ជំនោរសេរីភាព
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៤ នេះ ជាថ្ងៃបុណ្យជាតិកត់សម្គាល់កំណើតរបស់សហរដ្ឋអាមេរិក កាលពី ២៣៨ ឆ្នាំ មុននេះ ដែលសហរដ្ឋអាមេរិកបានប្រាសឯករាជ្យរបស់ប្រទេសខ្លួនពីប្រទេសអង់គ្លេស ។ នៅក្នុងថ្ងៃនេះ រដ្ឋាភិបាល និងពលរដ្ឋអាមេរិកាំង បានអបអរ “ទិវាឯករាជ្យរបស់ខ្លួន” ដោយមានការបាញ់កាំជ្រួចអបអរសាទរ និងការអាំងសាច់នៅទីធ្លាក្រោយផ្ទះ គឺជាឱកាសមួយសម្រាប់ពលរដ្ឋអាមេរិកាំង គិតពិចារណាលើតម្លៃនៃឯករាជ្យភាព និងប្រព័ន្ធប្រជាធិបតេយ្យរបស់រដ្ឋាភិបាល ។ តម្លៃនៃឯករាជ្យភាពរបស់សហរដ្ឋអាមេរិក មិនត្រឹមតែបានធ្វើឲ្យប្រទេស មួយនេះមានភាពរីកចម្រើនរុងរឿង មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដ៏កំពូលក្នុងលោក តែ ប៉ុណ្ណោះទេ វាបានរួមចំណែកដល់ការជម្រុញឲ្យមានសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក ផងដែរ ។ ក្រោយមក “សេចក្ដីប្រកាសឯករាជ្យ” របស់សហរដ្ឋអាមេរិក បានបំផុសគំនិតឲ្យបង្កើតជាសេចក្ដីប្រកាស ដ៏ល្បីក្នុងដំណើរស្វែងរកសេរីភាពរបស់មនុស្សជាច្រើន ដូចជា របស់ Martin Luther King Jr. និង Abraham Lincoln ។ សេចក្ដីប្រកាសនេះ ក៏បានជះឥទ្ធិពលទៅលើ “សេចក្ដីប្រកាសឯករាជ្យ” របស់ប្រទេស មួយចំនួនក្នុង ពិភពលោក ក្នុងនោះ មានប្រទេសវៀតណាម និង ឆិមបាវ៉េ (Zimbabwe) ជាដើម ។ សម្រាប់ខ្មែរក្រោម នៅ ដែនដីកម្ពុជាក្រោមវិញមានឱកាសបានទទួលភាពលម្ហើយដែលកើតចេញពីជំនោរសេរីភាពទាំងនោះដែរឬទេ ខណៈ ដែល “សេចក្ដីប្រកាសឯករាជ្យ” របស់ប្រទេសវៀតណាមបានចម្លងតាមគំនិតរបស់សហរដ្ឋអាមេរិកដែរនោះ ។

ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៤ ។ រូបថត ថាច់ ប្រីជា គឿន
ថ្ងៃទី ៤ ខែកក្កដា កាលពីឆ្នាំ ១៧៧៦ បិតាស្ថាបនិករបស់សហរដ្ឋអាមេរិក បានផ្លាស់ប្តូរប្រវតិ្តសាស្ត្រ ដោយបង្កើតរដ្ឋថ្មី ដែលកើតចេញពីជំនឿជឿជាក់លើសេរីភាព និងគោលគំនិត «មនុស្សទាំងអស់កើតមកស្មើភាពគ្នា ធម្មជាតិបានផ្តល់សិទិ្ធជាមូលដ្ឋានដល់មនុស្សដែលមិនអាចប៉ះពាល់បាន សិទ្ធិទាំងនោះ ដូចជា សិទិ្ធរស់រានមានជីវិត សេរី ភាព និងសិទិ្ធស្វែងរកសុភមង្គល» ។ គោលការណ៍ទាំងនេះ បានដឹកនាំសហរដ្ឋអាមេរិកឲ្យទទួលបានឥស្សរភាព ពីប្រទេសអង់គ្លេស ហើយទ្រទ្រង់សហរដ្ឋអាមេរិកឲ្យបានក្លាយជាពន្លឺភ្លើងនៃក្តីសង្ឃឹមសម្រាប់ពលរដ្ឋអាមេរិកាំង ទាំងអស់ឲ្យទទួលបានភាពថ្លៃថ្នូក្នុងសេរីភាព និងលទ្ធិប្រជាធិបតេយ្យ រហូតមកសព្វថ្ងៃ ។ ពន្លឺភ្លើងនោះ បាននឹង កំពុង បន្តបញ្ចេញរស្មីយ៉ាងភ្លឺត្រចះត្រចង់ទៅក្នុងប្រទេសនានាទូទាំងពិភពលោក ។
តម្លៃនៃ “ឯករាជ្យ” របស់សហរដ្ឋអាមេរិក ដែលពលរដ្ឋអាមេរិកកាំងទទួលបានថ្ងៃនេះ វាកើតឡើងក្នុងប្រវតិ្តសាស្ត្រមួយត្រូវបានគេចងចាំថា មិនមែនជាមាគ៌ារលូន និង ងាយស្រួលទេ ។ ប៉ុន្តែ ការរក្សា និងការពារ “ឯករាជ្យ” ដែល បានមកហើយនោះ រិតតែពិបាកជាងនេះទៅទៀត ។ ដូចដែលប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកបានបង្ហាញឲ្យឃើញស្រាប់ហើយ ការធានាឲ្យមានលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ដែលកើតចេញពី “សេចក្ដីប្រកាសឯករាជ្យ” របស់សហរដ្ឋអាមេរិកនោះ មិនមែនជាការស្រួលទេ វាទាមទារឲ្យមានការប្តេជ្ញាចិត្ត និងការខិតខំច្រើនទាំងពីសំណាក់អ្នកដឹកនាំ ទាំងពីសំណាក់ប្រជាជន ។ គោលជំហរទាំងនេះហើយ ទើបអាចធ្វើឲ្យសហរដ្ឋអាមេរិក បាន ក្លាយជាអរិយប្រទេស និងបានបង្ហាញដល់ពិភពលោកថា វាពិតជាអាចបង្កើត និងរក្សាស្ថាប័នប្រជាធិបតេយ្យរឹងមាំ លើកកម្ពស់សេរីភាព និងបានផ្ដល់ឱកាសសម្រាប់មនុស្សគ្រប់គ្នាក្នុងពិភពលោក ។
សម្រាប់ប្រទេសវៀតណាមវិញ ហូ ជី មិញ បានប្រកាស “សេចក្ដីប្រកាសឯករាជ្យ” នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីក្រុងហាណូយ ដើម្បីប្រកាសប្រកាសឯករាជ្យចេញពីអាណានិគមបារាំង ហើយបង្កើតប្រទេសថ្មីមួយ ។ “សេចក្ដីប្រកាសឯករាជ្យ” របស់ប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា វាបានទទួលឥទ្ធិពល ពីសហរដ្ឋ អាមេរិក ។ អ្វីដែលគេមើលឃើញនោះ គឺនៅក្នុង “សេចក្ដីប្រកាសឯករាជ្យ” របស់វៀតណាមបានចែងថា «មនុស្សទាំងអស់កើតមកស្មើភាពគ្នា ធម្មជាតិបានផ្តល់សិទិ្ធជាមូលដ្ឋានដល់មនុស្សដែលមិនអាចប៉ះពាល់បាន សិទ្ធិទាំង នោះ ដូចជា សិទិ្ធរស់រានមានជីវិត សេរីភាព និង សិទិ្ធស្វែងរកសុភមង្គល ។ សម្ដីអមតៈ នៅក្នុង “សេចក្ដីប្រកាស ឯករាជ្យ” របស់សហរដ្ឋអាមេរិក កាលពី ឆ្នាំ ១៧៧៦ នោះ មានន័យទូលំទូលាយណាស់ ឃ្លានេះមានន័យថា ជនជាតិទាំងអស់ក្នុងពិភពលោក កើតមកមានសិទ្ធិស្មើគ្នា ជនជាតិណាក៏មានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួល បានភាពសប្បាយរីករាយ និងសេរីភាព» ។ ៣២ ឆ្នាំក្រោយមក បន្ទាប់វៀតណាមប្រកាស “សេចក្ដីប្រកាសឯករាជ្យ” នេះ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានទទួលស្គាល់ប្រទេសវៀត ណាមជាសមាជិកទី ១៤៩ របស់អង្គការសហប្រជាជាតិ ។ កត្តានេះបង្ហាញឲ្យឃើញថា ជនជាតិយួនបានក្លាយ ជាប្រជាជាតិមួយដែលមានប្រទេស មានឯករាជ្យ និងសេរីភាព ដូចជាជនជាតិនានាក្នុងពិភពលោកដែរ តែវាមិន មែនជារបស់ប្រជាពលរដ្ឋខ្មែរក្រោមដែលកំពុងតែរស់ នៅកម្ពុជាក្រោម សព្វថ្ងៃ នោះទេ ។
ប្រាកដណាស់ ពលរដ្ឋខ្មែរក្រោមរាល់ថ្ងៃ ជាមនុស្សមួយក្រុមដែលអង្គការសហប្រជាជាតិចាត់ទុកថា ជនជាតិដើម នៃដែនដីកម្ពុជាក្រោម ហើយត្រូវបានគាំពារដោយសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិ ជនជាតិដើម ថា “ជនជាតិដើមគ្រប់រូបមានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ។ ប៉ុន្តែអ្វីៗទាំងអស់វាផ្ទុយពី នេះ ដោយមានសេចក្ដីរាយការណ៍ជាហូរហែមកថា ខ្មែរក្រោមរងការធ្វើទុកម្នេញគ្រប់ពេលពីសំណាក់រដ្ឋាភិបាលវៀត ណាមដែលកើតចេញពីគំនិតប្រកាន់ពូជសាសន៍ ហើយឈានទៅអនុវត្តនូវគោលនយោបាយរំលាយពូជសាសន៍ ខ្មែរក្រោម និងលុបបំបាត់ប្រវត្តិសាស្រនៃដែនដីកម្ពុជាក្រោម ទៀតផង ។ កាលពីខែកញ្ញា ឆ្នាំ ២០១៣ រដ្ឋាភិបាលវៀតណាមចាប់ព្រះសង្ឃវត្តសេរីតាសេកពីរអង្គ និងអ្នកភូមិ ២ រូប ដាក់គុកពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ពីបទទាក់ទងនឹង សហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេស និង ពីបទ “រត់ចេញទៅក្រៅប្រទេសដើម្បីប្រឆាំងរដ្ឋាភិបាល” ។ ក្រៅពីនេះ បានផ្តន្ទាទោសអ្នកភូមិព្រៃជាប់ នៃខេត្តឃ្លាំង ៥ រូបទៀតឲ្យជាប់គុកពី ១០ ខែទៅ ២ ឆ្នាំ ពីបទ “បង្កអសន្តិសុខ ទីសាធរណៈ” ដោយគ្រាន់តែអ្នកទាំងនេះ បានទូងស្គរក្នុងវត្តដើម្បីជំទាស់នឹងការដែលអាជ្ញាធរវៀតណាមបានចូល មកវត្តចាប់ព្រះសង្ឃ តែប៉ុណ្ណោះ ។ នេះបើតាមសេចក្ដីរាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ពិធីបុណ្យ ចូលឆ្នាំរបស់ជនជាតិយួន រដ្ឋាភិបាលបានវៀតណាមបានអនុញ្ញាតឲ្យជនជាតិយួនឈប់សម្រាក់កន្លះខែរៀងរាល់ឆ្នាំ ដែលវាផ្ទុយពីខ្មែរក្រោមម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោម វៀតណាមមិនបានអនុញ្ញាតឲ្យពួកគេឈប់សម្រាក់ដើម្បី បានអបអរពិធីបុណ្យជាតិរបស់ខ្លួនឡើយ ។ ឈ្មោះភូមិស្រុកនៃដែនដីកម្ពុជាក្រោមជាភាសាខ្មែរ ត្រូវបានរដ្ឋា ភិបាលយួនលុបបំបាត់ដោយប្ដូរឈ្មោះទៅជាភាសាយួនអស់គ្មានសល់ ហើយអ្នកដែលហ៊ាននិយាយពីប្រវត្តិ កម្ពុជាក្រោម និងនិយាយឈ្មោះភូមិស្ត្រដែនដីកម្ពុជាក្រោមជាភាសាខ្មែរ នឹងត្រូវរដ្ឋាភិបាលចាត់ទុកថា ជាអ្នកប្រ ឆាំង ហើយចាប់ដាកគុកជាមិនខាន ។ នេះគ្រាន់តែលើកយកចំណុចតូចមួយមកនិយាយតែប៉ុណ្ណោះ ក៏ល្មមសរ បញ្ជាក់ឲ្យឃើញថា ជីវិតខ្មែរក្រោមរស់នៅក្រោមនឹមអាណានិគមរដ្ឋាភិបាលវៀតណាម បច្ចុប្បន្ន គ្មានសិទ្ធិអ្វីទាំង អស់ ក្រៅពីមានតែដង្ហើមរស់សម្រាប់កំដរផែនដីតែប៉ុណ្ណោះ ។ តើអ្វីទៅដែល “សេចក្ដីប្រកាសឯករាជ្យ” របស់វៀត ណាមថា “ជនជាតិទាំងអស់ក្នុងពិភពលោកកើតមកមានសិទ្ធិស្មើគ្នា ជនជាតិណាក៏មានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានភាពសប្បាយរីករាយ និងសេរីភាព” នោះ ?
ជំនោរសេរីភាព ដែលកើតចេញពី “សេចក្ដីប្រកាសឯករាជ្យ” របស់សហរដ្ឋអាមេរិក និងរបស់ប្រទេសវៀតណាម និង ជំនោរសេរីភាពដែលកើតចេញពី “សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម” នឹង បោកបក់ទៅគ្រប់ទីកន្លែងក្នុងពិភពលោក តែសម្រាប់ខ្មែរក្រោម ដូចជាមិនទទួលបាននូវលម្ហើយដែលកើតចេញពី ជំនោរសេរីភាពទាំងនោះសោះ ព្រោះមានជញ្ជាំងដ៏ក្រាស់នៃរបបទាំងពីរ គឺ របបកុម្មុនិស្ត និងរបបយួនមកបិទ បាំង ។ តែសម័យបច្ចេកព័ត៌មានវិទ្យានេះ ពន្លឺនៃសេរីភាពនឹងចែងចាំងច្រាលចូលទៅក្នុងសតិអារម្មណ៍របស់ខ្មែរ ក្រោមគ្រប់រូបឲ្យស្គាល់ពីតម្លៃនៃសិទ្ធិរបស់ខ្លួនក្នុងនាមជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោមជាក់ជាមិនខាន ។ នៅ ទីបំផុត “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” វានឹងមានសម្រាប់ខ្មែរក្រោម នៅពេលណាដែលខ្មែរក្រោមគ្រប់រូប ចេះឆក់យកឱកាសប្រើប្រាស់នូវសិទ្ធិរបស់ខ្លួនតែប៉ុណ្ណោះ ៕
……………………….
អត្ថបទនេះ ជាទស្សនៈរបស់អ្នកនិពន្ធ មិនមែនឆ្លុះបញ្ចាំងពីទស្សនៈរបស់ សារព័ត៌មាន ព្រៃនគរ ឡើយ ។
Comments are closed.