar ឬ ក៏ធ្លាប់បានហៅថា Larung Gar ស្ថិតនៅខេត្ត Sichuan ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយអគ្គីភ័យ ដែល កើតឡើងនៅរាត្រីទី ០៩ មករា ។
អគ្គីភ័យបានបំផ្លាញយ៉ាងតិចណាស់ ១០ អាគារក្នុងវត្ត ប៉ុន្តែគ្មាននរណាត្រូវរបួសឡើយ ។ គេហទំព័រនេះ ក៏បានបញ្ជាក់ថា សមត្ថកិច្ចពន្លត់ភ្លើង ប៉ូលិស និងយុវជនស្ម័គ្រចិត្តបានបានប្រមូលគ្នា ដើម្បីពន្លត់ភ្លើង ។ សមត្ថកិច្ចក៏ចាប់ផ្ដើមការស៊ើប អង្កេត ដើម្បីស្វែងរកមូលហេតុនៃអគ្គីភ័យ ។
តាមរូបភាពមួយចំនួនដែល បានបង្ហោះឡើងលើទំព័រ Yibo ជាបណ្ដាលសង្គមមួយរបស់ចិន មានមនុស្សជាច្រើនឈរ នៅខាងក្រៅពេល យប់នោះមើលអណ្ដាតភ្លើងលេបអាគារទាំងឡាយក្នុងវត្តបន្តិចម្ដងៗ ។ ក្នុងរូបភាពមួយគេឃើញ សមត្ថកិច្ចបានជូនឥដ្ឋថ្ម ហាក់ដូចជា កំពុង ជួយសង្គ្រោះព្រះសង្ឃ ។
ព្រះវិហារ Serthar ស្ថិតនៅតំបន់ទីបេត៍ នៅកម្ពស់ ៤០០០ គីឡូម៉ែត្រ និងស្ថិតនៅឆ្ងាយទីប្រជុំជនរាប់រយគីឡូម៉ែត្រ ។ វិហារ នេះបានកសាងនៅក្នុងឆ្នាំ ១៩៨០ ហើយក៏ក្លាយជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាទីបេត៍ ដ៏ល្បីល្បាញលើពិភពលោក មាន ព្រះសង្ឃ ដូនជី និង ក្មេងវត្តប្រហែល ១០.០០០ អង្គ និង រូប ។
ក្នុងចន្លោះឆ្នាំ ២០០១ សមត្ថកិច្ចប្រដាប់អាវុធ របស់ចិនបានចូលវត្តហើយបង្ខំឲ្យព្រះសង្ឃ និងដូនជីរាប់រយអង្គ និងរូប ត្រូវ ចាក់ចេញពីវត្ត ។ សមត្ថកិច្ចក៏បង្ខំឲ្យពួកបុព្វជិកទាំងឡាយត្រូវស៊ីញ៉េចូលឯកសារ ផ្ដន្ទាទោស សម្ដេចសង្ឃ ដាឡៃ ឡាម៉ា មេដឹកនាំស្មារតីទីបេត៍ដែលត្រូវបានគេមើលឃើញដាជាសត្រូវរបស់ បក្សកុម្មុយនិស្តចិន ។ ព្រះសង្ឃកសាងវិហារ ព្រះនាម Khenpo Jigme Phuntsok ក៏ត្រូវជាប់ពន្ធនាគារ ១ ឆ្នាំ ក្នុងករណី នេះ ។
ដើមឆ្នាំ ២០១២ វិហារនេះត្រូវបង្ក្រាបសារជាថ្មី ម្ដងទៀត ដែលតាមសកម្មជនភៀសខ្លួនជនជាតិទីបេត៍ ពួកប៉ូលិសបាន បាញ់គ្រាប់ បែកផ្សែងបង្ហូរទឹកភ្នែក ដើម្បីបង្ក្រាបបាតុកម្មអហិង្សារបស់ជនជាតិទីបេត៍នៅក្នងុតំបន់ន ។
គិតពី ឆ្នាំ ២០០៩ ទល់ពេលនេះ មានជនជាតិទីបេជាង ១២០ នាក់ត្រូវបានដុតសម្លាប់ខ្លួនដើម្បីប្រឆាំងនិងការបិទសិទ្ធិសេរី សាសនា និង គម្រោងចង់បំបាត់វប្បធម៌ពីអាជ្ញាធរចិន ៕